ផ្លូវ​នៃ​ការ​មិន​ជឿ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ» (យ៉ូហាន ១៨:៥)។

ក្នុង​សួន​ច្បា​គែតសេម៉ានី ខណៈ​ពេល​ដែល​ពួក​ទាហាន ចូល​មក​ចាប់​ចង​ព្រះ​យេស៊ូវ ជា​បុរស​ដែល​អ្នក​ដឹក​នាំ​សាសន៍​យូដា​បាន​សម្រេច​ថា ត្រូវ​តែ​ស្លាប់ ព្រះ​អង្គ​ជា​តួ​អង្គ​សំខាន់​បំផុត​ក្នុង​រឿង​នេះ។ ប៉ុន្តែ លោក យូដាស អ៊ីស្ការីយ៉ុត ក៏​មាន​ចំណែក​ជា​គន្លឹះ​ដែល​បាន​​បង្រៀន​យើង​នូវ​មេរៀន​ដែល​យើង​ពិបាក​រៀន។

អំពើ​ក្បត់​របស់ យូដាស មក​លើ​ព្រះ​គ្រីស្ទ​បាន​បើក​បង្ហាញ​ភាព​មាន​ពុត​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ នៅ​ក្នុង​ការ​បដិសេធន៍។ ការ​ក្បត់​របស់​គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន​អំពី​ចិត្ត​របស់​មនុស្ស ដែល​ប្រែ​ជា​រឹង ខណៈ​ពេល​ដែល​វា​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​នៃ​ការ​មិន​ជឿ​ជា​ផ្លូវ​ដែល​មាន​ការ​ក្បត់​ទំនុក​ចិត្ត និង​ការ​សេពគប់​ដែល​ពុក​រលួយ ទោះ​ចិត្ត​នោះ​ហាក់​ដូច​ជា​ជិត​ស្និទ្ធ​នឹង​ព្រះ​ក៏​ដោយ។

សួន​ច្បា​គែតសេម៉ានី មិន​ខុស​ពី​សួន​ច្បារ​ជា​ទូទៅ​ឡើយ។ ពួក​សាវ័ក​ហាក់​ដូច​ជា​ស្គាល់​សួន​ច្បារ​នោះ​ច្បាស់។ សម្រាប់​ព្រះ​យេស៊ូវ និង​សាវ័ក​ទាំង១២ វា​ជា​កន្លែង​ដែល​មាន​ការ​ប្រកប​គ្នា ការ​សម្រាក​លំហែ និង​មាន​អនុស្សាវរីយ​ដ៏​រីករាយ​ជា​ច្រើន។ តែ​ក្នុង​កន្លែង​ដ៏​ស្រស់​ស្អាត​នេះ យូដាស បាន​ក្បត់​ព្រះ​គ្រីស្ទ។ រឿង​នេះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ត្រង់​ចំណុច​ដែល​ថា គាត់​បាន​ជ្រើស​រើស​កន្លែង​ដែល​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​នេះ ដើម្បី​ប្រព្រឹត្ត​ទង្វើ​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ខ្លាំង​យ៉ាង​នេះ គឺ​មិន​ខុសពី​មនុស្ស​កំផិត ដែល​បាន​កាត់​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍​ក្នុង​គ្រែ​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។

សូម​យើង​ស្រមៃ​ថា លោក យូដាស កំពុង​ដើរ​តាម​ផ្លូវ​នាំ​ទាហាន និង​ពួក​មន្ត្រី​របស់​សាសន៍​យូដា​មួយ​ក្រុម​ចូល​សួន​ច្បារ​នោះ (យ៉ូហាន ១៨:៣)។ គាត់​មាន​ការ​វង្វេង​ខាង​វិញ្ញាណ​ដែល​គួរ​ឲ្យ​ខ្លាច​យ៉ាង​ខ្លាំង តែ​គាត់​នាំ​ផ្លូវ​គេ​បាន​សេចក្តី​ថា មនុស្ស​ខ្វាក់​កំពុង​ដឹក​នាំ​មនុស្ស​ខ្វាក់។ ផ្លូវ​នៃ​ការ​មិន​ជឿ ជា​ផ្លូវ​ដ៏​ឯកា ដែល​ច្រើន​តែ​ស្រេក​ឃ្លាន​ការ​កម្សាន្ត​ចិត្ត​តាម​រយៈ​ការ​សេពគប់​ដែល​នាំ​ទៅ​រក​ភាព​អស់​សង្ឃឹម។

