នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អ្នក​ជួយ​ពី​ក្រោយ

អ្នក​ជួយ​ពី​ក្រោយ

ដោយDave Branon

April 10, 2025

រ៉ូម ១៦:១-១២

ខ្ញុំ​ទុក​ដាក់​នាង​ភី​បេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា ... នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង​។ រ៉ូម ១៦:១-២

មនុស្ស​ភាគ​ច្រើន​បានឮ​គេ​និយាយ​អំពី​បង​ប្អូន​ត្រកូល​រ៉ាយ ដែល​មាន​លោក​អរវីល(Orville) និង​លោក វីលប័រ(Wilbur) ដែល​បាន​ឆ្នៃ​បង្កើត និង​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ មុនគេ នៅដើម​ទសវត្សរ៍​ឆ្នាំ១៩០០​។ ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​ឈ្មោះ​អ្នក​ស្រី​ខាត់ធ័ររីន រ៉ាយ(Katherine Wright)។ តែ​នៅ​ក្នុង​រឿង​នៃ​ការ​ឆ្នៃ​បង្កើត​យន្តហោះ​របស់​បង​ប្រុស​របស់​អ្នក​ស្រី​ខាត់ធ័ររីន គាត់​មាន​ការ​រួម​ចំណែក​ដ៏​សំខាន់ នៅ​ក្នុង​ជោគជ័យ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​បង​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ បាន​ផ្តោត​ទៅលើ​ការ​រចនា​ជា​លម្អិត និង​ការ​ធ្វើ​ពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​ឆ្នៃ​បង្កើត​នេះ គាត់​បាន​សម្រេច​ចិត្ត​ជួយ​ពួកគេ យ៉ាង​ស្ងៀម​ស្ងាត់ និង​ដោយ​ក្តី​ស្រឡាញ់​។ គាត់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​​លក់​កង់​របស់​ពួកគេ ឲ្យ​មាន​ដំណើរ​ការ​ទៅមុខ​ទៀត ដោយ​ហាង​នេះ​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​។ គាត់​ក៏​បាន​បោះបង់ចោល​ការងារ​ជា​គិលានុបដ្ឋាយិកា នៅ​មន្ទីរ​ពេទ្យ ដើម្បី​មើលថែ​លោក​អូវីល ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ បន្ទាប់ពី​លោក​អូវីល​បាន​ធ្លាក់​យន្តហោះ ហើយ​ក៏​បាន​ជួយ​គ្រប់​គ្រង​កិច្ចការ​បន្ទាប់បន្សំ​ជា​ច្រើន​របស់​បង​ប្រុស​គាត់ ដែល​បាន​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​ជោគជ័យ និង​ល្បី​ឈ្មោះ​។

ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង អំពី​តម្លៃ​នៃ​ការ​ជួយ​យក​អសារ​អ្នក​ដទៃ​ផង​ដែរ​។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ​ថា គាត់ “បាន​ជួយ​មនុស្ស​ជា​ច្រើន”(រ៉ូម ១៦:២)។ ហើយ​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា ក៏​ជា​ប្តី​ប្រពន្ធ​ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​មក​និយាយ​ក្នុង​សំបុត្រ​របស់​គាត់ ដោយ​ពួកគេ​បាន​ប្រើ​ផ្ទះ​របស់​ខ្លួន ជា​កន្លែង​ជួប​ជុំ​របស់​ពួក​ជំនុំ ដែល​សាវ័ក​ប៉ុល​បាន​ទៅ​បង្រៀន ហើយ​ថែម​ទាំង “ប្រថុយ​ជីវិត” ដើម្បី​គាត់​ទៀត​ផង(ខ.៤)។ ជាង​នេះ​ទៅទៀត សាវ័ក​ប៉ុល​ក៏បាន​សរសើរ​លោក​ម៉ាកុស ដោយ​និយាយ​ថា គាត់​មាន​ប្រយោជន៍​នៅ​ក្នុង​ការងារ​របស់​សាវ័ក​ប៉ុល​(២ធីម៉ូថេ ៤:១១)។

យើង​អាច​ធ្វើ​ជា​បង​ប្អូន​ប្រុស​ស្រី​ពិត​ប្រាកដ ក្នុង​ព្រះគ្រីស្ទ ដោយ​បម្រើ​អ្នក​ដទៃ​។ មនុស្ស​ដែល​ជួយ​យក​អាសា​អ្នកដទៃ ដូច​អ្នក​ស្រីភីបេ និង​យើង​រាល់​គ្នា សុទ្ធតែ​មាន​ភាព​ចាំបាច់​សម្រាប់​ការងារ​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ ដោយ​ព្រះអង្គ​ដឹកនាំ​យើង ឲ្យ​បម្រើ​ព្រះអង្គ ដោយ​មិន​​ស្វែង​រកតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែងរក​ប្រយោជន៍​អ្នក​ដទៃ​វិញ​(ភីលីព ២:៣-៤)។—Dave Branon

