នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​ស្រឡាញ់ ដែល​សក្តិ​សមនឹង​លះបង់​ជីវិត

សេចក្តី​ស្រឡាញ់ ដែល​សក្តិ​សមនឹង​លះបង់​ជីវិត

ដោយWinn Collier

May 22, 2025

 

ម៉ាថាយ ១៦:២១-២៨ 

ព្រោះ​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ​។ ម៉ាថាយ ១៦:២៥

លោក​វីលៀម ថេមភល(William Temple) គឺជា​អ្នក​ដឹកនាំ​ពួក​ជំនុំ ជនជាតិ​អង់គ្លេស នៅ​សតវត្សរ៍ទី១៩ ធ្លាប់​បាន​អធិប្បាយ​ព្រះបន្ទូល​ព្រះ ទៅ​កាន់​និស្សិត​សកលវិទ្យាល័យ​អក់ស្វឺត ហើយ​​​បាន​បញ្ចប់​ការ​អធិប្បាយ​ព្រះបន្ទូល​ដោយ​ពាក្យ​ពេចន៍ ដក​ស្រង់​ពី​​ទំនុក​សកល មាន​ចំណង​ជើង​ថា “កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ”(លេខ៤៨)។ ប៉ុន្តែ គាត់​បាន​ដាស់តឿន​ពួកគេ មិន​ឲ្យ​មើល​ស្រាល​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ឡើយ​។ លោក​គ្រូ​ថេមភល មាន​ប្រសាសន៍​ថា “បើ​ពាក្យ​ពេចន៍​ក្នុង​ទំនុក​ដំកើង​នោះ ពិត​ជា​ប៉ះ​ពាល់​ចិត្ត​អ្នក​មែន ចូរ​ច្រៀង​ឲ្យ​ឮ​ៗ​ចុះ​។ តែបើ​មិន​ប៉ះ​ពាល់​ចិត្ត​អ្នក​ទាល់តែសោះ សូម​នៅ​ស្ងៀម កុំ​ច្រៀង​អី​។ បើ​ប៉ះ​ពាល់​ចិត្ត​អ្នក​បន្តិច​បន្តួច​ដែរ ហើយ​អ្នក​ចង់​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ខ្លាំង​ជាង​នេះ​ទៀត នោះ​ចូរ​ច្រៀង​ដោយ​សម្លេង​ស្រទន់​វិញ”។ ហ្វូង​មនុស្ស​ដែល​កំពុង​ស្តាប់​ការ​អធិប្បាយ មាន​សភាព​ស្ងាត់​ស្ងៀម ខណៈ​ពេល​ដែល​ម្នាក់ៗ​កំពុង​មើល​ទំនុក​ច្រៀង​របស់​បទ​នេះ​។ សម្លេង​មនុស្ស​រាប់​ពាន់​នាក់​ក៏បាន​ចាប់​ផ្តើម​ច្រៀង ដោយ​សម្លេង​ខ្សឹប​​ៗ បន្តិច​ម្តងៗ ហើយក៏​បាន​ដំឡើង​សម្លេង​ច្រៀង​កាន់តែ​ខ្លាំង នៅ​ឃ្លា​ចុង​ក្រោយ ដែល​ច្រៀង​ថា “សេចក្តី​ស្រឡាញ់​នៃ​ព្រះ​ឧត្តម នោះ​គួរ​តប ដោយ​ថ្វាយ​គ្រប់​ទាំង​អស់”។

