នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី

ព្រះ​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី

ដោយJames Banks

May 5, 2025

២របាក្សត្រ ៣៣:១០-១៧

ក៏​អធិស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ​។ ២របាក្សត្រ ៣៣:១៣

ថ្ងៃ​មួយ គេ​បាន​ធ្វើ​ការ​ប្រកាស​នៅ​លើ​ទំព័រ​កាសែត​ថា “ឈ្មួញ​នៃ​សេចក្តី​ស្លាប់ បាន​ទទួល​មរណៈ​ភាព​ហើយ!” ដំណឹង​មរណៈ​ភាព​នៅ​លើ​ទំព័រ​កាសែត​នោះ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​លោក​អាល់ហ្វ្រែត ណូបែល(Alfred Nobel) ជា​អ្នក​ច្នៃ​បង្កើត​គ្រាប់​រំសេវ​ផ្ទុះ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទិសដៅ​នៃ​ជីវិត​។ ប៉ុន្តែ កាសែត​នោះ​បាន​ចេញ​ផ្សាយ​ពត៌​មាន​ខុស ព្រោះ​លោក​អាល់ហ្វ្រែត​នៅ​មាន​ជីវិត​រស់នៅ​ធម្មតា​ទេ​។ តាម​ពិត គឺ​បង​ប្រុស​របស់​គាត់ ឈ្មោះ​លូដវីជ(Ludvig)ទេ ដែល​បាន​ស្លាប់​នោះ​។ នៅពេល​ដែល​លោក​អាល់ហ្វ្រែត បាន​ដឹង​ថា គាត់​មាន​ឈ្មោះ​ល្បី​ដោយសារ​គាត់​បាន​ឆ្នៃ​បង្កើត​ឧបករណ៍​ដ៏​គ្រោះ​ថ្នាក់ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​បាត់បង់​ជីវិត គាត់​ក៏បាន​សម្រេច​ចិត្ត​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ភាគ​ច្រើន ដើម្បី​ធ្វើ​ពានរង្វាន់ ដល់​អ្នក​ដែល​មាន​ភាព​លេច​ធ្លោ​ខ្លាំង ក្នុង​ការ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​។ គេ​ក៏​បាន​ហៅ​ពាន​រង្វាន់​​នោះ​ថា ពាន​រង្វាន់​ណូបែល​សន្តិភាព​។

កាលពី​ជាង២ពាន់​ឆ្នាំ​មុន អ្នក​មាន​អំណាច​ម្នាក់​ទៀត​ក៏បាន​ផ្លាស់​ប្រែ​ចិត្ត​ផង​ដែរ​។ ស្តេច​ម៉ាន៉ាសេ គឺជា​ស្តេច​របស់​នគរ​យូដា ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​។ ជា​លទ្ធផល ទ្រង់​ត្រូវ​គេ​ចាប់​ព្រះ​កាយ​ធ្វើ​ជា​ឈ្លើយសឹក ដឹក​ទៅ​ទីក្រុង​បាប៊ីឡូន​។ តែ ទ្រង់ “ក៏​ទូល​អង្វរ​ដល់​ព្រះ‌​យេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ” ហើយ “ព្រះ​ក៏​ទន់​ព្រះ‌​ហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម​វិញ”(២របាក្សត្រ ៣៣:១២-១៣)។ ស្តេច​ម៉ាន៉ាសេ​ក៏បាន​ដឹកនាំ​ប្រទេស​ដោយ​សុខ​សន្តិភាព រហូត​ដល់​អស់​ព្រះ​ជន្ម ដោយ​បម្រើ​ព្រះអម្ចាស់ និង​បាន​កែ​ប្រែ​កំហុស​ដែល​ទ្រង់​បាន​ធ្វើ​កាលពី​មុន​។

