នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចែកចាយ​ធនធាន​ដំណឹង​ល្អ

ចែកចាយ​ធនធាន​ដំណឹង​ល្អ

ដោយArthur Jackson

April 14, 2025

រ៉ូម ១:៨-១៧

ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌​គ្រីស្ទ​ទេ​។ រ៉ូម ១:១៦

ទី​កន្លែង​ជួបជុំ​គ្នា និង​កន្លែង​ស្នាក់​នៅ សម្រាប់​ការ​ប្រជុំ​អ្នក​ដឹកនាំ ក្នុង​តំបន់​ប្រជុំជន នៃ​ទីក្រុង​ឈីកាហ្គោ មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ពី​ភាព​ក្រីក្រ​របស់​មនុស្ស ដែល​ខ្ញុំ​បាន​ជួប នៅ​តាម​ផ្លូវ​ទៅ​កន្លែង​ប្រជុំ​នោះ គឺ​ភាព​ក្រីក្រ​របស់​បុគ្គល​ដែល​ខ្វះ​អាហារ និង​ទី​ជម្រក​។ ភាព​ខុស​គ្នា​នេះ​បាន​ជួយ​ខ្ញុំ​មើល​ឃើញ និង​ចែកចាយ​អំពី​អ្វីៗ​ដែល​យើង​ត្រូវ​ការ ដែល​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ផែនការ តាម​ចក្ខុ​វិស័យ​របស់​យើង ដើម្បី​បម្រើ​ទីក្រុង​នេះ និង​តំបន់​ផ្សេង​ទៀត ដោយ​នាំ​ធនធាន​ដំណឹង​ល្អ (គឺ​អ្វី​ក៏ដោយ​ដែល​ព្រះ​បាន​ប្រទាន ដើម្បី​ជួយ​​ផ្សព្វផ្សាយ​ព្រះ​រាជសារ​អំពី​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ) ទៅ​កាន់​កន្លែង ដែលគេ​ត្រូវ​ការ​ធនធាន​ដំណឹង​ល្អ​ទាំង​នេះ​ខ្លាំង​បំផុត​។

កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គាត់​មិន​ទាន់​បាន​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅឡើយ​ទេ តែ​គាត់​ចង់ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ បានជា​គាត់​មាន​ប្រសាសន៍​ថា “ដោយ​ព្រោះ​ខ្ញុំ​រឭក​​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណាមួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់ខ្ជួន គឺថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅវិញ​ទៅមក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​​​សេច​ក្ដី​ជំនឿ​របស់​យើង​នីមួយ​ៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង”(រ៉ូម ១:១១-១២)។ លោក​សាវ័ក​កំពុង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​អាច​ចែកចាយ “អំណោយ​ទាន” ដែល​នឹង​មាន​ប្រយោជន៍​ចំពោះ​គាត់ និង​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​ខិតខំ​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ និង​បម្រើ​អ្នក​ដទៃ​។ ធនធាន​ដែល​យើង​មាន ក៏​រាប់​បញ្ចូល​អំណោយ​ទាន​ខាង​វិញ្ញាណ និង​ធនធាន​ជា​សម្ភារៈ ដែល​ព្រះ​បាន​ប្រទាន​យើង​ផង​ដែរ​។ ចូរ​យើង​បើក​ចិត្ត​ឲ្យ​ព្រះអង្គ​ប្រើ​យើង ដើម្បី​ឈោង​ចាប់​មនុស្ស​ទាំងឡាយ​ដោយ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ ដោយ​ក្តី​អាណិត​។ ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​ចម្រើន​កម្លាំង​យើង ចូរ​យើង​បើក​ចំហ​រ​ចិត្ត ដៃ និង​បបូរ​មាត់ ដើម្បី​បម្រើ​អ្នក​ដទៃ​។ ចូរ​យើង​បម្រើ ដោយ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ "ពីព្រោះ​ជា​ព្រះ‌​​ចេ​ស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ ដល់​អស់​អ្នកណា​ដែល​ជឿ”(ខ.១៦)។—Arthur Jackson

