កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នកណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ។ ដ្បិត​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​និង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ» (ម៉ាកុស ៨:៣៤-៣៥)។

នៅពេល​ណា​អ្នក​ទទួល​យក​សេវា​កម្ម​អ្វីមួយ​ពី​វិបសាយ​ណាមួយ​តាម​អនឡាញ។ ជា​ញឹក​ញាប់ គេ​តម្រូវ​ឲ្យ​អ្នក​មាន​ការ​យល់​ព្រម ចំពោះ​កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់។ ហើយ​ពេល​ណា​យើង​បាន​ចុច​ពីលើ​ប្រអប់ «ខ្ញុំ​យល់​ព្រម» កាត​ក្រេឌីត វេទិកា​បណ្ដាញ​សង្គម ឬ​វិបសាយ​ទាំង​នោះ​នឹង​ជួន​ដំណឹង​យើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ឲ្យ​យើង​ដឹង​ថា គោលការណ៍​ច្បាប់​របស់​ពួក​គេ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​ដើម្បី​ឲ្យ​យើង​បន្ត​ប្រើ​សេវា​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​យើង​ត្រូវ​យល់​ព្រម ចំពោះ​លក្ខ​ខណ្ឌ​ថ្មី​នោះ។

ការ​ផ្លាស់​ប្ដូរ​ដូច​នេះ អាច​កើត​មាន​ញឹក​ញាប់ និង​យើង​មិន​ងាយ​ចាប់​អារម្មណ៍។ យើង​មិន​អាច​កត់​សម្គាល់ ឬ​តាមដាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។ ប៉ុន្តែ អរ​ព្រះ​គុណ​ព្រះ​អង្គ កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ​សម្រាប់​ការ​រស់នៅ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ មិន​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ គេ​មិន​អាច​លុប​ចោល ឬ​បន្ថែម​បន្ថយ​លក្ខ​ខណ្ឌ​ទាំង​នោះ​ស្រប​តាម​ចំណង់​ចំណូល​ចិត្ត​យើង​បាន​ឡើយ ព្រោះ​ព្រះអម្ចាស់​បាន​កំណត់​ពួក​វា​មក។ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ ព្រះរាជបុត្រា​នៃ​ព្រះ​បាន​កំណត់ «កិច្ច​ព្រម​ព្រៀង និង​លក្ខ​ខណ្ឌ» សម្រាប់​ការ​រស់នៅ​ជា​រាស្ត្រ​ព្រះ​អង្គ និង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។

ជួនកាល យើង​ច្រើនតែ​រស់នៅ​តាម​របៀប​ដែល​ធ្វើ​មើល​តែ​យើង​ត្រូវ​ពឹង​ផ្អែកលើ​សមត្ថ​ភាព​ខ្លួន​ឯង ដើម្បី​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់។ តែ​ផ្ទុយ​ទៅវិញ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ថា នៅ​ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ការ​ឆ្លើយតប​ចំពោះ​ដំណោះ​ស្រាយ និង​ព្រះ​គុណ​របស់​ព្រះ​អង្គ(អេភេសូរ ២:៨) ព្រះ​គុណ​ព្រះ​អង្គ​ក៏​ទ្រទ្រង់​យើង និង​ជួយ​ឲ្យ​យើង​អាច​បន្ត​ដើរ​តាម​ព្រះ​អង្គ(ភីលីព ១:៦)។ ព្រះ​អង្គ​បាន​កែ​ប្រែ​ចិត្ត​គំនិត សីលធម៌ អាកប្ប​កិរិយា និង​ផ្លូវ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ ដែល​យើង​បាន​ប្រកាស​ថា ព្រះ​អង្គ​មាន​គ្រប់​ចេស្ដា។

ក្នុង​ចំណោម​លក្ខ​ខណ្ឌ​សម្រាប់​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​មាន​លក្ខ​ខណ្ឌ​មួយ ដែល​តម្រូវ​ឲ្យ​យើង​ឈប់​រស់នៅ សម្រាប់​ខ្លួន​ឯង​ទៀត។ អត្ត​សញ្ញាណ និង​គោលដៅ​របស់​បុគ្គល​ម្នាក់ៗ មិនមែន​ជា​អាទិភាព​នោះ​ទេ។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​ផ្លាស់​ប្រែ ដើម្បី​បង្កើត​ផល​ផ្លែ ដែល​លោកីយ៍​អាច​មើល​ឃើញ តាមរយៈ​ការ​រួបរួម​យើង​ជា​មួយ​ព្រះ​គ្រីស្ទ។ ព្រះ​អង្គ​បាន​ត្រាស់ហៅ​យើង ឲ្យ​លះចោល​ការ​ថ្វាយ​បង្គំ​ខ្លួន​ឯង​ទាំង​ស្រុង។

យើង​លី​ឈើ​ឆ្កាង ហើយ​ដើរ​តាម​ព្រះ​អង្គ គឺ​តាមរយៈ​ការ​បដិសេធន៍​ខ្លួន​ឯង។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែលគេ​ច្រើន​តែ​បន្ទាប​តម្លៃ​របស់​ពាក្យ​ប្រៀប​ប្រដូច​អំពី «ការ​លីឈើ​ឆ្កាង» បាន​ជា​យើង​ត្រូវ​ចាំ​ថា ការ​ជាប់​ឆ្កាង គឺជា​ការ​ប្រហារ​ជីវិត​ដែល​សាហាវ និង​អាក្រក់​បំផុត ដែល​មនុស្ស​ជាតិ​បាន​បង្កើត​មក។ នៅ​ក្នុង​ការ​មាន​បន្ទូល​អំពី​ការ​លី​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល​សង្កត់​ធ្ងន់​ថា ការ​បង្កើត​សិស្ស​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ធំ។

ប៉ុន្តែ ព្រះ​គ្រីស្ទ​មិនមែន​កំពុង​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​អ្វីមួយ ដែល​ព្រះ​អង្គ​មិន​ទាន់​បាន​ធ្វើ​នោះ​ទេ។ ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ​យើង​នៅ​លើ​ឈើ​ឆ្កាង (១កូរិនថូស ៦:២០)។ ដូច​នេះ ការ​ដើរ​ជា​មួយ​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​សិស្ស គឺជា​ការ​ដើរ​ទៅ​រក​ការ​ស្លាប់​នៃ​ជីវិត​ចាស់ និង​ឆ្ពោះ​ទៅ​រក​ជីវិត​អស់​កល្ប។ គឺ​មិនមែន​ជា​ការ​ដើរ​លេង តែ​ជា​យញ្ញ​បូជា​រស់ ព្រោះ​យើង​មិនមែន​ជា​កម្ម​សិទ្ធិ​ខ្លួន​ឯង​ទេ។ ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង ការ​ដើរ​នោះ​ក៏​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ។ ថ្ងៃ​មួយ កូន​មនុស្ស​នឹង​វិល​ត្រឡប់​មកវិញ ដោយ​ព្រះ​ចេស្ដា និង​សិរី​ល្អ ហើយ​ប្រោស​លោះ​អ្វី​ដែល​បាន​បាក់​បែក​ក្នុង​នគរ​ព្រះ​អង្គ។ ទំរាំ​ដល់​ពេល​នោះ ការ​លះបង់​ជីវិត ដើម្បី​នគរ​ព្រះ គឺជា​ការ​លះបង់​ដ៏​ប្រសើរ ទោះ​មាន​ទំហំ​ប៉ុណ្ណា​ក៏​ដោយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ៣:១៣-៤:១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ៣៥-៣៦ និង​ម៉ាថាយ ៥:១-២៦

More articles