នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ស្លាប់រស់ នៅ​ក្នុង​ព្រះគ្រីស្ទ

ការ​ស្លាប់រស់ នៅ​ក្នុង​ព្រះគ្រីស្ទ

ដោយKenneth Petersen

April 17, 2025

បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅតែ១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើតផល​ជា​ច្រើន​ឡើង​។ យ៉ូហាន ១២:២៤

នៅពេល​ដែល​លោក ផ្យូដូរ ដូសតូ​ស្គី(Fyodor Dostoevsky) ប្រឈម​មុខ​ដាក់​ការ​ប្រហារ​ជីវិត ដោយ​ការ​បាញ់​សម្លាប់ គាត់​ក៏បាន​ជញ្ជឹង​គិត​យ៉ាង​ស្ងាត់​ស្ងៀម អំពី​ពេល​ចុង​ក្រោយ​នៃ​ជីវិត​គាត់​។ លោក​ដូសតូ​ស្គី ជា​អ្នកជឿ​ព្រះយេស៊ូវ ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​បំផុត ក្នុង​វិស័យ​​អក្សរ​សាស្រ្ត​។ រឿង​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​របស់​គាត់ មាន​ចំណង​ជើង​ថា បង​ប្អូន​ត្រកូល​ការ៉ាម៉ាហ្សូវ(Karamazov) មាន​ខ្លឹមសារ​ដែល​និយាយ​អំពី​ព្រះ ជីវិត និង​សេចក្តី​ស្លាប់​។ គេ​បាន​​លើកឡើង​​អំពី​លោក​ដូសតូ​ស្គី​ថា “គាត់​បាន​និយាយ​អំពី​ព្រះគ្រីស្ទ ដោយ​ចិត្ត​ឆេះឆួល​យ៉ាង​ខ្លាំង”។ ពេល​ប្រហារ​ជីវិត​បាន​មកដល់ ពួក​ទាហាន​ក៏បាន​លើក​កាំភ្លើង​តម្រង់​ទៅ​រក​គាត់ ដើម្បី​ត្រៀម​បាញ់​សម្លាប់​គាត់ តាម​បង្គាប់​របស់​មេ​បញ្ជាការ​។

មុន​ពេល​ព្រះយេស៊ូវ​ជិត​ដល់​ពេល​សុគត ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស ក៏​ដូចជា​យើង​រាល់​គ្នា អំពី​តម្លៃ​ដ៏​អស់​កល្ប​នៃ​ជីវិត និង​សេចក្តី​ស្លាប់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មកដល់​ហើយ”(យ៉ូហាន ១២:២៣)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​អំពី​ជីវិត​របស់​យើង គឺជា​គ្រាប់ពូជ ដែល​បង្កើត​ផល​ផ្លែ​ជា​បរិបូរ តាមរយៈ​ការ​លះបង់​ផ្ទាល់​ខ្លួន(ខ.២៤)។ ព្រះយេស៊ូវ​បាន​ប្រាប់​យើង មិន​ឲ្យ​ស្រឡាញ់​ជីវិត​នេះ​ខ្លាំង​ពេក​ទេ ព្រោះ​មានតែ​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​លះបង់​ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ដែល​នឹង​រក​ឃើញ “ជីវិត​អស់​កល្ប​ជានិច្ច”(ខ.២៥)។

ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះអង្គ យើង​ត្រូវ​មាន​ការ​លះបង់​។ តែ​យើង​អាច​រក​​ឃើញ​ក្តី​សង្ឃឹម​របស់​យើង ក្នុង​ព្រះ​បន្ទូល​ដែល​ថា “បើ​អ្នកណា​បំរើ​ខ្ញុំ ព្រះ​វរបិតា​នឹង​លើក​មុខ​អ្នក​នោះ”(ខ.២៦)។

