នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សង្គ្រាម​ដោយសារ​នំ​ប៉័ង

សង្គ្រាម​ដោយសារ​នំ​ប៉័ង

ដោយKimya Loder

April 16, 2025

សា​ស្តា ៧:៣-៩

កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងីល្ងើ​ទេ​។ សា​ស្តា ៧:៩

ក្នុង​ចំណោម​រឿង​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន ដែល​បណ្តាល​ឲ្យ​ប្រទេស​មួយ​មាន​សង្គ្រាម​​ជាមួយ​ប្រទេស​មួយ​ទៀត តើ​រឿង​បរិភោគ​នំ​ប៉័ង​មិន​ឲ្យ​លុយ អាច​ជា​រឿង​ដែល​ល្ងង់​ខ្លៅ​បំផុត ដែល​បណ្តាល​ឲ្យ​មាន​សង្គ្រាម​​ដែរ​ឬ​ទេ? កាលពី​ឆ្នាំ១៩៣២ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​បារាំង និង​ប្រទេស​មិច​ស៊ីកូ​កំពុង​មាន​ភាព​តានតឹង មាន​មន្ត្រី​​យោធា​មិច​ស៊ី​កូន​មួយ​ក្រុម​ បាន​ចូល​ហាង​លក់​នំ​ប៉័ង​របស់​ជនជាតិ​បារាំង នៅ​ក្នុង​ទីក្រុង​មិច​ស៊ីកូ ហើយក៏​បាន​ភ្លក់​នំ​ប៉័ង​គ្រប់​មុខ ដោយ​មិន​ឲ្យ​លុយ​។ រឿង​លម្អិត​នៃ​ហេតុការណ៍​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង(ហើយ​ការ​បង្ក​រឿង​ដទៃ​ទៀត ក៏​បាន​បណ្តាល​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង) ហើយក៏​បាន​បណ្តាល​ឲ្យ​មាន​សង្គ្រាម​លើក​ទីមួយ រវាង​ប្រទេស​បារាំង និង​ប្រទេស​មិច​ស៊ីកូ(ឆ្នាំ១៩៣៨-ដល់១៩៣៩) ដែលគេ​ហៅថា សង្រ្គាម​នំ​ប៉័ង ដែល​ក្នុង​នោះ មាន​ទាហាន​ជាង៣រយ​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​។ ពិតជា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​កំហឹង​អាច​បណ្តាល​ឲ្យ​មាន​រឿង​ធំ​យ៉ាង​នេះ​។

ការ​ប៉ះ​ទង្គិច​របស់​មនុស្ស ដែល​មាន​ដូចជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ប្រេះ​ស្រាំ និង​មិត្តភាព​ដែល​បាន​បែក​បាក់ ភាគ​ច្រើន​មាន​ឫស​គុល នៅ​ក្នុង​ការ​មិន​ចេះ​គ្រប់​គ្រង​កំហឹង​។ ភាព​អាត្មា​និយម និង​ការ​កេង​ចំណេញ ការ​យល់​ច្រឡំ​ដែល​គ្មាន​ថ្ងៃ​យល់ និង​ការ​តប​តនឹង​ការ​ប្រមាថ និង​ការ​បំពាន ទាំង​អស់​នេះ គឺ​សុទ្ធតែ​ជា​ភាព​ល្ងង់​ខ្លៅ​។ ជា​ញឹក​ញាប់ ការ​ឲ្យ​យោបល់​ខុស ឬ​ការ​មាន​ប្រតិកម្ម​ដោយ​ការ​យល់​ច្រឡំ ក៏​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង ដែល​នាំ​ទៅ​រក​សេចក្តី​ហិន​វិនាស​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា​ថា “កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងីល្ងើ​ទេ”(៧:៩)។

ការ​មាន​កំហឹង​មួយ​ឆាវៗ ឬ​ឆាប់​ខឹង ជា​ទង្វើ​ដ៏​ល្ងង់​ខ្លៅ ជា​ពិសេស​នៅពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ផ្លូវ​ដែល​ល្អ​ជាង​នេះ ប្រហែល​ជា​តាមរយៈ “ការ​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា”(ខ.៥)។ ពេលណា​យើង​សង្វាត​ឲ្យ​បាន​ប្រាជ្ញា យើង​អាច​ឲ្យ​សន្តិភាព​របស់​ព្រះគ្រីស្ទ​​គ្រប់​គ្រង​ចិត្ត​របស់​យើង(កូល៉ុស ៣:១៥)។ យើង​អាច​រស់នៅ ដោយ​ប្រាជ្ញា និង​ការ​អត់​ទោស ដោយ​ជំនួយ​មកពី​ព្រះអង្គ​។—Winn Collier

