នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

លើស​ពី​ពាក្យ​ដែល​អាច​ពិពណ៌នា

លើស​ពី​ពាក្យ​ដែល​អាច​ពិពណ៌នា

ដោយMonica Larose

May 15, 2025

២កូរិនថូស ១២:១-១០

ខ្ញុំ​នឹង​ស៊ូ​អួត​ពី​​សេចក្ដី​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌​​ចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅនឹង​ខ្ញុំ​។ ២កូរិនថូស ១២:៩

លោក​ថូ​ម៉ាស អ័​គីណាស(Thomas Aquinas) ជា​ទេវ​វិទូ នៅ​ក្នុង​មជ្ឈិម​សម័យ បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​រស់នៅ ក្នុង​ជីវិត​ដែល​ស្វែងរក​បំណង​ព្រះទ័យ​ព្រះ​។ ក្រុម​គ្រួសារ​គាត់​បាន​ឃុំ​ខ្លួន​គាត់​ក្នុង​គុក អស់​រយៈ​ពេល១ឆ្នាំ ដើម្បី​​ព្យាយាម​បំបាក់​ទឹក​ចិត្ត​គាត់ មិន​ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ដូ​មីនីខិន ជា​ក្រុម​ដែល​មាន​ការ​ប្តូរ​ផ្តាច់ ក្នុង​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​សាមញ្ញ និង​មានការ​សិក្សា និង​ផ្សាយ​ព្រះបន្ទូល​។ បន្ទាប់ពី​គាត់​បាន​ចំណាយ​​ពេល​ពេញ​មួយ​ជីវិត ដើម្បី​​សិក្សា​ព្រះ​គម្ពីរប៊ីប និង​ខគម្ពីរ​ដែល​និយាយ​អំពី​​ការ​បង្កើត​របស់​ព្រះ ហើយ​បាន​និពន្ធ​សៀវភៅ​ជិត១០០ភាគ គាត់​បាន​ដក​ពិសោធន៍​នូវ​ទំនាក់​ទំនងជា​មួយ​ព្រះ ដែល​មានន័យ​យ៉ាង​ខ្លាំង បានជា​គាត់​សរសេរ​ថា “ខ្ញុំ​មិន​អាច​រក​ពាក្យ​ដើម្បី​សរសេរ​សៀវភៅ​​ទៀត​ទេ ព្រោះ​ព្រះអង្គ​បាន​ប្រទាន​ខ្ញុំ​នូវ​ការ​យល់​ដឹង អំពី​ប្រាជ្ញា​របស់​ព្រះអង្គ ដែល​មាន​ពេញ​ដោយ​សិរី​ល្អ បានជា​ពាក្យ​ពេចន៍​ទាំង​អស់ ដែល​ខ្ញុំ​បាន​សរសេរ​កន្លងមក គឺ​ប្រៀប​ដូចជា​ចំបើង​ប៉ុណ្ណោះ”។ បី​ខែ​ក្រោយមក គាត់​ក៏បាន​លាចាក​លោក​។

សាវ័ក​ប៉ុល​ក៏បាន​ពិពណ៌នា អំពី​ការ​ដក​ពិសោធន៍​ដែល​គាត់​មាន​ជាមួយ​ព្រះ ដោយ​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង លើស​ពី​ពាក្យ​ដែល​គាត់​អាច​ពិពណ៌នា​បាន គឺ​នៅពេល​ដែល​ព្រះ​ទ្រង់​​បាន​លើក​គាត់​ឡើង​ "ដល់​ស្ថាន​​​បរម​សុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(២កូរិនថូស ១២:៤)។ “ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ” សាវ័ក​ប៉ុល​មាន “បន្លា១ចាត់មក​ក្នុង​សាច់ឈាម”(ខ.៧) ដើម្បី​ឲ្យ​គាត់​បន្ទាប​ខ្លួន និង​ពឹង​ផ្អែកលើ​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កម្សោយ”(ខ.៩)។