“ព្រះអម្ចាស់ “ក៏​ទន់​ព្រះហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ”(ខ.១៣)។ ព្រះ​ទ្រង់​ឆ្លើយតប ចំពោះ​ការ​បន្ទាប​ព្រះ​កាយ​របស់​ស្តេច​ម៉ាន៉ាសេ​។ ពេលណា​យើង​ដឹង​ថា យើង​ចាំ​បាច់​ត្រូវ​កែ​ប្រែ​របៀប​រស់នៅ ហើយ​ងាក​​បែរ​មក​រក​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​មិន​បណ្តេញ​យើង​ចេញ​ឡើយ​។ ព្រះអង្គ​នឹង​ឆ្លើយតប​ចំពោះ​យើង ដោយ​ព្រះគុណ ដែល​យើង​មិន​សមនឹង​ទទួល ហើយ​ប្រទាន​ដល់​យើង នូវ​ការ​ចាប់​ផ្តើម​ជា​ថ្មី ដោយ​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះបង់ ដែល​ព្រះអង្គ​បាន​ចាក់​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង​។ ការ​ចាប់​ផ្តើម​ជា​ថ្មី​កើត​ចេញពី​ព្រះអង្គ​។—James Banks

តើ​ជីវិត​របស់​អ្នក មាន​ចំណុច​ណា​ខ្លះ ដែល​ចាំបាច់​ត្រូវ​មាន​ការ​កែ​ប្រែ​ចិត្ត? តើ​អ្នក​នឹង​ងាក​បែរ​ទៅ​រក​ព្រះ នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ដែល​អត់​ទោស​បាប ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​មិន​ដែល​បណ្តេញ​ទូល​បង្គំ​ចេញ​។
សូម​ព្រះ​អ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ងាក​បែរ​ទៅ​រក​ព្រះអង្គ​វិញ អស់ពី​ចិត្ត ក្នុង​ការ​គ្រប់​យ៉ាង​ដែល​ទូល​បង្គំ​ធ្វើ​នៅ​ថ្ងៃ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៩-២០ និង លូកា ២៣:១-២៥

ល្ងាច

ស្អាង​ព្រះវិហារ​របស់​ព្រះ​អង្គ​ឡើង​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្អាង​ព្រះវិហារ​របស់​ព្រះ​អង្គ​ឡើង​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 5, 2025

«នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញពី​ព្រះវិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង…សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្តី​ដែល​ចែង​ទុក​មក​ថា «សេចក្តី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ» (យ៉ូហាន ២:១៥,១៧)។

យើង​អាច​យល់​ដឹង​ថា បុរស​ជា​ឪពុក​មុខជា​មាន​អារម្មណ៍​ក្តៅ​​ក្រហាយ ដោយ​កំហឹង​ដែល​សុចរិត បើសិន​ជា​គាត់​មើល​ឃើញ​ការ​បំផ្លិច​បំផ្លាញ ដែល​គ្រឿង​ញាណ​បាន​ធ្វើ​មក​លើ​ជីវិត​កូន​ប្រុស​គាត់។ យើង​ប្រហែល​មិន​រំពឹង​ថា គាត់​នឹង​ព្រងើយ​កន្តើយ ចំពោះ​ការ​បំផ្លិច​បំផ្លាញ​នេះ​ឡើយ។ ទេ យើង​នឹង​រំពឹង​ថា គាត់​នឹង​ធ្វើ​អ្វីៗ​ដែល​ចាំបាច់ ដើម្បី​បណ្ដេញ​សេចក្តី​អាក្រក់​នោះ​ចេញ ហើយ​ស្តា​ជីវិត​កូន​ប្រុស​គាត់​ឡើង​វិញ។

