ព្រឹក

ជួយអ្នកទាល់ក្រ
ដោយKatara Patton
May 13, 2025
លេវីវិន័យ ២៥:៣៥-៣៨
បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ។ លេវីវិន័យ ២៥:៣៥
កាលពីដើមទសវត្សរ៍ឆ្នាំ ១៩០០ ច្បាប់បានហាមប្រជាជនស្បែកខ្មៅ និងជនអន្តោប្រវេសន៍ ក្នុងសហរដ្ឋអាមេរិក មិនឲ្យជួល ឬទិញអចលនទ្រព្យ ក្នុងទីក្រុងកូរ៉ូណាដូ រដ្ឋកាលីហ្វូញ៉ាទេ។ បុរសស្បែកខ្មៅម្នាក់ ឈ្មោះហ្កាស់ ថមសិន(Gus Thompson) ដែលធ្លាប់រស់នៅជាទាសករពីកំណើត បានទិញដីមួយកន្លែង និងសង់ផ្ទះជួលមួយខ្នង ក្នុងទីក្រុងកូរ៉ូណាដូ មុនពេលច្បាប់ដែលមានការរើសអើងនេះ ត្រូវបានគេអនុម័ត។ នៅឆ្នាំ១៩៣៩ លោកហ្កាស់ក៏បានជួលផ្ទះនោះ ឲ្យគ្រួសារមួយ ជាជនជាតិអាស៊ី ហើយទីបំផុតក៏បានលក់ដីនោះឲ្យពួកគេ។ ប្រហែលជិត៩៥ឆ្នាំក្រោយមក បន្ទាប់ពីបានលក់ដីនោះហើយ សមាជិកខ្លះក្នុងគ្រួសារជនជាតិអាស៊ីនេះ ក៏បានបរិច្ចាគប្រាក់ដែលទទួលបានពីការលក់នោះ ដល់និស្សិតមហាវិទ្យាល័យ ដែលជាជនជាតិស្បែកខ្មៅ។ ពួកគេក៏កំពុងរត់ការច្បាប់ ដើម្បីដាក់ឈ្មោះឲ្យមជ្ឈមណ្ឌលមួយ នៅក្នុងសកលវិទ្យាល័យសាន់ឌីអេហ្គោ តាមលំនាំឈ្មោះរបស់លោកហ្កាស និងភរិយាគាត់ គឺអ្នកស្រីអេម៉ា(Emma)។
កណ្ឌគម្ពីរលេវីវិន័យ ក៏បានចែងអំពីការប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះអ្នកដទៃផងដែរ។ គឺដូចដែលព្រះទ្រង់បានបង្គាប់រាស្រ្តរបស់ព្រះអង្គថា “បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ”(២៥:៣៥)។ ព្រះអង្គបានបង្គាប់ពួកគេឲ្យប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយសេចក្តីសប្បុរស ជាពិសេស អ្នកដែលកំពុងទាល់ក្រ។ ដោយការកោតខ្លាចចំពោះព្រះអង្គ(ខ.៣៦) ពួកគេត្រូវតែជួយអ្នកដែលធ្លាក់ខ្លួនឈឺ ឬធ្លាក់ខ្លួនក្រ ហើយមិនអាចជួយខ្លួនឯងបាន។ ពួកគេត្រូវប្រព្រឹត្តចំពោះពួកគេ ដូចដែលពួកគេប្រព្រឹត្តចំពោះជនបរទេស ឬអ្នកដែលមកស្នាក់នៅក្នុងស្រុករបស់ពួកគេ(ខ.៣៥) ដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់។
លោកហ្កាស់ ថមសិន និងភរិយាគាត់ បានជួយគ្រួសារមួយ ដែលមិនមានពណ៌សម្បុរដូចពួកគេ ហើយក្រោយមក គ្រួសារនោះបានក្លាយជាព្រះពរ ដល់មនុស្សជាច្រើន។ ចូរយើងចែកផ្សាយសេចក្តីអាណិតរបស់ព្រះ ដល់មនុស្សដែលកំពុងទាល់ក្រ ខណៈពេលដែលព្រះអង្គជួយយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់ពួកគេ។—Katara Patton
តើនរណាខ្លះ ត្រូវការជំនួយរបស់អ្នក ក្នុងសហគមន៍របស់អ្នក? តើអ្នកអាចយកអសារពួកគេ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលតែងតែទំនុកបម្រុងទូលបង្គំ សូមព្រះអង្គបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំបានដឹងថា ទូលបង្គំត្រូវជួយអ្នកដទៃ ដូចម្តេចខ្លះ?
