យ៉ូស្វេ ១:១-៩
ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក។ យ៉ូស្វេ ១:៧
អ្នកបើកបរឡានក្រុងរបស់សាលារៀនបានសន្លប់បាត់បង់ស្មារតី ខណៈពេលដែលគាត់កំពុងបើកបរឡានក្រុងធំមួយ ដឹកសិស្ស៦០នាក់។ ឡានក៏បានរេចុះឡើងៗពេញផ្លូវ ដោយគ្មានម្ចាស់ការ។ ឌីឡុន រីវ(Dillon Reeves) ជាសិស្សថ្នាក់ទី៧ ក៏បានប្រញាប់ងើបចេញពីកន្លែងអង្គុយរបស់គាត់ ប្រញាប់ទៅផ្នែកខាងមុខរបស់ឡានក្រុង ហើយក៏បានជាន់ហ្វ្រាំងឡានយឺតៗ ក្នុងពេលបន្ទាន់នោះ។ ខណៈពេលដែលសិស្សភាគច្រើនកំពុងឈ្ងោកមុខឆ្លើយឆ្លងសារ ឬលេងហ្គេមក្នុងទូរស័ព្ទរបស់ខ្លួន ឌីឡុន ជាក្មេងដែលមិនមានទូរស័ព្ទប្រើ បានមើលឃើញហេតុការណ៍បន្ទាន់នេះ ហើយក៏មានប្រតិកម្មតបទាន់ពេលវេលា។ ការដែលឌីឡុនយកចិត្តទុកដាក់ចំពោះអ្វីៗនៅជុំវិញខ្លួនគាត់ ដោយមិនបានជក់ចិត្តនឹងអ្វីមួយ គឺបានជួយឲ្យគាត់សង្គ្រោះជីវិតមនុស្សទាំងអស់នៅក្នុងឡាននោះ ដោយរាប់បញ្ចូលទាំងអ្នកបើកឡាន ដែលក្រោយមក គេបានជួយឲ្យគាត់ដឹងខ្លួនវិញ។
លោកយ៉ូស្វេត្រូវតែបោះជំហានទៅមុខ ដោយចិត្តក្លាហាន ដើម្បីជំនួសលោកម៉ូសេ បន្ទាប់ពីលោកម៉ូសេឈប់ដឹកនាំប្រជាជនអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “ម៉ូសេជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង”(យ៉ូស្វេ ១:២)។ ជាងនេះទៅទៀត ព្រះអង្គក៏បានបង្គាប់ថា “ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ … កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ”(ខ.៧)។ ត្រង់ចំណុចនេះ ព្រះទ្រង់កំពុងប្រាប់លោកយ៉ូស្វេ មិនឲ្យបែកអារម្មណ៍ តែឲ្យផ្តោតចិត្ត ហើយមើលក្រឹត្យវិន័យដែលព្រះអង្គបានប្រទាន ដោយជញ្ជឹងគិត “ទាំងយប់ទាំងថ្ងៃ”(ខ.៨)។
យើងអាចបែកអារម្មណ៍ ដោយសារទូរស័ព្ទ និងអ្វីផ្សេងទៀត ដែលនាំឲ្យយើងងាកចេញពីព្រះ និងប្រាជ្ញាដែលព្រះអង្គប្រទានក្នុងព្រះគម្ពីរប៊ីប(២ធីម៉ូថេ ៣:១៦-១៧)។ ផ្ទុយទៅវិញ ខណៈពេលដែលយើងនៅតែប្រុងប្រយ័ត្ន “ទាំងរំពឹងមើលដល់ព្រះយេស៊ូវ”(ហេព្រើរ ១២:២) យើងអាចត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអ្វីដែលព្រះអង្គត្រាស់ហៅឲ្យយើងធ្វើ។—Tom Felten
ហេតុអ្វីអ្នកចាំបាច់ត្រូវមើលទៅព្រះគ្រីស្ទជាប់ជានិច្ច? តើអ្នកអាចត្រៀមខ្លួន សម្រាប់ការត្រាស់ហៅរបស់ព្រះអង្គ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យជៀសវាងការបែកអារម្មណ៍ ខណៈពេលដែលទូលបង្គំដើរតាមព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ២៣-២៤ និង លូកា ១៩:១-២៧