នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ភស្តុតាង​ល្អ​បំផុត

ភស្តុតាង​ល្អ​បំផុត

ដោយTim Gustafson

April 20, 2025

កិច្ចការ ២:២៩-៣៦

ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា​។ កិច្ចការ ២:៣២

លោក​លី ស្រ្តប៊ល(Lee Strobel) មិនមែន​ជា​អ្នកជឿ​ព្រះ​ទេ ហើយ​គាត់​ក៏​មិន​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែរ​។ ប៉ុន្តែ លោក​លី គឺជា​អ្នក​កាសែត មាន​គំនិត​ដែល​ចូល​ចិត្ត​ធ្វើ​ការ​វិភាគ​។ កាល​ភរិយា​របស់​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ គាត់​ក៏បាន​សម្រេច​ចិត្ត​ស្វែង​យល់​អំពី​សេចក្តី​ជំនឿ​ថ្មី​របស់​ភរិយា​គាត់ ដោយ​ខ្លួនឯង​។ បន្ទាប់ពី​គាត់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​បាន២ឆ្នាំ គាត់​ក៏បាន​ចុះ​ចូល និង​ទទួល​ជឿ​ព្រះយេស៊ូវ ក៏​ដូច​ជា​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​។

គាត់​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​គាត់ ដែល​គួរ​ឲ្យ​កត់​សំ​គាល់​ណាស់​។ ពីរបី​ខែ​ក្រោយមក កូន​ស្រី​របស់​គាត់​អាយុ៥ឆ្នាំ ក៏បាន​ប្រាប់​ម្តាយ​របស់​នាង​ថា “ម៉ាក កូន​ចង់​ឲ្យ​ព្រះអង្គ​ធ្វើ​សម្រាប់​កូន ដូច​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ប៉ា​ដែរ”។ ហើយ​កូន​ស្រី​របស់​លោក​លី ស្រ្តូប៊ល(Lee Strobel) ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ផង​ដែរ​។

មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ​។ ប៉ុន្តែ មាន​សាក្សី​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ បាន​ឃើញ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ក្នុង​ចំណោម​ស្មរ​បន្ទាល់​ទាំង​នោះ សាវ័ក​ពេត្រុស​បាន​ប្រាប់​មនុស្ស​មួយ​ហ្វូង​ធំ​ថា ស្តេច​ដាវីឌ​ពិតជា​បាន​សុគត ហើយ​គេ​បាន​បញ្ចុះសព​ទ្រង់(កិច្ចការ ២:២៩)។ បន្ទាប់មក សាវ័ក​ពេត្រុស​ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​រក​បទ​ទំនាយ​ដែល​ស្តេច​ដាវីឌ​បាន​ថ្លែង យ៉ាង​ដូច​នេះ​ថា ស្តេច​ដាវីឌ “បាន​សំដែង​ពី​ព្រះ‌​គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុកចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌​រលួយ​​ឡើយ”(ខ.៣១)។ គាត់​ក៏​បាន​សន្និដ្ឋាន​ថា “ឯ​ព្រះយេស៊ូវ​​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា”(ខ.៣២)។

ជីវិត​ផ្លាស់​ប្រែ​របស់​សាក្សី​ទាំង​នោះ រាប់​បញ្ចូល​ទាំង​សាវ័ក​ពេត្រុស​ផង​ដែរ គឺជា​ភស្តុតាង​ល្អ​បំផុត ដែល​បញ្ជាក់​ថា​ព្រះយេស៊ូវ​ពិតជា​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​។ កាល​ព្រះយេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ពួក​សាវ័ក​បាន​លាក់​ខ្លួន​។ សាវ័ក​ពេត្រុស​ក៏​ទើបតែ​បាន​បដិសេធន៍​ថា​គាត់​មិន​ស្គាល់​ព្រះអង្គ(យ៉ូហាន ១៨:១៥-១៧,២៥-២៧)។ នៅពេល​ដែល​ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អ្វីៗ​មាន​ការ​ផ្លាស់​ប្តូរ​។ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ចែកចាយ​សេចក្តី​ពិត អំពី​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ចិត្ត​ក្លាហាន ដែល​ព្រះ​អង្គ​គឺ​ក្តី​សង្ឃឹម​ដ៏​ប្រសើរ​បំផុត​របស់​លោកិយ​។—Tim Gustafson

