នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​សោក​សង្រេង​ដែល​មានន័យ​ជ្រៅ

ការ​សោក​សង្រេង​ដែល​មានន័យ​ជ្រៅ

ដោយMike Wittmer

April 11, 2025

២ពង្សាវតាក្សត្រ ២:៧-១៤

ខ្ញុំ​ស្បថ​ដោយនូវ​ព្រះយេហូវ៉ា​ដ៏​មាន​ព្រះជន្ម​រស់នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាតពី​លោក​ទេ​។ ២ពង្សាវតាក្សត្រ ២:២

បុរស​ម្នាក់​ឈ្មោះ ហ៊ិដេ​សាប៊ូរ៉ុ អ៊ូអេណូ(Hidesaburō Ueno) បាន​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ​មួយ នៅ​ទីក្រុង​តូក្យូ នៅ​ទសវត្សរ៍​ឆ្នាំ១៩២០​។ រៀង​រាល់​ពេល​រសៀល គាត់​តែងតែ​ធ្វើ​ដំណើរ​តាម​រថភ្លើង ត្រឡប់​មក​ផ្ទះ​វិញ នៅ​ម៉ោង៣ ឃើញ​ឆ្កែ​គាត់ ឈ្មោះ ហាឈិកុ(Hachiko) កំពុង​រង់​ចាំ​ទទួល​គាត់​នៅ​ស្ថានីយ​រថ​ភ្លើង​។ ថ្ងៃ​មួយ សាស្ត្រាចារ្យ​អ៊ូអេណូ ក៏​បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ក្នុង​អំឡុង​ពេល​បង្រៀន ហើយក៏​បាន​ទទួល​មរណៈ​ភាព​។ ពេល​ដែល​ហាឈិកុ​មិន​ឃើញ​គាត់​ចេញពី​រថភ្លើង​ដូច​សព្វ​មួយដង វា​ក៏បាន​បន្ត​នៅ​រង់​ចាំ​អស់​មួយ​​រយៈពេល ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ វា​ក៏​បាន​ត្រឡប់​មក​រង់​ចាំ​គាត់ នៅ​ស្ថានីយ​រថភ្លើង នៅ​ថ្ងៃ​បន្ទាប់ នៅ​ម៉ោង៣ ហើយ​បន្ត​ធ្វើ​ដូច​នេះ​ទៀត ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល១០ឆ្នាំ​។ ភាព​ស្មោះ​ត្រង់​របស់​ហាឈិកុ​​បាន​ប៉ះ​ពាល់​ចិត្ត​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់ ដែល​បាន​មក​អង្គុយ​នៅ​ក្បែរ​វា​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ប្តេជ្ញា​ចិត្ត​ដែល​លោក​អេលីសេ​មាន​ចំពោះ​លោក​អេលីយ៉ា ជា​គ្រូ​របស់​គាត់​។ ថ្ងៃ​មួយ លោក​អេលីសេ​ដឹង​ថា លោក​អេលីយ៉ា​នឹង​ចាក​ចេញទៅ តែ​លោក​អេលីសេ​ចង់​ឃាត់​គាត់​។ បន្ទាប់មក រទេះ​សេះ​ភ្លើង​ក៏បាន​លើក​គាត់​ឡើង​ទៅ​ស្ថាន​សួគ៌ នៅ​ពីមុខ​គាត់​។ ពេល​ដែល​បាន​ឃើញ​ដូច​នេះ លោក​អេលីសេ​ក៏​ពោល​ឡើង​ថា “ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌​រាជ‌​រថ​​នឹង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ”(២ពង្សាវតាក្សត្រ ២:‌១២)។ គាត់​ក៏​បាន​រើស​ក្រម៉ា​របស់​លោក​អេលី​យ៉ា ជា​តំណាង​ឲ្យ​អំណាច​ដែល​ហោរា​អេលី​យ៉ា​បាន​ទទួល​ពី​ព្រះ ដែល​បាន​ញែក​ទឹក​ទន្លេ​យ័រ​ដាន់ មុន​នោះ​បនិ្តច​(ខ.៨) ហើយក៏​បាន​សួរ​ថា “តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា?”(ខ.១៤)។ គាត់​បាន​យក​ក្រមា​នោះ​វាយ​ទឹក ទឹក​ទន្លេ​​ក៏​ញែក ដូច​កាលដែល​គ្រូ​របស់​គាត់​បាន​ធ្វើ​ដែរ​។ ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​គាត់​ស្គាល់​រស់​ជាតិ​ល្វីង​ផង​ផ្អែម​ផង!

