នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ទៅជា​មួយ​ព្រះអង្គ

ទៅជា​មួយ​ព្រះអង្គ

ដោយKaren Pimpo

April 15, 2025

នាងរស់ ១:៦-៧

ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម​។ នាងរស់ ១:១៦

ក្នុង​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា អ្នក​ដឹក​ជញ្ជូន ជា​ខ្សែ​ភាពយន្ត​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​រឿង​ពិត លោក​ក្រេវីល(Greville) ជា​តួឯក​កំពុង​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​។ គាត់​ដឹង​ថា មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ម្នាក់​នឹង​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ទំនងជា​ប្រឈម​មុខ​ដាក់​ការ​ជាប់គុក​ដ៏​វេទនា​។ លោក​គ្រេវីល​​អាច​ជួយ​ខ្លួនឯង មិន​ឲ្យ​ជួប​ជោគវាសនា​ដូច​នេះ​ បើសិន​ជា​គាត់​រត់ចោល​ស្រុក​ភ្លាមៗ ហើយ​បដិសេធន៍​ថា គាត់​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​។ ដោយ​ក្តី​អាណិត និង​ចិត្ត​ស្មោះ​ត្រង់ លោក​ក្រេវីល​ក៏​បាន​បដិសេធ​មិន​ព្រម​រត់ចោល​ស្រុក ហើយក៏​បាន​ជាប់គុក ដោយ​ទទួលរង​ទុក្ខ​វេទនា​ដូច​មិត្ត​ភក្តិ​របស់​គាត់​ដែរ​។ ពួកគេ​មិន​បាន​ក្បត់​គ្នា​ឡើយ​។ នៅ​ចុង​បញ្ចប់ គេ​ក៏​បាន​ដោះ​លែង​លោក​ក្រេវីល ដោយ​រូបកាយ​ដ៏​គ្រាំគ្រា តែ​ក្នុង​នាម​ជា​មិត្តសំឡាញ់​ពិត​ប្រាកដ និង​ស្មោះ​ត្រង់​។

នាង​ណាអូមី ក៏​ត្រូវ​ការ​មិត្តសំឡាញ់​ដូច​នេះ​ផង​ដែរ​។ កាល​ស្វាមី និង​កូន​ប្រុស​គាត់​បាន​ស្លាប់​ចោល​គាត់​អស់ គាត់​បាន​ជួប​ភាព​ទុរគត ហើយ​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ស្រុក​កំណើត​របស់​គាត់​។ នាង​ណាអូមី​ក៏បាន​ប្រាប់​នាងរស់ ជា​កូន​ប្រសារ​ស្រី​របស់​គាត់ ឲ្យ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូ​អាប់ ហើយ​កសាង​ជីវិត​ថ្មី សម្រាប់​ខ្លួនឯង(នាងរស់ ១:៨-៩)។ នាងរស់​ក៏​បាន​ឆ្លើយ​តប​ថា “សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ នឹង​វិល​ទៅវិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម”(ខ.១៦)។ នាងរស់​ក៏បាន​រួម​ដំណើរ​ជា​មួយ​នាង​ណាអូមី ទៅ​ទឹកដី​បរទេស ហើយ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​គាត់​។ ភាព​ស្មោះ​ត្រង់​របស់​នាងរស់ បាន​កែ​ប្រែ​គ្រួសារ​ដ៏​ត្រដាបត្រដួស​របស់​ពួកគេ ឲ្យ​ក្លាយ​ជា​កេរ​ដំណែល​ដ៏​អស្ចារ្យ​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ស្តេច​ដាវីឌ ដែល​ជា​ចៅលួត​របស់​នាងរស់ ក៏បាន​ក្លាយ​ជា​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល ហើយ​គេ​បាន​ហៅ​គាត់​ថា មនុស្ស​ដែល​ត្រូវ​នឹង​ព្រះទ័យ​របស់​ព្រះ​។

ការ​ប្រឈម​មុខ​ដាក់​ទុក្ខ​វេទនា​ជាមួយ​អ្នក​ដទៃ គឺជា​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​។ ប៉ុន្តែ បើ​យើង​បាន​លះបង់​បំណង​ចិត្ត​របស់​យើង ហើយ​ស្វែងរក​កម្លាំង​មកពី​ព្រះ ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ តាម​របៀប​ដ៏​អស្ចារ្យ​។ ដោយ​អំណាច​របស់​ព្រះអង្គ យើង​អាច​សម្រេច​ចិត្ត​និយាយ​ថា “ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​កន្លែងណា ទូល​បង្គំ​នឹង​ទៅជា​មួយ​ព្រះអង្គ”។—Karen Pimpo

