ចោទិយកថា ១០:១៤-១៩
ដូច្នេះចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ ។ ចោទិយកថា ១០:១៩
ប្រជាជននៅទីក្រុងឡឺ ឆាមបុន ប្រទេសបារាំង បានប្រថុយជីវិត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស៥ពាន់នាក់ ដែលក្នុងនោះ មានក្មេងៗជាច្រើន ជាជនជាតិជ្វីស ឬយូដា ក្នុងអំឡុងពេលដែលពួកណាហ្ស៊ី គ្រប់គ្រងប្រទេសបារាំង នៅសម័យសង្គ្រាមលោកលើកទី២។ ជនភៀសខ្លួនទាំងនោះបានរត់គេចពីផ្ទះសម្បែងរបស់ខ្លួន ទៅលាក់ខ្លួនក្នុងផ្ទះរបស់សហគមន៍ និងកសិដ្ឋាននៅតំបន់នេះ។ អ្នកក្រុងនោះបានទទួលការបណ្តាលចិត្ត ពីលោកគ្រូគង្វាល អនដ្រេ ត្រុកមេ(André Trocmé) ដែលបានអំពាវនាវពួកជំនុំរបស់គាត់ ឲ្យជួយពួកគេ ផ្អែកទៅលើព្រះបន្ទូលព្រះក្នុងបទគម្ពីរ ចោទិយកថា ១០:១៩ ដែលបានចែងថា “ចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ”។
ព្រះទ្រង់បានប្រទានព្រះរាជបញ្ជានេះ មកពួកអ៊ីស្រាអែល ក្នុងបទគម្ពីរមួយ ដែលបានចាប់ផ្តើម ដោយការក្រើនរំឭកថា ផែនដីទាំងមូលជាកម្មសិទ្ធិរបស់ព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច(ខ.១៨)។ ប៉ុន្តែ ព្រះអង្គបានសម្រេចព្រះទ័យស្រឡាញ់ពួកអ៊ីស្រាអែល(ខ.១៥)។ ព្រះអង្គក៏យកព្រះទ័យទុកដាក់ ចំពោះមនុស្សដែលងាយរងគ្រោះ ឬមិនមានទីពំនាក់(ខ.១៨) ដែលរាប់បញ្ចូលជនបរទេស ដែលមិនមែនជាផ្នែកមួយនៃប្រជាជាតិអ៊ីស្រាអែល។ នៅពេលដែលពួកអ៊ីស្រាអែលចូលមករស់នៅក្នុងទីលំនៅថ្មីរបស់ខ្លួន ពួកគេត្រូវយកតម្រាប់តាមគំរូនៃសេចក្តីស្រឡាញ់របស់ព្រះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលត្រូវការជំនួយ ជាពិសេស ដោយសារពួកគេដឹងអំពីទុក្ខលំបាក នៅក្នុងការរស់នៅជាជនបរទេស ក្នុងទឹកដីសាសន៍ដទៃ(ខ.១៩)។
បើសិនជាយើងមានការងារមួយធ្វើជាយូរឆ្នាំ ឬរស់នៅក្នុងកន្លែងដដែលជាច្រើនឆ្នាំ ព្រះទ្រង់អាចប្រទានយើង នូវឱកាស ដើម្បីបង្ហាញសេចក្តីសប្បុរស ដល់មនុស្សដែលមានអារម្មណ៍ថា ពួកគេជា “អ្នកក្រៅ”។ យើងប្រហែលជាអាចផ្តល់គំនិតយោបល់ ដល់បុគ្គលិកថ្មី ឬយកអសារគ្រួសារដែលទើបតែផ្លាស់ទីលំនៅ ក្នុងពេលថ្មីៗនេះជាដើម។ ពេលណាយើងធ្វើដូចនេះ គឺមានន័យថា យើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ដល់មនុស្ស ដែលកំពុងស្ថិតក្នុងស្ថានភាពដែលពួកគេមិនធ្លាប់ឆ្លងកាត់ និងច្រើនតែងាយរងគ្រោះ។—Lisa M. Samra
តើមាននរណាម្នាក់បង្ហាញសេចក្តីសប្បុរសដល់អ្នក នៅពេលណា? តើអ្នកអាចយកចិត្តទុកដាក់ចំពោះនរណាម្នាក់ ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំបង្ហាញអ្នកដទៃ ឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ
ហើយដឹងថាព្រះអង្គយកព្រះទ័យទុកដាក់ចំពោះពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១៤-១៥ និង លូកា ១៧:១-១៩