For further study, read Going the Extra Mile: Learning to Serve Like Jesus at DiscoverySeries.org/Q0227.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៧-១៨ និង យ៉ូហាន ៣:១៩-៣៦
ប្រភេទ
ល្ងាច

ព្រះអម្ចាស់នៃភាពសាមញ្ញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 13, 2025
«គឺយ៉ាងនោះហើយ ដែលន៉ាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួនមកជាមួយផង គេមកដល់ក្រុងបេថ្លេហិម នៅដើមរដូវចំរូតស្រូវឱក» (នាងរស់ ១:២២)។
នៅក្នុងការអាន ការទស្សនា ឬស្តាប់ព័ត៌មាននៅពេលព្រឹក តើអ្នកធ្លាប់គិតថា ខ្លួនរបស់អ្នកមានភាពតូចតាចយ៉ាងខ្លាំងដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា «តើព្រះអម្ចាស់ពិតជាស្គាល់ខ្ញុំជានរណា ឬកំពុងនៅកន្លែងណាទេ? តើព្រះដែលបានបង្កើតអ្វីៗគ្រប់យ៉ាង មានចំណាប់អារម្មណ៍អ្វីមកលើខ្ញុំ?» យើងមានភាពសាមញ្ញណាស់ ហើយយើងងាយនឹងជឿថា ភាពសាមញ្ញ គឺស្មើនឹង «ភាពគ្មានប្រយោជន៍»។ ប៉ុន្តែ រឿងរបស់នាង រស់ និងនាង ន៉ាអូមី បានបើកបង្ហាញការយល់ឃើញខុសពីនេះ។ តាមរយៈរឿងនេះ យើងឃើញថា ព្រះហស្តប្រកបដោយអធិបតេយ្យភាព និងការផ្គត់ផ្គង់ តែងតែធ្វើការនៅក្នុង និងតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់យើង។ ព្រះអង្គជ្រាប និងយកព្រះទ័យទុកដាក់ ទ្រទ្រង់ ហើយផ្គត់ផ្គង់យើង។
រឿង នាង រស់ បានចាប់ផ្ដើមនៅពេលដែលលោក អេលីម៉ាលេច បានធ្វើនូវកំហុសមួយ។ លោក អេលីម៉ាលេច បានធ្វើការសម្រេចចិត្តខុសធ្ងន់ធ្ងរ ដោយចាកចេញពីភូមិបេថ្លេហិម ដែលកំពុងមានគ្រោះអត់ឃ្លាន ទៅស្រុកម៉ូអាប់ដែលកំពុងមានភាពសម្បូរសប្បាយជាមួយនាង ន៉ាអូមី ជាភរិយា និងកូនប្រុសទាំងពីរ ប៉ុន្តែគាត់ និងកូនប្រុសគាត់ ក៏បានស្លាប់នៅទីនោះដែរ។
ទោះលោក អេលីម៉ាលេច បានធ្វើការសម្រេចចិត្ត ដោយសារភាពទាល់ច្រក ការមិនស្កប់ចិត្ត ឬការមិនទុកចិត្តព្រះក៏ដោយ តាមរយៈការសម្រេចចិត្តនេះ ក៏ព្រះគម្ពីរបង្រៀនយើងថា ភាពល្ងង់ខ្លៅរបស់យើង មិនអាចរារាំងការផ្គត់ផ្គង់របស់ព្រះបានទេ។ ទោះនៅពេលខ្លះ យើងឆ្លើយតប ចំពោះកាលៈទេសៈ ដោយវិញ្ញាណខុសឆ្គង ដោយដកខ្លួនយើងចេញពីការផ្គត់ផ្គង់ដែលព្រះអង្គបានសន្យាថា នឹងប្រទានឲ្យក៏ដោយ ក៏ព្រះអង្គនៅតែសម្រេចគោលបំណងរបស់ព្រះអង្គដែរ។ ពេលណាយើងខ្លាចព្រះអម្ចាស់មើលរំលងជីវិតយើង ដោយសារកំហុសរបស់យើង យើងអាចសម្រាកក្នុងការផ្គត់ផ្គង់របស់ព្រះអង្គដែលអាចកើតមាន តាមរយៈកំហុសធំបំផុត ឬតូចបំផុតរបស់យើង។
តើអ្នកមើលឃើញព្រះអង្គធ្វើការ នៅក្នុងពេលដ៏សាមញ្ញនៃជីវិតដែរឬទេ? តើអ្នកឃើញព្រះអង្គធ្វើការ តាមរយៈកំហុសរបស់អ្នកដែរឬទេ? ឬមួយអ្នកកំពុងផុងខ្លួននៅក្នុងការកុហកថា ព្រះអង្គធ្វើការ តាមរបៀបដ៏អស្ចារ្យ ឬតាមរយៈពេលដែលយើងមានការស្តាប់បង្គាប់ធំបំផុតតែប៉ុណ្ណោះ?
