នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អាវ​នៃ​សេចក្តី​សុ​ចរិត

អាវ​នៃ​សេចក្តី​សុ​ចរិត

ដោយKirsten Holmberg

April 19, 2025

អេសាយ ៦១:៤-១១

ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌​បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុ​ចរិត​។ អេសាយ ៦១:១០

អ្នក​ស្រី រ៉ូស ថឺរន័រ(Rose Turner) ជា​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​សំលៀក​បំពាក់ នៅ​មហាវិទ្យាល័យ​ឆ្នៃ​ម៉ូត​នៅ​ទីក្រុង​ឡុង។ គាត់​បាន​សិក្សា​អំពី​ឥទ្ធិពល​ដែល​ការ​ស្លៀក​ពាក់​មាន មក​លើ​ការ​គិត ​អាកប្ប​កិរិយា ហើយ​ថែម​ទាំង​អារម្មណ៍​របស់​ពួកគេ​ផង​ដែរ​។ សំលៀក​បំពាក់​ជា​វត្ថុ​ដែល​មាន​ភាព​ជិត​ស្និទ្ធ​នឹង​រូបកាយ​យើង​បំផុត ប្រៀប​ដូចជា “ស្បែកទី២” របស់​យើង ហើយ​ជួយ​ឲ្យ​យើង​រៀបចំ​ខ្លួន សម្រាប់​ឱកាស​ផ្សេងៗ នៅ​ថ្ងៃ​នីមួយៗ​។ ឧទាហរណ៍ ការ​ស្លៀក​ពាក់​ដែល​មាន​វិជ្ជា​ជីវៈ អាច “ជួយ​មាន​ទឹក​ចិត្ត និង​ការ​ផ្ដោត​អារម្មណ៍” នៅ​កន្លែង​ធ្វើ​ការ ហើយ​ការ​ស្លៀក​ពាក់​ខោអាវ​ដែល​ចាស់ៗ​ធ្លាប់​ប្រើ​កាល​គាត់​នៅ​ក្មេង ឬ​យើង​ធ្លាប់​ប្រើ​ក្នុង​ឱកាស​ពិសេស​ណាមួយ កាលពី​យូរ​មក​ហើយ ដោយ​ដិត​ជាប់​មនោសញ្ចេតនា អាច​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត ក្នុង​អំឡុង​ស្ថានភាព​ដែល​តានតឹង​ខ្លាំង​។

បាតុភូត​ផ្នែក​ចិត្ត​សាស្រ្ត​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ទំនាយ​របស់​ហោរា​អេសាយ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​។ គាត់​បាន​កត់​ត្រា​អំពី​ការ​ប្រោស​លោះ​ជនជាតិ​យូដា ឲ្យ​រួចពី​ភាព​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ដែល​នឹង​កើត​ឡើង​នៅពេល​អនាគត ដោយ​ធានា​ពួក​គេ​ថា ថ្ងៃ​មួយ ពួកគេ​នឹង​បាន “ជួសជុល​អស់​ទាំង​ទីក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំងពី​ច្រើន​ដំណ​តមក​ផង”(អេសាយ ៦១:៤)។ នៅ​ថ្ងៃ​នោះ ពួកគេ​នឹង​បាន​ស្លៀក​ពាក់ “អាវ​នៃ​សេចក្តី​សុ​ចរិត”(ខ.១០)។

បទ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សម្រេច​ជា​លើក​ដំបូង នៅពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ ហើយ​បន្ទាប់មក​បាន​សម្រេច​ទាំងស្រុង នៅពេល​ដែល “ព្រះ​អង្គ​ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុ​ចរិត​របស់​ព្រះ ដោយនូវ​ព្រះអង្គ​នោះ​ឯង”(២កូរិនថូស ៥:២១)។ សេចក្តី​សុ​ចរិត​គឺ​មានន័យថា ព្រះអង្គ​បាន​រាប់​យើង​ថា​សុ​ចរិត នៅពេល​ដែល​យើង​បាន​ទទួល​ជឿ​លើ​ការ​លះបង់​របស់​ព្រះគ្រីស្ទ ដើម្បី​យើង​រាល់​គ្នា​។ បាន​សេចក្តី​ថា ព្រះ​អង្គ​មិន​​ទត​ឃើញ​យើង ​មិន​សក្ដិសម មាន​ក្តី​អា​ម៉ាស ឬ​ទាបថោក ដោយសារ​បាប​របស់​យើង​ទេ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​ឃើញ​យើង​មាន​សេចក្តី​សុ​ចរិត​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះយេស៊ូវ ជា​សំលៀក​បំពាក់​របស់​យើង “ជា​ស្បែក​ទីពីរ” ដែល​រៀបចំ​ខ្លួន​យើង ឲ្យ​មាន​ក្តី​អំណរ​នៅ​ថ្ងៃ​នេះ និង​អស់​កល្ប​ជានិច្ច​។—Kirsten Holmberg