តើ​អ្នក​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ទេ? គ្មាន​ពាក្យ​អ្វី​ដែល​អាច​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​របស់​អ្នក​បាន​ឡើយ​។ អ្នក​ប្រហែល​ជា​សម្រក់​ទឹក​ភ្នែក ដោយ​ការ​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ពួកគេ​។ ការ​ឈឺ​ចាប់​កើត​មាន​ក្នុង​ជម្រៅ​ចិត្ត ព្រោះ​សេចក្តី​ស្រឡាញ់​របស់​អ្នក​មាន​ភាព​ជ្រាល​ជ្រៅ​ណាស់​។ នេះ​ជា​អារម្មណ៍​ជូរ​ល្វីង​លាយ​ផ្អែម! អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ឲ្យ​អ្នក​មាន​មនុស្ស​ជាទី​ស្រឡាញ់​នោះ និង​បាន​ឲ្យ​អ្នក​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​គាត់​។ លោក​អេលី​សេ​បាន​រើស​ក្រមា​របស់​លោក​អេលីសេ ដោយ​នឹក​ចាំ​ដល់​គាត់​។ តើ​អ្នក​នឹង​ធ្វើ​អ្វី សម្រាប់​ពួកគេ?—Mike Wittmer

តើមាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​នឹក​ចាំ អំពី​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​ចាក​ចេញពី​អ្នក? តើ​ព្រះ​យេស៊ូវ​អាច​ជួយ​អ្នក​សែង​បន្ទុក​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ឲ្យ​ទូល​បង្គំ​មាន​មនុស្ស​ជាទី​ស្រឡាញ់ ក្នុង​ជីវិត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៧-១៨ និង លូកា ១១:១-២៨

ល្ងាច

ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 11, 2025

«រីឯ ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សម្ដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ ម៉ាលកុស។ នោះ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ ពេត្រុស ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ​វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី?» (យ៉ូហាន ១៨:១០-១១)។

ការ​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ​ក្នុង​សួន​ច្បារ​គែតសេម៉ានី គឺ​បាន​បើក​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​កំពុង​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​វរបិតា។ នៅ​ពេល​ដែល​ពួក​ទាហាន​មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​តាំង​ព្រះ​ទ័យ​ថា នឹង​សោយ​ពី​ពែង​នៃ​ទុក្ខ​វេទនា​ដែល​ជា​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ពែង​នោះ​បាន​ធ្វើ​ជា​ពែង​នៃ​សេចក្តី​សង្គ្រោះ​សម្រាប់​យើង។ ប៉ុន្តែ ពេល​នោះ​សាវ័ក ពេត្រុស បាន​រា​រាំង​ព្រះ​អង្គ ដោយ​ដក​ដាវ​របស់​គាត់​ចេញ​មក! គាត់​មាន​ភាព​ឆេវឆាវ​ក្នុង​សកម្មភាព និង​ពាក្យ​សម្ដី​ជា​ធម្មតា។ គាត់​បាន​ព្យាយាម​ដើរ​នៅ​លើ​ទឹក​ទៅ​រក​ព្រះ​យេស៊ូវ។ គាត់​បាន​ព្យាយាម​ស្តី​បន្ទោស​ព្រះ​យេស៊ូវ។ គាត់​ស្ម័គ្រ​ចិត្ត​លះបង់​ជីវិត​ថ្វាយ​ព្រះ​គ្រីស្ទ។ តែ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​គាត់​បាន​ចេញ​មុខ​ការពារ​ព្រះ​យេស៊ូវ គាត់​ក៏​បាន​បដិសេធន៍​ថា មិន​ស្គាល់​ព្រះ​អង្គ​ដោយ​ការ​ភ័យ​ខ្លាច។

ប្រតិកម្ម​របស់​លោក ពេត្រុស នៅ​ពេល​ដែល​បាន​ឃើញ​គ្រូ​របស់​គាត់​ត្រូវ​គេ​ចាប់​ខ្លួន គឺ​ជា​អ្វី​ដែល​គេ​អាច​យល់ តែ​ក៏​អាច​មាន​ការ​យល់​ច្រឡំ​ទាំង​ស្រុង។ ខណៈ​ពេល​ដែល​លោក ពេត្រុស ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​ដើម្បី​ព្រះ​គ្រីស្ទ តាម​ពិត​គាត់​កំពុង​តែ​ប្រឆាំង​ព្រះ​អង្គ​ដោយ​មិន​ដឹង​ខ្លួន។ គាត់​កំពុង​ប្រឆាំង​បំណង​ព្រះ​ទ័យ​របស់​ព្រះ​ដែល​គោល​បំណង​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​ដង្វាយ​លោះ​បាប។ គំរូ​របស់​សាវ័ក ពេត្រុស បាន​បង្រៀន​យើង​នូវ​មេរៀន​ដ៏​សំខាន់​មួយ គឺ​ដូច​លោក កាល់វីន (Calvin) បាន​ជំរុញ​យើង​ថា «ចូរ​យើង​រៀន​កុំ​ឲ្យ​មាន​ចិត្ត​ឆេះ​ឆួល​ពេក។ ហើយ​ខណៈ​ពេល​ដែល​ការ​ខ្វល់ខ្វាយ​ខាង​សាច់​ឈាម​អាច​កណ្ដាល​ឲ្យ​យើង​មាន​ចិត្ត​ដែល​ហ៊ាន​ធ្វើ​អ្វីៗ​លើស​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ចូរ​យើង​ដឹង​ថា ភាព​ឆេះ​ឆួល​របស់​យើង​នឹង​នាំ​មក​នូវ​ផល​អាក្រក់ ពេលណា​យើង​ហ៊ាន​ធ្វើ​អ្វីៗ​លើស​ព្រះ​បន្ទូល​ព្រះ»1

