«លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចំរូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ» (នាងរស់ ២:១៤)។
ព្រះអម្ចាស់បានត្រាស់ហៅខ្ញុំនិងអ្នកឲ្យធ្វើជាស្ពានចម្លង មនុស្សដែលមានភាពឯកោ ឆ្ពោះទៅរកជីវិតដែលព្រះទ្រង់ទទួលយក។
សម្រាប់នាង រស់ លោកបូអូសគឺជាស្ពានដែលបានចម្លងនាង។ នៅពេលថ្ងៃត្រង់ ក្នុងម៉ោងធ្វើការប្រចាំថ្ងៃមានរយៈពេលវែង លោកបូអូសបានអញ្ជើញពួកឈ្នួលរបស់គាត់ ឲ្យបរិភោគអាហារយ៉ាងរីករាយ។ គាត់ក៏បានអញ្ជើញនាងរស់ ឲ្យបរិភោគក្នុងចំណោមពួកគេផងដែរ។ យើងងាយនឹងមើលរំលងចំណុចសំខាន់ ក្នុងដំណើររឿងនេះ។ នាង រស់ ជាមនុស្សដែលគេមិនស្គាល់ ជាសាសន៍ដទៃ និងជាមនុស្សស្រី។ អ្វីដែលគាត់ធ្វើនៅពេលនោះ ខុសពីការរំពឹងគិតរបស់គេ ហើយក៏ខុសនឹងវប្បធម៌របស់គាត់ផងដែរ។ និយាយឲ្យខ្លី គាត់បានធ្វើដូចព្រះយេស៊ូវ។
លោក បូអូស បានធ្វើជាគំរូរបស់មនុស្ស ដែលបានធ្វើជាស្ពានចម្លងអ្នកដទៃ ចេញពីភាពឯកោ ចូលទៅក្នុងការរាប់រកដែលព្រះបានប្រទាន។ ក្នុងនាមនាង រស់ ជាសាសន៍ម៉ូអាប់ នាងមានរូបសម្បត្តិ និងអាកប្បកិរិយាខុសពីអ្នកភូមិបេថ្លេហិម។ ជាងនេះទៅទៀត ដោយសារនាង រស់ និងនាង ន៉ាអូមី ជាស្ត្រីមេម៉ាយ ពួកគេប្រាកដជាពិបាកចូលរួមការជួបជុំជាច្រើនប្រភេទក្នុងសង្គម។ ប៉ុន្តែ ចិត្តរបស់លោក បូអូស មានពេញដោយសេចក្តីស្រឡាញ់របស់ព្រះ បានជាគាត់មិនមានការរើសអើង ហើយបានស្វាគមន៍នាង រស់ ចូលតុរបស់គាត់។ គាត់មិនគ្រាន់តែបានខិតខំធ្វើយ៉ាងណាឲ្យនាង រស់ មានអារម្មណ៍កក់ក្តៅ ដោយសារសកម្មភាពរបស់គាត់ប៉ុណ្ណោះទេ។ ប៉ុន្តែ គាត់ក៏បានឲ្យឈ្នួលគាត់ប្រព្រឹត្តចំពោះនាង រស់ ដោយការស្វាគមន៍ និងចិត្តសប្បុរស ហើយគាត់ផ្តល់ភាពងាយស្រួលដល់នាង ក្នុងការងាររើសកួរស្រូវ (នាងរស់ ២:១៥-១៦)។ គាត់បានផ្គត់ផ្គង់ និងយកចិត្តទុកដាក់ចំពោះនាង លើសពីការរំពឹងគិតរបស់មនុស្ស។
តើយើងប្រព្រឹត្តដូចនេះ ចំពោះអ្នកមិនជឿព្រះ អ្នកជឿថ្មី ឬភ្ញៀវដែលមកព្រះវិហាររបស់យើងទេ? ឈ្មោះជាគ្រីស្ទបរិស័ទ គឺមានន័យថា អ្នកទទួលសេចក្តីស្រឡាញ់របស់ព្រះ តាមសេចក្តីសញ្ញា។ ដូចនេះ គ្រីស្ទបរិស័ទគួរតែធ្វើជាអ្នកនាំមុខគេក្នុងការរាប់បញ្ចូលអ្នកក្រៅ គឺអ្នកដែលនិយាយថា «សូមស្វាគមន៍! យើងខ្ញុំមានចិត្តរីករាយ ដែលបានឃើញអ្នកនៅទីនេះ! សូមចូលរួមជាមួយយើងខ្ញុំ!» ព្រះអម្ចាស់បានត្រាស់ហៅយើងឲ្យទាស់ប្រឆាំងនឹងចរន្តនៃការមិនរាប់បញ្ចូលអ្នកដទៃ ដោយចិត្តអាត្មានិយម ដែលកើតមានជាធម្មតា ហើយប្រឆាំងការមានទម្លាប់ស្វាគមន៍តែមនុស្សដែលមានលក្ខណៈដូចយើង។
យើងមានចិត្តក្លាហានក្នុងការធ្វើជាស្ពានចម្លង មិនមែនធ្វើជារនាំង ពេលណាយើងមើលទៅការស្វាគមន៍ដែលព្រះទ្រង់មានចំពោះយើងក្នុងព្រះគ្រីស្ទ។ ការដែលលោក បូអូស បានស្វាគមន៍នាងរស់ ទោះនាងមានជាតិសាសន៍ផ្សេង និងឋានៈតូចទាប ហើយខ្វះបទពិសោធន៍ការងារក៏ដោយ ការនេះបានចង្អុលបង្ហាញយើងឲ្យងាកទៅរករឿងដ៏អស់កល្បនៃការស្វាគមន៍ធំបំផុតរបស់ព្រះអម្ចាស់។ ព្រះដ៏បរិសុទ្ធបានត្រាស់ហៅ ដោយផ្ដួលរំលំជញ្ជាំងនៅចន្លោះជនជាតិយូដា និងសាសន៍ដទៃ ពួកទាសករ និងពួកមានសេរីភាព ដោយមានបន្ទូលទៅកាន់មនុស្សមានបាបថា «អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ» (អេសាយ ៤៥:២២)។ យើងត្រូវតែងាកទៅមើលឈើឆ្កាងជាថ្មី ដ្បិតនៅទីនោះយើងអាចរៀនអំពីអត្ថន័យនៃក្តីស្រឡាញ់ និងការស្វាគមន៍ដែលព្រះអម្ចាស់មានចំពោះយើង។ ទាល់តែយើងបានអនុវត្តដូចនេះហើយ ទើបយើងពិតជាអាចស្រឡាញ់ និងស្វាគមន៍អ្នកដទៃ។
ដូចនេះ ចូរមើលរបៀបដែលព្រះក្នុងព្រះគ្រីស្ទស្វាគមន៍អ្នក ចូលតុព្រះអង្គ ហើយសួរខ្លួនឯងថា «តើព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលចិត្តខ្ញុំឲ្យដើររំលងជញ្ជាំង ដែលនៅខណ្ឌនៅកណ្ដាលដោយរបៀបណា? តើព្រះអង្គកំពុងត្រាស់ហៅខ្ញុំ ឲ្យស្វាគមន៍នរណា ចូលតុរបស់ខ្ញុំ?»
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ២:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១៦-១៨ និងម៉ាថាយ ១០:១-២៣