តើ​អ្នក​មាន​ជំនឿ​ដូច​ម្តេច​ខ្លះ ចំពោះ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ? តើ​ជំនឿ​នេះ​នាំ​ឲ្យ​ជីវិត​អ្នក​មាន​ការ​ផ្លាស់​ប្តូរ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​បង្ហាញ​ការ​ពិត​នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ
ដែល​បាន​កែ​ប្រែ​ជីវិត​ទូល​បង្គំ និង​ប្រទាន​ទូល​បង្គំ​នូវ​ក្តី​សង្ឃឹម​ពិត​ប្រាកដ​។
For further study, read Hunting for Resurrection Hope at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៩-១១ និង លូកា ១៥:១១-៣២

ល្ងាច

ក្សត្រ​មាន​អធិបតេយ្យ​ភាព និង​អ្នក​គង្វាល​ដ៏​សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ក្សត្រ​មាន​អធិបតេយ្យ​ភាព និង​អ្នក​គង្វាល​ដ៏​សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 20, 2025

«មើល ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក​ដោយ​មាន​ព្រះ​ចេស្ដា ហើយ​ព្រះ​ពាហុ​នៃ​ទ្រង់​នឹង​កាន់​កាប់​ត្រួតត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់ ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ» (អេសាយ ៤០:១០-១១)។

សហរដ្ឋអាមេរិក​មិន​ដែល​គាំទ្រ​របប​នយោបាយ​ដែល​គ្រប់​គ្រង​ដោយ​ស្ដេច ឬ​ដោយ​អ្នក​ដឹក​នាំ​ផ្តាច់​ការ​នោះ​ទេ។ ប្រជាជន​អាមេរិក​ចូល​ចិត្ត​ជ្រើស​រើស​មនុស្ស ដែល​ពួក​គេ​អាច​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ឡើង​កាន់​អំណាច និង​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ពួក​គេ​អាច​បោះ​ឆ្នោត​ទម្លាក់។ សូម​យើង​គិត​ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា ជា​ញឹក​ញាប់ យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ព្រះ​យ៉ាង​ដូច​នេះ​ផង​ដែរ។ យើង​សុខ​ចិត្ត​ធ្វើ​ការ​គ្រប់​គ្រង ជា​ជាង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មិន​អាច​គ្រប់​គ្រង់ ឬ​កែ​ប្រែ​ព្រះ​អម្ចាស់​ឲ្យ​មាន​រូប​ដូច​យើង​នោះ​ទេ។ ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​ដែល​មាន​អំណាច​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ លក្ខណៈ​របស់​ព្រះ​អង្គ​មាន​ភាព​ខុស​ប្លែក​ពី​លក្ខណៈ​របស់​យើង​ដែល​ផុយ​ស្រួយ និង​មាន​ដែន​កំណត់។ យើង​ប្រៀប​ដូចជា​ស្មៅ និង​ផ្កា​នៅ​រដូវ​ផ្កា​រីក ដែល​ក្រៀម​ស្វិត​ទៅ​វិញ។ ព្រះ​អង្គ​មិន​ដូច្នោះ​ទេ ព្រោះ​ព្រះ​អង្គ​គ្រប់​គ្រង និង​សោយ​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ អស់​កល្ប​ជានិច្ច។ សូម្បី​ព្រះ​បន្ទូល​ព្រះ​អង្គ​ក៏​ស្ថិត​ស្ថេរ​អស់​កល្ប (អេសាយ ៤០:៦-៨)។

ក្នុង​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​សម្រេច​ជោគ​ជ័យ​ដ៏​អស្ចារ្យ គឺ​ជ័យ​ជម្នះ​មក​លើ​បាប និង​សេចក្តី​ស្លាប់។ ដោយ​ប្រាជ្ញា​ដ៏​លើស​លប់ ព្រះ​អង្គ​ជា​អ្នក​ប្រទាន​ក្រឹត្យ​វិន័យ បាន​យាង​មក​យក​កំណើត​ជា​មនុស្ស មាន​ព្រះ​នាម​យេស៊ូវ​ដោយ​ចុះ​ចូល និង​សម្រេច​ក្រឹត្យ​វិន័យ​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​ប្រទាន ហើយ​បាន​សុគត​ជំនួស​មនុស្ស​មាន​បាប ដើម្បី​លោះ​បំណុល​យើង និង​ប្រទាន​យើង​នូវ​ជីវិត​អស់​កល្ប។ គឺ​ដូច​ដែល​លោក ពេត្រុស បាន​បង្រៀន​ថា «ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ...ពីព្រោះ​សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ​ឃាំង​ទ្រង់​ទុក​បាន​ឡើយ» (កិច្ចការ ២:២៤)។ នេះ​ជា​ជ័យ​ជម្នះ​របស់​ព្រះ​អង្គ។

ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​មាន​អធិបតេយ្យ​ភាព តែ​ព្រះ​អង្គ​ក៏​ជា​អ្នក​គង្វាល​ដ៏​សុភាព​របស់​យើង។ ព្រះ​អង្គ​មិន​បាន​យាង​មក​រក​រាស្ត្រ​ព្រះ​អង្គ ដូច​មេទ័ព​ដ៏​អស្ចារ្យ​ចូល​ទៅ​ក្នុង​សង្គ្រាម​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​នាំ​ចៀម​ព្រះ​អង្គ​ចូល​មក​ជិត​ព្រះ​អង្គ និង​ដឹក​នាំ​ពួក​គេ​ដោយ​ព្រះ​ទ័យ​អាណិត។ ព្រះ​អង្គ​បាន​រំដោះ​ឲ្យ​មាន​សេរី​ភាព ចំពោះ​អ្នក​ដែល​ធ្លាប់​តែ​សោកសៅ ឯកោ និង​មាន​កំហុស ហើយ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច ចំពោះ​សេចក្តី​ស្លាប់។ ព្រះ​អង្គ​បាន​ប្រកាស​ដោយ​ជ័យ​ជម្នះ​ថា «ទូល​បង្គំ​បាន​រក្សា​គេ ដោយ​ព្រះ​នាម​ទ្រង់​ដែរ ទូល​បង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូល​បង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ» (យ៉ូហាន ១៧:១២)។

យើង​អាច​អរ​សប្បាយ ក្នុង​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​មាន​ចេស្ដា និង​សុភាព ជា​អ្នក​គង្វាល​ដែល​ស្វែង​រក​ចៀម​បាត់បង់ ហើយ​សម្រេច​បេសកកម្ម​របស់​ព្រះ​អង្គ។ ពេល​ណា​ព្រះ​អង្គ​ធ្វើ​ការ ព្រះ​អង្គ​បញ្ចេញ​ព្រះ​សូរសៀង ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​អាច​ស្តាប់​ឮ ហើយ​ព្រះ​អង្គ​បញ្ចេញ​ពន្លឺ​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ។ ព្រះ​អង្គ​បាន​ប្រមូល​យើង​ឲ្យ​ចូល​មក​ក្បែរ​ព្រះ​ទ័យ​របស់​អ្នក​គង្វាល​ដ៏​សុភាព​នេះ ហើយ​អាច​រស់​នៅ​ដោយ​ទំនុក​ចិត្ត​ថា លោកីយ៍​នេះ​ជា​កម្មសិទ្ធិ​របស់​ព្រះ​វរបិតា​នៃ​យើង​ដែល​មាន​អធិបតេយ្យ​ភាព។

ព្រះ​ទ្រង់​ជំរុញ​ជីវិត​គ្រីស្ទ​បរិស័ទ ឲ្យ​មាន​ទស្សនៈ​អំពី​ព្រះ​អង្គ ដែល​ធំ​ល្មម​នឹង​អាច​ស្គាល់​ព្រះ​អង្គ ជា «ព្រះ​អម្ចាស់» ដែល «យាង​មក​ដោយ​ព្រះ​ចេស្ដា» ហើយ​យើង​ចូល​មក​ចំពោះ​ព្រះ​អង្គ​ដោយ​ការ​ស្ញែង​ខ្លាច ហើយ​ក៏​ស្គាល់​ព្រះ​អង្គ ជា «អ្នក​គង្វាល​ដែល​ថែរក្សា​ចៀម» ហើយ​យើង​ដើរ​តាម​ព្រះ​អង្គ ដោយ​មិត្តភាព​ដ៏​ជិត​ស្និទ្ធ។ ព្រះ​អម្ចាស់​យេស៊ូវ​ជា​សត្វ​តោ ហើយ​ក៏​ជា​កូន​ចៀម (វិវរណៈ ៥:៥-៦)។ រវាង​លក្ខណៈ​ទាំង​ពីរ​នេះ តើ​លក្ខណៈ​មួយ​ណា ដែល​អ្នក​ពិបាក​នឹក​ចាំ​បំផុត និង​ពិបាក​បំផុត​ក្នុង​ការ​រស់​នៅ​សម​ស្រប​តាម? ចូរ​នឹក​ចាំ​អំពី​លក្ខណៈ​ទាំង​ពីរ​នេះ ហើយ​អ្នក​នឹង​ស្តាប់​បង្គាប់ និង​អរ​សប្បាយ​ចំពោះ​ព្រះ​អង្គ ក្នុង​នាម​ព្រះ​អង្គ​ជា​ស្ដេច និង​ជា​អ្នក​គង្វាល​របស់​អ្នក។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសេគាល ៣៤:១១-២៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ដានីយ៉ែល ៥-៧ និង​វិវរណៈ ៧

ប្រភេទ