ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ក្នុង​រូប​កាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តាម​សេចក្តី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យតែ​ខ្ញុំ​បាន​តម្កើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូចជា​ពីដើម​រៀងមក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី» (ភីលីព ១:២០)។

រូប​កាយ​របស់​អ្នក​នឹង​ការ​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​ប្រើ​រូប​កាយ​អ្នក គឺ​សុទ្ធ​តែ​សំខាន់។

ក្នុង​សំណេរ​របស់​សាវ័ក ប៉ុល គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​រូប​កាយ​របស់​មនុស្ស។ ឧទាហរណ៍៖ គាត់​បាន​សួរ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា «តើ​មិន​ដឹង​ទេឬ​អីថា រូប​កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ? ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃលោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ចូរ​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា​ដែល​ជា​របស់​ផង​ទ្រង់​ចុះ» (១កូរិនថូស ៦:១៩-២០)។ ម្យ៉ាង​ទៀត រូប​កាយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​បាន​បង្កើត​ពួក​វា​មក ហើយ​ក៏​បាន​ទ្រទ្រង់​ពួក​វា​ឲ្យ​មាន​ជីវិត។ ការ​យល់​ឃើញ​ដូច​នេះ ស្ថិត​ក្នុង​ចំណុច​ស្នូល​នៃ​ទេវសាស្ត្រ​របស់​សាវ័ក ប៉ុល។

សាវ័ក ប៉ុល បាន​រក​ឃើញ​ក្តី​អំណរ​ដ៏​អស្ចារ្យ​ក្នុង​ការ​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​បាន​តម្កើង​ឡើង​ក្នុង​រូប​កាយ​គាត់។ គោល​បំណង​ធំ​បំផុត​ក្នុង​ការ​អធិស្ឋាន​របស់​គាត់ គឺ​ដើម្បី​មាន​ចិត្ត​ក្លាហាន និង​សេចក្តី​ស្មោះ​ត្រង់ ក្នុង​ការ​លើក​តម្កើង​ព្រះ​អង្គ​ក្នុង​រូបកាយ​គាត់ ក្នុង​ការងារ​បម្រើ​ព្រះ​អង្គ។ សម្រាប់​សាវ័ក ប៉ុល ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ​គឺ​មាន​ន័យ​ថា លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ ពោល​គឺ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។ យើង​ឃើញ​ថា លោក យ៉ូហាន បាទីស្ទ បាន​លើក​តម្កើង​ព្រះ​អង្គ​ដោយ​ប្រកាស​ថា «ត្រូវ​ឲ្យ​ព្រះ​អង្គ​នោះ​បាន​ចម្រើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ» (យ៉ូហាន ៣:៣០)។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នឹង​មិន​ដែល​ឃើញ​សាវ័ក ប៉ុល ទាក់ទាញ​ចំណាប់​អារម្មណ៍​សម្រាប់​ខ្លួន​គាត់​ទេ។ គាត់​គ្រាន់​តែ​បាន​មើល​ឃើញ​ខ្លួន​គាត់ ជា​ឧបករណ៍​ដែល​នាំ​មនុស្ស​ទៅ​រក​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ។

ដូច​នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ នៅ​ពេល​ដែល​គាត់​ចង់​បញ្ជាក់​អំពី​ភាពជា​សាវ័ក​របស់​គាត់ គាត់​បាន​មាន​ប្រសាសន៍​ថា «កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ» គឺ​មិន​មែន​ដោយសារ​គាត់​ជា​សាវ័ក​ដ៏​អស្ចារ្យ​នោះ​ទេ។ តែ​គាត់​មាន​ប្រសាសន៍​ថា «កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា របស់​ព្រះ​អម្ចាស់​យេស៊ូវ​នៅ​ខ្លួន​ខ្ញុំ​ហើយ» (កាឡាទី ៦:១៧)។ ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់ បាន​បង្ហាញ​ចេញ តាម​រយៈ​រូប​កាយ​គាត់​រួច​ហើយ។ គាត់​បាន​ទទួល​រង​ការ​បៀតបៀន​ខាង​ផ្លូវ​កាយ​កាន់តែ​ខ្លាំង​ឡើង ដោយ​សារ​គាត់​មាន​ចិត្ត​ប្ដូរ​ផ្តាច់​ចំពោះ​ព្រះ​គ្រីស្ទ។ ទី​បំផុត គាត់​ក៏​បាន​ស្លាប់ ដោយ​រូប​កាយ​គាត់​ទទួល​រង​ភាព​សាហាវ​ព្រៃ​ផ្សៃ និង​បាត់បង់​សភាព​ដើម តែ​គាត់​នៅតែ​ស្រែក​ថា «ខ្ញុំ​នឹង​អរ​សប្បាយ»។

ព្រះ​អម្ចាស់ ជា​ម្ចាស់​លើ​ជីវិត​របស់​សាវ័ក ប៉ុល ទាំង​មូល គឺ​ទាំង​រូបកាយ ពេល​វេលា និង​អ្វីៗ​គ្រប់​យ៉ាង។ នេះ​ជា​មូល​ហេតុ​ដែល​គាត់​អាច​មាន​ក្តី​អំណរ​យ៉ាង​ដូច​នេះ​បាន។ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​យើង​អាច​មាន​ក្តី​អំណរ​ដូច​គាត់​ផង​ដែរ។

សរុប​មក អ្នក​មិន​មែន​ជា​កម្មសិទ្ធិ​នៃ​រូប​កាយ​របស់​អ្នក​ទេ។ អ្វីៗ​ដែល​អ្នក​មាន មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក។ ព្រះ​អង្គ​គ្រាន់​តែ​បាន​ផ្ញើ​នឹង​អ្នក ទោះ​ព្រះ​អង្គ​បាន​ប្រទាន​អ្នក​តិច ឬ​ច្រើន​ក៏​ដោយ។ អ្នក​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជា​ព្រះ​អាទិករ និង​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក។ ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​លើក​យើង​ឡើង ឲ្យ​មាន​រូប​កាយ​ដែល​មាន​សិរី​ល្អ និង​ស្ថិត​ស្ថេរ (១កូរិនថូស ១៥:៤២-៤៤,៥១-៥៤)។ សព្វ​ថ្ងៃ ព្រះ​អង្គ​ត្រាស់​ហៅ​យើង​ឲ្យ​បម្រើ​ព្រះ​អង្គ​ក្នុង​រូប​កាយ​របស់​ព្រះ​អង្គ។ ដូច​នេះ ក្នុង​ការ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ ចូរ​ថ្វាយ​រូប​កាយ​អ្នក​ជា​ដង្វាយ​ដោយ​អំណរ​នៅ​ចំពោះ​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ៦:១២-២០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សាស្ដា ១០-១២ និង​វិវរណៈ ១៣

More articles