តើ​អ្នក​បាន​បណ្តោយ​ខ្លួនឯង ឲ្យ​ធ្លាក់​ចូល​ក្នុង​កំហឹង​ដ៏​ល្ងង់​ខ្លៅ នៅ​ពេលណា? តើ​វា​បាន​បណ្តាល​ឲ្យ​ខ្លួនឯង និង​អ្នក​ដទៃ​រង​គ្រោះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​មិន​ចង់​បណ្តោយ​ឲ្យ​កំហឹង​ដ៏​ល្ងង់​ខ្លៅ គ្រប់​គ្រង​ទូល​បង្គំ ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​រង​គ្រោះ​ឡើយ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​លះបង់​ចោល​កំហឹង ហើយ​ទទួលយក​សន្តិភាព​របស់​ព្រះអង្គ​វិញ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៣០-៣១ និង លូកា ១៣:២៣-៣៥

ល្ងាច

មិន​មែន​ជា​ការ​ស្លាប់​ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មិន​មែន​ជា​ការ​ស្លាប់​ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 16, 2025

«កាល​ព្រះ​យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​រួច​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ​សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ» (យ៉ូហាន ១៩:៣០)។

ហេតុ​ការណ៍​នៅ​ជុំ​វិញ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម៉ាំង។ ការ​កាត់​ទោស ការ​ធ្វើ​ទារុណកម្ម និង​ដំណើរ​ការ​នៃ​ការ​បន្ទាប​បន្ថោក និង​ការ​ឆ្កាង​សម្លាប់​ដ៏​ឈឺ​ចាប់ សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​ដែល​ពួក​ទាហាន​ធ្វើ​ជា​ធម្មតា ក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ជាប់​ចោទ។ ប៉ុន្តែ អ្វី​ដែល​មិន​ធម្មតា​នោះ​គឺ ភាព​ងងឹត​ដែល​បាន​គ្រប​ដណ្ដប់​មក​លើ​ព្រឹត្តិ​ការណ៍​នោះ​ទាំង​មូល​ក្នុង​ពេល​កណ្ដាល​ថ្ងៃ​ត្រង់ (ម៉ាថាយ ២៧:៤៥) គឺ​ហាក់​ដូច​ជា​ព្រះ​វរបិតា​បាន​បិទ​ព្រះ​នេត្រ នៅ​ចំពោះ​មុខ​នៃ​ហេតុការណ៍​ដ៏​សោកសៅ​នេះ។ នេះ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដែល​គេ​បាន​ធ្វើ​ជា​ធម្មតា តែ​ជា​ចំណុច​របត់​ធំ​បំផុត​ក្នុង​ពេល​អស់​កល្ប​ជានិច្ច។ ព្រឹត្តិការណ៍​នេះ​សំខាន់​បំផុត គឺ​ដោយ​សារ​អត្ត​សញ្ញាណ​នៃ​បុរស​ដែល​ជាប់​នៅ​លើ​ឈើ​ឆ្កាង៖ ដែល​គ្មាន​នរណា ក្រៅ​ពី​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស​នោះ​ទេ។ គំនិត​យើង​មិន​គួរ​ឈប់​ស្ញប់​ស្ញែង ចំពោះ​សេចក្តី​ពិត​ដែល​ថា៖

ចូរ​ឲ្យ​ព្រះ​អា​ទិត្យ​បាំង​បាត់​រស្មី

ហើយ​មិន​បញ្ចេញ​ពន្លឺ​ដ៏​រុងរឿង​របស់​វា

នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ ជា​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា បាន​សុគត