តើ​អ្នក​នឹង​ចែកចាយ​ដំណឹង​ល្អ អំពី​ការ​អត់​ទោស​បាប ដែល​អ្នក​បាន​ទទួល​ដោយ​របៀបណា?
តើ​អ្នក​អាច​បំពេញ​តម្រូវការ​ខាង​សាច់ឈាម​របស់​អ្នក​ដទៃ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចែកចាយ​ដំណឹង​ល្អ អំពី​ការ​អត់​ទោស ដោយ​គ្មាន​សេចក្តី​ខ្មាស​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២៥-២៦ និង លូកា ១២:៣២-៥៩

ល្ងាច

ការ​បន្ថែម​បន្ថយ​គោល​ជំហរ ដោយ​ភាព​កំសាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​បន្ថែម​បន្ថយ​គោល​ជំហរ ដោយ​ភាព​កំសាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 14, 2025

«កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក ពីឡាត់ មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ​ចុះ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ។ ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យ​វិន័យ ហើយ​តាម​ក្រឹត្យ​វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពីព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ។ កាល​លោក ពីឡាត់ បានឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង» (យ៉ូហាន ១៩:៦-៨)។

តើ​អ្នក​នឹង​រស់​នៅ ដើម្បី​សរសើរ​តម្កើង​នរណា?

កាល​ព្រះ​គ្រីស្ទ​ទទួល​ការ​ជំនុំ​ជម្រះ​នៅ​ពី​មុខ​លោក ពីឡាត់ ជា​អភិបាល​ជនជាតិ​រ៉ូម៉ាំង ក៏​បាន​ប្រកាស​ថា ព្រះ​អង្គ​គ្មាន​ទោស​ទេ តែ​ក្រោយ​មក គាត់​នៅ​តែ​កាត់​ទោស​ព្រះ​អង្គ។ លោក ពីឡាត់ ប្រកាស​ថា «ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ» ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ឲ្យ​គេ​វាយ​ដុំ​ព្រះ​អង្គ​យ៉ាង​ព្រៃ​ផ្សៃ គឺ​ការ​វាយ​ដុំ​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដែល​អាច​កណ្ដាល​ឲ្យ​ដាច់​សរសៃឈាម និង​គ្រាំ​ក្នុង។

គាត់​និយាយ​ថា គាត់​មិន​ឃើញ​ព្រះ​អង្គ​មាន​ទោស​អ្វី​ទេ តែ​គាត់​ក៏​បាន​ឲ្យ​ពួក​ទាហាន​យក​ភួង​បន្លា​មក​ដាក់​ពីលើ​ព្រះ​កេស​ព្រះ​អង្គ ជា​ការ​ចំអក​ឲ្យ ហើយ​បំពាក់​អាវ​វែង​ពី​លើ​ព្រះ​អង្គ ហើយ​ក្រាប​បង្គំ​នៅ​ចំពោះ​មុខ​ព្រះ​អង្គ ដើម្បី​បង្ហាញ​ការ​ស្អប់​ខ្ពើម។

លោក ពីឡាត់ ប្រកាស​ថា គាត់​មិន​ឃើញ​ព្រះ​អង្គ​មាន​ទោស​អ្វី​ទេ តែ​តើ​គាត់​បាន​ដោះ​លែង​ព្រះ​អង្គ​ទេ? ទេ គាត់​បាន​ប្រគល់​ព្រះ​កាយ​ព្រះ​អង្គ​ឲ្យ​ពួក​ពេជ្ឈឃាដ​ដ៏​កាច​សាហាវ ដើម្បី​ប្រហារ​ព្រះ​ជន្ម​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង។