លោក​ផ្យូដូរ​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ចិត្ត​ក្លាហាន​។ ប៉ុន្តែ មាន​គេ​នាំ​ព្រះរាជសារ​របស់​ស្តេច​​មក នៅ​វិនាទី​ចុង​ក្រោយ ដើម្បី​បញ្ឈប់​ការ​ប្រហារ​ជីវិត​។ គាត់​ក៏បាន​រួចពី​ទោស​ប្រហារ​ជីវិត​​។ ប៉ុន្តែ បទ​ពិសោធន៍​នៅពេល​នោះ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​និពន្ធ​សៀវភៅ​នៅពេល​ក្រោយ​ទៀត​។ ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ទំព័រ​ដំបូង​នៃ​រឿង​ប្រ​លោក​លោក​របស់​គាត់ មាន​ចំណង​ជើង​ថា បង​ប្អូន​ត្រកូល​​ការ៉ាម៉ាហ្សូវ គាត់​បាន​ដាក់​ខ​គម្ពីរ​យ៉ូហាន ១២:២៤ ដែល​ចែងថា “បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅតែ១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង”។—Kenneth Petersen

តើ​ជំនឿ​របស់​អ្នក មាន​​ឥទ្ធិពល​យ៉ាងណា​ខ្លះ មក​លើ​ការ​គិត​របស់​អ្នក អំពី​ជីវិត និង​សេចក្តី​ស្លាប់? តើ​អ្នក​មាន​ក្តី​អំណរ​យ៉ាងណា ចំពោះ​ពេល​អនាគត?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទទួលយក​បញ្ហា​ប្រឈម ក្នុង​ការ​រស់នៅ​ជា​សិស្ស​របស់​ព្រះអង្គ ហើយ​យល់​អត្ថន័យ​នៃ​ជីវិត តាម​រយៈ​សេចក្តី​ស្លាប់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១-២ និង លូកា ១៤:១-២៤

ល្ងាច

ផ្លាស់​ប្រែ​ពី​ការ​ភ័យ​ខ្លាច ទៅជា​មាន​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ផ្លាស់​ប្រែ​ពី​ការ​ភ័យ​ខ្លាច ទៅជា​មាន​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 17, 2025

«នោះ ម៉ារា-ម៉ាក់ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ​អម្ចាស់» (យ៉ូហាន ២០:១៨)។

តើ​មាន​អ្វី​កែ​ប្រែ​ការ​ភ័យ​ខ្លាច​ឲ្យ​ក្លាយ​ជា​សេចក្តី​ជំនឿ?

បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ពួក​សាវ័ក​ស្ថិត​ក្នុង​ភាព​ជ្រួល​ច្របល់ បាក់​ទឹក​ចិត្ត ហើយ​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ភ័យ​ខ្លាច​មាន​ការ​បៀតបៀន។ យូដាស ជា​សាវ័ក​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​សម្លាប់​ខ្លួន​រួច​ទៅ​ហើយ។ សាវ័ក​ម្នាក់​ទៀត គឺ​លោក ពេត្រុស បាន​ខិតខំ​លាក់​បាំង​អត្ត​សញ្ញាណ ដោយ​សារ​ទទួល​រង​សម្ពាធ ហើយ​ក៏​បាន​បដិសេធន៍​ព្រះ​យេស៊ូវ​ជា​អ្នក​ដឹក​នាំ និង​គ្រូ​របស់​គាត់​ដែល​ពួក​គេ​ខ្លះ​ទៀត​បាន​ឃើញ​ព្រះ​អង្គ​ត្រូវ​គេ​ធ្វើ​គុត​យ៉ាង​ព្រៃ​ផ្សៃ។ ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​ពួក​គេ ហាក់​ដូច​ជា​បាន​រលាយ​បាត់បង់​ជា​មួយ​ការ​សុគត​របស់​ព្រះ​អង្គ។ តែ​មួយ​សប្ដាហ៍​ក្រោយ​មក ក្រុម​ដែល​បាក់​ទឹក​ចិត្ត​ដដែល​នេះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​នៅ​ទីក្រុង​យេរូសាឡឹម ប្រកាស​អំពី​ព្រះ​យេស៊ូវ​ដោយ​ចិត្ត​ក្លាហាន​ថា ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​កែ​ប្រែ​ពួក​ប្រុសៗ​ទាំង​នេះ​ពី​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច​ទៅ​ជា​មាន​ជំនឿ​ដោយ​ចិត្ត​ក្លាហាន? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​មាន​ការ​ផ្លាស់​ប្រែ​ដូច​ពួក​គេ​បាន? គឺ​មាន​តែ​ព្រះ​យេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ ដែល​អាច​ជួយ​បាន។