ដើម្បី​លោះ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ឲ្យ​រួច​ពី​បាប1

ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​និយាយ​សង្កត់​ធ្ងន់​ច្រើន​អំពី​ការ​រង​ទុក្ខ​ផ្លូវ​កាយ​របស់​ព្រះ​គ្រីស្ទ នៅ​លើ​ឈើ​ឆ្កាង​ទេ។ ព្រះ​អង្គ​ពិត​ជា​មាន​ការ​ឈឺ​ចាប់​ផ្លូវ​កាយ​យ៉ាង​សោកសៅ​បំផុត ប៉ុន្តែ​ការ​រង​ទុក្ខ​ផ្លូវ​កាយ​របស់​ព្រះ​អង្គ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​រង​ទុក្ខ​នៃ​វិញ្ញាណ​របស់​ព្រះ​អង្គ​បាន​ទេ2។ ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា នៃ​ការ​ដាច់​ចេញ​ពី​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្លូវ​វិញ្ញាណ។ ទោះ​អ្នក​ជួប​បញ្ហា​អ្វី​ក៏​ដោយ​ក្នុង​ជីវិត​អ្នក ចូរ​ចាំ​ថា ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​លើស​អ្នក ហេតុ​នេះ​ហើយ ព្រះ​អង្គ​យល់​អារម្មណ៍​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ ទុក្ខ​វេទនា​ហួស​ថ្លែង ដែល​ព្រះ​អង្គ​បាន​រង​ទុក្ខ គឺ​ដើម្បី​អ្នក។ ទាល់​តែ​ដល់​ពេល​កំណត់ ទើប​ព្រះ​គ្រីស្ទ​ក៏​បាន​ប្រកាស​ជ័យ​ជម្នះ​ថា «ការ​ស្រេច​ហើយ» tetelestai ដែល​មាន​ន័យ​ថា បំណុល​បាន​សង​រួចរាល់​ហើយ។

គេ​ច្រើន​តែ​បង្ហាញ​រូប​ភាព​នៃ​ការ​ជាប់​ឆ្កាង​របស់​ព្រះ​គ្រីស្ទ​ក្នុង​រូប​គំនូរ ដោយ​ឲ្យ​រូប​ឈើ​ឆ្កាង​ឈរ​នៅ​ក្នុង​កម្ពស់​ខ្ពស់​ត្រដែត​ផុត​ក្បាល​ហ្វូង​មនុស្ស​ដែល​ឈរ​នៅ​ខាង​ក្រោម។ តាម​ពិត នៅ​ពេល​ដែល​គេ​ដាំ​ឈើ​ឆ្កាង​ជាប់​នឹង​ដី ព្រះ​បាទ​ព្រះ​អង្គ​មិន​នៅ​ឆ្ងាយ​ពី​ដី​ប៉ុន្មាន​ទេ។ ដូច​គ្នា​នេះ​ដែរ ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ មិន​ឈរ​នៅ​ខ្ពស់​ហួស តែ​នៅ​ជិត​ជីវិត​យើង។ ទេ! ការ​សុគត​របស់​ព្រះ​យេស៊ូវ​មិន​មែន​ជា​ការ​ស្លាប់​ធម្មតា​ទេ តែ​ផ្ទុយ​ទៅ​វិញ ជា​ការ​ស្លាប់​ដែល​សន្យា​ថា នឹង​ផ្តល់​ឲ្យ​នូវ​ជីវិត​ពិត​ដោយ​សារ​សេចក្តី​ជំនឿ។ អ្វីៗ​មាន​ការ​ផ្លាស់​ប្ដូរ ពេល​ណា​យើង​ពិចារណា អំពី​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​នៅ​លើ​ឈើ​ឆ្កាង ហើយ​ប្រាប់​ខ្លួន​ឯង​ថា៖

ព្រះ​អង្គ​បាន​រង​របួស​ដើម្បី​ខ្ញុំ ដើម្បី​ខ្ញុំ

នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​រង​របួស ដើម្បី​ខ្ញុំ

ទោស​របស់​ខ្ញុំ​បាន​រលាយ​បាត់ ហើយ​ពេល​នេះ ខ្ញុំ​មាន​សេរី​ភាព

គឺ​សុទ្ធតែ​ដោយ​សារ​ព្រះ​យេស៊ូវ​បាន​រង​របួស ដើម្បី​ខ្ញុំ3

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ២២:៧-២០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ២៥ និង វិវរណៈ ៣

1លោក Isaac Watts, “Alas! and Did My Savior Bleed?” (ឆ្នាំ១៧០៧)។

2លោក George Swinnock, “The Christian Man’s Calling,” in The Works of George Swinnock, M.A. (លោក James Nichol, ឆ្នាំ១៨៦៨), ភាគ១, ទំព័រ១៩៤។

3លោក W.G. Ovens, “Wounded for Me” (ឆ្នាំ១៩៣១)។

ប្រភេទ