នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បាន​ចាក់​ឫស​ជ្រៅ ក្នុង​ព្រះយេស៊ូវ

បាន​ចាក់​ឫស​ជ្រៅ ក្នុង​ព្រះយេស៊ូវ

ដោយAmy Boucher Pye

May 8, 2025

អេភេសូរ ៣:១៤-២១

ឲ្យ​ព្រះគ្រីស្ទ​ស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​រសេច​ក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់ឫស ហើយ​តាំង​មាំ​មួន​ក្នុង​សេចក្ដី​ស្រឡាញ់​។ អេភេសូរ ៣:១៧

លោក​អេឌ្រូ មួរេយ(Andrew Murray ឆ្នាំ១៨២៨-១៩១៧) ជា​គ្រូ​គង្វាល​ជាទី​ស្រឡាញ់​របស់​ពួក​ជំនុំ​មួយ​កន្លែង​។ គាត់​បាន​ចែកចាយ​ផល​ប៉ះ​ពាល់ ដែល​ជំងឺ​ផ្សេងៗ​មាន មក​លើ​ដើម​ក្រូច នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​​កំណើត​របស់​គាត់​។ មនុស្ស​ជា​ទូទៅ​ប្រហែល​ជា​មើល​ឃើញ​ដើម​ក្រូច​ទាំង​នោះ ហាក់​ដូចជា​មាន​ការ​លូត​លាស់​ធម្មតា ប៉ុន្តែ អ្នក​ជំនាញ​ខាង​កសិកម្ម​អាច​មើល​ឃើញ​ភាព​ពុក​ផុយ ដែល​កំពុងតែ​សម្លាប់​ដើម​ក្រូច​ទាំង​នោះ​បន្តិច​ម្តងៗ​។ មាន​វិធី​តែមួយ​ទេ ដើម្បី​សង្គ្រោះ​ដើម​ក្រូច​ដែល​មាន​ជំងឺ​ទាំង​នោះ គឺ​ត្រូវ​កាត់​ដើម និង​​មែក​របស់​ពួកវា​ចេញ​ពី​ឫស យក​ទៅ​បំបៅ នៅ​លើ​ដើម​ថ្មី​។ បន្ទាប់មក ដើម​ក្រូច​នោះ​អាច​លូត​លាស់​បាន​ល្អ និង​បង្កើត​ផល​​ផ្លែ​។

លោក​គ្រូ​មួរេយ ក៏បាន​តភ្ជាប់​ការ​ពិពណ៌នា​នេះ ជាមួយនឹង​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​។ កាល​សាវ័ក​ប៉ុល​កំពុង​ជាប់គុក នៅ​ទីក្រុង​រ៉ូម គាត់​បាន​សរសេរ​សំបុត្រ ដោយ​សង្ខេប​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​។ គាត់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​គាត់​ជា​គ្រូ​គង្វាល ដោយ​អធិស្ឋាន​សូម​ឲ្យ​អ្នកជឿ បាន​មាំមួន​ឡើង ដោយ​ព្រះ​ចេស្តា តាមរយៈ​ព្រះ​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​ព្រះអង្គ​បាន​គង់នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ដោយ​សេចក្តី​ជំនឿ(អេភេសូរ ៣:១៦-១៧)។ សាវ័ក​ប៉ុល​មាន​សេចក្តី​ប្រាថ្នា​ចង់​ឲ្យ​ពួកគេ បាន​ចាក់​ឫស និង​លូត​លាស់​យ៉ាង​រឹងមាំ ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​បាន​ស្គាល់​ខ្នាត​ទាំង​អស់ នៃ​សេចក្តី​ស្រឡាញ់​ជា​បរិបូរ​របស់​ព្រះ(ខ.១៧-១៨)។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ឫស​របស់​យើង​បាន​ចាក់​ចូល​ជ្រៅ ទៅ​ក្នុង​ដី​ដែល​មាន​ជីជាតិ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ការពារ និង​ជួយ​ឲ្យ​យើង​លូត​លាស់​បាន​ល្អ​។ ហើយ​ខណៈ​ពេល​ដែល​យើង​នៅ​ជាប់​នឹង​ព្រះយេស៊ូវ ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ក៏​ជួយ​យើង​ឲ្យ​បង្កើត​ផល​ផ្លែ​។ យើង​ប្រហែល​ជា​ត្រូវ​ឆ្លង​កាត់​ខ្យល់​ព្យុះ ដែល​អង្រួន​យើង​ឲ្យ​រង្គោះ​រង្គើ តែ​យើង​អាច​ឈ​រ​យ៉ាង​មាំមួន ពេលណា​យើង​បាន​ចាក់​ឫស​ក្នុង​ប្រភព​នៃ​ជីវិត និង​សេចក្តី​ស្រឡាញ់​។—Amy Boucher Pye