តើ​មាន​អាវ​នៃ​សេចក្តី​អា​ម៉ាស​អ្វី​ខ្លះ ដែល​អ្នក​បាន “ស្លៀក​ពាក់” ជា​រៀង​រាល់​ថ្ងៃ? តើ​អ្នក​អាច​នឹក​ចាំ​អំពី​អាវ​នៃ​សេចក្តី​សុ​ចរិត​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូលបង្គំ​​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ដណ្តប់​កាយ​ទូល​បង្គំ​ ដោយ​សំលៀក​បំពាក់​នៃ​សេចក្តី​សុ​ចរិត​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៦-៨ និង លូកា ១៥:១-១០

ល្ងាច

ការ​ដាស់​តឿន ដើម្បី​រំដោះ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ដាស់​តឿន ដើម្បី​រំដោះ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 19, 2025

«បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល» (១កូរិនថូស ១០:១២)។

នៅ​ក្នុង​សៀវភៅ​ជីវប្រវត្តិ ទាំង​អ្នក​និពន្ធ និង​អ្នក​អាន​សៀវភៅ​សុទ្ធ​តែ​ប្រឈម​មុខ​ដាក់​ការ​ល្បួង ឲ្យ​និយាយ ឬ​មើល​រំលង​កំហុស​របស់​បុគ្គល​ដែល​ជា​ម្ចាស់​ជីវប្រវត្តិ​ក្នុង​សៀវភៅ​នោះ។ ប៉ុន្តែ នៅ​ក្នុង​ព្រះ​គម្ពីរ គ្មាន​ការ​ប៉ុនប៉ង​លាក់​បាំង​កំហុស ឬ​យក​លេស​សម្រាប់​ការ​ធ្វើ​ខុស បរាជ័យ ឬ​បាប​របស់​បុគ្គល​ណា​មួយ​ទេ។ ជា​ញឹក​ញាប់ នៅ​ក្នុង​ពេល​បន្ទាប់​ពី​ជោគ​ជ័យ​ខាង​វិញ្ញាណ បរាជ័យ​គឺ​ពិត​ជា​ងាយ​នឹង​កើត​មាន​ឡើង​ខ្លាំង​ណាស់។

ក្នុង​ជ័យ​ជម្នះ​ខាង​ជំនឿ លោក ណូអេ បាន​បន្ត​សាង​សង់​ទូក​ធំ​ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ ទោះ​ជា​គ្មាន​ភ្លៀង​ធ្លាក់​សូម្បី​មួយ​ដំណក់​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ទឹក​ជំនន់​ផែនដី​ហើយ លោក ណូអេ បាន​ជួប​រឿង​ដ៏​សោកសៅ​ដោយ​សារ​ការ​ស្រវឹង​ស្រា (លោកុប្បត្ដិ ៩:២០-២៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អាប់រ៉ាម បាន​ធ្វើ​ដំណើរ​ក្នុង​សេចក្តី​ជំនឿ ហើយ​ក្រោយ​មក គាត់​ក៏​បាន​នាំ​មក​នូវ​ការ​អាប់​ឱន​ដល់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​ដោយ​សារ​គាត់​និយាយ​កុហក នៅ​ក្នុង​ទឹកដី​អេស៊ីព្ទ (១២:១០-២០)។ ស្ដេច ដាវីឌ បាន​ប្រយុទ្ធ​ឈ្នះ​យក្ស កូលីយ៉ាត តែ​ក្រោយ​មក គាត់​ក៏បា​ន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ (អាច​ជា​ការ​រំលោភ​ផង) ការ​សម្លាប់​មនុស្ស និង​បង្ក​ភាព​វឹកវរ (រាប់​ចាប់​តាំង​ពី ២សាំយ៉ូអែល ១១)។

អ្នក​ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​សម្រេច​នូវ​កិច្ចការ​ធំ​ឧត្តម​ថ្វាយ​ព្រះ ហើយ​ក៏​បាន​បរាជ័យ​នៅ​ពេល​ក្រោយ​មក​ទៀត។ ពួក​គេ​បាន​ឈរ​យ៉ាង​រឹង​មាំ ហើយ​ក៏​បាន​ដួល​ចុះ​មួយ​ទំហឹង។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ឧទាហរណ៍​ទាំង​នេះ មិន​មែន​ដើម្បី​ឲ្យ​យើង​មាន​លេស ដើម្បី​លាក់​បាំង​បាប​របស់​យើង នៅ​ពី​ក្រោយ​ពួក​គេ​នោះ​ទេ តែ​ជា​ការ​ដាស់តឿន ដើម្បី​រំដោះ​យើង ឲ្យ​រួច​ផុត​ពី​ការ​ធ្វេស​ប្រហែស នៅ​ពេល​ដែល​អ្វីៗ​មាន​ភាព​ល្អ​ប្រសើរ និង​រួច​ផុត​ពី​ការ​រំពឹង​មក​លើ​អ្នក​ដទៃ និង​ជា​ពិសេស​មក​លើ​ខ្លួន​យើង​ខ្លាំង​ពេក។