ដោយ​សារ​ពួក​សាវ័ក​មាន​ប្រវត្តិ​ជា​សាសន៍​យូដា​បាន​ជា​ពួក​គេ​ជឿ​ថា ព្រះ​មេស្ស៊ី​នឹង​លេច​ឡើង ហើយ​គង់​នៅ​ជា​រៀង​រហូត។ ពី​ដំបូង ការ​មាន​ជំនឿ​ដូច​នេះ​បាន​កណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ព្រោះ​ការ​សុគត​របស់​ព្រះ​អង្គ ហាក់​ដូច​ជា​បញ្ជាក់​អំពី​បរាជ័យ ជា​ជាង​ជ័យ​ជម្នះ​ដ៏​រុងរឿង។ ការ​ផ្លាស់​ប្ដូរ​របស់​ពួក​គេ​ពី​ការ​ប្រកាស​ដោយ​ទំនុក​ចិត្ត​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មេស្ស៊ី បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត គឺ​អាច​កណ្ដាល​មក​ពី​មូល​ហេតុ​តែ​មួយ​ប៉ុណ្ណោះ​គឺ៖ ពួក​គេ​ប្រាកដ​ជា​បាន​ឃើញ​ព្រះ​យេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បើ​ពួក​គេ​មិន​បាន​ឃើញ​ព្រះ​អង្គ​ទេ នោះ​ពួក​គេ​ប្រាកដ​ជា​គ្រាន់​តែ​នឹក​ចាំ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្ត​ជូរ​ល្វីង​ថា ព្រះ​អង្គ​ជា​គ្រូ​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ប៉ុណ្ណោះ។ តើ​មាន​ការ​អត់​ទោស និង​ក្តី​សង្ឃឹម​អ្វី​ដែល​គេ​អាច​ទទួល​បាន​ពី​មនុស្ស​ដែល​ស្លាប់​ហើយ? ប៉ុន្តែ ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​អ្វីៗ​ក៏​បាន​ផ្លាស់​ប្ដូរ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