តើ​ការ​ដែល​អ្នក​ជា​ខ្នែង នៅ​ជាប់​នឹង​ដើម​ទំពាំង​បាយ​ជូរ ដែល​ជា​ព្រះយេស៊ូវ មានន័យ​ដូច​ម្តេច ចំពោះ​អ្នក?
តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​ប្រាកដ​ថា អ្នក​បាន​ទទួល​ជីវជាតិ​គ្រប់​គ្រាន់ ក្នុង​ជីវិត​អ្នក​ដើម្បី​ឲ្យ​បាន​ចម្រើន​ឡើង?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​តាំង​ទូល​បង្គំ​ឲ្យ​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​បង្កើត​ផល​ផ្លែ និង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៤-៦ និង លូកា ២៤:៣៦-៥៣

ល្ងាច

អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 8, 2025

«កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង» (កិច្ចការ ១:៨)។

ព្រះអម្ចាស់​ប្រទាន​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​រាស្ត្រ​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​នាំ​ព្រះ​បន្ទូល​ព្រះ​អង្គ ទៅដល់​លោកីយ៍។

បើ​គ្មាន​ព្រះ​វិញ្ញាណ​ទេ ព្រឹត្តិការណ៍​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ។ ព្រឹត្តិការណ៍​ទាំង​នោះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​រីក​សុះសាយ​នៃ​ដំណឹង​ល្អ ដោយ​ក្នុង​នោះ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​បាន​ដើរ​តាម​ផ្លូវ​នៃ​ទីក្រុង​យេរូសាឡឹម ដើម្បី​ប្រកាស​ព្រះរាជសារ​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ កាល​ប៉ុន្មាន​សប្ដាហ៍​មុន ពួក​សាវ័ក​ទាំង​នោះ​កំពុង​លាក់​ខ្លួន​សម្ងំ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ទ្វារ​បិទ​ជិត ដោយ​ការ​ភ័យ​ខ្លាច ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​កាន់​ទុក្ខ ចំពោះ​ការ​សុគត​នៃ​ក្សត្រ​របស់​ពួក​គេ​នៅ​លើ​ឈើ​ឆ្កាង។ តើមាន​អ្វី​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ​ដូច​នេះ?

យើង​អាច​រក​ឃើញ​ចម្លើយ នៅ​ក្នុង​ជ័យ​ជម្នះ ដែល​ព្រះ​យេស៊ូវ​មាន​មក​លើ​សេចក្តី​ស្លាប់ និង​ព្រះ​បន្ទូល​សន្យា ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​សិស្ស​ព្រះ​អង្គ គឺ​ការ​សន្យា​ថា នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ និង​ប្រទាន​អំណាច​ឲ្យ​ពួក​គេ​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ។ ព្រះ​បន្ទូល​សន្យា​នេះ គឺ​ស្រប​នឹង​ព្រះ​រាជ​បញ្ជា ឲ្យ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ចូល​ទៅ​ក្នុង​លោកីយ៍​ទាំង​មូល ដើម្បី​ផ្សាយ​ដំណឹង​ល្អ។

