នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ផ្តល់​កិត្តិយស​ដល់​អ្នក​ទន់​ខ្សោយ

ផ្តល់​កិត្តិយស​ដល់​អ្នក​ទន់​ខ្សោយ

ដោយDave Branon

May 7, 2025

២សាំយ៉ូអែល ៩:១-១០

តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជាមួយនឹង​យើង​ជានិច្ច​។ ២សាំយ៉ូអែល ៩:៧

មាន​កីឡា​ប្រភេទ​ថ្មី​មួយ នៅ​សម្រាប់​សិស្ស​វិទ្យាល័យ ហើយ​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត ដែល​យើង​ធ្លាប់​បាន​ឃើញ​។ កីឡា​នេះ​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដូច​កីឡា​ផ្សេង​ដែល​មាន​អ្នក​គាំទ្រ​ស្រែក​ហូរ​លើក​ទឹក​ចិត្ត មាន​អា​ប៊ីត និង​ក្តារ​កត់​ពិន្ទុ​។ ប៉ុន្តែ វា​មាន​ចំណុច​ខុស​ប្លែក​ដ៏​សំខាន់​មួយ​នៅ​ត្រង់ថា ក្រុម​នីមួយៗ​មាន​សមាជិក៥នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​កីឡាករ​ពីរ​នាក់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ហើយ៣នាក់​ទៀត​ជា​ជន​ពិការ ក្នុង​ទម្រង់​ណាមួយ​។ សកម្មភាព​នៃ​ការ​ប្រកួត​ក្នុង​ទីលាន ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ចិត្ត​រំភើប​ណាស់ ខណៈ​ពេល​ដែល​កីឡាករ​ជួយ​គ្នា លើក​ទឹក​ចិត្ត និង​កំឡា​ចិត្ត​គ្នា​ទៅវិញ​ទៅមក ទោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​ផ្សេង​គ្នា​ក៏ដោយ​។ គោលបំណង​ធំ​បំផុត​របស់​កីឡា​នេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​​សិស្ស ដែល​មិន​មាន​ឱកាស​ដក​ពិសោធ​នឹង​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ប្រកួត​កីឡា​ ដូច​អ្នក​ផ្សេង។

ការ​ផ្តល់​កិត្តិយស និង​ឲ្យ​តម្លៃ​សិស្ស​យ៉ាង​ដូច​នេះ អាច​កើត​មាន​បាន ដោយសារ​សាលា​រៀន​នេះ​មាន​ថ្នាក់​ដឹកនាំ​ប្រកបដោយ​ប្រាជ្ញា និង​មាន​ម្ចាស់​ការ​។ ហើយ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ បាន​ក្រើន​រំឭក​យើង អំពី​គំរូ​ដ៏​ល្អ​ដែល​ស្តេច​ដាវីឌ​បាន​បន្សល់​ទុក​ឲ្យ ក្នុង​ព្រះ​គម្ពីរប៊ីប​។

នៅ​សម័យ​របស់​ស្តេច​ដាវីឌ គេ​មាន​ទម្លាប់​និយាយ​ថា មនុស្ស​ខ្វាក់ និង​ពិការ​ជើង មិន​អាច​ចូល​វាំង​បានទេ(២សាំយ៉ូអែល ៥:៨)។ គេ​និយាយ​ដូច​នេះ ក្នុង​ន័យធៀប សំដៅ​មក​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្តេច​ដាវីឌ​បាន​សម្រេច​ព្រះទ័យ នាំ​ព្រះអង្គម្ចាស់​​មភី​បូសែត ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ដែល​ពិការ​ជើង​ទាំង​សងខាង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង​របស់​ទ្រង់ ហើយ​បាន​ប្រទាន​កិត្តិយស​ឲ្យ​ព្រះអង្គម្ចាស់​​មភី​បូសែត​បាន​អង្គុយ​នៅ​តុ​ជាមួយ​ទ្រង់​ផង​ដែរ(៩:៧)។

សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​យើង​យ៉ាង​ច្បាស់ អំពី​របៀប​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​។ “ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅវិញ​ទៅមក​ចុះ ខាង​ឯ​សេចក្ដី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជាមុន”(រ៉ូម ១២:១០)។

ចូរ​យើង​អនុវត្ត​នូវ​ការ​រស់នៅ​ដែល​មាន​ការ​រួបរួម ដោយ​ប្រាកដ​ថា យើង​ត្រូវ​ផ្តល់​កិត្តិយស​ដល់​មនុស្ស​ទាំង​អស់ ដែល​យើង​ជួប ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​។—Dave Branon

តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​មនុស្ស ដែល​មាន​ទំនាក់​ទំនងជា​មួយ​អ្នក ដូច​ម្តេច​ខ្លះ? តើ​ការ​ផ្តល់​កិត្តិយស​ដល់​អ្នក​ដទៃ មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បង្ហាញ​ព្រះគុណ និង​សេចក្តី​សប្បុរស ចំពោះ​មនុស្ស​ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​ជំនួយ​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១-៣ និង លូកា ២៤:១-៣៥

ល្ងាច

យើង​រាល់​គ្នា​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

យើង​រាល់​គ្នា​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 7, 2025

«អញ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ងងឹត​បាន​ភ្លឺ​ឡើង​នៅមុខ​គេ ហើយ​ផ្លូវ​ក្ងិចក្ងក់​ឲ្យ​ទៅជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះបង់ចោល​គេ​ឡើយ ឯពួក​អ្នក​ដែល​ទុកចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​នឹង​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ​ផង» (អេសាយ ៤២:១៦-១៧)។

លោក បប់ ឌីលិន (Bob Dylan) បាន​និពន្ធ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា អ្នក​ត្រូវតែ​បម្រើ​នរណា​ម្នាក់។1 ជា​ការ​ពិត​ណាស់ យើង​ម្នាក់ៗ​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ។ តែ​យើង​ត្រូវ​សួរ​ថា យើង​កំពុង​ថ្វាយបង្គំ​អ្វី?

មាន​ពេល​ញឹក​ញាប់​ពេក​ហើយ​ដែល ក្នុង​ភាព​ឥត​ប្រយោជន៍​របស់​មនុស្ស យើង​បាន​ធ្លាក់​ខ្លួន​ពឹង​ផ្អែក​ទៅលើ​របស់​អ្វី​ដែល​យើង​បាន​ច្នៃ​បង្កើត​ដោយដៃ ហើយ​ថ្វាយបង្គំ​ពួកវា។ ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ទាំងមូល ឫសគល់​នៃ​បញ្ហា​របស់​មនុស្ស​ជាតិ គឺ​ស្ថិត​នៅ​ត្រង់ថា យើង​បាន​បង្កើត​ព្រះ​ក្លែងក្លាយ ហើយ​ស្វែងរក​សេចក្តី​សង្គ្រោះ​ក្លែង​ក្លាយ​ពី​ព្រះ​ទាំង​នោះ។ យើង​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នេះ​ក្នុង​ចិត្ត​យើង ជំនួស​ឲ្យ​ព្រះ​ពិត។ យើង​មិន​បាន​មើលទៅ​ព្រះ​អង្គ ដោយ​ចិត្ត​ប្ដូរ​ផ្តាច់ និង​ទទួល​ព្រះ​អង្គ​ជា​ប្រភព​នៃ​ការ​ស្កប់​ចិត្ត​ឡើយ តែ​ផ្ទុយ​ទៅវិញ យើង​ទទួល​យក​របស់​ល្អៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​ឲ្យ​យើង​អរ​សប្បាយ ហើយ​កែ​ប្រែ​ពួកវា​ឲ្យ​ក្លាយ​ជា​រូប​ព្រះ ដើម្បី​ជំនួស​ព្រះ​អង្គ​ដោយ​ភាព​ល្ងង់​ខ្លៅ។

លោក​ស៊ី.អេស. លូអ៊ីស (C.S. Lewis) បាន​បក​ស្រាយ​យ៉ាង​ដូច​នេះ​ថា «យើង​ជា​មនុស្ស​ដែល​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់ ដែល​ស្វែងរក​ការ​សប្បាយ​ភ្លើតភ្លើន គ្រឿង​ស្រវឹង ទំនាក់​ទំនង​ផ្លូវភេទ និង​មហិច្ឆតា ខណៈ​ពេល​ដែល​ព្រះអម្ចាស់​បាន​ដាក់​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ នៅ​ចំពោះ​មុខ​យើង​ជា​ស្រេច គឺ​មិន​ខុសពី​ក្មេង​ល្ងង់​ម្នាក់ ដែល​ចង់​បន្ត​ធ្វើ​នំ​ពី​ភក់ ក្នុង​តំបន់​អនាធិបតេយ្យ ព្រោះ​គាត់​មិន​អាច​យល់ អំពី​ការ​សប្បាយ ដែល​គាត់​អាច​ទទួល​បាន​នៅ​ក្នុង​ពេល​វិស្សម​កាល​នៅ​សមុទ្រ។ យើង​ពិតជា​ងាយ​នឹង​ពេញ​ចិត្ត​ពេក​ហើយ។2»