ពេលណា​យើង​ស្វែង​យល់​អំពី​ព្រះ​កាន់តែ​ច្រើន យើង​នឹង​បាន​​ដឹង​កាន់តែ​ច្បាស់​ថា ព្រះអង្គ​មាន​លក្ខណៈ​ល្អ​អស្ចារ្យ លើស​ពាក្យ​ដែល​យើង​អាច​ពិពណ៌នា​បាន​។ តែ​ព្រះគុណ និង​សេចក្តី​ល្អ​របស់​ព្រះគ្រីស្ទ​ក៏​បាន​ចែងចាំង​យ៉ាង​ច្បាស់ នៅ​​ក្នុង​ភាព​កម្សោយ និង​ភាព​ស្ញប់​ស្ញែង​ដែល​មិន​អាច​ពិពណ៌នា​បាន​​។—Monica La Rose

តើ​អ្នក​បាន​ដក​ពិសោធន៍​អ្វី​ខ្លះ​ជាមួយ​ព្រះអម្ចាស់ ក្នុង​ជីវិត​អ្នក ដែល​លើស​ពី​ពាក្យ​ដែល​អ្នក​អាច​ពិពណ៌នា​បាន?
តើ​បទ​ពិសោធន៍​នោះ​បាន​ផ្លាស់​ប្តូរ​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ល្អ​របស់​ព្រះអង្គ ដែល​បាន​កែ​​ប្រែ​ទូល​បង្គំ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​សម្រាក ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ២២-២៣ និង យ៉ូហាន ៤:៣១-៥៤

ល្ងាច

ក្រោក​ឡើង ហើយ​បន្ត​រស់នៅ​ថ្វាយ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ក្រោក​ឡើង ហើយ​បន្ត​រស់នៅ​ថ្វាយ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 15, 2025

«គ្រា​នោះ​នាង រស់ ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នកណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ» (នាងរស់ ២:២)។

នៅពេល​អ្នក​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក តើ​អ្នក​ធ្លាប់​គេង​គិត​នៅ​លើ​គ្រែ អំពី​ពេល​អនាគត និង​អ្វីៗ​ដែល​កំពុង​កើត​ឡើង​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​សារ​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​បន្ទាប់ ឬ​ពិបាក​ពេក ដោយ​សារ​បញ្ហា​ដែល​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ឬ​ទេ?

នៅពេល​ដែល​នាង រស់ ក្រោក​ពី​គេង នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​រស់នៅ​របស់​នាង​នៅ​ភូមិ​បេថ្លេហិម នាង​ទំនង​ជា​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​រម្លឹក​ខ្លួន​ឯង​ថា នាង​កំពុង​នៅ​កន្លែងណា ហើយ​ពេល​នាង​គិត​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង នាង​នឹក​ចាំ​ថា៖ ប្ដី​របស់​ខ្ញុំ​ស្លាប់​ហើយ។ ខ្ញុំ​កំពុង​រស់នៅ​ក្នុង​ទឹកដី​បរទេស​ជា​មួយ​ម្តាយ​ក្មេក​ខ្ញុំ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ តែ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ។ តើ​ពេល​នេះ ខ្ញុំ​ត្រូវ​គិត​យ៉ាងណា?

នាង រស់ មិន​បាន​អង្គុយ​ស្ងៀម ដោយ​រង់​ចាំ​ការ​អស្ចារ្យ មុន​នឹង​បន្ត​សកម្មភាព​នៃ​ការ​រស់នៅ​នោះ​ទេ។ ទេ​សម្រាប់​នាង រស់ ការ​មាន​សុភវិនិច្ឆ័យ​នាំ​ឲ្យ​នាង​មាន​ការ​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ការ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​នាំ​ឲ្យ​មាន​ការ​អនុវត្ត​តាម​ស្ថានភាព​ជាក់​ស្ដែង។ នាង រស់ ដឹង​ថា នាង និង​ម្តាយ​ក្មេក​នាង​ត្រូវ​ការ​ស្បៀង​អាហារ ហើយ​នាង​ក៏​ដឹង​ថា នាង​អាច​ធ្វើ​ការងារ​បាន។ ដូច​នេះ នាង​ក៏បាន​ស្វែងរក​ការ​ប្រឹក្សា​យោបល់ និង​ការ​អនុញ្ញាត​ពី​នាង ន៉ាអូមី មុន​នឹង​ចេញ​ទៅ​វាល​ស្រែ ដើម្បី​ធ្វើ​ការ និង​ស្វែងរក​អាហារ។

