ឡើង​កាំ​ជណ្តើរ​នៃ​សេចក្តី​ជំនឿ

យ៉ាកុប ១:១-១២

ដោយ​ដឹង​ថា ការ​ល្បងល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន​។ យ៉ាកុប ១:៣

មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​កម្សាន្ត ជាមួយ​មនុស្ស៣នាក់ នៅ​តាម​ជ្រលង​ភ្នំ​វ៉ាត់ឃីន គ្លែន ដ៏​ស្រស់​ស្អាត ដែល​មាន​ផ្ទាំង​ថ្ម​ធំៗ​ចោទៗ ក្នុង​រដ្ឋ​ញូយ៉ក​។ នៅពេល​ខ្លះ​យើង​បាន​ឈ​រទាំង​អស់​គ្នា ដោយ​ចិត្ត​ស្ញប់​ស្ញែង ខណៈ​ពេល​ដែល​យើង​មើល​ទឹក​ជ្រោះ និង​ជ្រោះ​ដែល​មាន​ជម្រៅ៦០ម៉ែត្រ​។ នៅពេល​ខ្លះ​ទៀត យើង​ត្រូវ​ឈប់​សម្រាក ឲ្យ​បាត់​ហត់ និង​ឲ្យ​បាត់​រោយ​ជើង ខណៈ​ពេល​ដែល​យើង​ឡើង​តាម​ផ្ទាំង​ថ្ម​ដែល​សើម និង​ឡើង​តាម​ជណ្តើរ​ថ្ម​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់​។ នៅពេល​ដែល​យើង​ជិតទៅ​ដល់​កំពូល​ភ្នំ អ្នក​ឡើង​ភ្នំ​ផ្សេង​ទៀង ដែល​កំពុង​ធ្វើ​ដំណើរ​ចុះ​មកវិញ ក៏បាន​ប្រាប់​យើង​ថា “នៅសល់តែ១០កាំ​ទៀត​ប៉ុណ្ណោះ អ្នក​នឹង​បាន​ឡើង​គ្រប់៨៣២កាំ​ហើយ”។ យកល្អ យើង​មិន​គួរ​ដឹង​ជាមុន អំពី​ការ​ពិបាក​ក្នុង​ការ​ឡើង​ភ្នំ​នេះ​ទេ ព្រោះ​បើ​យើង​បាន​ដឹង យើង​ប្រហែល​ជា​មិន​បាន​ឡើង​មកដល់​កំពូល​ភ្នំ ហើយក៏​មិន​បាន​ដឹង​ថា ទា​សភាព​នៅ​ខាងលើ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណា​ដែរ​។

ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង ក៏​មាន​ការ​ឡើង​ជណ្តើរ​ជា​ច្រើន​កាំ​ដ៏​ពិបាក​ផង​ដែរ​។ ព្រះយេស៊ូវ និង​សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកជឿ​ព្រះ អំពី​ទុក្ខ​លំបាក និង​ការ​បៀតបៀន​ដោយសារ​ជំនឿ(យ៉ូហាន ១៦:៣៣ និង ២ធីម៉ូថេ ៣:១២) ហើយ​យើង​ចាំ​បាច់​ត្រូវ​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ​។ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “ពេលណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។ ហេតុ​អ្វី​យើង​ត្រូវ​រាប់​ទុក្ខ​លំបាក​ទាំង​នោះ​ជា​ក្តី​អំណរ​សព្វ​គ្រប់ ជា​ជាង​រាប់​វា​ជា​ការ​ឈឺ​ចាប់​សព្វ​គ្រប់? ពីព្រោះ​ព្រះ​ទ្រង់​ជ្រាប​ថា “ការ​ល្បងល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន”(ខ.៣)។ ប៉ុន្តែ តើ​យើង​ខ្ជាប់ខ្ជួន​ដើម្បី​អ្វី? គឺ​ដើម្បី​ឲ្យ​យើង “បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ”(ខ.៤)។

នៅពេល​ដែល​យើង​នៅតែ​បន្ត​ដំណើរ​ទៅមុខ​ទៀត បើ​យើង​ឈប់​មួយ​ភ្លែត ហើយ​ធ្វើ​ការ​ពិនិត្យ​មើល ទោះ​យើង​កំពុង​ឈឺ​ចាប់​ក៏ដោយ យើង​អាច​មើល​ឃើញ​ចំណុច​ខ្លាំង​នៃ​ចារិត​លក្ខណៈ​ល្អ​ៗ ដែល​ព្រះអង្គ​កំពុង​បង្កើត​ឲ្យ​មាននៅ​ក្នុង​ជីវិត​យើង និង​មនុស្ស​នៅ​ជុំ​វិញ​យើង​។ ហើយ​យើង​នឹង​រៀន​ឲ្យ​តម្លៃ​មក​លើ​ការ​ពិត​ដែល​ថា ថ្ងៃ​មួយ យើង​នឹង​ទទួល​បាន “មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នកណា​ដែល​ស្រឡាញ់​ទ្រង់”(ខ.១២)។ ចូរ​យើង​បន្ត​ឡើង​កាំជណ្តើរ​​នៃ​សេចក្តី​ជំនឿ​ជាមួយ​គ្នា​។—Anne Cetas

តើ​អ្នក​កំពុង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​អ្វី​ខ្លះ? តើមាន​ចារិត​លក្ខណៈ​អ្វី​ខ្លះ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​កើត​មាន ក្នុង​ជីវិត​អ្នក?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ជ្រាប​អំពី​អ្វីៗ​ដែល​កំពុង​កើត​ឡើង
ក្នុង​ជីវិត​ទូល​បង្គំ ហើយ​មាន​ផែនការ​ល្អៗ​សម្រាប់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣

More articles