នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​វិញ្ញាណ​ជា​អ្នក​ក្រើន​រំឭក​ល្អ​បំផុត

ព្រះ​វិញ្ញាណ​ជា​អ្នក​ក្រើន​រំឭក​ល្អ​បំផុត

ដោយXochitl Dixon

April 12, 2025

យ៉ូហាន ១៤:១៥-១៧,២៥-៣១

តែ​ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​វរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ​។ យ៉ូហាន ១៤:២៦

កាល​ឆ្នាំ​មួយ​នោះ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ឡើង​ច្រៀង មុន​ពេល​កម្មវិធី​ប្រកួត​កីឡា​របស់​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​។ ខ្ញុំ​បាន​ហ្វឹក​ហាត់​អស់​ជា​ច្រើន​សប្តាហ៍ តែ​ខ្ញុំ​បាន​ចាំ​បទ​នោះ នៅ​ក្នុង​ចិត្ត​រួច​ជា​ស្រេច​ហើយ​។ ដូច​នេះ នៅពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ទីលាន​ប្រកួត ជាមួយ​ក្រុម​កីឡាករ​ដែល​ឈរ​ជាជួរ នៅ​សង​ខាង​ខ្ញុំ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​អធិស្ឋាន​។ ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​ច្រៀង​បាន​ពីរ​ឃ្លា​ដំបូង ហើយ​ក៏បាន​គាំង ដោយសារ​ខ្ញុំ​ភ្លេច​ឃ្លា​បន្ទាប់​។ បុរស​ម្នាក់​ឈរ​​នៅ​ពី​ក្រោយ​ខ្ញុំ ក៏​បាន​និយាយ​ខ្សឹប​​ៗ នូវ​ពាក្យ​ដែល​ខ្ញុំ​បាន​ភ្លេច​នោះ​។ នៅពេល​ដែល​គាត់​បាន​ជួយ​រំឭក​យ៉ាង​ដូច​នេះ ខ្ញុំ​ក៏បាន​បន្ត​ច្រៀង​បទ​នេះ រហូត​ដល់​ចប់ ដោយ​ទំនុក​ចិត្ត​។

យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ជំនួយ​បន្តិច​បន្តួច ពី​អ្នក​ដទៃ នៅពេល​ខ្លះ​។ ក្នុង​បទ​​គម្ពីរ​យ៉ូហាន ជំពូក១៤ ព្រះយេស៊ូវ​បាន​ពន្យល់​ថា យើង​ស្រឡាញ់​ព្រះអង្គ ដោយ​ស្តាប់​បង្គាប់​ព្រះអង្គ(ខ.១៥) ហើយ​ព្រះអង្គ​បាន​សន្យា​ថា នឹង​ទូល​សូម​ព្រះវរបិតា​ចាត់​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត “គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត”(ខ.១៧)។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជាមួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ”(ខ.១៧)។ ទោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ជា​ច្រើន​ហើយក៏​ដោយ ក៏​កាល​ព្រះអង្គ​គង់នៅ​ជាមួយ​ពួកគេ(ខ.២៥) ព្រះអង្គ​មាន​បន្ទូល​ថា “ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(ខ.២៦)។

ខណៈ​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរប៊ីប ដោយ​អធិស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​​យើង​ឲ្យ​កាត់​ស្រាយ យល់ និង​អនុវត្ត​តាម​ប្រាជ្ញា​របស់​ព្រះ​។ ការ​ដឹកនាំ​របស់​ព្រះ​អង្គ​តែងតែ​សម​ស្រប​នឹង​ព្រះ​គម្ពីរប៊ីប ដែល​ដឹកនាំ កម្សាន្ត​ចិត្ត និង​កែ​ប្រែ​យើង ដោយ​សេចក្តី​ស្រឡាញ់ និង​ក្រើន​រំឭក​យើង ពី​មួយ​ពេល​ទៅ​មួយ​ពេល​។—Xochitl Dixon