តើមាន​នរណា​ខ្លះ​ត្រូវ​ការ​ជំនួយ​របស់​អ្នក? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បម្រើ​អ្នក​ដទៃ ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ នូវ​របៀប​បម្រើ​អ្នក​ដទៃ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៥-១៦ និង លូកា ១០:២៥-៤២

ល្ងាច

ព្រះ​អង្គ​យាង​មក ដើម្បី​ប្រទាន​សន្តិភាព​ដល់​ប្រជា​ជាតិ​ទាំង​អស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​យាង​មក ដើម្បី​ប្រទាន​សន្តិភាព​ដល់​ប្រជា​ជាតិ​ទាំង​អស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 10, 2025

«មើល ស្ដេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ​ជម្នះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជាលា​ជំទង់ ជា​កូន​របស់​មេលា អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអិម និង​សេះ​ចេញពី​ក្រុង​យេរូសាឡឹម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ជា​សេចក្តី​សន្តិ​សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំងពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ​រហូត​ដល់​ចុង​ផែនដី​បំផុត» (សា​ការី ៩:៩-១០)។

ក្បួន​ដង្ហែ​ព្រះ​យេស៊ូវ​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡឹម គឺ​មាន​លក្ខណៈ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន។

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ចែង​ជា​ញឹក​ញាប់​ថា ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ចេញ​ពី​ហ្វូង​មនុស្ស តាម​របៀប​ដែល​ស្ងាត់​ស្ងៀម និង​អាថ៌កំបាំង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​យេស៊ូវ​អាច​យាង​ចូល​ទីក្រុង​ដោយ​មនុស្ស​មិន​មាន​ការ​ចាប់​អារម្មណ៍។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​មាន​គោល​បំណង​យាង​ចូល​ក្នុង​ទី​ក្រុង​យេរូសាឡឹម ដើម្បី​ប្រកាស​ថា ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី ជា​ក្សត្រ​ដែល​ព្រះ​គម្ពីរ​បាន​សន្យា​ថា នឹង​នឹង​យាង​មក។ ពួក​បណ្តាជន​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ពួក​គេ​ឮ​ថា ព្រះ​យេស៊ូវ​ជា​ស្ដេច​របស់​សាសន៍​យូដា។ ពួក​គេ​ក៏​ធ្លាប់​បង្ខំ​ព្រះ​អង្គ​ឲ្យ​ឡើង​សោយរាជ្យ តែ​ព្រះ​អង្គ​បាន​គេច​ចេញ​ពី​ពួក​គេ (យ៉ូហាន ៦:១៤-១៥)។ ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​កំពុង​គិត​ស្មាន​ថា ស្ដេច​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន តែ​ព្រះ​អង្គ​មិន​បាន​យាង​មក ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ​ទេ។ អ្នក​ខ្លះ​ក៏​បាន​គិត​ថា ព្រះ​អង្គ​បាន​ចូល​រួម​ការ​បះបោរ​ផ្នែក​នយោបាយ។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​ប្រាប់​ពួក​គេ​ថា «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ» (យ៉ូហាន ១៨:៣៦)។

នៅ​ក្នុង​ក្បូន​ដង្ហែ​រយាង​ចូល​ដោយ​ជ័យ​ជម្នះ ការ​សរសើរ​តម្កើង​របស់​ហ្វូង​មនុស្ស មាន​ពេញ​ទៅ​ដោយ​ភាព​ឆេះឆួល ការ​រំពឹង​ចង់​បាន និង​ការ​ភាន់​ច្រឡំ។ ពួក​គេ​មិន​ចង់​រស់​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​ចក្រភព​រ៉ូម៉ាំង​ទេ។ ពួក​គេ​ចង់​បាន​ការ​ស្តា​ឡើង​វិញ​សម្រាប់​ប្រទេស​ជាតិ និង​ការ​ផ្លាស់​ប្ដូរ​របប​នយោបាយ។ ពួក​គេ​ត្រូវ​ការ​អ្នក​ដឹកនាំ​នយោបាយ​ឆ្នើម​ម្នាក់ ហើយ​ព្រះ​យេស៊ូវ​ជា​ក្តី​សង្ឃឹម​ល្អ​បំផុត​របស់​ពួក​គេ។ ពួក​គេ​ហាក់​ដូចជា​ទុក​ចិត្ត​ថា ព្រះ​យេស៊ូវ​នឹង​រំដោះ​ពួក​គេ​ឲ្យ​មាន​សេរី​ភាព​ផ្លូវ​កាយ។ នៅ​ពេល​ដែល​ពួកគេ​ស្រែក​ឡើង​ថា «ហូសាណា» ដែល​មាន​ន័យ​ថា «សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!» គឺ​ពួក​គេ​មិន​មែន​កំពុង​តែ​គិត​អំពី​សេចក្តី​សង្គ្រោះ​ផ្ទាល់​ខ្លួន និង​ខាង​វិញ្ញាណ​នោះ​ទេ តែ​គិត​តែ​អំពី​តម្រូវ​ការ​ក្នុង​ពេល​នោះ​ប៉ុណ្ណោះ។

