
មិនរារាំងបេសកកម្មព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 23, 2025
«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក» (ម៉ាកុស ១០:៤៧-៤៩)។
ថ្ងៃបុណ្យរំលងជិតមកដល់ហើយ បុរសពិការភ្នែកស្ថិតក្នុងចំណោមហ្វូងមនុស្សដែលកំពុងតែមានចំនួនកើនឡើង។ គេកំពុងរំពឹងចង់បានការធំឧត្តមកើតឡើងនៅពេលនោះ។ ក្នុងចំណោមហ្វូងមនុស្សដែលកំពុងត្រាច់ចរទៅមក ភាគច្រើនគេគ្មានពេលសម្រាប់ឈប់ ដើម្បីដាក់ទានឲ្យអ្នកសុំទាននៅក្លោងទ្វារទីក្រុងទេ។ ពួកគេតែងតែសុំទាននៅទីនោះជាប្រចាំ ប្រជាជននៅជាយក្រុងយេរីខូបានដឹងច្បាស់ពីរឿងនេះ។ មនុស្សជាច្រើនក្នុងចំណោមហ្វូងមនុស្ស ទំនងជាធ្លាប់ឃើញបុរសពិការភ្នែកឈ្មោះបាទីមេ ញឹកញាប់ណាស់ហើយ បានជាពួកគេមិនចាប់អារម្មណ៍ចំពោះគាត់។
ហ្វូងមនុស្សមានការជក់ចិត្តយ៉ាងខ្លាំង ចំពោះព្រះយេស៊ូវ បានជាគេទំនងជាចាត់ទុកលោកបាទីមេ ជាមនុស្សរំខាន។ ពួកគេបានស្តីបន្ទោសឲ្យគាត់ និងព្យាយាមប្រាប់គាត់ឲ្យនៅស្ងៀម ពេលដែលគាត់ស្រែកសូមសេចក្តីមេត្តាពីព្រះអង្គ។ ទង្វើនេះគឺបានឆ្លុះបញ្ចាំងអំពីគំនិតរបស់ពួកគេ ដែលគិតថា អ្នកសុំទានជាសមាជិកនៃសង្គម ដែលពិតជាមិនបានរួមចំណែកនៅក្នុងការអ្វីដែលព្រះយេស៊ូវកំពុងធ្វើ។ ប៉ុន្តែ ការដែលពួកគេព្យាយាមប្រាប់គាត់ឲ្យនៅស្ងៀម គឺគ្រាន់តែបានរារាំងបេសកកម្មរបស់ព្រះយេស៊ូវប៉ុណ្ណោះ គឺរារាំងព្រះ ដែលពួកគេបានអះអាងថា ពួកគេកំពុងដើរតាម និងបុព្វហេតុដែលពួកគេអះអាងថា ពួកគេកំពុងដេញតាម។
បុរសពិការភ្នែកម្នាក់នេះ មិនមែនមានចំណាប់អារម្មណ៍តែបន្តិចបន្តួចចំពោះព្រះយេស៊ូវឡើយ បានជាគាត់បន្តស្រែកហៅព្រះអង្គ។ ការពិពណ៌នារបស់កណ្ឌគម្ពីរម៉ាកុសអំពីរឿងនេះ បានបង្ហាញសេចក្តីអាណិតដ៏ឥតខ្ចោះរបស់ព្រះគ្រីស្ទ ដោយពាក្យមួយឃ្លាដ៏សាមញ្ញថា «ព្រះយេស៊ូវទ្រង់ឈប់» ជាពាក្យដ៏ខ្លីនៃព្រះគុណ។ សូមអ្នកស្រមៃថា ពួកបណ្តាជនមានប្រតិកម្មយ៉ាងណា នៅពេលដែលព្រះយេស៊ូវមានបន្ទូលទៅកាន់មនុស្សដែលកំពុងស្តីបន្ទោសឲ្យគាត់ ដោយប្រាប់ពួកគេឲ្យហៅគាត់ ឲ្យចូលមករកព្រះអង្គ។ ការនេះពិតជាធ្វើឲ្យពួកគេមានអារម្មណ៍ខ្មាសអៀន ដែលសមនឹងទង្វើរបស់ពួកគេ។
ប្រហែលជាមានមនុស្សក្នុងជីវិតអ្នក ដែលអ្នកពិបាកអធិស្ឋានឲ្យ។ ប្រហែលមានអ្នកខ្លះ អ្នកគ្រាន់តែចង់ស្តីបន្ទោស ឬមិនចង់អើពើ។ អ្នកប្រហែលមិនចង់ធ្វើអ្វីសម្រាប់គាត់ ដោយសារមិនចង់ពិបាក។
ការអញ្ជើញនរណាម្នាក់មកព្រះវិហារ អង្គុយជាមួយពួកគេ បរិភោគអាហារជាមួយពួកគេ និងយកចិត្តទុកដាក់ចំពោះជីវិតរបស់ពួកគេ អាចធ្វើឲ្យយើងមានអារម្មណ៍រំខាន។ ការអនុវត្តដូចនេះមានភាពស្មុគស្មាញ ហើយតម្រូវឲ្យយើងចំណាយកម្លាំង និងពេលវេលា។ យើងសុខចិត្តឲ្យអ្នកផ្សេងផ្សាយដំណឹងល្អដល់ពួកគេវិញ។ យើងពិតជាងាយនឹងរអិលជើងចូលទៅក្នុងការគិតដូចនេះ ដោយមិនបានកត់សំគាល់ឲ្យបានដិតដល់ ប៉ុន្តែពេលណាយើងពិតជាគិតដូចនេះ យើងមិនខុសពីហ្វូងមនុស្ស ដែលបានធ្វើជារនាំងមិនឲ្យមានមនុស្សចូលមករកព្រះអង្គសង្គ្រោះ។ ព្រះយេស៊ូវមានបន្ទូលបង្គាប់យើងថា ចូរកុំស្តីបន្ទោសឲ្យពួកគេឡើយ ចូរហៅពួកគេឲ្យចូលមករកខ្ញុំ។ នេះជាមូលហេតុដែលខ្ញុំបានមក។
សូមព្រះអម្ចាស់អត់ទោសឲ្យយើង ពេលណាយើងមានចិត្តទោមនស្ស ដូចហ្វូងមនុស្ស ដោយសារផែនការយើងត្រូវគេបង្អាក់ ហើយមានអារម្មណ៍រំខាន ពេលដែលមាននរណាម្នាក់ស្រែកសូមសេចក្តីមេត្តារបស់ព្រះអង្គ។ ព្រះគ្រីស្ទជាអ្នកប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ តែព្រះអង្គក៏បានឲ្យយើងមានការទទួលខុសត្រូវ និងឯកសិទ្ធិក្នុងការប្រកាសព្រះបន្ទូលព្រះអង្គថា «ចូរមានសង្ឃឹមឡើង... ព្រះអង្គកំពុងហៅអ្នកហើយ»។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ១០:៣៥-៤៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ៤-៦ និងម៉ាថាយ ១២:២២-៥០