លោក អេ ដាប់ប៊លយូ ភីង (A.W. Pink) បាន​រំឭក​យើង​ថា «ព្រះ​អម្ចាស់​បាន​រង​ទុក្ខ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា មនុស្ស​ដែល​ខ្លាំង​បំផុត​នៅ​តែ​មាន​ភាព​កម្សោយ។ ទោះ​ពួក​គេ​មាន​អំណោយ​ទាន​ច្រើន​ប៉ុណ្ណា ហើយ​មាន​ជោគ​ជ័យ​យ៉ាងណា​ក្នុង​ការ​បម្រើ​ព្រះ ហើយ​មាន​កិត្តិយស និង​ព្រះ​អង្គ​បាន​ប្រើ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ បើ​ដក​ព្រះ​ចេស្ដា​​ព្រះ​អម្ចាស់​ដែល​ជួយ​ទ្រទ្រង់​ចេញ​ពី​ពួក​គេ​តែ​មួយ​ភ្លែត នោះ​មិន​យូរ​ប៉ុន្មាន គេ​នឹង​បាន​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​ភាជនៈ​ដ៏​ផុយ​ស្រួយ​ប៉ុណ្ណោះ។ គ្មាន​មនុស្ស​ណា​ដែល​អាច​ឈរ បាន​រយៈ​ពេល​យូរ​ឡើយ បើ​គ្មាន​ព្រះ​គុណ​ព្រះ​ជួយ​ទ្រទ្រង់​គាត់​ទេ​នោះ។ គេ​នឹង​ឃើញ​ពួក​បរិសុទ្ធ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​បំផុត មាន​ភាព​ទន់​ដូច​ទឹក ហើយ​តូច​ទាប​ដូច​សត្វ​កណ្ដុរ បើ​សិន​ជា​ពួក​គេ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង»1

ដោយ​សេចក្តី​មេត្តា​របស់​ព្រះ​អម្ចាស់ ព្រះ​អង្គ​មិន​បាន​ទុក​ឲ្យ​យើង​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង​ទេ តែ​ព្រះ​អង្គ​បាន​ប្រទាន​យើង​នូវ​សេចក្តី​សុចរិត សេចក្តី​សង្គ្រោះ សេចក្តី​ពិត និង​ព្រះ​បន្ទូល​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​មិន​គ្រាន់​តែ​ស៊ូ​ទ្រាំ តែ​នៅតែ​អាច​ឈរ​មាំ ក្នុង​ទុក្ខ​លំបាក និង​ការ​ល្បួង​នីមួយៗ។ ពេល​ណា​យើង​ទទួល​ស្គាល់​ភាព​កម្សោយ និង​ភាព​ខ្វះ​ចន្លោះ​ដែល​យើង​មាន​ដូច​លោក ណូអេ លោក អ័ប្រាហាំ និង​ស្ដេច​ដាវីឌ នោះ​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​គុណ និង​ព្រះ​ចេស្ដា​របស់​ព្រះ​ដែល​ជួយ​ទ្រទ្រង់​យើង តាម​រយៈ​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​ជា​ផ្លូវ​ពិត​ប្រាកដ​សម្រាប់​ឲ្យ​យើង​ជៀស​ចេញ (១កូរិនថូស ១០:១៣)។ ចូរ​ឲ្យ​ការ​បង្រៀន​នេះ​បាន​រំឭក​អ្នក​ថា អ្នក​កំពុង​បន្ត​ដំណើរ​ក្នុង​សេចក្តី​ជំនឿ​លូត​លាស់​ក្នុង​សេចក្តី​បរិសុទ្ធ ឬ​ឈោង​ចាប់​លោកីយ៍​ថ្វាយ​នគរ​ព្រះ​អង្គ មិន​មែន​ដោយ​ពឹង​អាង​កម្លាំង ឬ​បញ្ញា ឬ​ចារិក​លក្ខណៈ​របស់​អ្នក តែ​ដោយ​សារ​ព្រះ​គុណ​ព្រះ។ មនុស្ស​ដែល​ពិតជា​បាន​ដឹង​អំពី​បញ្ហា​នេះ ក៏​ដឹង​ផង​ដែរ​ថា ការ​ធ្វេស​ប្រហែស គឺ​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ហើយ​ការ​អធិស្ឋាន​មាន​ភាព​ចាំ​បាច់​បំផុត ព្រោះ​ពួក​គេ​ដឹង​ថា មាន​តែ​ព្រះ​អម្ចាស់​ទេ ដែល​អាច​ជួយ​ពួក​គេ​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ពេល​ទៅ​មួយ​ពេល។ ចុះ​អ្នក​វិញ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ១០:១-១៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ដានីយ៉ែល ៣-៤ និង​វិវរណៈ ៦

1The Life of Elijah (Banner of Truth, ឆ្នាំ១៩៦៣), ទំព័រ២០១។

ប្រភេទ