ដរាបណា​យើង​មិន​បាន​ដាក់​ដំណឹង​ល្អ នៅ​ចំណុច​កណ្ដាល​នៃ​ការ​គិត​របស់​យើង​ទេ យើង​ក៏​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​កំហុស​នៃ​ភាព​ឆេះឆួល ដោយ​ការ​ភាន់​ច្រឡំ​ស្រដៀង​នេះ​ដែរ។ សូម្បី​តែ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​បន្ត​គិតថា ព្រះ​យេស៊ូវ​អាច​ធ្វើ​តាម​ការ​រំពឹង​ចង់​បាន​របស់​យើង គឺ​ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​តាម​ការ​ច្នៃ​ប្រឌិត​របស់​យើង ដែល​បាន​យាង​មក ដើម្បី​ប្រទាន​ការ​កម្សាន្ត​ចិត្ត ភាព​ចម្រុង​ច្រើន និង​សុខ​ភាព​ល្អ ដើម្បី​ធ្វើ​ជា​ព្រះពរ​ដល់​ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង ព្រម​ទាំង​ប្រទេស​ជាតិ​យើង។ តែ​ព្រះ​យេស៊ូវ​មិន​បាន​យាង​ចូល​ទីក្រុង​យេរូសាឡឹម​ក្នុង​នាម​ជា​អ្នក​ជាតិ​និយម​ដែល​ឈ្នះ​សង្គ្រាម ដោយ​ជិះ​លើ​រទេះ​ចម្បាំង​នោះ​ទេ។ តែ​ព្រះ​អង្គ​បាន​យាង​មក​ជា​អ្នក​អន្តរជាតិ​និយម​ដែល​នាំ​មក​នូវ​សន្តិភាព ដោយ​គង់​យ៉ាង​សុភាព​នៅ​លើ​ខ្នង​សត្វ​លា។ ព្រះ​អង្គ​បាន​យាង​មក ដោយ​សម្រេច​បទ​ទំនាយ​ក្នុង​កណ្ឌ​គម្ពីរ​សាការី​ជំពូក៩ ដែល​ប្រកាស​ថា «ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ជា​សេចក្តី​សន្តិ​សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​នឹង​បាន​ចាប់​តាំងពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង»។ នេះ​ជា​សារ​នៃ​ដំណឹង​ល្អ ជា​សារ​ដែល​ល្អ​សម្រាប់​មនុស្ស​ម្នាក់​នៅ​គ្រប់​ទី​កន្លែង​គ្រប់​ពេល​វេលា។ មិន​មែន​មាន​ន័យ​ថា ក្តី​ស្រមៃ និង​ការ​ទាម​ទា​របស់​យើង មាន​ទំហំ​ធំ​ពេក​សម្រាប់​ព្រះ​អង្គ​នោះ​ទេ តែ​ពួកវា​មាន​ទំហំ​តូច​ពេក។

ព្រះ​យេស៊ូវ​នៅតែ​ជំរុញ​ចិត្ត​យើង​នៅ​ថ្ងៃ​នេះ ដូច​មនុស្ស​នៅ​សម័យ​ព្រះ​អង្គ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​អង្គ ដោយ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា មិន​មែន​តាម​ការ​គិត​របស់​យើង​ថា ព្រះ​អង្គ​គួរតែ​មាន​លក្ខណៈ​បែប​ណា​នោះ​ទេ។ ចូរ​កុំ​ប្រាប់​ព្រះ​អង្គ​ឲ្យ​ធ្វើ​អ្វីៗ​តាម​ចិត្ត​របស់​អ្នក​នោះ​ឡើយ តែ​ចូរ​ចាត់​ទុក​ខ្លួន​ឯង ជា​មនុស្ស​មាន​ឯកសិទ្ធិ ដែល​បាន​ធ្វើ​អ្វីៗ​ថ្វាយ​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ សា​ការី ៩:៩-១៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១៤ និង ហេព្រើរ ១១:១-១៩

ប្រភេទ