១ពេត្រុស ១:៣-៩
អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ។ ១ពេត្រុស ១:៦
មនុស្សរាប់ពាន់នាក់ នៅទូទាំងពិភពលោក បានអធិស្ឋានឲ្យកូនរបស់អ្នកស្រីសេថេ(Sethie) មានអាយុ៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនឆ្នាំខែហើយ។ នៅពេលដែលវេជ្ជបណ្ឌិតមានប្រសាសន៍ថា ខួរក្បាលរបស់ស៊ីឡូហ(Shiloh) លែងមានដំណើរការទៀត អ្នកស្រីសេថេក៏បានទូរស័ព្ទមកខ្ញុំ។ គាត់ប្រាប់ខ្ញុំថា “ជួនកាល ខ្ញុំមានការភ័យខ្លាចថា ខ្ញុំមិនបានរស់នៅ ដោយជំនឿពេញលេញ។ ខ្ញុំដឹងថា ព្រះអាចប្រោសស៊ីឡូហឲ្យជា ហើយឲ្យគាត់ត្រឡប់មកផ្ទះវិញជាមួយយើង។ ខ្ញុំក៏មានសន្តិភាពក្នុងចិត្តដែរ ប្រសិនបើព្រះទ្រង់ប្រោសឲ្យគាត់ជា ដោយនាំគាត់ទៅនគរស្ថានសួគ៌”។ ខ្ញុំក៏បានលើកទឹកចិត្តគាត់ថា ព្រះទ្រង់យល់ចិត្តគាត់ លើសនរណាទាំងអស់។ ខ្ញុំប្រាប់គាត់ថា “អ្នកបានចុះចូលបំណងព្រះទ័យព្រះអង្គ។ នោះមានន័យថា អ្នកមានជំនឿពេញលេញហើយ!” ពីរបីថ្ងៃក្រោយមក ព្រះអម្ចាស់ក៏បានយកកូនប្រុសជាទីស្រឡាញ់របស់គាត់ ទៅរស់នៅនគរស្ថានសួគ៌។ ទោះគាត់មានការតយុទ្ធនឹងការសោកសង្រេង ដោយសារការបាត់បង់កូនប្រុសក៏ដោយ ក៏គាត់នៅតែអរព្រះគុណព្រះអង្គ និងមនុស្សជាច្រើនដែលបានអធិស្ឋានឲ្យគាត់។ គាត់ថា “ខ្ញុំជឿថា ព្រះទ្រង់នៅតែល្អ ហើយនៅតែជាព្រះ”។
ទំរាំតែដល់ពេលដែលព្រះយេស៊ូវយាងមកវិញ ក្នុងលោកិយនេះ យើងនឹងនៅតែមានទុក្ខព្រួយ និងជួបការល្បងលគ្រប់ប្រភេទ(១ពេត្រុស ១:៦)។ យើងចាំបាច់ត្រូវតែប្រឈមមុខដាក់ និងឆ្លងកាត់អារម្មណ៍ពិតរបស់យើង ដែលកើតឡើងពីការឈឺចាប់ពិត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗដែលបានឆ្លងកាត់ “ការកើតជាថ្មី” ក្នុងព្រះគ្រីស្ទ(ខ.៣) អាចបោះយុថ្កាជាប់ក្នុងជីវិត ដោយសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះយេស៊ូវ ហើយ “ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន”(ខ.៨)។ លទ្ធផលសំខាន់បំផុត ដែលយើងទទួលបានពីជំនឿលើព្រះគ្រីស្ទ គឺសេចក្តីសង្គ្រោះសម្រាប់វិញ្ញាណយើង (ខ.៩)។
ព្រះវិញ្ញាណបរិសុទ្ធចម្រើនកម្លាំងយើង ឲ្យមានជំនឿពេញលេញ ដោយរស់នៅ ដោយការអធិស្ឋានជាប់ជានិច្ច ហើយថ្វាយបញ្ហារបស់យើង ដាច់ដល់ព្រះគ្រីស្ទ ដោយទុកចិត្តព្រះអង្គ។—Xochitl Dixon
តើព្រះទ្រង់បានជួយអ្នកឲ្យអរសប្បាយ ដោយសេចក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះ ក្នុងព្រះយេស៊ូវ
នៅចំពោះមុខនៃទុក្ខលំបាក នៅពេលណាខ្លះ? តើទំនុកចិត្តដែលអ្នកមានចំពោះព្រះអង្គ បានផ្លាស់ប្តូររបៀបដែលអ្នកអធិស្ឋានដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ខណៈពេលដែលទូលបង្គំរង់ចាំព្រះបន្ទូលសន្យារបស់ព្រះអង្គដែលថា|
ព្រះអង្គនឹងយាងមកវិញ ហើយធ្វើឲ្យអ្វីៗថ្មីឡើង។
For further study, read A Season of Suffering—Meeting Jesus in Our Pain at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១០-១២ និង យ៉ូហាន ១:២៩-៥១