សារភាព​បាប នៅ​ចំពោះ​ព្រះគ្រីស្ទ

សុភាសិត ២៨:៩-១៣

អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់‌តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តាករុណា​​វិញ​។ សុភាសិត ២៨:១៣

ប្រភព​នៃ​សារធាតុពុល ដែល​បាន​កប់​ទុក និង​មិន​មាន​មនុស្ស​អើពើ អាច​បណ្តាល​ឲ្យ​មានផល​វិបាក​ធ្ងន់ធ្ងរ​។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត ដឺ វ៉ល ស្រ្ទីត ជើនល(The Wall Street Journal) បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​នៅ​អាមេរិក បាន​បន្សល់​ទុក​នូវ​ខ្សែកាប​ជាង២ពាន់​ខ្សែ ដែល​ស្រោប​ទៅ​ដោយ​ជាតិ​សំណ ​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​។ គេ​បាន​ពង្រាយ​ខ្សែកាប​ដែល​ស្រោប​ដោយ​សំណ​មាន​ជាតិពុល នៅ​ក្នុង​ទឹក នៅ​ក្នុង​ដី និង​នៅ​លើ​បង្គោល​ភ្លើង​។ នៅ​ពេល​ដែល​សំណ​នោះ​ពុក​ផុយ វា​ក៏បាន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​ប្រជាជន “រស់នៅ ធ្វើ​ការ និង​លេង​កម្សាន្ត”។ ក្រុម​ហ៊ុន​ទូរគមនាគមន៍​មួយ​ចំនួន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប៉ះ​ពាល់​ជា​មួយ​ជាតិ​ពុល​នោះ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយក៏​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​យក​ចិត្ត​ទុកដាក់ ចំពោះ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដែល​អាច​កើត​ឡើង​ពី​​ជាតិ​សំណ​ដែល​ជ្រាប​ចូល​ក្នុង​បរិស្ថាន​។

ជាតិពុល​នៃ​អំពើបាប​ដែល​យើង​មិន​បាន​សារភាព និង​មិន​បាន​យក​មក​ដោះ​ស្រាយ ក៏​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ក្នុង​ជីវិត​យើង​ផង​ដែរ​។ នៅ​ពេលណា​យើង​ប្រព្រឹត្ត​អំពើបាប និស្ស័យ​សាច់ឈាម​របស់​យើង​ច្រើនតែ​នាំ​យើង​លាក់ ឬ​បិទ​​បាំង​វា មិន​ឲ្យ​ព្រះ និង​មនុស្ស​ដឹង​។ យើង​ប្រហែល​អរ​សប្បាយ​ក្នុង​ការ​អ្វី​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះអង្គ និង “ក្រឹត្យ​វិន័យ”របស់​ព្រះអង្គ (សុភាសិត ២៨:៩) ដោយ​ព្យាយាម​មិន​អើពើ លាក់​បាំង ឬ​ដោះសា តែ​នេះ​ជា​ទង្វើ​ដ៏​ល្ងង់​ខ្លៅ​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​សម្ដែង​មក​ថា “អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តា​ករុណា​វិញ”(ខ.១៣)។

ពេលណា​យើង​សារភាព​បាប​របស់​យើង នៅ​ចំពោះ​ព្រះអង្គ ព្រះ​គម្ពីរ​បាន​បង្ហាញថា ព្រះ​អង្គ​នឹង​លាង​ជម្រះ​យើង​ឲ្យ​បរិសុទ្ធ ដោយ​ព្រះគុណ​ព្រះអង្គ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “បើ​យើង​លន់​​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​​ស្មោះ​ត្រង់ ហើយ​សុ​ចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។ ដូច​នេះ ចូរ​យើង​ទូល​សូម​ព្រះ​ជួយ​យើង ឲ្យ​សារភាព​បាប​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់ មុន​ពេល​ជាតិពុល​របស់​វា​ជ្រាប​ចូល​ក្នុង​ចិត្ត​យើង ហើយ​ចូល​ទៅ​ក្នុង​ជីវិត​អ្នក​ដទៃ​។—Marvin Williams

តើ​អ្នក​ចង់​លាក់​បាំង​បាប​របស់​អ្នក នៅ​ពេលណា​ខ្លះ? តើ​ការ​លាក់​បាំង​នេះ​បាន​នាំមក​នូវ​ផល​វិបាក​អ្វី​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​​សារភាព​បាប​របស់​ទូល​បង្គំ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​លះបង់​បាប​​របស់​ទូល​បង្គំ​ទាំងស្រុង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១៩-២០ និង លូកា ១៨:១-២៣

More articles