នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នាំ​ទុក្ខ​លំបាក​មក​ទូល​ថ្វាយ

នាំ​ទុក្ខ​លំបាក​មក​ទូល​ថ្វាយ

ដោយTom Felten

May 14, 2025

២ពង្សាវតាក្សត្រ ១៩:១៤-២០

ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ... រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះវិហារ​​នៃ​ព្រះយេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះអង្គ​។ ២ពង្សាវតាក្សត្រ ១៩:១៤

មាន​ពេល​មួយ ប្រាយអិន(Brian) បាន​ជួប​គ្រូ​ពេទ្យ​ឯកទេស​បេះដូង ជាង១ម៉ោង​។ មិត្ត​ភក្តិ​របស់​គាត់​បាន​អង្គុយ នៅ​ក្នុង​បន្ទប់​រង់​ចាំ ដោយ​អធិស្ឋាន​សូម​ប្រាជ្ញា និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​មិត្ត​ភក្តិ​ដែល​កំពុង​មាន​ជំងឺ​នេះ​។ នៅពេល​ដែល​ប្រាយអិន បាន​វិល​ត្រឡប់​មក​បន្ទប់​រង់​ចាំ​វិញ គាត់​ក៏បាន​បង្ហាញ​ក្រដាស​ជា​ច្រើន​សន្លឹក ដែល​គាត់​ទទួល​បាន​ពី​គ្រូ​ពេទ្យ​។ នៅពេល​ដែល​គាត់​តម្រៀប​ក្រដាស​ទាំង​នោះ​នៅ​លើ​តុ គាត់​ក៏បាន​ពិភាក្សា​គ្នា អំពី​ជម្រើស​ផ្សេងៗ ដែល​គាត់​កំពុង​ពិចារណា ដើម្បី​ព្យាបាល​ជំងឺ​ដែល​កំពុង​គំរាម​កំហែង​ជីវិត​គាត់​។ អ្នក​ទាំង​ពីរ​ក៏បាន​ពិភាក្សា​គ្នា​ថា ពួក​គេ​ត្រូវ​អធិស្ឋាន សូម​ប្រាជ្ញា​ពី​ព្រះអង្គ សម្រាប់​ជំហាន​បន្ទាប់​។ ហើយ​បន្ទាប់មក ប្រាយអិន​ក៏​បាន​និយាយ​ថា “ទោះ​ខ្ញុំ​ទទួល​លទ្ធផល​យ៉ាងណា​ក៏ដោយ នៅពេល​ខាង​មុខ ជីវិត​ខ្ញុំ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះអង្គ​ហើយ”។

នៅ​គ្រា​សញ្ញាចាស់ ស្តេច​ហេសេគា​បាន​លា​សំបុត្រ​អាន នៅ​ចំពោះ​ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ១៩:១៤)។ ពាក្យ​នៅ​ក្នុង​សំបុត្រ​នោះ មិន​បាន​និយាយ​អំពី​ស្ថានភាព​ជំងឺ​ដែល​កំពុង​គំរាម​កំហែង​ជីវិត​ទេ តែ​បាន​និយាយ​អំពី​កងទ័ព​ដ៏​មាន​អំណាច​របស់​ចក្រភព​អាស​ស៊ើរ ដែល​បាន​វាយ​កាន់​កាប់​ទីក្រុង​ទាំង​អស់​ដែល​មាន​កំផែង​ការពារ ក្នុង​នគរ​យូដា ហើយ​កំពុង​ត្រៀម​វាយ​យក​​ទីក្រុង​យេរ​សាឡិម ជា​រាជធានី​។ ស្តេច​ហេសេគា​ក៏​បាន​អធិស្ឋាន​ថា “គឺ​ទ្រង់តែ១ព្រះ‌អង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី ... ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួចពី​កណ្តាប់​ដៃ​គេ​ផង”(ខ.១៥,១៩)។ មិន​យូរ​ប៉ុន្មាន​ហោរា​អេសាយ ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​ស្តេច​ហេសេគា ដោយ​ទូល​​ទ្រង់​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឆ្លើយ​តប​ថា “សេចក្ដី​ដែល​ឯង​​បាន​អធិស្ឋាន​​ដល់​អញ ពី​ដំណើរ​សានហេរីប ជា​ស្តេច​អាស​ស៊ើរ នោះអញ​បាន​យល់​ព្រម​ហើយ”(ខ.២០)។ ហើយ​នៅ “យប់​នោះ” ព្រះ​ទ្រង់​ក៏បាន​បំផ្លាញ​កងទ័ព​របស់​សាសន៍​អាស​ស៊ើរ(ខ.៣៥)។

