«យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ដែលបានផ្តល់មកយើងជាបរិបូរ» (អេភេសូរ ១:៧-៨)។
ព្រះគុណរបស់ព្រះសម្រាប់រាស្ត្រព្រះអង្គ គ្មានដែនកំណត់ ហើយស្ថិតស្ថេរនៅគ្មានទីបញ្ចប់។ ដើម្បីឲ្យយើងស្គាល់សេចក្តីពិតនេះ យើងចាំបាច់ត្រូវមើលទៅព្រះគ្រីស្ទតែមួយអង្គប៉ុណ្ណោះ ដែលតាមរយៈព្រះលោហិតព្រះអង្គ យើងទទួលបានសេចក្តីប្រោសលោះឲ្យរួចពីបាប។
ក្នុងកណ្ឌគម្ពីរនិក្ខមនំ ព្រះអម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលធ្វើបុណ្យរំលង ដែលបានឆ្លុះបញ្ចាំងអំពីសេរីភាព ដែលបានមកពីការលះបង់។ ព្រះអង្គបានបង្គាប់ពួកគេឲ្យសម្លាប់កូនចៀមប្រចាំគ្រួសារ ហើយយកឈាមវាមកលាបពីលើក្របទ្វារផ្ទះ ដើម្បីឲ្យទេវតានៃសេចក្តីស្លាប់រំលងផ្ទះពួកគេ ក្នុងដំណើរឆ្លងកាត់ទឹកដីអេស៊ីព្ទ។
អ្នកផ្ទះរបស់គ្រួសារដែលស្មោះត្រង់ចំពោះព្រះអង្គបានរួចផុតពីការជំនុំជម្រះ ដែលជាការស្លាប់របស់កូនច្បង គឺដោយសារកូនចៀមមួយក្បាលបានស្លាប់ជំនួសកូនច្បងនោះ (និក្ខមនំ ១២:៣-១៣)។
ពួកអ៊ីស្រាអែលបានរស់នៅជាទាសកររបស់ស្ដេចផារ៉ោន។ ស្រដៀងគ្នានេះដែរ យើងរាល់គ្នាក៏បានចូលក្នុងលោកីយ៍នេះ ក្នុងនាមជាទាសកររបស់បាប និងសេចក្តីស្លាប់ផងដែរ។ ព្រះលោហិតរបស់ព្រះគ្រីស្ទបានបង់ថ្លៃទិញការអត់ទោសបាប ដោយព្រះអង្គបានប្រោសលោះយ៉ាងជោគជ័យ ក្នុងនាមជាកូនចៀមបុណ្យរំលង សម្រាប់អស់អ្នកដែលជឿព្រះអង្គ។ ព្រះលោហិតព្រះអង្គបានរំដោះយើងឲ្យរួចពីសេចក្តីស្លាប់ អស់កល្បជានិច្ច។ ព្រះគ្រីស្ទបានយាងមកផែនដី មិនមែនដើម្បីប្រាប់យើងអំពីរបៀបធ្វើខ្លួនយើងឲ្យក្លាយជាគ្រីស្ទាននោះទេ ហើយក៏មិនមែន ដើម្បីប្រាប់យើង អំពីការអ្វីខ្លះដែលយើងត្រូវធ្វើ ដើម្បីសង្គ្រោះខ្លួនយើងដែរ។ ប៉ុន្តែ ព្រះអង្គបានយាងមក ដើម្បីធ្វើកិច្ចការដែលយើងមិនអាចធ្វើបាន គឺការសង្គ្រោះយើង។ ព្រះអង្គបានសុគតជំនួសយើង ដោយប្រទានការអត់ទោសបាប ដែលយើងអាចទទួលដោយឥតគិតថ្លៃ។ យើងមិនហ៊ានគិតថា ព្រះទ្រង់គ្រាន់តែសម្រេចព្រះទ័យមើលរំលងបាបរបស់យើងនោះទេ តែផ្ទុយទៅវិញ ការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងបានទទួលទោសដែលយើងសមនឹងទទួល។ សេចក្តីបរិសុទ្ធរបស់ព្រះតម្រូវឲ្យយើងទទួលទោសរបស់បាបយើង ហើយព្រះរាជបុត្រាបានបង់ថ្លៃ ដើម្បីលោះយើងឲ្យរួចពីទោសនោះ។