ព្រះ​យេស៊ូវ​ជ្រាប​ថា ទង្វើ​របស់​លោក ពេត្រុស ត្រូវ​ការ​ការ​កែ​តម្រង់​បាន​ជា​ព្រះ​អង្គ​សួរ​គាត់​ជា​លក្ខណៈ​ស្តី​ប្រដៅ​ថា «តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬអី?» ព្រះ​អង្គ​កំពុង​ធ្វើ​ការ​បញ្ជាក់ អំពី​ផ្នែក​មួយ​នៃ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​ដែល​ព្រះ​អង្គ​ទើបតែ​​បង្ហាញ​ការ​ទទួលយក​បំណង​ព្រះ​ទ័យ​នោះ ហើយ​ការ​នេះ​បាន​នាំ​ឲ្យ​ព្រះ​អង្គ​ស្រែក​នៅ​លើ​ឈើ​ឆ្កាង​ការ​ថា «ឱ​ព្រះ​អង្គៗ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល​បង្គំ?» (ម៉ាថាយ ២៧:៤៦)។ តាម​រយៈ​ការ​រង​ទុក្ខ​របស់​ព្រះ​អង្គ សិរី​ល្អ​របស់​ព្រះ​អង្គ​ក៏​បាន​តម្កើង​ឡើង ហើយ​ក៏​បាន​ប្រទាន​សេចក្តី​សង្គ្រោះ​ដោយ​ឥត​គិត​ថ្លៃ ដល់​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ។ នេះ​ជា​ផ្លូវ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ ហើយ​លោក ពេត្រុស បាន​ប្រព្រឹត្ត​នូវ​កំហុស​ដ៏​ធំ​ពេល​ដែល​គាត់​ប្រឆាំង​នឹង​ការ​រៀបចំ​នេះ។

ពេល​ណា​យើង​ព្យាយាម​ប្រឆាំង​ផែនការ​ព្រះ ដោយ​សារ​យើង​ខ្វះ​ការ​អត់​ធ្មត់ យើង​ត្រូវ​តែ​រៀន​ទម្លាក់​ដាវ​របស់​យើង​ចុះ។ យើង​ត្រូវ​ទុក​ចិត្ត​លើ​ផែនការ​ព្រះ រង់​ចាំ​​ពេល​ដែល​ព្រះ​អង្គ​បាន​រៀប​ចំ ហើយ​អនុវត្ត​តាម​ព្រះ​រាជ​បញ្ជា​ព្រះ​អង្គ។

កាល​ណា​យើង​យល់​ដឹង​អំពី​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន​ប៉ុណ្ណា ដោយ​ដឹង​អំពី​រឿង​ព្រះ​បន្ទូល​សន្យា និង​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​ក៏​នឹង​យល់​អំពី​ផែនការ​របស់​ព្រះ​អង្គ​កាន់​តែ​ច្រើន​ផង​ដែរ។ ប៉ុន្តែ នឹង​មាន​ពេល​ដែល​ផ្លូវ​របស់​ព្រះ​អង្គ​មាន​ភាព​អាថ៌កំបាំង​យ៉ាង​ខ្លាំង​ចំពោះ​យើង ហើយ​យើង​ក៏​ជួប​ការ​ល្បួង​ឲ្យ​ប្រឆាំង​នឹង​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ នៅ​តាម​ផ្លូវ​នោះ​ផង​ដែរ។ អ្នក​ប្រហែល​ជា​កំពុង​ធ្វើ​ដូច​នេះ​ផង​ក៏​មិន​ដឹង។

ចូរ​ទុក​ដាក់​ក្នុង​ចិត្ត​អ្នក​នូវ​ព្រះ​បន្ទូល​ដែល​ព្រះ​យេស៊ូវ​មាន​ទៅ​កាន់​លោក ពេត្រុស ថា «ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ!» ចូរ​ទុក​ចិត្ត​លើ​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា ហើយ​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ។«ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង» (ហេព្រើរ ១២:២) ហើយ​រឿង​ដែល​ព្រះ​អង្គ​បាន​តាក់​តែង គឺ​មាន​ភាព​រុង​រឿង​លើស​ពី​អ្វី​ដែល​អ្នក​អាច​ស្រមៃ និង​ដឹក​នាំ​សម្រាប់​ខ្លួន​ឯង។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ២៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១៥-១៦ និង​ហេព្រើរ ១១:២០-៤០

1លោក John Calvin, The Gospel According to St John 11–21 and The First Epistle of John, trans. T. H. L. Parker, ed. David W. Torrance and Thomas F. Torrance, Calvin’s New Testament Commentaries (Eerdmans, ឆ្នាំ១៩៩៤), ទំព័រ១៥៦។

ប្រភេទ