នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រឡាញ់​សេចក្តី​ពិត

ស្រឡាញ់​សេចក្តី​ពិត

ដោយMike Wittmer

May 23, 2025

 

២ថែស្សាឡូនិច ២:៧-១២

ដោយ​គ្រប់​ទាំង​សេចក្ដី​ឆបោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ​។ ២ថែស្សាឡូនិច ២:១០

ជែក(Jack) ស្អប់​សាលា​រៀន​។ ថ្នាក់​រៀន​គណិត​វិទ្យា វេយ្យាករណ៍ និង​តារាង​ខួប​គីមី បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ធុញ​ទ្រាន់ ក្នុង​ការ​រៀនសូត្រ​។ ប៉ុន្តែ គាត់​ស្រឡាញ់​ការ​សាង​សង់ផ្ទះ​។ ឪពុក​របស់​គាត់​បាន​នាំ​គាត់​ទៅ​ការដ្ឋាន​សំណង់ ក្នុង​វិស្សម​កាល​រដូវ​ក្តៅ ហើយ​គាត់​​​ចង់​ចេះ​ការងារ​សំណង់ ដោយ​មិន​ចេះ​ឆ្អែត​ឆ្អន់​។ គាត់​មាន​អាយុតែ១៦ឆ្នាំ​ទេ តែ​គាត់​ចេះ​ប្រើ​ស៊ី​ម៉ង់ ក្តារ​បន្ទះ និង​ធ្វើ​មេ​ជញ្ជាំង​។ តើ​សាលា​រៀន និង​ការងារ​សំណង់​មាន​អ្វី​ខុស​គ្នា? សម្រាប់​ជែក ទាំង​ពីរ​នេះ​ខុស​គ្នា ត្រង់​សេចក្តី​ស្រឡាញ់​។ ជែក​ស្រឡាញ់​ការងារ​សំណង់ តែ​គាត់​មិន​ចូលចិត្ត​សាលា​រៀន​។ ការ​ស្រឡាញ់​របស់​គាត់ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ចង់​ចេះ​ចង់​យល់​អំពី​ការងារ​សំណង់​កាន់តែ​ខ្លាំង​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​ត្រូវ “ស្រឡាញ់​សេចក្តី​ពិត”(២ថែស្សាឡូនិច ២:១០)។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា អ្នក​បម្រើ​របស់​សាតាំង នឹង​ប្រើ “ទី​សំ​គាល់ និង​ការ​អស្ចារ្យ”(ខ.៩) ដើម្បី​បោក​បញ្ឆោត “មនុស្ស​ដែល​កំពុង​វិនាស”(ខ.១០)។ ហេតុ​អ្វី​ពួកគេ​កំពុង​វិនាស? ព្រោះ​ពួកគេ​បាន​បដិសេធន៍​មិន​ព្រម​ស្រឡាញ់​សេចក្តី​ពិត និង​សេចក្តី​សង្គ្រោះ(ខ.១០)។ ការ​ដែល​ពួកគេ​មិន​ស្រឡាញ់​សេចក្តី​ពិត ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់ មិន​អាច​ស្គាល់​សេចក្តី​ពិត​បានទេ​។ ពួកគេ​បាន​ចាញ់​ការ​បញ្ឆោត​ហើយ(ខ.១១)។

តើ​យើង​បាន​យល់​ដឹង​អំពី​អ្វី​ខ្លះ? ដើម្បី​ឆ្លើយ​សំណួរ​ដ៏​សំខាន់​នេះ ជាបឋម យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ស្រឡាញ់​អ្វី? បំណង​ចិត្ត​របស់​យើង​តែង​តែ​ទាញ​នាំ​ចិត្ត និង​ដឹកនាំ​គំនិត​យើង​។ យើង​ឲ្យ​តម្លៃ​មក​លើ​អ្វីៗ​ដែល​យើង​ស្រឡាញ់​។ យើង​ការពារ​វា និង​ស្វែង​យល់​អំពី​​វា​កាន់តែ​ច្រើន​ថែម​ទៀត​។ បើ​យើង​ស្រឡាញ់​សេចក្តី​ពិត និង​ប្រាជ្ញា យើង​នឹង​ស្វែងរក​សេចក្តី​ទាំង​ពីរ​នេះ ដូច​ស្វែងរក​មាស​ដ៏​មាន​តម្លៃ(សុភាសិត ៣:១៣-១៤ ៤:៧-៩)។ សេចក្តី​ទាំង​ពីរ​នេះ​នឹង​ការពារ​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ‌ពារឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បំរុង​ឯង”(៤:៦)។

តើ​ប្រាជ្ញា​ពិត​ប្រាក​គឺជា​អ្វី? ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​គឺជា​ប្រាជ្ញា​ពិត​ប្រាកដ​។ “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត”(យ៉ូហាន ១៤:៦)។ សំណួរ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​សួរ​នោះ​គឺ តើ​យើង​ស្រឡាញ់​នរណា? ចូរ​យើង​ស្រឡាញ់​ព្រះយេស៊ូវ នោះ​យើ​ង​នឹង​មាន​ចិត្ត​ចង់​រៀន​សូត្រ​អំពី​ផ្លូវ​របស់​ព្រះអង្គ​។ ព្រះអង្គ​នឹង​ការពារ​ជីវិត​អ្នក ដោយ​ដឹកនាំ​អ្នក ចូល​ទៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះអង្គ​។—Mike Wittmer

ហេតុ​អ្វី​យើង​ចាំបាច់​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត? ហេតុ​អ្វី​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះ​អង្គ​គឺជា​សេចក្តី​ពិត?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​បំពេញ​ចិត្ត​ទូល​បង្គំ ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទូល​បង្គំ​ស្រឡាញ់​ព្រះអង្គ និង​អ្វី​ដែល​ពិត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៩-២១ និង យ៉ូហាន ៨:១-២៧