កាល​ព្រះ​យេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ យាង​ចូល​ដំណាក់​ព្រះវរបិតា​ព្រះ​អង្គ នៅ​ផែនដី ដែល​ជា​ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡឹម ហើយ​បាន​ឃើញ​ទិដ្ឋភាព​ដែល​កំពុង​កើត​ឡើង​នៅ​ទីនោះ ព្រះ​អង្គ​ពិតជា​មាន​ការ​ឈឺ​ចាប់។ ទី​កន្លែង​ដែលគេ​បង្កើត​ឡើង​សម្រាប់​ថ្វាយបង្គំ​ព្រះ បាន​ក្លាយ​ជា​កន្លែង​ថ្វាយ​បង្គំ​លុយ។ ទី​កន្លែង​សម្រាប់​បញ្ចេញ​ពន្លឺ​ឲ្យ​លោកីយ៍​បាន​ជួប​ព្រះ​ដ៏​រស់ បាន​ប្រែ​ក្លាយ​ជា​រនាំង​មិន​ឲ្យ​ប្រជា​ជាតិ​ទាំងឡាយ​ចូល​មក​ជិត​ព្រះ​អង្គ​ទៅវិញ។ ព្រះ​អង្គ​មិន​អាច​បណ្តោយ​ឲ្យ​រឿង​នេះ​បន្ត​កើត​ឡើង​បាន​ទៀត​ទេ នៅពេល​ដែលគេ​កំពុង​បង្អាប់​ព្រះ​នាម និង​សិរី​ល្អ​របស់​ព្រះ។ យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ឈរ​ឱបដៃ​មើល និង​ព្យាយាម​បន្ទាប​តម្លៃ​របស់​សកម្មភាព​ដែល​ព្រះ​យេស៊ូវ​កំពុង​ធ្វើ​នៅពេល​នោះ​ឡើយ។ សេចក្តី​ក្រោធ​ដ៏​បរិសុទ្ធ​របស់​ព្រះ​គ្រីស្ទ​បាន​ឆេះ​ឡើង ដោយ​ភាព​ឧស្សាហ៍ និង​សេចក្តី​បរិសុទ្ធ។ ពេល​នោះ មិនមែន​ជា​ពេល​ដែល​ព្រះ​អង្គ​ត្រូវ​សន្ទនា​ដោយ​ការ​គួរសម​ឡើយ។

ព្រះ​យេស៊ូវ​ជ្រាប​ច្បាស់​ថា គេ​បាន​សង់​ព្រះវិហារ​ដើម្បី​អ្វី។ ព្រះ​វិហារ​ជា​កន្លែង​ជួប​ព្រះ។ ជា​កន្លែង​សម្រាប់​ធ្វើ​ជា​ក្តី​អំណរ​ដល់​លោកីយ៍​ទាំង​មូល។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ឃើញ​គេ​ប្រើ​ព្រះវិហារ​ក្នុង​ផ្លូវ​ខុស​នឹង​គោលបំណង​នេះ​ទាំងស្រុង ហើយ​ព្រះ​អង្គ​ក៏បាន​បង្ហាញ​ឲ្យ​គេ​យល់​ច្បាស់​អំពី​បញ្ហា​នេះ តាមរយៈ​ព្រះ​បន្ទូល និង​សកម្មភាព​របស់​ព្រះ​អង្គ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ក្រោយមក ពួក​ផារិស៊ី​បាន​ប្រឈម​មុខ​ដាក់​ព្រះ​យេស៊ូវ ដោយ​មិន​បាន​សួរ​នាំ​អំពី​ទង្វើ​របស់​ព្រះ​អង្គ​ទេ តែ​បាន​សួរ​នាំ​អំពី​អំណាច​របស់​ព្រះ​អង្គ​ក្នុង​ការ​ប្រព្រឹត្ត​ដូច​នោះ។ ព្រះ​អង្គ​ក៏​បាន​ឆ្លើយតប ដោយ​ព្រះ​បន្ទូល​ថា «ចូរ​បំផ្លាញ​ព្រះ​វិហារ​នេះ​ចុះ រួច​ក្នុង​រវាង៣ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ»(យ៉ូហាន ២:‌១៩)។ សាវ័ក យ៉ូហាន ក៏​បាន​បក​ស្រាយ​ថា ព្រះវិហារ​នោះ​គឺជា​ព្រះ​កាយ​ព្រះ​អង្គ (ខ.២១)។ ថ្ងៃ​មួយ ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​ទីក្រុង​យេរូសាឡឹម​ទៀត មិនមែន​ដើម្បី​​មើល​ទី​ធ្លា​ព្រះវិហារ​ទេ តែ​ដើម្បី​ថ្វាយ​ព្រះ​កាយ និង​ព្រះ​លោហិត​ទ្រង់​ជា​ដង្វាយ​លោះ​បាប​របស់​មនុស្ស ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​គ្រង​រាជ្យ​ជា​រៀង​រហូត។ ដោយ​អាង​អំណាច​នេះ ព្រះ​អង្គ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គោលបំណង​ដែល​ព្រះ​ឲ្យ​គេ​សង់​ព្រះវិហារ​ឡើង ដែល​ផ្ទុយ​ស្រឡះ​ពី​គោលបំណង​របស់​មនុស្ស ក្នុង​ការ​ប្រើ​ប្រាស់​ព្រះវិហារ​នៅ​សម័យ​នោះ។