មុន​ពេល​ពួក​សាវ័ក​ចូល​ទៅ​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​ឆេះឆួល ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​គេ​ឲ្យ​មាន​ការ​ផ្ដោត​ចិត្ត​ត្រឹម​ត្រូវ។ ពួក​គេ​មិន​ទាន់​បាន​យល់​ការ​ពិត​ដែល​ថា ព្រះ​អង្គ​មិន​គ្រាន់​តែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក។ ហើយ​មួយ​រយៈ​ក្រោយមក ពួក​គេ​ក៏បាន​យល់​ច្បាស់​អំពី​សេចក្តី​ពិត​នេះ (សូម​អាន​កណ្ឌ​គម្ពីរ កិច្ចការ ១០:១-១១:១៨)។ ហេតុ​នេះ​ហើយ ព្រះ​យេស៊ូវ​បាន​បង្គាប់​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ​ធ្វើ​ជា «ស្មរ​បន្ទាល់​របស់​ព្រះ​អង្គ​នៅ​ទីក្រុង​យេរូសាឡឹម នៅ​ទូ​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី ហើយ​ដល់​ចុង​បំផុត​នៃ​ផែនដី»។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​យាង​ឡើង​ស្ថាន​សួគ៌​វិញ ព្រះវិញ្ញាណបរិសុទ្ធ​បាន​យាង​ចុះ​មក​លើ​អ្នក​ដើរ​តាម​ព្រះ​អង្គ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា ហើយ​បន្ទាប់​មក រឿង​ដ៏​អស្ចារ្យ​នៃ​ការ​រីក​សុសសាយ​នៃ​ពួក​ជំនុំ​ទៅដល់​កន្លែង​ដទៃ​ទៀត ក្នុង​ពិភពលោក​ក៏បាន​ចាប់​ផ្ដើម។ មាន​រឿង​មួយ​ដែល​មិន​ទាន់​បាន​បញ្ចប់ ហើយក៏​បាន​រាប់​បញ្ចូល​អ្នកជឿ​ព្រះ​ម្នាក់ៗ ខណៈ​ពេល​ដែលគេ​បន្ត​ផ្សាយ​ដំណឹង​ល្អ នៅ​ទូ​ទាំង​ពិភពលោក។

បើ​អ្នក​នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ នោះ​អ្នក​ក៏​មាន​ព្រះ​វិញ្ញាណ​ផង​ដែរ ហើយ​ព្រះ​ចេស្ដា​ព្រះ​អង្គ​ជួយ​អ្នក​ឲ្យ​ផ្សាយ​សេចក្តី​ពិត​អំពី​ព្រះ​យេស៊ូវ នៅ​ទូ​ទាំង​ពិភព​លោក។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ​មក មិនមែន​ដើម្បី​ឲ្យ​យើង​អាច​អង្គុយ​នៅ​មួយ​កន្លែង ដើម្បី​ចែក​ចាយ​ដល់​គ្រីស្ទាន​ដទៃ​ទៀត អំពី​បទ​ពិសោធន៍​ខាង​វិញ្ញាណ​របស់​យើង​នោះ​ទេ។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​ប្រើ​អំណោយ​ទាន និង​ទេព​កោសល្យ​របស់​យើង ដើម្បី​នាំ​ដំណឹង​ល្អ​ទៅដល់​ប្រជា​ជាតិ​ទាំងឡាយ។ មាន​ន័យ​មក​ថា អ្នក​ខ្លះ​ត្រូវ​ទៅ​ធ្វើ​បេសកកម្ម​នៅ​ប្រទេស​ដទៃ។ ហើយ​ខ្លះ​ទៀត ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ថ្នល់ ឬ​ឆ្លង​ទីក្រុង ដើម្បី​ទៅ​ធ្វើ​បេសកកម្ម​ផង​ដែរ។

ព្រះ​អម្ចាស់​ត្រាស់​ហៅ​អ្នក​ឲ្យ​ស្រឡាញ់ និង​បម្រើ សូម្បីតែ​អ្នក​ដែល​មាន​សញ្ជាតិ​នៅ​ផែនដី​ខុសពី​យើង។ ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក​ឲ្យ​ចេញពី​ភាព​សុខ​ស្រួល ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត តាម​និស្ស័យ​សាច់ឈាម​របស់​អ្នក ឬ​ថែម​ទាំង​ចែក​ចាយ​ដល់​មនុស្ស​ដែល​ចាត់​ទុក​អ្នក​ជា​សត្រូវ​របស់​ពួក​គេ​ផង​ដែរ។ ប៉ុន្តែ ព្រះ​អង្គ​មិន​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​ជួយ​ខ្លួន​ឯង​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ក្លាហាន ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នេះ​ទេ។ ទេ យើង​ត្រូវតែ​មាន​ការ​ផ្លាស់​ប្រែ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ តាម​ព្រះ​បន្ទូល​សន្យា និង​ជំនួយ​របស់​ព្រះវិញ្ញាណបរិសុទ្ធ។ ដូច​នេះ ចូរ​យើង​ទូល​សូម​ព្រះ​អង្គ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​ជា​ថ្មី​ក្នុង​ជីវិត​យើង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ប្រកាស​ដំណឹង​ល្អ ដោយ​ចិត្ត​ក្លាហាន និង​ភាព​ឧស្សាហ៍។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ២៩-៣១ និង​ម៉ាថាយ ៣

ប្រភេទ