ការ​ផ្គត់ផ្គង់ ដោយ​សេចក្តី​មេត្តា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ» (នាងរស់ ២:១០)។

មាន​តែ​ចិត្ត​ដែល​ដឹង​ថា ខ្លួន​ឯង​មិន​សម​នឹង​ទទួល​ព្រះ​គុណ​ព្រះ​អង្គ​ទេ ដែល​នឹង​មាន​ការ​ស្ញប់​ស្ញែង​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​ទទួល​យក​ព្រះ​គុណ។

នាង រស់ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម។ នាង​បាន​ដើរ​រើស​កួរ​ស្រូវ ដែល​ពួក​ឈ្នួល​បាន​ជ្រុះ ក្នុង​ស្រែ​របស់​លោក បូអូស ដោយ​បាន​ធ្វើ​ជា​គំរូ​ជា​ច្រើន គឺ​ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច នៅ​សម័យ​ក្រោយ ឲ្យ «ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង…ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ» (១ថែស្សាឡូនីច ៤:១១-១២)។

ទោះ​នាង រស់ ជា​ស្ត្រី​មេម៉ាយ​ក្នុង​ទឹកដី​បរទេស​ជា​មួយ​ម្តាយ​ក្មេក​ជា​ស្ត្រី​មេម៉ាយ​ក៏​ដោយ ក៏​នាង​មិន​អង្គុយ​អាណិត​ខ្លួន​ឯង ហើយ​រង់​ចាំ​ឲ្យ​គេ​មក​ជួយ​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​បាន​ឆ្លៀត​ឱកាស​ដែល​មាន​នៅ​ចំពោះ​មុខ ចូល​ទៅ​ក្នុង​វាល​ស្រែ ដើម្បី​រើស​កួរ​ស្រូវ​ដែល​នៅ​សល់ ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង និង​នាង ន៉ាអូមី។ នាង​មិន​គ្រាន់តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់ តែ​ក៏បាន​ធ្វើ​កិច្ចការ​របស់​នាង ដែល​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​មាន​ពេល​សម្រាក​តិចតួច ដោយ​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន (នាងរស់ ២:៧)។

ក្នុង​កាលៈទេសៈ​នេះ នាង រស់ មិន​បាន​ទទូច​ឲ្យ​គេ​ទទួល​ស្គាល់​នាង ឬ​មាន​អារម្មណ៍​ថា មិន​សមនឹង​ឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​មិន​បាន​អបអរ​ខ្លួន​ឯង ដែល​ខំ​ខ្នះខ្នែង​ស្វែងរក​អាហារ ឬ​សរសើរ​ខ្លួន​ឯង ដែល​បាន​សម្រេច​ចិត្ត​ទៅ​រើស​គួរ​ស្រូវ​ក្នុង​វាល​ស្រែ​របស់​លោក​បូអូស​ឡើយ។ តែ​ផ្ទុយ​ទៅវិញ នាង​បាន​ចាត់​ទុក​ពល​កម្ម​របស់​នាង គ្រាន់តែ​ជា​កាតព្វកិច្ច។ ដូច​នេះ នៅពេល​ដែល​លោក​បូអូស​បង្ហាញ​ក្តី​មេត្តា និង​ជូនពរ​នាង (នាងរស់ ២:៨-៩) នាង​ក៏​បាន​ឆ្លើយតប ដោយ​ចិត្ត​ស្ញប់​ស្ញែង និង​ការ​ដឹង​គុណ។

នាង​ដឹង​ថា នាង​មិន​អាច​ទាមទារ​អ្វី​ពី​គាត់​បានទេ ហើយ​នាង​ក៏​បាន​ទទួល​សេចក្តី​មេត្តា​នោះ ជា​អំណោយ។ ការ​បន្ទាប​ខ្លួន និង​ការ​ដឹង​គុណ​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ ចិត្ត​ដែល​រមិល​គុណ ជា​គូ​នឹង​ចិត្ត​មាន​អំនួត តែ​ចិត្ត​ដែល​បន្ទាប​ចុះ​នឹង​តែងតែ​ដឹង​គុណ​ជានិច្ច។