ទោះ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ​នៅ​ថ្ងៃ​នេះ ចូរ​យក​វា​មក​ទូល​ថ្វាយ​ព្រះអម្ចាស់​។ ពេលណា​អ្នក “ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​”(ភីលីព ៤:៦) ព្រះ​អង្គ​ស្តាប់​ឮ​អ្នក ហើយ​ក៏​គង់​នៅ​ជាមួយ​អ្នក​ស្រាប់​ហើយ​។ អ្នក​អាច​សម្រាក​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ ដោយ​ទំនុក​ចិត្ត ខណៈ​ពេល​ដែល​អ្នក​បាន​ដក​ពិសោធន៍​ជាមួយ​ប្រាជ្ញា សេចក្តី​ស្រឡាញ់ និង​​ក្តី​សង្ឃឹម​ដែល​ព្រះ​អង្គ​ប្រទាន​មក​អ្នក​។—Tom Felten

តើ​អ្នក​អាច​រៀបរាប់​ទុក្ខ​លំបាក​របស់​អ្នក នៅ​ចំពោះ​ព្រះអង្គ នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?
តើ​អ្នក​អាច​សម្រេច​ចិត្ត​សម្រាក ដោយ​ទំនុក​ចិត្ត ក្នុង​ព្រះ​ចេស្តា និង​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ស្តាប់​ឮ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​ទូល​​ថ្វាយ​ការ​ព្រួយ​បារម្ភ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០

ល្ងាច

ទេវ​សាស្ត្រ​នៃ​ការ​សោក​សង្រេង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទេវ​សាស្ត្រ​នៃ​ការ​សោក​សង្រេង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 14, 2025

«កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរពេញ តែ​ព្រះយេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ» (នាងរស់ ១:២០-២១)។

កាល​នាង ន៉ាអូមី រិល​ត្រឡប់​មក​ភូមិ​បេថ្លេហិម​វិញ ដោយ​បន្សល់​ទុក​ផ្នូរ​របស់​ស្វាមី និង​កូន​ប្រុស​គាត់​នៅ​ស្រុក​ម៉ូអាប់ យើង​គ្រាន់​តែ​អាច​ស្រមៃ​ឃើញ​ការ​ឈឺ​ចាប់ និង​ការ​សោក​សង្រេង ដែល​គាត់​មាន ពេល​គាត់​វិល​ត្រឡប់​មក​កន្លែង និង​ជួប​មនុស្ស​ដែល​គាត់​ធ្លាប់​ស្គាល់។ តើ​នៅពេល​នោះ គាត់​បាន​គិត​ឃើញ និង​នឹក​ចាំ​អំពី​រឿង​អ្វី​ខ្លះ? គាត់​ប្រហែល​ជា​ឃើញ​អ្នក​ដែល​គាត់​ធ្លាប់​ជួប ពួក​គេ​មាន​កូន​ប្រុស ដែល​ពេញវ័យ​ហើយ។ គាត់​ក៏​ឃើញ​កន្លែង​ដែល​គាត់​ធ្លាប់​នាំ​កូន​ប្រុស​គាត់​មក​លេង ឬ​ឃើញ​កន្លែង​ដែល​គាត់​ធ្លាប់​ដើរ​ជា​មួយ​ប្ដី​គាត់។ល។