ព្រះ​គម្ពីរ​បាន​ចែង​អំពី​ពេល​ដែល​ពួក​សាវ័ក​បាន​ជួប​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (ឧទាហរណ៍៖ យ៉ូហាន ២០:១១-២១:២៣)។ អ្នក​ខ្លះ​បាន​ប្រកែក​ថា ពួក​សាវ័ក​មាន​ការ​រវើរវាយ​ដោយ​សារ​ការ​មាន​ជំនឿ​ស៊ុប​ពេក​នាំ​ឲ្យ​ពួក​គេ​ស្រមើស្រមៃ​​ឃើញ​ព្រះ​អង្គ។ ប៉ុន្តែ សូម​ចាំ​ថា ពី​ដំបូង​ពួក​គេ​មិន​ជឿ​ថា ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ។ តាម​ពិត ព្រះ​គម្ពីរ​បាន​ចែង​ថា ពួក​គេ​បាន​នៅ​ផ្តុំ​គ្នា​ក្នុង​ផ្ទះ​ដែល​មាន​ទ្វារ​ចាក់​សោ​ជាប់​ដោយ​ការ​ភ័យ​ខ្លាច និង​ការ​ខក​ចិត្ត (២០:‌១៩)។ ហើយ​ទោះ​ពួក​គេ​បាន​ស្រមៃ​ថា ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​គ្រង​រាជ្យ ក៏​ពួក​គេ​មិន​ទំនង​ជា​ស្រមៃ​ឃើញ​ព្រះ​អង្គ​ដុត​ត្រី​សោយ ជា​មួយ​ពួក​គេ​នៅ​លើ​ឆ្នេរ​ខ្សាច់​ដោយ​ព្រះ​អង្គ​នៅ​មាន​ស្នាម​សម្លាក​នៅ​សល់​ពី​ការ​សុគត​ដ៏​សាហាវ ហើយ​ក៏​យាង​តាម​ផ្លូវ និង​ជួប​ពួក​គេ​តាម​របៀប​ជា​ច្រើន​ដែរ។ ពួក​គេ​ក៏​មិន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ពួក​គេ​មាន​ភាព​កំសាក​យ៉ាង​ដូច​នេះ ឬ​រាប់​បញ្ចូល​ការ​រាយ​ការណ៍​របស់​ពួក​ស្ត្រី (គេ​មិន​ឲ្យ​តម្លៃ​មក​លើ​ទី​បន្ទាល់​របស់​ស្ត្រី ក្នុង​វប្បធម៌​នោះ​ឡើយ)។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ពួក​គេ​ជា​មនុស្ស​ក្លាហាន និង​លេច​ធ្លោ ដែល​បាន​ឃើញ​ផ្នូរ​ព្រះ​អង្គ​នៅ​ទទេ​មុន​អ្នក​ផ្សេង។ ជម្រើស​ផ្សេង​ទៀត សម្រាប់​ការ​បក​ស្រាយ​អំពី​ផ្នូរ​ដែល​នៅ​ទទេ​ទាមទារ​ឲ្យ​យើង​មាន «ជំនឿ» លើស​ការ​ទុកចិត្ត​លើ​អ្វី​ដែល​បាន​បង្ហាញ​ដល់​យើង​ក្នុង​ព្រះ​បន្ទូល​ព្រះ។

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​ផ្លាស់​ប្ដូរ​ពួក​គេ​ទាំង​ស្រុង។ យើង​ត្រូវ​តែ​ពិចារណា​អំពី​ការ​ពិត​ជុំ​វិញ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ពិចារណា​អំពី​ដំណឹង​ល្អ​ដ៏​រុងរឿង ដែល​ទទួល​បាន​ពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ បើ​ព្រះ​យេស៊ូវ​មិន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពិត​ប្រាកដ​ទេ នោះ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ក៏​គ្មាន​តម្លៃ​ដែរ «នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ» (១កូរិនថូស ១៥:‌៧)។ ប៉ុន្តែ ដោយ​សារ​ព្រះ​យេស៊ូវ​ពិត​ជា​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ពិត​ជា​កំពុង​សោយ​រាជ្យ​មែន នោះ​ក្នុង​ព្រះ​អង្គ យើង​មាន​ការ​អត់​ទោស​បាប​ដែល​មិន​អាច​រក​បាន​ពី​អ្នក​ផ្សេង ហើយ​ក្នុង​ព្រះ​អង្គ ក៏​មាន​ពេល​អនាគត​ពេញ​ដោយ​ក្តី​សង្ឃឹម គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន។ តើ​អ្នក​បាន​មើល​ឃើញ​ព្រះ​អម្ចាស់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​គ្រង​រាជ្យ តាម​រយៈ​ភ្នែក​នៃ​ជំនឿ​របស់​អ្នក​ទេ? បើ​ដូច្នោះ​មែន នោះ​អ្នក​មិន​ខុសពី​នាង​ម៉ារា និង​ពួក​សាវ័ក ដោយ​អ្នក​នឹង​បាន​ឃើញ​ការ​ភ័យ​ខ្លាច​ពេញ​ដោយ​ការ​សង្ស័យ ប្រែ​ក្លាយ​ជា​ការ​ទុក​ចិត្ត ខណៈ​ពេល​ដែល​អ្នក​ប្រកាស​អំពី​ក្តី​សង្ឃឹម​នេះ​ដល់​ចិត្ត​អ្នក និង​លោកីយ៍​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ២០:១-១៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ២៦-២៧ និង​វិវរណៈ ៤

ប្រភេទ