គ្មាន​នរណា​មាន​អារម្មណ៍​តឹង​តែង​ជាង​លោក ពីឡាត់ នៅ​ពេល​គាត់​ប្រឈម​មុខ​ដាក់​ព្រះ​យេស៊ូវ។ គាត់​ជា​អ្នក​កាន់​អំណាច​ក្នុង​តំបន់ ដែល​ខ្វះ​សេចក្តី​ក្លាហាន ក្នុង​ការ​ធ្វើ​អ្វី​ដែល​គាត់​គិតថា ជា​ទង្វើ​ត្រឹម​ត្រូវ។ គាត់​ជា​បុគ្គល​មាន​ជោគជ័យ តែ​បាន​បន្ថែម​បន្ថយ​សេចក្តី​យុត្តិធម៌ ដោយ​បង្ហាញ​ភាព​កំសាក​របស់​គាត់។ គាត់​ជា​អភិបាល ដែល​គ្រប់​គ្រង​ដោយ​ភាព​កម្សោយ​របស់​គាត់។ យើង​មិន​អាច​មាន​ការ​ធ្វេស​ប្រហែស ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជាក់​ប្រាប់​ខ្លួន​ឯង​ថា ព្រះ​គ្រីស្ទ​ជា​នរណា​ក្នុង​ជីវិត​យើង​​នោះ​ទេ។ តើ​ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ ឬ​ព្រះ​អង្គ​ជា​មនុស្ស​មិន​សំខាន់? ការ​ជៀស​វាង​ការ​សម្រេច​ចិត្ត​ឆ្លើយ​សំណួរ​នេះ ដូច​លោក ពីឡាត់ គឺ​ជា​ការ​ជៀស​ចេញ​ពី​ព្រះ​គ្រីស្ទ។

ទង្វើ​របស់​លោក ពីឡាត់ បាន​ជំរុញ​ចិត្ត​យើង​ម្នាក់ៗ​ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ក្នុង​ស្ថាន​ភាព​ណា​ខ្លះ ដែល​ខ្ញុំ​ដឹង​អំពី​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ តែ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ពាក្យ​សម្ដី ឬ​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ? តើ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ការ​រំពឹង​ចង់​បាន និង​ប្រតិកម្ម​របស់​អ្នក​ដទៃ ឬ​ការ​គិត​អំពី​ទ្រព្យ​សម្បត្តិ តួនាទី ឬ​ការ​ឡើង​តំណែង ជា​ជាង​ផ្អែក​ទៅលើ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​គ្រីស្ទ​ដូច​ម្ដេច​ខ្លះ?

ចូរ​យើង​កុំ​បន្ថែម​បន្ថយ​គោល​ជំហរ​របស់​យើង នៅ​ចំពោះ​ព្រះ​គ្រីស្ទ។ បើ​យើង​ខ្វល់​ខ្លាំង​ពេក​អំពី​ការ​យល់​ឃើញ​របស់​មិត្ត​រួម​ការងារ​អ្នក​ជិត​ខាង ឬ​ក្រុម​គ្រួសារ​យើង យើង​នឹង​ត្រូវ​បាត់​បង់​ការ​អត់​ទោស សន្តិភាព​ក្នុង​ចិត្ត ស្ថាន​សួគ៌ និង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ជីវិត​យើង​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ពេល​បច្ចុប្បន្ន​មិន​ខាន។

ផ្ទុយ​ទៅ​វិញ ចូរ​យើង​មាន​ចិត្ត​ក្លាហាន​ឡើង។

ចូរ​មើល​ទៅ​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​គេ​វាយ​ដំ សើច​ចំអក​ឲ្យ និង​ត្រូវ​គេ​ធ្វើ​គុត ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​អ្នក។ បន្ទាប់​មក ចូរ​មើលទៅ​អ្នក​ដែល​ប្រមាថ​មក​លើ​សេចក្តី​ពិត​របស់​ព្រះ​អង្គ ដោយ​មិន​សំចៃ​មាត់ ឬ​ប្រហែល​ជា​ដោយ​ការ​គួរ​សម​ក្តី។ តើ​អ្នក​សុខ​ចិត្ត​ធ្វើ​ខុស​មក​លើ​ព្រះ​អង្គ ឬ​មក​លើ​អ្នក​ទាំង​នោះ? តើ​អ្នក​ចង់​ឮ​ព្រះ​អង្គ ឬ​អ្នក​ទាំង​នោះ​សរសើរ​អ្នក?

ព្រះ​គ្រីស្ទ​កំពុង​ហៅ​យើង​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ចេញ​ទៅ ហើយ​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។ តើ​អ្នក​នឹង​ចូល​មក​រក​ព្រះ​អង្គ ហើយ​តើ​អ្នក​នឹង​ចេញ​ទៅ​ទេ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៩:១-១៦

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ២១-២២ និង​វិវរណៈ១

ប្រភេទ