នៅ​ក្បែរ​អ្នក មាន​នរណា​ខ្លះ​ដែល​កំពុង​ដើរ​តាម​ផ្លូវ​ដ៏​ពិបាក? តើ​អ្នក​អាច​សម្រេច​ចិត្ត​ដើរ​ទន្ទឹម​នឹង​ពួកគេ ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិន​ដែល​បោះបង់​ចោល​ទូល​បង្គំ​ឡើយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សំាំយ៉ូអែល ២៧-២៩ និង លូកា ១៣:‌១-២២

ល្ងាច

ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​មាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​មាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 15, 2025

«លោក ពីឡាត់ ធ្វើ​ប្រកាស១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្ដេច​នៃ​សាសន៍​យូដា»» (យ៉ូហាន ១៩:១៩)។

នៅ​ពេល​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ គេ​បាន​ឆ្លាក់​អក្សរ​ពី​លើ​ផ្លាក​តូច​មួយ​នៅ​លើ​កំពូល​ឈើ​ឆ្កាង ដែល​ប្រកាស​ថា ព្រះ​អង្គ «ជា​ស្ដេច​នៃ​សាសន៍​យូដា»។ គេ​បាន​ដាក់​ផ្លាក​នេះ​ដើម្បី​ជា​ការ​ចំអក​ឲ្យ​ព្រះ​អង្គ តែ​វា​បាន​ប្រកាស​សេចក្តី​ពិត​ដល់​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ថា ព្រះ​យេស៊ូវ​ពិតជា​ក្សត្រ​មែន! តែ​ផ្លាក​នោះ​ក៏​គួរតែ​កណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ពិត​ជា​បាន​រស់​នៅ​ឲ្យ​សក្តិ​សមនឹង​ការ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ​នៃ​ជីវិត​ខ្ញុំ​ឬ​ទេ?

ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា អក្សរ​ដែលគេ​បាន​ឆ្លាក់​ពី​លើ​ផ្លាក​នោះ​មាន​បី​ភាសា គឺ​ភាសា​អើរ៉ាម ជា​ភាសា​ដែល​ជនជាតិ​យូដា​ភាគ​ច្រើន​ប្រើ ក្នុង​សតវត្សរ៍ទី១ នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម និង​តំបន់​ជិត​ខាង និង​ភាសាឡាតាំង ជា​ភាសា​ផ្លូវ​ការ​របស់​ចក្រភព​រ៉ូម៉ាំង និង​ភាសាក្រិក ជា​ភាសា​ដ៏​ពេញ​និយម ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វប្បធម៌ (យ៉ូហាន ១៩:២០)។ ក្នុង​ភាសា​ទាំង​នេះ មនុស្ស​មក​ពី​គ្រប់​ទិសទី ដែល​បាន​ឃើញ​ហេតុការណ៍​នោះ អាច​អាន​អក្សរ​ដែលគេ​បាន​សរសេរ​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ។ នៅ​ពេល​ពួក​គេ​អាន​អក្សរ​នៅ​លើ​ផ្លាក​នោះ លោកីយ៍​ទាំង​មូល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជឿ​ថា ព្រះ​យេស៊ូវ​ជា​នរណា​ចំពោះ​ពួក​គេ។