ទោះ​យើង​បាន​យក​រូប​ព្រះ​អ្វី​មក​ជំនួស​ព្រះ​ក្នុង​ចិត្ត​យើង​ក៏​ដោយ ក៏​ពួកវា​មិន​អាច​ជួយ​យើង​បាន​ឡើយ។ គឺ​ដូច​ដែល​ហោរា អេសាយ បាន​បក​ស្រាយ​ច្បាស់​ថា ពួកវា​មិន​អាច​ប្រាប់​យើង​ពី​ពេល​អនាគត ឬ​ជួយ​យើង​ជញ្ជឹង​គិត​អំពី​ពេល​អតីត​កាល ឬ​ផ្តល់​ការ​ប្រឹក្សា​ដល់​យើង​ឡើយ។ ពួកវា​មិន​អាច​ឆ្លើយ​សំណួរ​យើង ខុសពី​ការ​រំពឹង​ចង់​បាន​របស់​យើង (អេសាយ ៤១:២២-២៣, ២៨-២៩)។

មាន​តែ​ព្រះ​ពិត​ដ៏​រស់​ទេ ដែល​ជ្រាប​អ្វីៗ​ទាំង​អស់​តាំង​ពីដើម​ដល់​ចប់។ ព្រះ​អង្គ​មាន​បន្ទូល​មក​កាន់​យើង ហើយ​ប្រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ ព្រះ​អង្គ​បណ្ដេញ​ភាព​ងងឹត ដោយ​ពន្លឺ។ ព្រះ​អង្គ​ជំនួស «ភាព​រលាក់» នៃ​ការ​អាក្រក់ ដោយ «ដី​រាប​ស្មើ» នៃ​សេចក្តី​សុចរិត។ ទោះ​កាលពី​មុន យើង​បាន​បែរ​ខ្នង​ដាក់​ព្រះ​អង្គ​ក៏​ដោយ ក៏​ព្រះ​អង្គ​បាន​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​យាង​ចុះ​មក​ផែនដី ដោយ​ព្រះ​យេស៊ូវ​ជា​អ្នក​បម្រើ​របស់​ព្រះ​អង្គ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ដ៏​អស្ចារ្យ​របស់​យើង។

យើង​ប្រឈម​មុខ​ដាក់​រូប​ព្រះ​ជាប់​ជានិច្ច ដោយ​ពួកវា​តែងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​បញ្ឆោត​យើង​ឲ្យ​ស្វែងរក​ការ​ស្កប់​ចិត្ត​ក្នុង​ពួកវា ជាជាង​ក្នុង​ព្រះ​អម្ចាស់។ តើ​រូប​ព្រះ​អ្វី​ដែល​ស្រែកហៅ​អ្នក ដោយ​សម្លេង​ឮ​ខ្លាំង​បំផុត? ចូរ​ដឹង​ថា ពួកវា​កំពុង​កុហក​អ្នក (ទោះ​ពួកវា​មិន​ប្រាប់​អ្នក​ថា ពួកវា​កុហក​អ្នក​ក៏​ដោយ)។ ព្រះបន្ទូល​ព្រះ​ដាស់តឿន​យើង​អំពី​ភាព​អា​ម៉ាស់​នៅ​ក្នុង​ការ​ថ្វាយបង្គំ​ពួកវា និង​នាំ​យើង​ទៅ​រក​ផ្លូវ​ល្អ​ជាង ដែល​ជា​ការ​ស្វែងរក​ការ​ស្កប់​ចិត្ត ក្នុង​ការ​បម្រើ និង​ទទួល​ការ​បម្រើ​ពី​ព្រះ​អង្គ។

អ្នក​ត្រូវតែ​បម្រើ​នរណា​ម្នាក់​នៅ​ថ្ងៃ​នេះ។ តែ​ត្រូវ​ប្រាកដ​ថា អ្នក​បម្រើ​ព្រះ​ដ៏​រស់ ដែល​មាន​ក្តី​ស្រឡាញ់។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ១:១៦-៣២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ២៦-២៨ និង​ម៉ាថាយ ២

1 លោក Bob Dylan, “Gotta Serve Somebody” (ឆ្នាំ១៩៧៩)។

2 ដកស្រង់​ចេញពី​សៀវភៅ The Weight of Glory,” in The Weight of Glory and Other Addresses (លោក Harper Collins ឆ្នាំ២០០១) ទំព័រ២៦។

ប្រភេទ