នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ប្រែ​ពី​ទំនួញ​ទៅជា​ការ​សរសើរ​ដំកើង

ប្រែ​ពី​ទំនួញ​ទៅជា​ការ​សរសើរ​ដំកើង

ដោយBill Crowder

April 18, 2025

លូកា ២៣:៣២-៣៤,៣៩-៤៣

រួច​អ្នក​នោះ​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង​។ លូកា ២៣:៤២

មាន​រឿង​និទាន​ជា​ច្រើន ដែល​បាន​និយាយ​អំពី​ដើម​កំណើត​នៃ​ឈ្មោះ​របស់​ផ្កា​ដ៏​ស្រស់​ស្អាត ដែល​មាន​ត្របក៥​។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​រឿង​មួយ​ដែល​ជនជាតិ​អាឡឺម៉ង់​បាន​និយាយ​ត​គ្នា តាំងពី​យូរ​មក​ហើយ​។ រឿង​នោះ​បាន​ដំណាល​ថា នៅពេល​ដែល​ព្រះ​ដាក់​ឈ្មោះ​ឲ្យ​ផ្កា​នីមួយៗ​ដែល​ព្រះអង្គ​បាន​បង្កើត មាន​ផ្កា​តូច​មួយ មាន​ការ​បារម្ភ​ថា ព្រះអង្គ​នឹង​ភ្លេច​វា​។ ដូច​នេះ ផ្កា​នោះ​ក៏បាន​ស្រែក​ឡើង​ថា “ព្រះ​អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូល​បង្គំ”។ ហើយ​គេ​ក៏បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា "កុំ​ភ្លេច​ទូល​បង្គំ" តាំងពី​ពេល​នោះ​មក​។

​នេះ​គ្រាន់តែ​ជា​រឿង​និទាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្កា​​មួយ​នេះ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់ និង​ការ​នឹក​ចាំ​។ យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​ភ្លេច​យើង​។ បំណង​ចិត្ត​ពិត​ប្រាកដ​ក្នុង​ចិត្ត​របស់​យើង គឺ​ចង់​ឲ្យ​គេ​នឹក​ចាំ​អំពី​យើង ជា​ពិសេស​ចង់​ឲ្យ​ព្រះ​នឹក​ចាំ​យើង​។ យើង​អាច​រក​ឃើញ​រឿង​នេះ នៅ​ក្នុង​បទ​គម្ពីរ​ដែល​បាន​ចែង​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​។ កណ្ឌ​គម្ពីរ​លូកា​បាន​ប្រាប់​យើង​ថា “គេ​ក៏​នាំ​ចោរ​កំណាច២នាក់ ទៅ​សំឡាប់​ជាមួយនឹង​ទ្រង់​ដែរ”(២៣:៣២)។ ខណៈ​ពេល​ដែល​ចោរ​ទាំង​ពីរ​កំពុង​ជាប់​ឆ្កាង​នៅ​សងខាង​ព្រះយេស៊ូវ ចោរ​ម្នាក់​ក៏​បាន​ដឹង​​ភ្លាម​ៗថា​ ព្រះអង្គ​ជា​នរណា​។ គាត់​ទូល​ព្រះ​អង្គ​ថា “ព្រះ‌​អម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង”(ខ.៤២)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប តាម​របៀប​ដែលគេ​មិន​អាច​ភ្លេច​បាន​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​​​បរម​សុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(ខ.៤៣)។

ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ​ណាស់! ក្នុង​ពេល​ដែល​ខ្មៅ​ងងឹត​បំផុត ចោរ​នោះ​ក៏​បាន​ដឹង​ថា ការ​ដែល​ព្រះរាជបុត្រា​នៃ​ព្រះ​នឹក​ចាំ​អំពី​គាត់ មានន័យ​យ៉ាងណា​ចំពោះ​គាត់​។

ព្រះអង្គ​ក៏​នឹក​ចាំ​ពី​យើង ក្នុង​ពេល​ដែល​យើង​ពិបាក​បំផុត​ផង​ដែរ​។ ព្រះ​ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង បានជា​ព្រះអង្គ​សុគត​ជំនួស​យើង ព្រះអង្គ​មិន​ដែល​ភ្លេច​យើង​ឡើយ​។—Bill Crowder

តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះអង្គ​បាន​ភ្លេច​អ្នក នៅ​ពេលណា? តើ​អ្នក​នឹង​ងាក​​ទៅ​រក​ព្រះយេស៊ូវ​នៅ​ថ្ងៃ​នេះ
ហើយ​អនុញ្ញាត​​ឲ្យ​ព្រះ​អង្គ​កែ​ប្រែ​ទំនួញ​របស់​អ្នក​ក្លាយ​ជា​ការ​សរសើរ​ដំកើង ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ក្នុង​ពេល​ដែល​ទូល​បង្គំ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​ភ្លេច​ទូល​បង្គំ សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ​ឲ្យ​​ចាំ​ថា
ព្រះអង្គ​តែងតែ​គង់នៅ​ក្បែរ​ទូល​បង្គំ​ដោយ​សេចក្តី​ស្រឡាញ់ ជានិច្ច ហើយ​សូម​ព្រះអង្គ​លើក​ទឹក​ចិត្ត​ទូល​បង្គំ ដោយ​ព្រះគុណ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៣-៥ និង លូកា ១៤:២៥-៣៥

ល្ងាច

ព្រះ​ទ្រង់​ជ្រាប​មាន​អ្វី​ល្អ​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​ទ្រង់​ជ្រាប​មាន​អ្វី​ល្អ​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 18, 2025

«ឱ​ព្រះ​យេហូវ៉ា​អើយ ចិត្ត​ទូល​បង្គំ​មិន​មែន​ឆ្មើង​ឆ្មៃ ហើយ​ភ្នែក​ទូល​បង្គំ​ក៏​មិន​ប្រកាន់​យស ទូល​បង្គំ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដ៏​ធំ ឬ​ក្នុង​ដំណើរ​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល​បង្គំ​ឡើយ ទូល​បង្គំ​បាន​រំងាប់ ហើយ​ព្រលួង​ព្រលឹង​ទូល​បង្គំ​ជា​ស្រេច​ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ គឺ​ដូច​ជា​ក្មេង​ដែល​លែង​ដោះ​នៅ​ជា​មួយ​នឹង​ម្តាយ អើ ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ​ប្រៀប​ដូចជា​កូន​ដែល​លែងដោះ​ហើយ» (ទំនុកតម្កើង ១៣១:១-២)។

ដំណើរ​ការ​នៃ​ការ​ផ្តាច់​ដោះ​កូន​អាច​មាន​ការ​ពិបាក ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ភាព​ពេញវ័យ។ ក្នុង​វប្បធម៌​លោក​ខាង​លិច​សព្វថ្ងៃ​នេះ ការ​ផ្តាច់​ដោះ​កូន​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​ក្មេង​ចាប់​ផ្ដើម​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។ នៅ​ពេល​ដែល​បទ​គម្ពីរ​ទំនុកតម្កើង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង ការ​ផ្តាច់​ដោះ​កូន​កើត​មាន​ក្នុង​ពេល​ដែល​ក្មេង​មាន​អាយុ​ច្រើន​ជាង​នេះ គឺ​ប្រហែល​អាយុ​៣ឆ្នាំ។ ការ​ផ្តាច់​ដោះ​អាច​នាំ​ឲ្យ​ក្មេង​មាន​ការ​លំបាក​ដោយ​ការ​ភាន់​ភាំង ដោយ​សារ​ពួក​គេ​ត្រូវ​រៀន​បរិភោគ​អាហារ​ថ្មី។ ប៉ុន្តែ បន្ទាប់​ពី​ផ្តាច់​ដោះ​ហើយ​ក្មេង​តូច​នឹង «មាន​អារម្មណ៍​ស្ងប់» ដោយ​ពួក​គេ​ដឹង​ថា អាហារ​នឹង​នៅ​តែ​មាន​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​អាច​អរ​សប្បាយ និង​ឲ្យ​តម្លៃ​មក​លើ​ការ​ចំណាយ​ពេល​វេលា​ជា​មួយ​ម្តាយ​ខ្លួន គឺ​មិន​មែន​ចំណាយ​ពេល​ជា​មួយ​គ្នា ដើម្បី​ឲ្យ​បាន​អ្វី​ផ្សេង​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ដែល​ផ្តាច់​ដោះ​ហើយ​នឹង​បាន​ដឹង​ថា ម្តាយ​របស់​ពួក​គេ​មាន​ការ​យល់​ដឹង​ល្អ​បំផុត សូម្បីតែ​នៅ​ពេល​ដែល​ពួក​គេ​មិន​មាន​ភាព​ស្រណុក​ស្រួល ហើយ​មិន​យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​ម្តាយ​ខ្លួន ដោយ​សារ​ពួក​គេ​ទើប​តែ​មាន​អាយុ៣​ឆ្នាំ​ក៏​ដោយ។