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ស្គាល់​ព្រះ​សូរសៀង​របស់​ព្រះវិញ្ញាណបរិសុទ្ធ កាន់តែ​ច្បាស់?
តើ​អ្នក​អាច​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវិញ្ញាណបរិសុទ្ធ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្គាល់​ព្រះ​សូរសៀង​របស់​ព្រះអង្គ ហើយ​ចុះ​ចូល​ព្រះអង្គ
ខណៈ​ពេល​ដែល​ព្រះ​អង្គ​កែ​​ប្រែ​ទូល​បង្គំ​កាន់តែ​ដូច​ព្រះយេស៊ូវ និង​ក្រើន​រំឭក​ទូល​បង្គំ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ទៀត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៩-២១ និង លូកា ១១:២៩-៥៤

ល្ងាច

តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច ចំពោះ​ព្រះ​យេស៊ូវ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច ចំពោះ​ព្រះ​យេស៊ូវ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 12, 2025

«នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ...នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ។...ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សម្រាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ» (យ៉ូហាន ១៨:៣៦-៣៧)។

តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូវ? នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ ដែល​សព្វថ្ងៃ​នេះ​គេ​ហៅ​ថា ថ្ងៃ​សុក្រ​ដ៏​ល្អ អ្នក​ដឹក​នាំ​សាសនា​យូដា បាន​នាំ​ព្រះ​កាយ​ព្រះ​យេស៊ូវ​យក​ទៅ​បន្ត​ការ​កាត់​ទោស នៅ​ចំពោះ​មុខ​លោក ប៉ុនទាស ពីឡាត់ ជា​អភិបាល​ដែល​ជា​ជនជាតិ​រ៉ូម៉ាំង។ យើង​អាច​មើល​ការ​ពិពណ៌នា​លម្អិត​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ ដែល​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​បាន​រៀប​ផែនការ​សម្រាប់​ហេតុការណ៍​ទាំង​អស់​នេះ។ ពួក​សាសន៍​យូដា​បាន​តាំង​ចិត្ត​ថា ត្រូវ​តែ​ឲ្យ​ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង តែ​ការ​នេះ​បាន​សម្រេច​ផែនការ​របស់​ព្រះ​តាំងពី​អស់​កល្ប​ជានិច្ច។ ព្រះ​វរបិតា​ក៏​បាន​រៀប​ផែនការ សម្រាប់​ការ​សន្ទនា​រវាង​ព្រះ​គ្រីស្ទ​និង​លោក ពីឡាត់ ផង​ដែរ។ លោក ពីឡាត់ បាន​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ដោយ​ទូល​សួរ​ព្រះ​អង្គ​អំពី​អត្ត​សញ្ញាណ និង​អំណាច​របស់​ព្រះ​អង្គ។ សំណួរ​ទាំង​នេះ​ជា​ការ​ពិនិត្យ​មើល ដែល​មាន​ផល​ប៉ះ​ពាល់​អស់​កល្ប​ជា​និច្ច​មក​លើ​យើង​ម្នាក់ៗ ជា​ការ​ពិនិត្យ​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន។ សូម​យើង​ពិចារណា​អំពី​អត្ថន័យ​របស់​បទ​ទំនុក​សកល​ដែល​អ្នក​និពន្ធ​បាន​ពិពណ៌នា​ដូច​ត​ទៅ៖

ព្រះ​យេស៊ូវ​កំពុង​ឈរ​នៅ​ពី​មុខ​លោក ពីឡាត់

ដោយ​គ្មាន​មិត្ត​ភក្តិ ត្រូវ​គេ​បោះបង់ ហើយ​ក្បត់​ព្រះ​អង្គ

ចូរ​អ្នក​ស្តាប់​ឲ្យ​យល់​អត្ថន័យ​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ​ចុះ

តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ព្រះ​អង្គ?

