នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ដែល​ទាល់ក្រ

ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ដែល​ទាល់ក្រ

ដោយPatricia Raybon

May 21, 2025

លេវី​វិន័យ ១៩:៩-១០,៣៣-៣៤

កុំ​ឲ្យ​សង្កត់​សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ​។ និក្ខមនំ ២៣:៩

ភរិយា​របស់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ គឺជា​ជាង​កាត់​ដេរ​ដ៏​ចំណាន​។ គាត់​បាន​រៀប​ផែនការ​នៃ​សេចក្តី​ស្រឡាញ់ មុន​ពេល​គាត់​លាចាក​លោក ដោយសារ​ជំងឺ​ដែល​គាត់​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ​។ គាត់​បាន​បរិច្ចាគ​ឧបករណ៍​កាត់​​ដេរ​​ទាំង​អស់​របស់​គាត់ ដល់​អង្គ​ការ​កាត់ដេរ​មួយ ក្នុង​ទីក្រុង ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ម៉ាស៊ីនដេរ តុ​សម្រាប់​កាត់​ខោអាវ និង​ឧបករណ៍​ជា​ច្រើន​ទៀត សម្រាប់​ថ្នាក់​រៀន សម្រាប់​ជន​អន្តោ​​ប្រវេសន៍​ដែល​ទើប​ធ្វើ​ដំណើរ​មកដល់​។ ស្វាមី​គាត់​បាន​ប្រាប់​យើង​ថា “ខ្ញុំ​បាន​រាប់​​ក្រ​ណាត់ មាន២៨កេស​។ មានស្រ្តី៦នាក់ បាន​មក​ទទួល​សម្ភារៈ និង​ឧបករណ៍​ទាំង​អស់​នោះ​។ សិស្ស​របស់​ពួកគេ​គឺជា​កម្មករ​​កាត់ដេរ ដែល​ខិតខំ​ធ្វើ​ការងារ មាន​ចិត្ត​អន្ទះសា​ចង់​រៀន​ជំនាញ​កាត់ដេរ”។

នៅពេល​ដែល​អ្នក​ផ្សេង​ពិពណ៌នា អំពី​ជន​អន្តោ​ប្រវេសន៍​ដែល​ទើប​មក​ដល់​ថ្មី គេ​មិន​បាន​និយាយ ដោយ​ការ​សរសើរ​ដូច​នេះ​ទេ​។ ទុក្ខ​លំបាក​របស់​អ្នក​ចំណូល​ថ្មី បាន​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា ក្នុង​សង្គម​។

ទោះជា​យ៉ាងណា​ក៏ដោយ លោក​ម៉ូសេ​បាន​នាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​បាន​​បង្គាប់​ពួក​អ៊ីស្រាអែល​ថា “កុំ​ឲ្យ​សង្កត់​សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ”(និក្ខមនំ ២៣:៩)។ ជាង​នេះ​ទៅទៀត គាត់​ក៏​បាន​ចែកចាយ​ក្រឹត្យ​វិន័យ​របស់​ព្រះអង្គ ទាក់ទង​នឹង​ជន​អន្តោ​​ប្រវេសន៍​​​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​ពួក​គេ​ថា “កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង ហើយក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នកក្រ នឹង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា”(លេវី​វិន័យ ១៩:៩-១០)។

ព្រះ​ទ្រង់​ក៏​បាន​ប្រកាស​ផង​ដែរ​ថា “បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​ឯង នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូចជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួនឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពីដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ អញ​នេះ​គឺ​​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា”(ខ.៣៣-៣៤)។

ព្រះអង្គ​បាន​ដាក់​ខ្នាត​គំរូ ឬ​ស្តង់​ដា សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម​ហើយ​។ សូម​ព្រះ​អង្គ​ប្រទាន​ព​រ​ចិត្ត​យើង ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់ ដល់​ជន​អន្តោប្រវេសន៍ ឬ​អ្នក​ចំណូល​ថ្មី ក្នុង​ចំណោម​​យើង​។—Patricia Raybon

បើ​ពួក​ជំនុំ​របស់​អ្នក ឬ​តំបន់​ដែល​អ្នក​រស់នៅ មាន​អ្នក​ខ្លះ​ជា​អ្នក​មកពី​ប្រទេស​ក្រៅ ឬ​និយាយ​ភាសា​ផ្សេង
តើ​អ្នក​អាច​ជួយ​យក​អសារ​ពួកគេ​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​នៅ​កន្លែងណា អ្នក​អាច​រក​ឃើញ​ឱកាស​ជួយ​នរណា​ម្នាក់ ដែល​មាន​វប្បធម៌​ខុសពី​អ្នក?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ចិត្ត​ដែល​ស្វាគមន៍ និង​យក​អសារ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៣-១៥ និង យ៉ូហាន ៧:១-២៧

ល្ងាច

ដើម្បី​ចូល​ក្នុង​នគរ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដើម្បី​ចូល​ក្នុង​នគរ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 21, 2025

«ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បានទេ» (យ៉ូហាន ៣:៥)។

ពេល​ណា​យើង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ យើង​ឃើញថា ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ មួយ​ផ្នែក​ធំ ក៏បាន​រាប់​បញ្ចូល​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​នគរ​ព្រះ​ផង​ដែរ។ ព្រះ​អង្គ​បាន​យាង​កាត់​តាម​ទីក្រុង និង​ភូមិ​ទាំង​ឡាយ ដោយ​ប្រកា​ស​ប្រាប់​គេ​ក្នុង​ន័យ​ថា មាន​នគរ​មួយ ហើយ​ព្រះ​អង្គ​ជា​ក្សត្រ។ ពួក​គេ​មិន​ទាន់​បាន​ចូល​នគរ​នោះ​ទេ តែ​បើ​គេ​ដើរ​តាម​ព្រះ​អង្គ ពួក​គេ​នឹង​បាន​ធ្វើ​ជា​រាស្ត្រ​ព្រះ​អង្គ ជា​ពលរដ្ឋ​របស់​នគរ​នោះ។

ពេល​ណា​យើង​អធិស្ឋាន​ថា សូម​រាជ្យ​ព្រះ​អង្គ​បាន​មកដល់ (លូកា ១១:២) បំណង​ចិត្ត​របស់​យើង​ក៏​គួរតែ​ចង់​ឲ្យ​គេ​នាំ​បុរស​ស្ត្រី​ទាំងឡាយ ចូល​នគរ​ព្រះ​គ្រីស្ទ ដោយ​មាន​កំណើត​ថ្មី និង​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត។ យើង​អធិស្ឋាន​ឲ្យ​អ្នក​ដែល​កំពុង​រស់នៅ​ដោយ​បះបោរ​ទាស់​នឹង​ព្រះ​អង្គ សូម​ឲ្យ​ព្រះ​អង្គ​រំដោះ​ពួក​គេ ចេញពី​ការ​គ្រប់​គ្រង​នៃ​ភាព​ងងឹត ហើយ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ (កូឡូស ១:‌១៣)។ ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ច្បាស់​ថា វិធី​តែមួយ​ដើម្បី​ឲ្យ​យើង​ចូល​ក្នុង​នគរ​ព្រះ​អង្គ​បាន គឺ​ត្រូវ​កើតជា​ថ្មី។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​ពិត​នេះ កាល​ព្រះ​អង្គ​ជួប​ជា​មួយ​លោក នីកូដេម។ លោក នីកូដេម គឺជា​អ្នក​កាន់​សាសនា ជា​អ្នក​មាន​អំណាច និង​ឥទ្ធិពល ប៉ុន្តែ​គាត់​នៅ​តែ​គ្មាន​សន្តិភាព​នៅ​ក្នុង​ចិត្ត នៅ​តែ​ស្វែងរក​សេចក្តី​ពិត។ នៅពេល​គាត់​បាន​ជជែក​ជា​មួយ​ព្រះ​យេស៊ូវ ព្រះ​អង្គ​ក៏​បាន​ចង្អុល​បង្ហាញ អំពី​លក្ខ​ខណ្ឌ​ដើម្បី​ឲ្យ​បាន​ឃើញ និង​ចូល​នគរ​ព្រះ គឺ​ត្រូវ​កើតជា​ថ្មី ដោយ​ព្រះ​វិញ្ញាណ។ ព្រះ​អង្គ​មាន​បន្ទូល​ថា ការ​កើតជា​ថ្មី​នេះ មិនមែន​កើត​ខាង​សាច់ឈាម​ទេ តែ​កើត​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ចិត្ត​មនុស្ស។ គ្មាន​នរណា​ម្នាក់​អាច​ចូល​នគរ​ព្រះ ដោយ​គ្មាន​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ពួក​គេ​នោះ​ទេ ហើយក៏​គ្មាន​នរណា​នៅ​ឆ្ងាយ​ពី​នគរ​ព្រះ​អង្គ​ពេក បាន​ជា​ព្រះ​អង្គ​មិន​អាច​ធ្វើ​ការ​ក្នុង​ពួក​គេ​នោះ​ឡើយ។ 

ពេល​ណា​យើង​អធិស្ឋាន​សូម​រាជ្យ​ព្រះ​អង្គ​មក​ដល់ គឺ​យើង​កំពុង​សូម​ព្រះ​អង្គ​បើក​ភ្នែក និង​ត្រចៀក​របស់​មនុស្ស​ឲ្យ​ឃើញ និង​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​អាច​កើតជា​ថ្មី។ ព្រះ​មហាក្សត្រ​នឹង​យាង​មក ដើម្បី​ប្រទាន​នគរ​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ ហើយ​ទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ដើម្បី​នាំ​មនុស្ស​ប្រុស​ស្រី​ចូល​នគរ​នោះ។ ទំរាំ​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​យាង​មកវិញ សូម​ឲ្យ​ការ​យល់​ដឹង​របស់​យើង អំពី​របៀប​ចូល​នគរ​ព្រះ​គ្រីស្ទ​បណ្ដាល​ចិត្ត​យើង​ឲ្យ​​ស្ញប់​ស្ញែង​កាន់តែ​ខ្លាំង ចំពោះ​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​យើង និង​មាន​ចិត្ត​ឆេះ​ឆួល​ក្នុង​ការ​អធិស្ឋាន​សូម​ព្រះ​វិញ្ញាណ​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស​បាត់​បង់ ដែល​មាន​តែ​ព្រះ​អង្គ​ទេ អាច​ធ្វើ​បាន។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ៣:១-១៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ២១-២២ និង​ម៉ាថាយ ១១

ប្រភេទ