ខណៈ​ពេល​ដែល​ភាព​ជូរ​ល្វីង​បាន​កើត​មាន ដោយ​សារ​ស្ថាន​ភាព​របស់​គាត់ នាង ន៉ាអូមី ដែល​ឈ្មោះ​គាត់​ប្រែ​មក​ថា «ជាទី​គាប់​ចិត្ត» បាន​សម្រេច​ចិត្ត​ប្ដូរ​ឈ្មោះ​ខ្លួន​ឯង​មក​ជា «ម៉ារ៉ា» វិញ ដែល​មាន​ន័យ​ថា «ជូរ​ល្វីង»។ នាង​មិន​បាន​ព្យាយាម​មើល​រំលង​បញ្ហា​ប្រឈម ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​ថា ជីវិត​របស់​នាង​សុខ​សប្បាយ​នោះ​ទេ។ ការ​ធ្វើ​ដូច​នេះ មិន​មាន​ភាព​ស្មោះ​ត្រង់ ជា​ការ​ក្បត់​នឹង​ទេវសាស្រ្ត​នៅ​ពី​ក្រោយ​ជំនឿ​របស់​គាត់ ដែល​អ្នក​និពន្ធ​ទំនុក​សកល​ឈ្មោះ វីលៀម ខោភ័រ (William Cowper) បាន​ហៅ​ថា «ការ​ផ្គត់ផ្គង់​តាម​របៀប​ដ៏​ពិបាក»។1

ស្ថានភាព​របស់​នាង ន៉ាអូមី បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ថា សូម្បី​តែ​សម្រាប់​រាស្ត្រ​របស់​ព្រះ ការ​ឈឺ​ចាប់​ខ្លះ​ក្នុង​ជីវិត ហាក់​ដូចជា​មិន​អាច​ទ្រាំទ្រ​បាន កាលៈទេសៈ​ខ្លះ​ហាក់​ដូច​ជា​គ្មាន​យុត្តិ​ធម៌ ហើយ​សំណួរ​ខ្លះ​នៅ​តែ​គ្មាន​ចម្លើយ។

ការ​ឆ្លើយ​តប​របស់​នាង នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​យើង​នឹង​ធ្វើ​ដូច​ម្ដេច នៅពេល​ដែល​ការ​សោក​សង្រេង​កើត​មាន​ក្នុង​ជីវិត​យើង? ភាព​ពិត​នៃ​ទុក្ខ​លំបាក គឺជា​បញ្ហា​សម្រាប់​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​មិនមែន​មាន​ភាព​ធូរ​ស្រាល​ជាង​សម្រាប់​អ្នក​ផ្សេង​ឡើយ។ មនុស្ស​ទាំង​អស់​ត្រូវ​តែ​តយុទ្ធ​នឹង​បញ្ហា​នៃ​ការ​ឈឺ​ចាប់។ មនុស្ស​ដែល​មិន​ជឿ​ថា ព្រះ​មាន​មែន មិន​អាច​ជម្នះ​ការ​ឈឺ​ចាប់ ដោយ​ការ​ពេញ​ចិត្ត​ដូច​នេះ​ទេ ព្រោះ​បើ​ព្រះ​មិន​មាន​ពិតមែន យើង​គ្រាន់តែ​រស់នៅ​ក្នុង​ចក្រវាល​ដែល​មាន​ពេញ​ដោយ​ភាព​ចៃដន្យ ដែល​អ្វីៗ​កើត​ឡើង ដោយ​គ្មាន​នរណា​គ្រប់​គ្រង​ឡើយ។ ប៉ុន្តែ គ្រីស្ទ​បរិស័ទ​អាច​សួរ​ថា តើ​ព្រះ​គង់នៅ​ទីណា នៅពេល​ដែល​រឿង​ទាំង​អស់​នេះ​កើត​ឡើង?

