២ថែស្សាឡូនិច ៣:៦-១៣
ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។ ១កូរិនថូស ១១:១
ខណៈពេលដែលថូម៉ាស(Thomas) ជាក្មេងប្រុសអាយុ២ឆ្នាំ ឃើញប៉ារបស់គាត់គប់ខ្សែសន្ទូចទៅក្នុងទឹកបឹង ដើម្បីបបក់ត្រី គាត់ក៏បានធ្វើត្រាប់តាមសកម្មភាពរបស់ប៉ាគាត់ ដោយប្រើដងសន្ទូចរបស់គាត់ ដែលជាឧបករណ៍ក្មេងលេង។ ក្រោយមក នៅពេលដែលថូម៉ាសកំពុងឈរនៅជាយបឹងដែលមានទឹករាក់ គាត់ក៏បានព្យាយាមត្រាប់តាមសកម្មភាពដែលឪពុកគាត់បោះត្រីចូលទៅក្នុងទឹកវិញ ដោយគាត់បានជ្រមុជដងសន្ទូចរបស់គាត់ ចូលក្នុងទឹក ដើម្បី “ស្ទូច” ដើមសារ៉ាយ។ រៀងរាល់ពេលគាត់ “ស្ទូច” បាន គាត់ក៏បានលើកដើមសារ៉ាយឲ្យប៉ារបស់គាត់សរសើរគាត់ រួចគាត់ក៏បានបោះសារ៉ាយចូលទៅក្នុងបឹងវិញ។
យើងច្រើនតែរៀនសូត្រអ្វីដែលល្អ អ្វីដែលមានប្រយោជន៍ និងអ្វីដែលមិនល្អ តាមរយៈការសង្កេតមើល និងយកតម្រាប់តាមអ្នកដទៃ។ ប្រហែលហេតុនេះហើយ ក្នុងគ្រាសញ្ញាថ្មី អ្នកដើរតាមព្រះយេស៊ូវ ច្រើនតែទទួលការលើកទឹកចិត្តមើល និងយកគំរូតាមអ្នកបម្រើដំណឹងល្អដ៏ស្មោះត្រង់(មើល ២ថែស្សាឡូនិច ៣:៩ ហេព្រើរ ១៣:៧ ២យ៉ូហាន ១:១១)។
ក្នុងបទគម្ពីរ២ថែស្សាឡូនិច ជំពូក៣ សាវ័កប៉ុលបានផ្តល់ឲ្យយើងនូវគំរូនៃអាកប្បកិរិយា ដែលមិនត្រូវយកតម្រាប់តាម(ដែលមានដូចជា ការប្រព្រឹត្តខុសរបៀប ឥតធ្វើការអ្វីសោះ និងរវល់តែរឿងឥតប្រយោជន៍ ខ.៦,១១) ហើយក៏បានប្រាប់យើងឲ្យយកតម្រាប់តាមគំរូនៃភាពស្អាតស្អំ ដែលឃើញមានក្នុងជីវិតគាត់ និងអ្នកដទៃ(ខ.៧-១០)។ ហើយគាត់ក៏បានលើកទឹកចិត្តយើង “កុំឲ្យរសាយចិត្តខាងឯការល្អឡើយ”(ខ.១៣)។
ប៉ុន្តែ សាវ័កប៉ុលដឹងថា គំរូរបស់គាត់ល្អសក្ដិសមឲ្យយកតម្រាប់តាម ដោយសារគំរូនោះនាំឲ្យយើងពឹងផ្អែកលើព្រះគ្រីស្ទ(១កូរិនថូស ១១:១)។ ទាល់តែជីវិតយើងបានចាក់ឫសក្នុងសេចក្តីជំនឿ និងព្រះចេស្តារបស់ព្រះគ្រីស្ទ ទើបយើងអាចចម្រើនឡើង ក្នុងព្រះគុណ និងប្រាជ្ញារបស់យើង។—Alyson Kieda
តើក្នុងជីវិតអ្នក មាននរណាខ្លះមានគំរូនៃការកោតខ្លាចព្រះ? តើអ្នកអាចធ្វើជាគំរូយ៉ាងដូចនេះ សម្រាប់នរណា?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់មនុស្សដែលព្រះអង្គបានដាក់ក្នុងជីវិតទូលបង្គំ
ដែលបានចង្អុលបង្ហាញទូលបង្គំ ឲ្យស្គាល់ព្រះអង្គ ហើយកំពុងជួយទូលបង្គំឲ្យរៀនរស់នៅ ក្នុងព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៣-៥ និង លូកា ២០:១-២៦