និស្សិត​ទាំង​នោះ នៅ​សកលវិទ្យាល័យ​អក់ស្វឺត បាន​យល់​ការ​ពិត​ដែល​ថា ការ​ជឿ និង​ការ​ដើរ​តាម​ព្រះយេស៊ូវ គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ច្បាស់​លាស់ ព្រោះ​ការ​សម្រេច​ចិត្ត​នេះ​គឺ​មានន័យថា ពួក​គេ​ត្រូវ​ឱប​ក្រសោប​យក​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ដែល​តម្រូវ​ឲ្យ​យើង​លះបង់​អ្វីៗ​គ្រប់​យ៉ាង​។ ការ​ដើរ​តាម​ព្រះគ្រីស្ទ តម្រូវ​ឲ្យ​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះអង្គ​។ ព្រះអង្គ​បាន​ប្រាប់​ពួក​សាវ័ក​របស់​ព្រះអង្គ​យ៉ាង​ច្បាស់​ថា “បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាថាយ ១៦:២៤)។ គ្មាន​នរណា​ម្នាក់​ដែល​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះអង្គ ដោយ​គ្មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​។

ប៉ុន្តែ ការ​ដើរ​តាម​ព្រះយេស៊ូវ ក៏​ជា​ផ្លូវ​ចូល​ទៅ​រក​ក្តី​អំណរ​ជ្រាល​ជ្រៅ​បំផុត​។ យើង​នឹង​បាន​ដឹង​ថា ជីវិត​ដែល​រស់នៅ​ក្នុង​ព្រះអង្គ គឺជា​ជីវិត​ដែល​យើង​ពិតជា​ចង់​បាន​។ យើង​ប្រហែល​ជា​ពិបាក​យល់​ពី​ដំបូង​។ ទោះជា​យ៉ាងណា​ក៏ដោយ បើ​យើង​ឆ្លើយតប ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ជឿ​លើ​ព្រះគ្រីស្ទ ហើយ​លះបង់​ភាព​អាត្មា​និយម ដែល​មិន​បាន​គិត​វែង​ឆ្ងាយ នោះ​យើង​នឹង​រក​ឃើញ​ជីវិត ដែល​វិញ្ញាណ​យើង​កំពុង​ស្រេក​ឃ្លាន​ចង់​បាន(ខ.២៥)។—Winn Collier

តើ​ការ​ជឿ និង​ការ​ដើរ​តាម​ព្រះយេស៊ូវ តម្រូវ​ឲ្យ​អ្នក​មាន​ការ​លះបង់​អ្វី​ខ្លះ? តើ​អ្នក​នឹង​ទទួល​បាន​អ្វី​ខ្លះ?

ឱ​ព្រះអម្ចាស់ ការ​ដើរ​តាម​ព្រះអង្គ​មិន​ងាយ​ស្រួល​ទេ តែ​ទូល​បង្គំ​ចង់​ថ្វាយ​ជីវិត និង​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​។

For further study, read Keeping the Faith—The Cost of Following Christ at DiscoverySeries.org/Q0614.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៦-១៨ និង យ៉ូហាន ៧:២៨-៥៣

ល្ងាច

ការ​ដាច់​ចេញ​បាន​រលាយ​នៅ​លើ​ឈើ​ឆ្កាង  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ដាច់​ចេញ​បាន​រលាយ​នៅ​លើ​ឈើ​ឆ្កាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 22, 2025

«ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ» (អេភេសូរ ២:១-២)។

ព្រះ​គម្ពីរ​ប៊ីប​បាន​ប្រៀបធៀប​មនុស្ស​ដែល​មិន​ទទួល​ការ​ប្រោស​លោះ ទៅ​នឹង​មនុស្ស​ស្លាប់​ដែល​មាន​ចលនា ទោះ​ស្តាប់​មើល​ទៅ រឿង​នេះ​ដូចជា​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាងណា​ក៏​ដោយ។ បើ​មិន​បាន​នៅ​ក្នុង​ព្រះ​យេស៊ូវ​ទេ មនុស្ស​ទាំង​ប្រុស​ស្រី ជា​មនុស្ស «ស្លាប់» ក្នុង​ការ​រំលង និង​បាប​របស់​ខ្លួន។