ដូច​នេះ ព្រះ​យេស៊ូវ​ប្រឈម​មុខ​ដាក់​យើង ដោយ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​កែ​ប្រែ​យើង​ចាប់​ពី​ឫស​គល់​ទៅ ហើយ​ព្រះ​អង្គ​ឆ្លើយតប ដោយ​ភាព​ឧស្សាហ៍ និង​ការពារ ចំពោះ​រឿង​ដែល​ទាក់ទង​នឹង​សិរី​ល្អ​ព្រះ។ ព្រះ​អង្គ​មិនមែន​ជា​មនុស្ស​មឹះៗ ប៉ុន្តែ​ព្រះ​អង្គ​តែងតែ​បញ្ជាក់​អំពី​កំហុស​របស់​យើង និង​មិនមែន​មិន​ដែល​ស្តី​បន្ទោស​យើង​នោះ​ទេ។ ព្រះ​អង្គ​ជា​ស​ម្ដេច​សង្ឃ​ដែល​មិន​គ្រាន់​តែ​យាង​មក ដើម្បី​សម្អាត​បរិវេណ​ព្រះវិហារ តែ​ក៏​សម្អាត​ចិត្ត និង​ផ្សះផ្សា​យើង​ឲ្យ​ជា​នឹង​ព្រះ​អង្គ។ ក្នុង​ព្រះ​គ្រីស្ទ​ដែល​ជា​ព្រះវិហារ​ពិត​ប្រាកដ ព្រះ​អម្ចាស់​បាន​សង់​ដំណាក់ សម្រាប់​ជាទី​អធិស្ឋាន (អេសាយ ៥៦:៧)។

ដូច​នេះ ចូរ​យើង​មើលទៅ​ព្រះ​យេស៊ូវ​សារ​ជា​ថ្មី ដែល​ព្រះ​អង្គ​មិន​បណ្តោយ​ឲ្យ​យើង​បន្ថែម​បន្ថយ​សេចក្តី​ពិត ក្នុង​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដោយ​នាំ​ប្រជា​ជាតិ​ទាំងឡាយ​ថ្វាយបង្គំ​ព្រះ​អង្គ ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ព្រះ​អង្គ​ក៏បាន​ប្រើ​អំណាច និង​ភាព​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ ដើម្បី​ទទួល​ទោស​ជំនួស​យើង​ដោយ​ស្ម័គ្រ​ព្រះទ័យ ដើម្បី​ឲ្យ​យើង​អាច​ស្អាង​ឡើង​វិញ។ ចូរ​មើលទៅ​ព្រះ​យេស៊ូវ​ជា​ថ្មី ក្នុង​នាម​យើង​ជា​អ្នក​ទទួល​ព្រះ​គុណ​ព្រះ​អង្គ។ ចូរ​យើង​មាន​ចិត្ត​ឆេះ​ឆួល​ក្នុង​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ តាម​គំរូ​ព្រះ​អង្គ​ផង​ដែរ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ២៧:៣៥-៥៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ២០-២២ និង​វិវរណៈ ២២

ប្រភេទ