សួន​ច្បារ​មាន​ភាព​ស្រស់​ស្អាត និង​ស្ងប់​ស្ងាត់ តែ​បាន​ក្លាយ​ជា​កន្លែង​កើត​ហេតុ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ ពេលណា​យើង​គិត​អំពី​កន្លែង​ដែល​យើង​ជួប​ការ​ល្បួង ឲ្យ​ក្បត់​ព្រះ​គ្រីស្ទ ទោះ​នៅ​កន្លែង​វិស្សម​កាល​គួរ​ឲ្យ​ស្រឡាញ់​ក្នុង​កន្លែង​ដ៏​សុខ​ស្រួល​នៅ​ផ្ទះ ឬ​សូម្បី​នៅ​កន្លែង​ដែល​កាល​ពី​មុន​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ពរ​យើង និង​ទាញ​នាំ​យើង​មក​រក​ព្រះ​អង្គ​ក្តី យើង​អាច​មើល​ឃើញ​ភាព​ស្មោកគ្រោក​នៃ​ចិត្ត​របស់​យើង ដែល​ចង់​ចូល​រួម​ជាមួយ​លោក យូដាស ក្នុង​អំពើ​ក្បត់​របស់​គាត់។

ចូរ​ឲ្យ​គំរូ​របស់​លោក យូដាស បាន​រំឭក​យើង​ថា យើង​ត្រូវតែ​ប្រយ័ត្ន​ខ្លួន​ជានិច្ច។ យើង​មិន​ត្រូវ​សប្បាយ​ភ្លេច​ខ្លួន​នោះ​ឡើយ ទោះ​យើង​បាន​ធ្វើ និង​មើល​ឃើញ​អ្វី ឬ​មាន​មុខ​នាទី​អ្វី​ក៏​ដោយ​ក្នុង​ពួក​ជំនុំ។ យ៉ាង​ណា​មិញ លោក យូដាស បាន​រស់​នៅ​ជា​មួយ​ព្រះ​យេស៊ូវ​អស់​រយៈ​ពេល​៣ឆ្នាំ ហើយ​បាន​មើល​ឃើញ​ការ​អស្ចារ្យ និង​បាន​ស្តាប់​ការ​បង្រៀន​របស់​ព្រះ​អង្គ។ តែ​គាត់​នៅតែ​ក្បត់​ព្រះ​អង្គ។ «បាន​ជា​អ្នក​ណា​ដែល​ស្មានថា​ខ្លួន​ឈរ​នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល» (១កូរិនថូស ១០:១២)។

តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​នៅតែ​អាច​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ជៀស​វាង​ការ​ដើរ​តាម​ផ្លូវ​របស់​យូដាស? គឺ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចិត្ត​របស់​យើង ដែល​ប្រែ​ជា​រឹង​ទទឹង​ដែល​កណ្ដាល​ឲ្យ​យើង​រសាត់​អណ្ដែត​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ការ​មិន​ជឿ គឺ​ដូច​ដែល​ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​ដាស់​តឿន​យើង​ម្តង​ហើយ​ម្តង​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​ចំ​បាច់​ត្រូវ​ស្តាប់​តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ យើង​ត្រូវ​តែ​អធិស្ឋាន សូម​ឲ្យ​ចិត្ត​យើង​មាន​ភាព​ស្រទន់ និង​បើក​ចំហ​គំនិត​យើង និង​សូម​ឲ្យ​មាន​ការ​កណ្ដាល​វិញ្ញាណ​យើង ឲ្យ​ចូល​ទៅ​ជិត​ព្រះ​គ្រីស្ទ។

តាម​រយៈ​មេរៀន​ដ៏​ពិបាក​របស់​លោក យូដាស យើង​អាច​បាន​សូត្រ​បាន​ថា មាន​តែ​ដោយ​សារ​ព្រះ​គុណ​ព្រះ​ទេ ដែល​យើង​អាច​បន្ត​ឈរ​មាំ។ ដូច​នេះ ចូរ​យើង​អធិស្ឋាន សូម​កុំ​ឲ្យ​យើង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ក្បត់​ព្រះ​អង្គ​ឡើយ។ គឺ​អធិស្ឋាន​ថា ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​សង្គ្រោះ​ទូល​បង្គំ​ឲ្យ​រួច​ផុត​ពី​ការ​ល្បួង ឲ្យ​ផុត​ពី​ការ​មាន​មន្ទិល​សង្ស័យ និង​បដិសេធន៍​ព្រះ​អង្គ។ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ការ​ការពារ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ ហើយ​មាន​ការ​ធានា​ជា​ថ្មី​ថា ព្រះ​អង្គ​នឹង​មិន​បាត់បង់​អស់​អ្នក​ណា​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ព្រះ​អង្គ​ឡើយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១០:១១-៣០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ដានីយ៉ែល ១១-១២ និង​វិវរណៈ ៩

More articles