ការ​ដែល​នាង ន៉ាអូមី បង្ហាញ​អារម្មណ៍ ដោយ​ចិត្ត​ស្មោះ​ត្រង់​ដូច​នេះ គឺ​សម​ស្រប​នឹង​ទេវ​សាស្ត្រ​ដែល​នាង​ជឿ។ នាង​មិន​បាន​ជឿ​ថា អ្វីៗ​ទាំង​អស់​កើត​ឡើង ដោយ​ចៃដន្យ​ទេ តែ​នាង​ទទួល​ស្គាល់​ថា ព្រះ​ហស្ត​របស់​ព្រះ​បាន​ធ្វើ​ការ។ នាង​ប្រកាស​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​នូវ​រឿង​ដ៏​ត្រឹម​ត្រូវ​នៅ​ក្នុង​ពេល​ដែល​នាង​មាន​ការ​ឈឺ​ចាប់ បាន​ជា​នាង​ហៅ​ព្រះ​អង្គ​ថា «សាដាយ» ដែល​មានន័យ​ថា ព្រះ​ដ៏​ផ្គត់ផ្គង់ និង​ការពារ ដែល​មាន​គ្រប់​ចេស្ដា។ តើ​ពាក្យ សាដាយ មានន័យ​ដូច​ម្ដេច? ពាក្យ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ចរិត​លក្ខណៈ​របស់​ព្រះ ដែល​មាន​ភាព​ល្អ​បំផុត នៅពេល​ដែល​យើង​អាក្រក់​បំផុត។2 នាង ន៉ាអូមី បាន​ឆ្លង​កាត់ ភាព​អត់​ឃ្លាន ការ​បាត់បង់ ការ​សោក​សង្រេង ការ​សង្ស័យ និង​ការ​បែក​គ្នា តែ​ដោយ​សារ​គាត់​ដឹង​ថា ព្រះ​អម្ចាស់​មាន​ចរិត​លក្ខណៈ​ដូច​នេះ នោះ​គាត់​អាច​ទទួល​យក​ការ​ពន្យល់ និង​ការ​ទទួល​ខុស​ត្រូវ​ពី​ព្រះ​អង្គ​ក្នុង​ពេល​ដ៏​ជូរ​ចត់​នោះ។

តើ​អ្នក​ងាក​ទៅ​ខាងណា ពេល​ទឹក​រលក​បក់​បោក​មក​ត្រូវ​អ្នក នៅពេល​ដែល​អ្វីៗ​ហាក់​ដូចជា​បាត់បង់​ការ​គ្រប់​គ្រង? គឺ​ត្រូវ​ងាក​មក​រក​ការ​យល់​ដឹង​ថា ព្រះ​អង្គ​ជា​នរណា ហើយ​ព្រះ​អង្គ​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​ព្រះ​អង្គ​ដូច​ម្ដេច​ខ្លះ។ នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ឲ្យ​យើង​ឈរ​ពីលើ។ បើ​មិន​ងាក​ទៅ​រក​ព្រះ​អង្គ តើ​យើង​ងាក​ទៅ​រក​កន្លែង​ណា​វិញ?

នាង ន៉ាអូមី បាន​ចាក​ចេញពី​ភូមិ​បេថ្លេហិម នៅពេល​ដែល​មាន​គ្រោះ​អត់​ឃ្លាន។ នៅ​ពេល​នាង​វិល​ត្រលប់​មកវិញ គេ​កំពុង​ធ្វើ​ការ​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ។ ពពក​នៃ​ភាព​សោក​សង្រេង​បាន​រលាយ ពន្លឺ​នៃ​ក្តី​សង្ឃឹម​ចាប់​ផ្ដើម​លេច​ឡើង ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ចាប់​ផ្ដើម​ផ្គត់​ផ្គង់​នាង ន៉ាអូមី និង​នាង រស់ ជា​បរិបូរ។ ពេល​ណា​ព្រះ​ទ្រង់​ធ្វើ​ការ សូម្បី​តែ​ភាព​អស់​សង្ឃឹម ក៏​អាច​ក្លាយ​ជា​ច្រក​​ទ្វារ​ចូល​ទៅ​រក​ការ​ចាប់​ផ្ដើម​ជា​ថ្មី និង​ឱកាស​ថ្មី​ដែរ។ ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​បណ្ដេញ​ភាព​ងងឹត​ទាំង​ស្រុង។ ព្រះ​អង្គ​គឺជា សាដាយ របស់​យើង។ តើ​ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក ដែល​អ្នក​ត្រូវ​ការ​ឮ​សេចក្តី​នេះ នៅ​ថ្ងៃ​នេះ? ហើយ​មាន​នរណា​ខ្លះ​នៅ​ក្បែរ​អ្នក ដែល​ត្រូវ​ការ​ឲ្យ​អ្នក​ចែក​ចាយ​សេចក្តី​នេះ​ដល់​ពួក​គេ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ នាងរស់ ១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៦-៧ និង​ម៉ាថាយ ៧

1 លោក William Cowper, “God Moves in a Mysterious Way” (ឆ្នាំ១៧៧៤)។

2 លោក Alec Motyer, A Scenic Route Through the Old Testament, កែសម្រួល​លើក​ទី២។ (IVP UK, ឆ្នាំ២០១៦), ជំពូក៣។

ប្រភេទ