ក្នុង​នាម​យើង​ជា​កូន​ក្មេង​ខាង​វិញ្ញាណ​ដែល​មិន​ខុស​ពី​ក្មេង​ផ្តាច់​ដោះ យើង​ក៏​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា យើង​មិន​តែង​តែ​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​ខ្លួន​យើង​នោះ​ទេ។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​យើង។ មាន​ពេល​ញឹក​ញាប់​ពេក​ហើយ ដែល​ចិត្ត​ពេញ​ដោយ​អំនួត​កណ្ដាល​ឲ្យ​យើង​សួរ អំពី​របៀប​ធ្វើ​ការ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​អង្គ។ យើង​ចង់​ដឹង​ថា ហេតុ​អ្វី​យើង​កំពុង​តែ​មាន​ការ​ឈឺ​ចាប់ បញ្ហា ឬ​ការ​បាត់​បង់ ប៉ុន្តែ​យើង​មិន​បាន​ទទួល​ស្គាល់​ថា សំណួរ​របស់​យើង​អាច​បង្ហាញ​ចេញ​នូវ​ភាព​ក្រអឺតក្រទម។

ការ​មាន​សំណួរ គឺ​ជា​រឿង​ដែល​ជៀស​មិន​រួច ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ។ ប៉ុន្តែ ការ​ស្កប់​ចិត្ត​ពិត​ប្រាកដ កើត​មាន​នៅ​ក្នុង​ការ​រៀន​ប្រើ​សំណួរ​ជា​ប្រយោជន៍។ មនុស្ស​ដែល​ស្កប់​ចិត្ត​និយាយ​ថា «ទោះ​ខ្ញុំ​មិន​អាច​យល់ ក៏​ខ្ញុំ​នៅ​តែ​ទុក​ចិត្ត​ព្រះ»។ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ធ្វើ​ការ​ទាមទារ​ដោយ​អំនួត​ឲ្យ​ព្រះ​ដ៏​ជា​ជាង​ស្មូន​ធ្វើ​ការ​ពន្យល់​អំពី​មូល​ហេតុ​ដែល​ព្រះ​អង្គ​បាន​សូន​យើង​ជា​ក្អម​តាម​របៀប​ណា​មួយ​នោះ​ទេ (អេសាយ ៤៥:៩)។ បំណង​ព្រះ​ទ័យ និង​របៀប​ដែល​ព្រះ​អង្គ​ធ្វើ​ការ​យ៉ាង​ច្បាស់​លាស់​មាន​អាថ៌កំបាំង ប៉ុន្តែ​ផ្លូវ​ព្រះ​អង្គ​តែង​តែ​ល្អ ព្រោះ​ព្រះ​អង្គ​ជា​ព្រះ​វរបិតា​យើង។

ដោយ​ជំនួយ​មក​ពី​ព្រះ​អម្ចាស់ យើង​អាច​រៀន​ផ្ដោត​ចិត្ត​មក​លើ​ការ​រៀប​ចំ​របស់​ព្រះ​អង្គ ហើយ​រំឭក​ខ្លួន​ឯង​ថា កាលៈទេសៈ​របស់​យើង​មាន​ភាព​បណ្ដោះ​អាសន្ន ហើយ​ព្រះ​វរបិតា​នៃ​យើង​ជ្រាប​អំពី​ការ​អ្វី​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​ក្នុង​ពួក​គេ ហើយ​ពួក​វា​មិន​អាច​ប្លន់​យក​ក្តី​អំណរ និង​សិរី​ល្អ​របស់​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ឡើយ។

វិញ្ញាណ​យើង​អាច​មាន​ការ​ស្ងប់​រម្ងាប់​បាន ក្នុង​ការ​ទុក​ចិត្ត​ព្រះ​អង្គ​យ៉ាង​ដូច​នេះ​ឯង។

ក្នុង​ជីវិត​ជា​គ្រីស្ទាន ការ​ស្កប់​ចិត្ត​ច្រើន​តែ​ទទួល​បាន​តាម​រយៈ​ការ​ដក​ពិសោធន៍​ជាមួយ​ការ​ភាន់​ភាំង និង​ទុក្ខ​លំបាក ខណៈ​ពេល​ដែល​យើង​រៀន​និយាយ​ថា «ព្រះ​វរបិតា​របស់​ខ្ញុំ កំពុង​គ្រប់​គ្រង​បញ្ហា​របស់​ខ្ញុំ ហើយ​កំពុង​ផ្សំ​ការ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ជា​កូន​ព្រះ​អង្គ។ ទោះ​ខ្ញុំ​មិន​យល់ ខ្ញុំ​នៅ​តែ​អាច​ទុក​ចិត្ត​ព្រះ​អង្គ។ ខ្ញុំ​មាន​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ។ វិញ្ញាណ​ខ្ញុំ​បាន​ស្ងប់​រម្ងាប់ សូម្បី​តែ​ក្នុង​ខ្យល់​ព្យុះ​នេះ»។ នេះ​ជា​ការ​សេចក្តី​ពិត​ដ៏​អស្ចារ្យ ដែល​យើង​អាច​យក​មក​និយាយ នៅ​ថ្ងៃ​នេះ!

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ៣៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ដានីយ៉ែល ១-២ និង​វិវរណៈ ៥

ប្រភេទ