នៅពេលដែលសាវ័ក ប៉ុល គិតអំពីរឿងនេះ គាត់ក៏បានបន្លឺសម្លេងថា «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា» (អេភេសូរ ១:៣)។ ការពិចារណាអំពីព្រះគុណព្រះ គួរតែបានបណ្ដាលចិត្តយើងឲ្យសរសើរតម្កើងព្រះអង្គ។ ប៉ុន្តែ ក្នុងខ.៧-៨ សូមកត់សម្គាល់ឃើញថា សាវ័ក ប៉ុល បានប្រើឃ្លា «តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ដែលបានផ្តល់មកយើងជាបរិបូរ»។ ព្រះគុណរបស់ព្រះហូរចុះមកដូចទឹកធ្លាក់ក្នុងបរិមាណច្រើនលើសលប់ ចាក់មកលើកូនព្រះអង្គម្នាក់ៗ ដោយមិនសំចៃ។ ព្រះអង្គនៅតែបន្តចាក់បង្ហូរមកលើយើង អស់កល្បជានិច្ច។
សូមយើងស្រមៃថា យើងទើបតែបានញាំអាហារថ្លៃៗក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់មួយ ហើយមានមនុស្សម្នាក់ចាប់កាន់វិក្កយបត្ររបស់អ្នក ដោយនិយាយថា «ខ្ញុំនឹងចេញលុយឲ្យអ្នក»។ នេះជាអ្វីដែលព្រះទ្រង់កំពុងមានបន្ទូលមកអ្នកក្នុងកម្រិតដែលធំបំផុត ហួសក្តីស្រមៃរបស់យើង។ ព្រះអង្គមិនមែនកំពុងមានបន្ទូលថា យើងគ្មានការជំពាក់ដែលត្រូវបង់ប្រាក់នោះទេ តែព្រះអង្គកំពុងមានបន្ទូលថា ព្រះអង្គបានបង់ប្រាក់ឲ្យយើងហើយ។ ព្រះគុណព្រះគ្មានដែនកំណត់ លើសពីលទ្ធភាពដែលភ្នែកមនុស្សអាចមើលឃើញ និងចិត្តអាចយល់បាន។ ដូចនេះ ពេលណាអ្នកក្រឡេកមកមើលថ្ងៃម្សិលមិញ ឬសប្ដាហ៍មុន អ្នកនឹងបានដឹងថា អ្នកមានបាប ប៉ុន្តែអ្នកក៏ដឹងផងដែរថា អ្នកមិនអាចមានបាបលើសលទ្ធភាពដែលព្រះអង្គអាចអត់ទោសឲ្យ ហើយអ្នកអាចទុកចិត្តថា ព្រះអង្គដែលបានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ (ភីលីព ១:៦)។ អ្នកនឹងបានអរសប្បាយនឹងការដកពិសោធន៍ជាមួយព្រះគុណ ដែលបានប្រទានមកឥតឈប់ឈរ អស់កល្បជានិច្ច។
ព្រះគុណរបស់ព្រះបាននាំខ្ញុំមកដល់ទីនេះ
ហើយនឹងនាំខ្ញុំទៅដល់ផ្ទះនៅស្ថានសួគ៌។1
ព្រះគម្ពីរសញ្ជឹងគិត៖ ហូសេ ៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១៩-២០ និងម៉ាថាយ ១០:២៤-៤២
1លោក John Newton, “Amazing Grace” (ឆ្នាំ១៧៧៩)។