អត្ថន័យ​នៃ​ការ​ជំរាប​សួរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេហិម មក​និយាយ​នឹង​ពួក​អ្នក​ចំរូត​ថា សូម​ព្រះយេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះយេហូវ៉ា​ប្រទាន​ពរ​ដល់​លោក» (នាងរស់ ២:៤)។

យើង​អាច​រៀន​សូត្រ​បាន​ច្រើន​អំពី​មនុស្ស​ម្នាក់ តាមរយៈ​ការ​ជំរាប​សួរ​របស់​ពួក​គេ។

កាល​លោក បូអូស ដើរ​ចូល​វាល​ស្រែ​របស់​គាត់ (ដូច​ដែល​កណ្ឌ​គម្ពីរ​នាងរស់​ចាប់​ផ្ដើម​និយាយ​អំពី​គាត់) ហើយ​បាន​ជំរាប​សួរ​ពួក​ឈ្នួល​របស់​គាត់ គេ​អាច​មើល​ឃើញ​ជម្រៅ​នៃ​ចរិត​លក្ខណៈ​របស់​គាត់ និង​ទំនាក់​ទំនង​ដែល​គាត់​មាន​ជា​មួយ​ព្រះ​យ៉ាង​ច្បាស់។

លោក បូអូស បាន​រស់នៅ ដោយ​មាន​ការ​យល់​ដឹង​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​បង្ហាញ​ការ​យល់​ដឹង​នេះ។ ពួក​បរិសុទ្ធ​ជា​ច្រើន​ក្នុង​គ្រា​សញ្ញា​ចាស់ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ពួក​គេ​យល់​ឃើញថា ជីវិត​របស់​ពួក​គេ​ទាំងមូល​ត្រូវ​រស់នៅ នៅ​ចំពោះ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ទោះ​ពួក​គេ​កំពុង​ធ្វើ​ការងារ​បម្រើ​ព្រះ ឬ​កំពុង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ក៏​ដោយ។ ពេល​ណា​យើង​រស់នៅ ដោយ​ការ​ប្ដូរ​ផ្តាច់​ដូច​នេះ យើង​នឹង​មាន​ការ​ផ្លាស់​ប្រែ​ដល់​ឫសគល់ និង​ព្រះពរ​ក្នុង​ពាក្យ​សម្ដី និង​ទំនាក់​ទំនង​របស់​យើង។

ចូរ​យើង​កត់​សម្គាល់​ថា នៅ​ពេល​ដែល​គាត់​បង្ហាញ​ខ្លួន គាត់​មិនមែន​ចេះតែ​ប្រើ​ព្រះ​នាម​ព្រះអម្ចាស់ តាម​ដែល​គាត់​នឹក​ឃើញ ឬ​ជា​អសារ​ឥតការ​នោះ​ទេ។ គាត់​មាន​ចិត្ត​ដែល​ចង់​ប្រើ​ព្រះ​នាម​ព្រះ​អង្គ ដោយ​ការ​កោត​ខ្លាច​ក្នុង​ការ​ជំរាប​សួរ ដោយ​ទទួល​ស្គាល់​អំណាច និង​ភាព​ជិត​ស្និទ្ធ​ដែល​ព្រះអម្ចាស់​មាន​ក្នុង​ជីវិត​គាត់។ ការ​កោត​ខ្លាច​នេះ​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​និយាយ​ស្តី ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្វែងរក​ព្រះពរ​ព្រះ​អង្គ​ក្នុង​កាលៈទេសៈ​ទាំង​អស់ គឺ​នៅពេល​យើង​អង្គុយ​ចុះ ក្រោកឈរ ដើរ​តាម​ផ្លូវ និង​ជជែក​ជា​មួយ​អ្នក​ដទៃ (ចោទិយកថា ៦:៧)។