ការ​ដែល​ព្រះ​គម្ពីរ​បាន​បក​ស្រាយ​អំពី​មនុស្ស​ជាតិ​យ៉ាង​ដូច​នេះ គួរតែ​បាន​ជួយ​ឲ្យ​យើង​មាន​ការ​រំពឹង​គិត អំពី​លក្ខណៈ​នៃ​ជីវិត​ដែល​មនុស្ស​អាច​មាន​នៅ​ក្រៅ​នគរ​ព្រះ។ ការ​អប់រំ​មាន​សារៈសំខាន់​ណាស់។ ច្បាប់​របស់​រដ្ឋ​ក៏​មាន​ភាព​ចាំ​បាច់​មែន។ ប៉ុន្តែ ការ​អប់រំ និង​ច្បាប់ មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជា​មូលដ្ឋាន ដែល​មាន​ក្នុង​ចិត្ត​មនុស្ស​ឡើយ។ ដំណោះស្រាយ​របស់​លោកីយ៍​មិន​អាច​ជួយ​យើង​បានទេ ព្រោះ​ពួកវា​មិន​អាច​លើកយក​បញ្ហា​ធំ​បំផុត​មក​និយាយ គឺ​បញ្ហា​ពី​កំណើត​របស់​យើង​ដែល «ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ...នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូចជា​មនុស្ស​ឯទៀត​ដែរ» (អេភេសូរ ២:១,៣)។

ការ​ដាច់​ចេញ​ពី​ព្រះ ដែល​ជា​សញ្ញា​សំ​គាល់​របស់​មនុស្ស​ជាតិ​នៅ​ក្រៅ​ព្រះ​គ្រីស្ទ មាន​លក្ខណៈ​ខ្សែ​បន្ទាត់​ឈរ។ ប៉ុន្តែ ផល​វិបាក​របស់​វា បាញ់​ចេញ​ទៅ​គ្រប់ទិស។ សាវ័ក ប៉ុល បាន​បន្ត​បក​ស្រាយ​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ អំពី​របៀប​ដែល​ការ​ដាច់​ចេញ​ក្នុង​លក្ខណៈ​ខ្សែ​បន្ទាត់​ឈរ មាន​ផល​ប៉ះ​ពាល់​មក​លើ​ទំនាក់​ទំនង​ក្នុង​លក្ខណៈ​ខ្សែ​បន្ទាត់​ដេក រវាង​សាសន៍​យូដា និង​សាសន៍​ដទៃ (អេភេសូរ ២:១១-១២)។ ការ​ប្រឆាំង​គ្នា​ដ៏​រ៉ាំរ៉ៃ​រវាង​សាសន៍​យូដា និង​សាសន៍​ក្រិក​ក្នុង​សម័យ​បុរាណ មាន​ឫស​គល់​នៅ​ក្នុង​បាប​របស់​មនុស្ស។ សាសន៍​ទាំង​ពីរ​ក្រុម សុទ្ធតែ​ដាច់​ចេញពី​ព្រះ គឺ​ដូច​ដែល​វាំងនន​ក្នុង​ព្រះ​វិហារ​នៅ​ទីក្រុង​យេរូសាឡឹម​បាន​ធ្វើ​ជា​ដំណាង​ឲ្យ​ការ​ដាច់​ចេញ​នេះ ហើយ​សាសន៍​ទាំង​ពី​ក្រុម ក៏បាន​ដាច់​ចេញពី​គ្នា ដោយ​ជញ្ជាំង​នៃ​វប្បធម៌ និង​សាសនា​នៅ​ចន្លោះ​ពួក​គេ (ខ.១៤)។