ក្នុង​រឿង​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ យើង​សង្កេត​ឃើញ​ចារិក​លក្ខណៈ​ខុសៗ​គ្នា ក្នុង​សម័យ​នោះ ក៏​ដូច​ជា​ក្នុង​សម័យ​យើង។ យើង​ឃើញ​ថា លោក ពីឡាត់ មាន​ចារិក​លក្ខណៈ​ជា​អ្នក​នយោបាយ ដែល​មាន​អំនួត មាន​ភាព​ស្ទាក់ស្ទើរ និង​ការ​គិត​អំពី​ផល​ចំណេញ និង​ផល​វិបាក​ផ្នែក​នយោបាយ។ ពួក​ទាហាន​ដែល​ឆ្កាង​ព្រះ​យេស៊ូវ ផ្ដោត​ទៅលើ​ការ​បំពេញ​តួនាទី​ជា​ធម្មតា​របស់​ខ្លួន​ជា​ពេជ្ឈឃាដ។ អ្នក​ដែល​ចំអក​ឲ្យ​ព្រះ​អម្ចាស់ គឺ​មិន​បាន​បង្ហាញ​អ្វី​ដល់​ព្រះ​ក្រៅ​ពី​សេចក្តី​សម្អប់​ចំពោះ​ព្រះ​អង្គ។ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​មើល​ឃើញ​ហេតុការណ៍ មាន​អ្នក​ដែល​មិន​មាន​ចំណាប់​អារម្មណ៍​ទាល់​តែ​សោះ​ចំពោះ​រឿង​នៃ​ភាព​អស់​កល្ប។ ប៉ុន្តែ បន្ទាប់​មក ក្នុង​ភាព​ងងឹត​នោះ អ្នក​ដែល​ជាប់​ឆ្កាង​នៅ​ក្បែរ​ព្រះ​អង្គ​កំពុង​តែ​ជិត​ស្លាប់ ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម តែ​បាន​ងាក​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ ដើម្បី​ទទួល​បាន​សេចក្តី​សង្ឃឹម ហើយ​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម។ ហើយ​ក្រុម​គ្រួសារ និង​មិត្ត​សម្លាញ់​របស់​ព្រះ​យេស៊ូវ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​យ៉ាង​ស្មោះ​ត្រង់​ពួក​គេ​មាន​ចិត្ត​សោក​សង្រេង ហើយ​បាន​មើល​ឃើញ​ការ​បញ្ចុះ​ព្រះ​សព​ព្រះ​អង្គ​ក្នុង​ផ្នូរ ដែល​នឹង​នៅ​ទ​ទេរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​ទាំង​អស់​នោះ​ភាគ​ច្រើន​បាន​ឃើញ​ផ្លាក​ដែល​សរសេរ​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្ដេច​នៃ​សាសន៍​យូដា»។ ពួក​គេ​សុទ្ធតែ​បាន​ឃើញ​ព្រះ​យេស៊ូវ ដែល​ជាប់​ឆ្កាង​នៅ​ក្រោម​ផ្លាក​នោះ។ ទោះ​ដោយ​សេចក្តី​សម្អប់ ឬ​ដោយ​មាន​សង្ឃឹម​ក្តី ពួក​គេ​សុទ្ធ​តែ​បាន​ឃើញ​ហេតុការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នេះ ហើយ​សុទ្ធតែ​ត្រូវ​យក​រឿង​នេះ​មក​ពិចារណា​ដោយ​ផ្សា​ភ្ជាប់​អង្គ​បុគ្គល​នៃ​ព្រះ​គ្រីស្ទ​ជា​មួយ​នឹង​ជីវិត​របស់​ខ្លួន។ ហើយ​ខណៈ​ពេល​ដែល​ផ្លាក​នោះ​បាន​ប្រកាស​អំពី​ភាព​ជា​ក្សត្រ​នៃ​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ជាប់​ឆ្កាង ដោយ​ប្រកាស​អំពី​សេចក្តី​ស្រឡាញ់​មាន​អំណាច​បំផុត ដែល​លោកីយ៍​មិន​​ធ្លាប់​បាន​ស្គាល់។

អ្វី​ដែល​យើង​ត្រូវ​សួរ​នោះ​គេ តើ​យើង​ត្រូវ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សេចក្តី​ស្រឡាញ់​នេះ? យើង​ម្នាក់ៗ​សុទ្ធ​តែ​អាច​រក​ឃើញ​នរណា​ម្នាក់​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ទាំង​នោះ​ដែល​មាន​ចារិក​លក្ខណៈ​ដូច​យើង ជា​អ្នក​មាន​អំនួត ជា​អ្នក​មិន​ចាប់​អារម្មណ៍ ឬ​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ។ យើង​ម្នាក់ៗ​សុទ្ធ​តែ​ប្រឈម​មុខ​ដាក់​ព្រះ​យេស៊ូវ​ជា​អង្គ​ដែល​កែ​ប្រែ​ជីវិត​យើង។

តើ​ឈើ​ឆ្កាង និង​ផ្នូរ​ដែល​នៅ​ទទេ មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​មក​លើ​ទំនាក់​ទំនង ការងារ គោល​បំណង និង​អត្ត​សញ្ញាណ​របស់​អ្នក? បើ​ព្រះ​យេស៊ូវ​សោយ​រាជ្យ​លើ​ជីវិត​អ្នក នោះ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​អង្គ នឹង​កែ​ប្រែ​របៀប​ដែល​អ្នក​រស់​នៅ និង​អត្ថន័យ​នៃ​ជីវិត​របស់​អ្នក។ នៅ​ក្នុង​ការ​មើល​ទៅ​ព្រះ​អង្គ ហើយ​យល់​ស្រប​ចំពោះ​ផ្លាក​នោះ យើង​មាន​ក្តី​សង្ឃឹម​ថា នឹង​មាន​ជីវិត​អស់​កល្ប និង​មាន​គោល​បំណង​នៅ​ថ្ងៃ​នេះ។ «ព្រះ​យេស៊ូវ​ជា​ស្ដេច» របស់​សាសន៍​យូដា និង​សាសន៍​ដទៃ ក៏​ដូច​ជា​របស់​លោកីយ៍​ទាំង​មូល និង​រួម​ទាំង​ជីវិត​អ្នក និង​ខ្ញុំ​ផង​ដែរ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ២៣:៣២-៥៦

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ២៣-២៤ និង​វិវរណៈ ២

ប្រភេទ