នៅ​ពេល​ដែល​លោក បូអូស ដើរ​ចូល​វាល​ស្រែ គាត់​បាន​បង្កើត​បរិយាកាស​ដ៏​ល្អ ដោយ​ជំរាប​សួរ​ពួក​គេ។ គំរូ​របស់​គាត់​គួរតែ​បណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​ខ្លួន​ឯង​ថា «តើ​ខ្ញុំ​គួរតែ​បង្កើត​បរិយាកាស​យ៉ាងណា សម្រាប់​កន្លែង​ធ្វើ​ការ​ក្នុង​ផ្ទះ ហាង​ទំនិញ ឬ​ក្នុង​ពួក​ជំនុំ​របស់​ខ្ញុំ?» បើសិន​ជា​ព្រះពរ និង​ការ​ស្កប់​ចិត្ត​មកពី​ព្រះ​អម្ចាស់​កើត​មាន​ក្នុង​ជីវិត​អ្នក ទោះ​អ្នក​ជា CEO របស់​ក្រុម​ហ៊ុន ឬ​ជា​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ក្តី ទោះ​អ្នក​មាន​ការងារ​ផ្នែក​គណនេយ្យ ឬ​ជា​អ្នក​មើល​មនុស្ស​ចាស់​ជរា​ក៏​ដោយ អ្នក​អាច​ធ្វើ​ជា​ព្រះពរ​ដល់​អ្នក​ដទៃ ដោយ​នាំ​គេ​ងាក​ទៅ​រក​ព្រះ​អង្គ​ក្នុង​ការ​ទាំង​អស់​ដែល​អ្នក​ធ្វើ និង​និយាយ។

បើ​ព្រះ​គ្រីស្ទ​ពិត​ជា​យាង​ចូល​ក្នុង​ជីវិត​អ្នក ធ្វើ​ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ នោះ​អ្នក​ក៏​គួរតែ​បង្ហាញ​ឲ្យ​គេ​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ក្នុង​ការ​ប្រព្រឹត្ត និង​ពាក្យ​សម្ដី​គ្រប់​ពេល​វេលា។ ចូរ​កុំ​គិត​ថា អ្នក​ត្រូវ​ការ «ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​អម្ចាស់» តែ១៥នាទី ក្នុង​មួយ​ថ្ងៃ ដោយ​សង្ឃឹម​ថា ការ​ប្រកប​តែ​បន្តិច​នេះ​អាច​ទ្រទ្រង់​អ្នក ពេញ​មួយ​ថ្ងៃ​នោះ​ឡើយ។ អ្នក​នឹង​មិន​អាច​នាំ​អ្នក​ដទៃ​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ដោយ​ខ្លួន​ឯង​មិន​បាន​រស់​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​នោះ​ទេ។ ចូរ​និយាយ​អំពី​ព្រះ​នាម​ព្រះ​អង្គ​ក្នុង​ការ​សន្ទនា​របស់​អ្នក។ ចូរ​នឹក​ចាំ​អំពី​ព្រះ​វត្ត​មាន និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ក្នុង​ភាព​ជោគជ័យ ក៏​ដូច​ជា​ទុក្ខ​លំបាក​តូចៗ​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ។ ចូរ​ព្យាយាម​បង្កើត​ទម្លាប់​សន្ទនា​ជា​មួយ​ព្រះ​អង្គ​ក្នុង​ពេល​ម៉ោង​ធ្វើ​ការ​របស់​អ្នក។ ចូរ​រស់នៅ ដោយ​ផ្ដោត​ចិត្ត​ទៅលើ​ព្រះ​វត្ត​មាន​ព្រះ​អង្គ នោះ​ព្រះ​វត្ត​មាន​ព្រះ​អង្គ​នឹង​បង្ហាញ​ចេញ​មក​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ការ​ឆ្លើយតប​របស់​អ្នក។

ឱ​ព្រះអម្ចាស់ មាន​តែ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ទេ

ដែល​ប្រទាន​មក​ទូល​បង្គំ​នូវ​ការ​សម្រាក​ដ៏​ឥត​ខ្ចោះ នៅ​ស្ថាន​ដ៏​ខ្ពស់

សូម​ជួយ​យើង​ខ្ញុំ នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ

ឲ្យ​រស់​នៅ​សម​ស្រប​នឹង​អ្វី​ដែល​យើង​ខ្ញុំ​អធិស្ឋាន។1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ៤:២-៦

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១២-១៣ និង​ម៉ាថាយ ៩:១-១៧

1លោក John Keble, “New Every Morning Is the Love” (ឆ្នាំ១៨២២)។

More articles