នំម៉ាណាប្រចាំថ្ងៃ
ការ​លោត​ចុះ ដោយ​សេចក្តី​ជំនឿ

ការ​លោត​ចុះ ដោយ​សេចក្តី​ជំនឿ

ដោយNancy Gavilanes

May 24, 2025

 

ហេព្រើរ ១១:១-៨

រីឯ​​សេចក្តី​ជំនឿ នោះ​គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំ​គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ​។ ហេព្រើរ ១១:‌១

នៅ​តំបន់​អង់តាកទិច​ខាងលិច គេ​បាន​សង្កេត​ឃើញ សត្វ​ភែនឃ្វីន​​ស្តេច ប្រហែល ៧រយ​ក្បាល ដែល​មាន​អាយុតែ៦ខែ កំពុង​ឈរ​​ផ្តុំ​គ្នា នៅ​មាត់​ជ្រោះ​ដែល​ជា​ផ្ទាំង​ទឹកកក​ដ៏​ខ្ពស់​ត្រដែត ប្រហែល១៥ម៉ែត្រ នៅ​ពីលើ​ទឹក​ដែល​ត្រជាក់​ខ្លាំង​។ ទី​បំផុត សត្វ​ភែនឃ្វីន​មួយ​ក្បាល បាន​ទ្រេត​​ខ្លួន​ទៅមុខ ហើយ​ក៏​បាន​ទម្លាក់​ខ្លួន​ចុះ ជ្រមុជ​ទៅ​ក្នុង​ទឹក​ដ៏​​ត្រជាក់នៅ​​ខាង​ក្រោម ហើយ​ក៏​បាន​ហែល​ចេញទៅ​បាត់​។ មិន​យូរ​ប៉ុន្មាន មាន​សត្វ​ភែនឃ្វីន​ជា​ច្រើន​ទៀត​ក៏​បាន​លោត​​ចុះ​មក​ក្រោម តាម​វា​ដែរ​។

តាម​ធម្មតា គេ​ឃើញ​សត្វ​ភែនឃ្វីន នៅ​ក្មេង​ខ្ចី លោត​ចុះពី​កន្លែង​មាន​កម្ពស់​ប្រហែល១ម៉ែត្រ ចូល​ទៅ​ក្នុង​ទឹក ដើម្បី​ហែល​ទឹកជា​លើក​ទីមួយ​។ តែ​នេះ​ជា​លើក​ដំបូង​ហើយ ដែល​គេ​បាន​​ថត​វីដេអូ​សកម្មភាព​នៃ​ការ​លោត​ជា​ក្រុម​​ពី​កន្លែង​ខ្ពស់ យ៉ាងនេះ​។

អ្នក​ខ្លះ​និយាយ​ថា ការ​លោត​ពី​កន្លែង​ខ្ពស់ ចុះទៅ​កន្លែង​ដែល​សត្វ​ភែនឃ្វីន​ទាំង​នោះ​មិន​ដែល​បាន​ស្គាល់ គឺ​ស្រដៀង​នឹង​ការ​ដែល​មនុស្ស​ម្នាក់​ទទួល​ជឿ​ព្រះយេស៊ូវ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​មាន​ជំនឿ​​លើ​ព្រះអង្គ មាន​អត្ថន័យ​ផ្ទុយពី​នេះ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា “រីឯ​សេចក្ដី​ជំនឿ នោះ​គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំ​គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(ហេព្រើរ ១១:‌១)។ 

ជំនឿ​របស់​លោក​ហេណុក បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​។ “តែបើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ”(ខ.៦)។ កាល​សម័យ​លោក​ណូអេ មនុស្ស​មិន​ដែល​បាន​ឃើញ​ទឹក​ជំនន់​ធំៗ​ទេ តែ​លោក​ណូអេ “មាន​សេចក្តី​កោត​ខ្លាច បានជា​លោក​ធ្វើ​ទូក១យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក”(ខ.៧) ដោយសារ​គាត់​ទុកចិត្ត​ព្រះ​។ ដោយ​ជំនឿ​នោះ​លោក​អ័ប្រាហាំ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ ទោះ​គាត់​មិន​ស្គាល់​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​ឲ្យ​គាត់​ទៅ​ក៏ដោយ(ខ.៨)។

នៅពេល​ដែល​យើង​ទទួល​ជឿ​ព្រះយេស៊ូវ​ជា​លើក​ដំបូង គឺ​យើង​ធ្វើ​ឡើង ដោយ​សេចក្តី​ជំនឿ​។ ខណៈ​ពេល​ដែល​យើង​បន្ត​ដើរ​តាម​ព្រះអង្គ ហើយ​ជំនឿ​របស់​យើង​បាន​ជួប​ការ​ល្បងល យើង​អាច​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះអង្គ​បាន​ផ្គត់ផ្គង់ និង​ជួយ​សង្គ្រោះ​បុរស​ទាំង​នោះ​។ ទោះ​យើង​មិន​ដឹង​ថា ហេតុ​អ្វី​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​បញ្ហា​របស់​យើង​កើត​ឡើង ហើយ​មិន​ដឹង​ថា ព្រះ​អង្គ​នឹង​ជួយ​យើង​ដោយ​របៀបណា​ក៏ដោយ ក៏​យើង​នៅតែ​អាច​ថ្វាយ​លទ្ធផល​ដល់​ព្រះអង្គ ដោយ​ជំនឿ​។ —Nancy Gavilanes

តើ​នៅ​ពេលណា សេចក្តី​ជំនឿ​របស់​អ្នក​បាន​នាំមក​នូវ​ការពារ​ពី​ព្រះ​ហស្ត​របស់​ព្រះអង្គ? 
តើ​អ្នក​បាន​ឃើញ​ព្រះអង្គ​ធ្វើ​ការ​ក្នុង​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ ដោយសារ​អ្នកជឿ​ព្រះអង្គ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​មាន​សេចក្តី​ស្មោះ​ត្រង់​ចំពោះ​ទូល​បង្គំ​យ៉ាង​ខ្លាំង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២២-២៤ និង យ៉ូហាន ៨:២៨-៥៩