ផ្លាស់​ប្រែ​ពី​ទុក្ខ​ព្រួយ ទៅ​ជា​សប្បាយ​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ​ហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះ​អម្ចាស់» (យ៉ូហាន ២០:២០)។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​លើក​ដំបូង មិន​មាន​លក្ខណៈ​ដូច​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជា​ធម្មតា​នៅ​សម័យ​ក្រោយ​ឡើយ។

កាល​នោះ មុន​ពេល​គេ​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អ្នក​ដើរ​តាម​ព្រះ​អង្គ មាន​ការ​ទួញ​យំ ការ​បាក់​ទឹក​ចិត្ត និង​ការ​ភាន់​ភាំង គឺ​មិន​មាន​អំណរ ក្តី​សង្ឃឹម និង​ការ​សរសើរ​តម្កើង​នោះ​ទេ។ ពួក​សាវ័ក​បាន​ជួប​ជុំ​គ្នា​ដោយ​ការ​ភ័យ​ខ្លាច ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មែន​ដើម្បី​នាំ​គ្នា​ច្រៀង​ថា «ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ហាលេលូយ៉ា» នោះ​ទេ1។ ពួក​គេ​បាន​អង្គុយ​ចុះ ក្នុង​ទុក្ខ​ព្រួយ រឿងរ៉ាវ​របស់​ពួក​គេ​បាន​ឈាន​ដល់​ចំណុច​ជាប់​គាំង​ដោយ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​បន្ទាប់​ទៀត។

ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​ព្យាយាម​បដិសេធន៍ ឬ​លើក​តម្កើង​ទុក្ខ​សោក​ដែល​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​មាន បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ទេ។ ពួក​គេ​មិន​យល់​ទេ​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង ក៏​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​ទៀត​កើត​ឡើង​ដែរ។ ទុក្ខ​សោក​របស់​ពួក​គេ​បាន​បើក​បង្ហាញ​ដែន​កំណត់​របស់​មនុស្ស​ជាតិ​ក្នុង​ការ​មើល​ឃើញ​រូប​ភាព​ដែល​ធំ​ជាង។ ពួក​គេ​បាន​ឮ​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​ថ្លែង​ទំនាយ​អំពី​ការ​សុគត​របស់​ព្រះ​អង្គ (ម៉ាកុស ៨:៣១ ៩:៣១, ១០:៣៣-៣៤) តែ​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា «គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ» (យ៉ូហាន ២០:៩)។ ពួក​គេ​ក៏​មិន​បាន​យល់​ដែរ​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​នៅ​លើ​ឈើ​ឆ្កាង​ថា «ការ​ស្រេច​ហើយ» (១៩:៣០) គឺ​ព្រះ​អង្គ​មិន​បាន​បង្ហាញ​បរាជ័យ តែ​កំពុង​ប្រកាស​ជ័យ​ជម្នះ។

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​ជា​ជ័យ​ជម្នះ។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​សង្គ្រោះ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​យាង​មក​រក​ពួក​សាវ័ក ដែល​ស្ថិត​ក្នុង​ភាព​ងងឹត ការ​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ ព្រះ​អង្គ​ក៏បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ផង​ដែរ។ ការ​មិន​ជឿ​របស់​ពួក​គេ បាន​ប្រែ​ជា​ការ​ជឿ ហើយ​ទុក្ខ​ព្រួយ​ក៏​បាន​ប្រែ​ក្លាយ​ជា​មាន​អំណរ។ ការ​អរ​សប្បាយ​របស់​ពួក​គេ​បាន​ចាក់​ឫស​នៅ​ក្នុង​ការ​ពិត​ដែល​ថា ពួក​គេ​បាន​យល់​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ ជំនឿ និង​អនាគត​របស់​ពួក​គេ​បាន​កើត​ឡើង​វិញ ហើយ​បាន​ចាក់​ឫស​ក្នុង​ការ​ពិត​ដ៏​អស្ចារ្យ​នេះ។ ភាព​ងងឹត​នៃ​ភាព​អស់​សង្ឃឹម​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពន្លឺ​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​កាន់​តែ​មាន​សិរី​ល្អ​ចែង​ចាំង។

បើ​អ្នក​កំពុង​ស្វែងរក​ព្រះ ដែល​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត អ្នក​មិន​គួរ​ស្វែង​រក​ព្រះ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទេ។ ព្រះ​អង្គ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​លើស​ពី​លទ្ធ​ភាព​ដែល​មនុស្ស ឬ​របស់​អ្វីមួយ​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន ប៉ុន្តែ​ព្រះ​អង្គ​ច្រើន​តែ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ដោយ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ជា​មុន​សិន។ យើង​មិន​សប្បាយ​ចិត្ត​ដោយ​សារ​លោកីយ៍​ដែល​មាន​បាប មិន​សប្បាយ​ចិត្ត​ដោយសារ​បាប​របស់​យើង ហើយ​មិន​សប្បាយ​ចិត្ត​ពេល​បាន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​សុគត នៅ​លើ​ឈើ​ឆ្កាង ដោយ​សារ​ភាព​ទុច្ចរិត ការ​មិន​ស្តាប់​បង្គាប់ និង​ការ​មិន​អើពើ​របស់​យើង។ យើង​អាច​សប្បាយ​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​យើង ទោះ​យើង​មិន​សម​នឹង​ឲ្យ​ព្រះ​អង្គ​ស្រឡាញ់ ហើយ​យើង​មិន​ចង់​ស្តាប់​ព្រះ​អង្គ​ក៏​ដោយ។ តើ​នេះ​ជា​សេចក្តី​ស្រឡាញ់​ប្រភេទ​អ្វី? គឺ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​មនុស្ស​ប្រុស​ស្រី ទាំង​អ្នក និង​ខ្ញុំ។ នៅ​ថ្ងៃ​នេះ ចូរ​ងាក​ចេញ​ពី​ខ្លួន​ឯង ហើយ​មើល​ទៅ​ព្រះ​អង្គ​វិញ។

នេះ​ជា​សេចក្តី​ស្រឡាញ់ ហើយ​ពេល​យើង​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​យើង​យ៉ាង​ដូច​នេះ យើង​អាច​មើល​ឃើញ​ការ​ប្រោស​ឲ្យ​ជា​ក្នុង​ការ​រង​ទុក្ខ និង​ការ​មិន​សប្បាយ​ចិត្ត ដែល​អាច​ធ្វើ​ជា​ដី សម្រាប់​ឲ្យ​ការ​អរ​សប្បាយ​ដ៏​អស់​កល្ប​ដុះ​ឡើង។ តើ​អ្នក​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក គឺ​ប្រហែល​ជា​ផ្នែក​ដែល​មាន​ពេញ​ដោយ​ការ​ឈឺ​ចាប់ ការ​ស្តាយ​ក្រោយ ឬ​ការ​ថប់​បារម្ភ? ទោះ​អ្នក​កំពុង​ឆ្លង​កាត់​អ្វី​ក៏​ដោយ សូម​ចាំ​សេចក្តី​ពិត​ដែល​ថា ព្រះ​អម្ចាស់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ ហាលេលូយ៉ា!

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ២០:១៩-២៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សាស្ដា ៤-៦ និង​វិវរណៈ ១១

1លោក Charles Wesley, “Christ the Lord Is Risen Today” (ឆ្នាំ១៧៣៩)។

More articles