ការ​មាន​សុភវិនិច្ឆ័យ គឺ​មិន​មានន័យ​ថា យើង​ពឹង​ផ្អែក​លើ​ការ​យល់​ឃើញ ឬ​សមត្ថភាព​របស់​យើង​នោះ​ទេ។ យើង​ត្រូវ​ទុកចិត្ត​ព្រះ ហើយ​សម្លឹង​មើល​ទៅ​ព្រះ​អង្គ។ ប៉ុន្តែ យើង​ក៏​ត្រូវ​ប្រើ​សមត្ថភាព​ដែល​ព្រះ​អង្គ​ប្រទាន​មក​យើង​ឲ្យ​រស់នៅ ដោយ​ចេះ​គិត​ពិចារណា តាម​បំណង​ព្រះទ័យ​ព្រះ​អង្គ។ យើង​ត្រូវតែ​ត្រៀម​ខ្លួន ធ្វើ​ការ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន និង​ថ្វាយ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ដល់​ព្រះ​អង្គ។ ចូរ​កុំ​យល់​ច្រឡំ​ថា ការ​នៅ​ស្ងៀម​ចាំ​ទទួល​អ្វី​មួយ ដោយ​មិន​ធ្វើ​អ្វី​សោះ គឺជា​ការ​កោត​ខ្លាច​ព្រះ​នោះ​ឡើយ។ ប៉ុន្តែ តាមរយៈ​អាកប្ប​កិរិយា និង​សកម្មភាព​របស់​យើង នាង រស់ បាន​បង្រៀន​យើង​ថា អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​ប្រទាន គឺ​ឱកាស​សម្រាប់​ទទួល​អ្វី​ដែល​យើង​ត្រូវ​ការ គឺ​ដោយ​សារ​សេចក្តី​មេត្តា និង​ការ​អនុគ្រោះ​ដែល​យើង​មិន​សម​ទទួល​ពី​ព្រះ​ដែល​ជា​អ្នក​ប្រទាន​អំណោយ​ល្អ និង​គ្រប់​លក្ខណ៍ (យ៉ាកុប ១:១៧)។

ពេល​ណា​យើង​ក្រោក​ឡើង ហើយ​ធ្វើ​ការងារ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​មិន​ដែល​នៅ​ស្ងៀម​ឡើយ។ ព្រះ​អង្គ​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ (រ៉ូម ៨:២៨) គឺ​មិន​ដូច​កញ្ចប់​អំណោយ​ដែលគេ​សម្រូត​ចុះពី​ស្ថាន​សួគ៌​មក​ទេ តែ​ដូចជា​ក្រាំង​ដែល​ពន្លៀក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​យើង​ឆ្លង​កាត់​ជីវិត​ដ៏​លំបាក។ ការ​អនុគ្រោះ​របស់​ព្រះ​អង្គ​ក្នុង​រឿង​សាមញ្ញ​ក្នុង​ជីវិត ជួយ​យើង​ឲ្យ​បន្ត​ដើរ​បាន​មួយ​ថ្ងៃ​ទៀត។ ស្ថានភាព​របស់​អ្នក​នៅ​ថ្ងៃ​នេះ ប្រហែល​មិន​មាន​លក្ខណៈ​រំភើប​រីករាយ ឬ​ស្រស់ស្រាយ​ទេ។ អ្នក​ប្រហែល​មិន​ដឹង​ច្បាស់​ថា អ្នក​នឹង​ជម្នះ​បញ្ហា​ចំពោះ​មុខ ដោយ​របៀបណា​ទេ។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ឲ្យ​អ្នក​នៅ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ ដូច​នេះ​ព្រះ​អង្គ​នឹង​ប្រទាន​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ធ្វើ។

តើ​អ្នក​នឹង​ក្រោក​ឡើង ហើយ​ប្រើ​ជីវិត​ដែល​ព្រះ​បាន​ប្រទាន​យ៉ាង​សកម្ម ដោយ​រស់នៅ​ថ្វាយ​ព្រះ​អង្គ និង​សិរី​ល្អ​របស់​ព្រះ​អង្គ ដូច​នាង រស់ ដែរ​ឬ​ទេ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ថែស្សាឡូនីច ៣:៧-១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៨-៩ និង​ម៉ាថាយ ៨:១-១៧

ប្រភេទ