ពេលណាយើងរកមើលតែរឿងដែលអស្ចារ្យ យើងនឹងមើលរំលងសិរីល្អរបស់ព្រះនៅក្នុងភាពសាមញ្ញ ដូចជា នៅក្នុងចានដាក់ផ្លែឈើនៅលើតុ ក្នុងអាហារដែលបានរៀបចំបានល្អ ក្នុងសម្លេងសត្វចាបយំល្វើយៗក្នុងការសន្ទនាជាមួយមិត្តភក្តិ និងក្នុងការមើលដួងច័ន្ទបញ្ចេញពន្លឺកាត់តាមពពក នៅពេលយប់។ ពេលណាយើងសន្និដ្ឋានថា ព្រះអម្ចាស់ធ្វើការ តែនៅពេលណាយើងមានភាពល្អត្រឹមត្រូវ យើងនឹងមើលរំលងព្រះគុណព្រះ ដែលធ្វើការតាមរយៈមនុស្សមានបាប តាមរយៈការសន្ទនាអំពីព្រះគ្រីស្ទជាមួយអ្នកជិតខាង ឪពុកម្តាយសុំទោសកូន បន្ទាប់ពីបាននិយាយដោយគ្មានចិត្តអត់ធ្មត់ ចំពោះពួកគេ និងការអធិស្ឋានឲ្យនរណាម្នាក់ជាដើម ព្រោះការថប់បារម្ភធ្វើឲ្យយើងគេងមិនលក់។ សម្រាប់នាង រស់ និងនាង ន៉ាអូមី ការមើលឃើញវាលស្រែមានស្រូវឱកទុំ ល្មមនឹងឲ្យគេច្រូតកាត់ គឺគ្រាន់តែជាផ្ទាំងទស្សនីយភាពធម្មតាៗប៉ុណ្ណោះ ប៉ុន្តែតាមពិតការមើលឃើញនេះ បានប្រកាសអំពីការផ្គត់ផ្គង់របស់ព្រះ ដល់ពួកគេ។ មនុស្សធ្វើខុស ហើយការសោកសង្រេងបានកើតមាន ប៉ុន្តែការប្រមូលផលស្រូវឱក គឺបានបង្ហាញថា ព្រះអម្ចាស់ទ្រង់ជ្រាប យកព្រះទ័យទុកដាក់ ទ្រទ្រង់ និងផ្គត់ផ្គង់រាស្ត្រព្រះអង្គ។
ព្រះអង្គមិនដែលប្រែប្រួល។ ទោះព្រះអង្គមានចក្រវាលទាំងមូលសម្រាប់មើលថែក៏ដោយ ក៏ព្រះអង្គនៅតែងាកមកមើលអ្នក និងខ្ញុំ ហើយមានបន្ទូលថា មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច (អេសាយ ៤៩:១៦)។ ចូរយើងទទួលការកម្សាន្តចិត្ត និងសន្តិភាពក្នុងចិត្ត ដោយដឹងចាំថា ព្រះអង្គកំពុងទ្រទ្រង់ និងដឹកនាំកូនព្រះអង្គ
ទោះថ្ងៃនេះ ជីវិតយើងមានភាពសាមញ្ញយ៉ាងណាក៏ដោយ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៣-៥ និងម៉ាថាយ ៦:១៩-៣៤