តាម​ពិត ការ​ដាច់​ចេញពី​គ្នា​នេះ​នៅ​តែ​បន្ត​មាន​សម្រាប់​អ្នក​ដែល​មិន​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ការ​លះបង់​ដើម្បី​សហគមន៍​របស់​យើង និង​ការ​ធ្វើ​ការ​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម និង​ដើម្បី​ប្រយោជន៍​អ្នក​ជិត​ខាង​យើង គឺជា​ការ​ល្អ (ហើយ​តាម​ពិត ព្រះ​ទ្រង់​បង្គាប់​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​អនុវត្ត​ដូច​នេះ​ឯង ដូច​មាន​ចែង​ក្នុង យេរេមា ២៩:៧) តែ​នេះ​មិនមែន​ជា​កិច្ចការ ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​ផ្ដោត​ចិត្ត​ជា​ចម្បង​នៅ​ក្នុង​ការ​ខិតខំ​ធ្វើ​ការ​បម្រើ​ព្រះ ឬ​ត្រូវ​ដាក់​ក្តី​សង្ឃឹម​ទៅ​លើ ដើម្បី​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ជា​ថ្មី​នោះ​ទេ។ មាន​តែ​នៅ​ក្នុង​ព្រះ​យេស៊ូវ​ទេ ដែល​ព្រះ​អម្ចាស់​បាន​បង្កើត​សង្គម​ថ្មី​មួយ ដែល​រនាំង​នោះ​បាន​ដួល​រលំ ដោយ​សារ​ព្រះ​គុណ​ព្រះ។ ព្រះ​អម្ចាស់​បាន​ប្រទាន «ខ្នាត​គំរូ» ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​ពិត​ប្រាកដ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ក្នុង​លោកីយ៍។1 ពេល​ណា​មនុស្ស​បាន​ឃើញ​ពួក​ជំនុំ​មាន​ខ្នាត​គំរូ​នេះ ពួក​គេ​នឹង​បាន​ស្គាល់​រសជាតិ​នៃ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ តាម​ផែនការ​ទ្រង់ នៅ​ពេល​ដែល​បាប ទឹក​ភ្នែក និង​ទុក្ខ​វេទនា​លែង​មាន​ទៀត នៅពេល​ដែល​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក ក្នុង​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី នឹង​បាន​សម្រេច។

ការ​ដាច់​ចេញ​ទាំង​ក្នុង​លក្ខណៈ​ខ្សែ​បន្ទាត់​ឈរ និង​ខ្សែ​បន្ទាត់​ដេក គឺ​មិន​អាច​ជៀស​បានទេ ពេល​ណា​យើង​ដាច់​ចេញពី​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ក្នុង​ព្រះ​គ្រីស្ទ និង​ក្នុង​សង្គម​ដែល​ព្រះ​អង្គ​កំពុង​កសាង និង​ដឹកនាំ ការ​ដាច់​ចេញ​ដូច​នេះ បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ​អង្គ​ហើយ។ បើ​យើង​គិត​អំពី​ធាតុ​ពិត​នៃ​បាប​ឲ្យ​បាន​ដិត​ដល់ គឺ​មានន័យថា យើង​ត្រូវ​ខិតខំ​ធ្វើ​ការ​ក្នុង​ពួក​ជំនុំ ដើម្បី​ធានា​ថា ពួក​ជំនុំ​គឺជា​កន្លែង ដែល​ព្រះ​គុណ​បាន​ផ្ដួល​រំលំ​រនាំង ហើយ​គេ​អាច​មើល​ឃើញ​គំរូ​នៃ​នគរ​ព្រះ ដែល​នឹង​មក​ដល់​នៅពេល​អនាគត។ ទំរាំ​ដល់​ពេល​យើង​បាន​ទៅ​រស់​នៅ​ទីនោះ យើង​មាន​ឱកាស​ធ្វើ​ការ​ថ្វាយ​នគរ​ព្រះ​អង្គ និង​អរ​សប្បាយ​នឹង​គំរូ​នៃ​នគរ​ព្រះ​អង្គ​ក្នុង​ពេល​បច្ចុប្បន្ន។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២យ៉ូហាន ១-១៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១-៣ និង​ម៉ាថាយ ១២:១-២១

1 លោក Christopher Ash, Remaking a Broken World: The Heart of the Bible Story (The Good Book Company, ឆ្នាំ២០១៩), ទំព័រ១៦៣។

បទគម្ពីរប្រចាំថ្ងៃ

«ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ» (អេភេសូរ ២:១-២)។

ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១-៣ និង​ម៉ាថាយ ១២:១-២១

ប្រភេទ