ព្រះ​យេស៊ូវ​លើក​យើង​ឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ» (ម៉ាកុស ៩:២៦-២៧)។

គ្មាន​នរណា​ម្នាក់ ដែល​ព្រះ​យេស៊ូវ​មិន​អាច​ជួយ​នោះ​ឡើយ។

ក្នុង​បទ​គម្ពីរ​ម៉ាកុស​ជំពូក៩ យើង​ឃើញ​ព្រះ​យេស៊ូវ​បាន​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវ​អារក្ស​អសោច​ចូល​អស់​ជា​ច្រើន​ឆ្នាំ ជា​ទុក្ខ​វេទនា​របស់​គាត់​តាំង​ពី​ក្មេង​មក។ គាត់​ជា​មនុស្ស​គរ​ថ្លង់។ ពេល​ណា​អារក្ស​ធ្វើ​ទុក្ខ​ម្តងៗ វា​ធ្វើ​ឲ្យ​គាត់​ដួល​ប្រកាច់​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ដៃ​រឹង​ជើង (ម៉ាកុស ៩:១៨)។ ក្មេង​ប្រុស​នេះ​បាន​ជាប់​ខ្លួន​ក្នុង​កាលៈទេសៈ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ជា​ពិសេស​នៅ​ក្នុង​រូប​កាយ​គាត់​ដែល​មិន​អាច​ស្តាប់​ពាក្យ​លើក​ទឹក​ចិត្ត​ដែល​ឪពុក​គាត់ ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​អាច​មាន​ចំពោះ​គាត់ ហើយ​ក៏​មិន​អាច​និយាយ​ប្រាប់​គេ អំពី​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច។ ព្រះ​អង្គ​បាន​បង្កើត​គាត់​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ តែ​ជីវិត​របស់​គាត់​បាន​ប្រឡាក់​ទៅ​ដោយ​ការ​បង្ខូច និង​ការ​បំផ្លាញ​នូវ​រូប​ភាព​នោះ។

តាម​ពិត ក្នុង​ស្ថានភាព​ដ៏​អស់​សង្ឃឹម​នេះ ព្រះ​យេស៊ូវ​បាន​ធ្វើ​អន្តរាគមន៍​ដោយ​មាន​បន្ទូល​ស្តី​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់។ តាម​រយៈ​ការ​ស្តី​បន្ទោស​ដ៏​មាន​អំណាច​នេះ ព្រះ​អង្គ​បាន​បណ្ដេញ​ភាព​ឃោរឃៅ​របស់​ខ្មាំង​សត្រូវ​ជា​វិញ្ញាណ​អាក្រក់​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​បំផុត​មក​លើ​គាត់ ហើយ​ក៏​បាន​ចេញ​ពី​គាត់​ធ្វើ​ឲ្យ​គាត់​មើល​ទៅ​ដូច​ស្លាប់។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ប្រោស​គាត់​ឲ្យ​ក្រោក​ឡើង។

នេះ​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​ធ្វើ។ ព្រះ​អង្គ​ទទួល​យក​មនុស្ស​ដែល​មាន​ជីវិត​ខ្ទេច​ខ្ទាំ​មនុស្ស​ដែល​កំពុង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​ហិន​វិនាស ហើយ​ព្រះ​អង្គ​ធ្វើ​នូវ​ការ​អ្វី​ដែល​មាន​តែ​ព្រះ​អង្គ​ទេ​អាច​ធ្វើ​បាន​គឺ៖ ព្រះ​អង្គ​យាង​ចូល​ក្នុង​ជីវិត​ពួក​គេ លូក​ព្រះ​ហស្ត​ទៅ​ចាប់​កាន់​ដៃ​ពួក​គេ លើក​ពួក​គេ​ឡើង ហើយ​ពួក​គេ​ក៏​បាន​ក្រោក​ឈរ។

មាន​តែ​ព្រះ​យេស៊ូវ​ទេ​ដែល​អាច​មាន​បន្ទូល​ថា «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ» (យ៉ូហាន ១១:២៥-២៦)។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ទទួល​យក​នរណា​ម្នាក់ ដែល​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម និង​មិន​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​ខ្លួន​ឯង ហើយ​មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ប្រទាន​ជីវិត​ថ្មី។

ដូច​នេះ នៅ​ថ្ងៃ​នេះ ព្រះ​យេស៊ូវ​យាង​មក​រក​អ្នក ហើយ​មាន​បន្ទូល​ថា ហេតុ​អ្វី​អ្នក​មិន​ផ្ទេរ​បន្ទុក​អ្នក​មក​ខ្ញុំ? អ្នក​មិន​អាច​បង្រៀន​ខ្លួន​ឯង​ឲ្យ​ឈប់​មាន​ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​ទេ។ ការ​ព្យាបាល​របស់​មនុស្ស មិន​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ចម្លើយ​ដ៏​ស្ថិត​ស្ថេរ​សម្រាប់​ការ​ឈឺ​ចាប់ និង​ការ​ភាន់​ភាំង​ទាំង​អស់​របស់​អ្នក​បាន​ទេ។ ពិត​ណាស់ វា​ជា​ការ​ល្អ​ហើយ ដែល​អ្នក​ដឹង​ថា អ្នក​មិន​អាច​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​ខ្លួន​ឯង​បាន។ ចូរ​ផ្ទេរ​បន្ទុក​អ្នក​មក​ខ្ញុំ។

មិន​តែ​ប៉ុណ្ណោះ ព្រះ​អង្គ​អាច​ចូល​មក​រក​អ្នក​ដទៃ​តាម​រយៈ​អ្នក។ ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​ជួប​នៅ​ថ្ងៃ​នេះ គ្មាន​នរណា​ម្នាក់​ដែល​មិន​ត្រូវ​ការ​ជំនួយ​របស់​ព្រះ​យេស៊ូវ​ឡើយ ហើយ​គ្មាន​នរណា​ដែល​ព្រះ​អង្គ​មិន​អាច​ជួយ​ដែរ។ ទោះ​ជីវិត​របស់​គេ​ហាក់​ដូច​ជា​មាន​ភាព​ភ្លឺ​ស្វាង​ប៉ុណ្ណា ពួក​គេ​នៅ​តែ​មាន​ការ​ស្តាយ​ក្រោយ និង​ការ​ថប់​បារម្ភ​ក្នុង​ចិត្ត​ជា​ធម្មតា ហើយ​ក៏​មាន​បាប ដែល​កំពុង​ទាញ​យើង​យឺតៗ​ចូល​ក្នុង​សេចក្តី​ហិន​វិនាស ទាល់​តែ​ព្រះ​យេស៊ូវ​ធ្វើ​អន្តរាគមន៍​ចូល​ជួយ​យើង។ ពេល​ណា​អ្នក​រៀន​មើល​ទៅ​មនុស្ស​ជុំ​វិញ​អ្នក​យ៉ាង​ដូច​នេះ អ្នក​នឹង​មាន​ចិត្ត​ចង់​ចែក​ចាយ​អំពី​ព្រះ​យេស៊ូវ​ដល់​ពួក​គេ ព្រោះ​គ្មាន​នរណា​ម្នាក់​ដែល​ព្រះ​អង្គ​មិន​អាច​ជួយ​នោះ​ឡើយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៩:១-១០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជន​គណនា ៣-៤ និង​វិវរណៈ ១៥

More articles