ក្តី​មេត្តា និង​ការ​ការពារ​របស់​លោក បូអូស បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​មេត្តា និង​ការ​ការពារ​ដ៏​អស់​កល្ប ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​លោក បូអូស។ យើង​ក៏​អាច​បន្ទាប​ខ្លួន​ដូច​នាង រស់ ខណៈ​ពេល​ដែល​រឿង​នាង រស់ មាន​ចំណុច​ដែល​ទាក់ទង​នឹង​រឿង​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ។ នៅពេល​ដែល​លោក បូអូស បាន​ផ្តល់​ឲ្យ​នាងរស់​នូវ​ទឹក និង​អាហារ (នាងរស់ ២:៩, ១៤)។ យើង​អាច​គិត​អំពី​ទឹក​មុខ​ដែល​ពួក​គេ​មាន នៅ​ពេល​នោះ ដែល​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ទឹក​មុខ​របស់​ព្រះ​យេស៊ូវ និង​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ក្បែរ​អណ្តូង ដែល​កាល​នោះ ព្រះ​រាជបុត្រា​នៃ​ព្រះ បាន​ប្រទាន​ទឹក​រស់​អស់​កល្ប ដែល​អាច​បំបាត់​ការ​ស្រេក​ទឹក​ខាង​វិញ្ញាណ​របស់​នាង​បាន (យ៉ូហាន ៤:១-៤៥)។ លោក បូអូស បាន​បំពេញ​តម្រូវការ​ខាង​រូបកាយ​របស់​នាង រស់ នៅ​ថ្ងៃ​នោះ តែ​ព្រះ​គ្រីស្ទ​បាន​បំពេញ​តម្រូវការ​ទាំង​អស់ អស់​កល្ប​ជានិច្ច។ ព្រះ​អង្គ​ជា​ទឹក​រស់ និង​ជា​នំ​ប៉័ង​ជីវិត​សម្រាប់​យើង​រាល់​គ្នា។

«ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ?» សំណួរ​នេះ ក៏​គួរតែ​ក្រើន​រម្លឹក​យើង​ឲ្យ​សួរ​ព្រះ​យេស៊ូវ​ជា​ទៀង​ទាត់​ថា «ឱ​ព្រះ​អម្ចាស់​យេស៊ូវ ហេតុ​អ្វី​ព្រះ​អង្គ​មាន​សេចក្តី​មេត្តា ចំពោះ​ទូល​បង្គំ ហើយ​ស្រឡាញ់​ទូល​បង្គំ ទោះ​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប​ក៏​ដោយ?» យើង​មាន​ចម្លើយ​ដ៏​សាមញ្ញ​មួយ​គឺ៖ ដោយ​សារ​ព្រះ​គុណ។ ទោះ​យើង​អាច​ធ្វើ​អ្វី​ក៏​ដោយ សម្រាប់​ក្រុម​គ្រួសារ ពួក​ជំនុំ និង​ព្រះ​អម្ចាស់ ព្រះ​អង្គ​មាន​សេចក្តី​មេត្តា​ចំពោះ​យើង ដោយ​សារ​ព្រះ​គុណ​ដែល​ចេញ​មកពី​ព្រះ​អង្គ​ទេ។ អ្នក​មិន​អាច​ធ្វើ​អ្វី ដើម្បី​ឲ្យ​ព្រះ​អង្គ​មាន​សេចក្តី​មេត្តា​ចំពោះ​អ្នក​ឡើយ។ ដោយ​សារ​ការ​ផ្គត់ផ្គង់​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ អ្នក​អាច​ច្រៀង​ថា «ខ្ញុំ​ឈរ​នៅ​លើ​ថ្មដា​របស់​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​ដី​ផ្សេង​ទៀត សុទ្ធតែ​ជា​ខ្សាច់​ស្រូប»។1 ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ច្រៀង​ឡើង ដោយ​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​គុណ​ដែល​អ្នក​បាន​ទទួល។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ២:១១-២២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១៤-១៥ និង​ម៉ាថាយ ៩:១៨-៣៨

1លោក Edward Mote, “My Hope Is Built on Nothing Less” (ឆ្នាំ១៨៣៤)។

More articles