លោក ពីឡាត់ ជឿ​ថា គាត់​កំពុង​ធ្វើ​ការ​ពិនិត្យ ក្នុង​កម្រិត​បញ្ញវ័ន្ត​សុទ្ធសាធ និង​តាម​ការ​យល់​ដឹង​ខាង​សាច់​ឈាម។ ប៉ុន្តែ ដើម្បី​ឆ្លើយ​សំណួរ «តើ​ព្រះ​យេស៊ូវ​ជា​នរណា?» គឺ​ជា​រឿង​ខាង​វិញ្ញាណ លើស​ពី​សាច់​ឈាម។ ព្រះ​យេស៊ូវ​មិន​មែន​ជា​ស្ដេច​ខាង​នយោបាយ ដូច​ដែល​គេ​ប្រាប់​លោក ពីឡាត់ នោះ​ទេ តែ​ជា​ក្សត្រ​នៃ​ស្ថាន​សួគ៌។ ចម្លើយ​របស់​ព្រះ​អង្គ ចំពោះ​សំណួរ​របស់​លោក ពីឡាត់ គឺ​មាន​ន័យ​ថា នគរ​ព្រះ​អង្គ​មិន​កើត​ក្នុង​លោកីយ៍​នេះ​ទេ។ នគរ​របស់​ព្រះ​អង្គ​ផ្ដោត​ទៅ​លើ​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ ក្នុង​ចិត្ត​របស់​រាស្ត្រ​ព្រះ​អង្គ។ មូល​ហេតុ​ដែល​ព្រះ​អង្គ​ចាប់​កំណើត​ជា​មនុស្ស គឺ​ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត​របស់​ព្រះ។ ប៉ុន្តែ លោក ពីឡាត់ ខ្វាក់​គំនិត​ដោយ​សារ​ការ​មិន​ជឿ ដោយ​បាន​តាំង​ចិត្ត​រួច​ជា​ស្រេច​ហើយ។ គាត់​បាន​ព្យាយាម​ជៀសវាង​សំណួរ​ដែល​យើង​រាល់​គ្នា​ត្រូវតែ​សួរ៖ «តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូវ? តែ​គាត់​បាន​ព្យាយាម​ជៀស​វាង​ការ​ឆ្លើយ​សំណួរ​នេះ ដោយ​បដិសេធន៍​មិន​ព្រម​ទទួល​ការ​គ្រប់​គ្រង និង​សេចក្តី​សង្គ្រោះ​របស់​ព្រះ​អង្គ។

តើ​អ្នក​ជា​គាត់​វិញ អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូវ?

អ្នក​មិន​អាច​ចាក់​ខ្សែ​បានទេ។

ថ្ងៃ​មួយ ចិត្ត​របស់​អ្នក​នឹង​សួរ​ថា

«តើ​ព្រះ​អង្គ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្ញុំ1

អ្នក​មិន​អាច​ចាក់​ខ្សែ​បាន​ទេ។ អ្នក​នឹង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេស៊ូវ ពុំ​នោះ​ទេ អ្នក​នឹង​មិន​ឲ្យ​ព្រះ​អង្គ​គ្រប់​គ្រង​អ្នក​ឡើយ។ ដូច​នេះ ចូរ​កុំ​បិទ​ព្រះ​គម្ពីរ​ប៊ីប​នៅ​ពេល​ព្រឹក ហើយ​រស់​នៅ​ធ្វើ​មើល​តែ​លោកីយ៍ ការ​ខ្វល់ខ្វាយ​ក្នុង​លោកីយ៍ និង​ពួក​ស្ដេច​ដែល​គ្រប់​គ្រង​លោកីយ៍​នេះ សំខាន់​លើស​អ្វីៗ​ទាំង​អស់។ ចូរ​កុំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ធ្វើ​មើល​តែ​ព្រះ​យេស៊ូវ​គ្មាន​កន្លែង ឬ​គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ជីវិត​អ្នក​ក្នុង​លោកីយ៍​នេះ។ ព្រះ​អង្គ​ឈរ​នៅ​ចំពោះ​មុខ​លោក ពីឡាត់ ដោយ​គ្មាន​មិត្ត​ភក្តិ និង​ត្រូវ​គេ​បោះ​បង់​ចោល ដើម្បី​ឲ្យ​អ្នក​បាន​ទទួល​ការ​ស្វាគមន៍​ជា​មិត្ត​សម្លាញ់​ព្រះ​អង្គ ចូល​ក្នុង​នគរ​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ។ គ្មាន​ការ​ចាក់​ខ្សែ​ទេ ក្នុង​រឿង​នេះ ប៉ុន្តែ​ហេតុ​អ្វី​យើង​ចង់​ចាក់​ខ្សែ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៨:២៨-៤០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១៧-១៨ និង​ហេព្រើរ ១២

1លោក Albert B. Simpson, “What Will You Do with Jesus?” (ឆ្នាំ១៩០៥)។

ប្រភេទ