នំម៉ាណាប្រចាំថ្ងៃ
មាន​ក្តី​សង្ឃឹម​ជា​ថ្មី

មាន​ក្តី​សង្ឃឹម​ជា​ថ្មី

ដោយJasmine Goh

May 25, 2025

 

១ថែស្សាឡូនិច ៥:៤-១៥

ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នកណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់ឱន​ចំពោះ​មនុស្ស​ទាំង​អស់​។ ១ថែស្សាឡូនិច ៥:១៥

ថ្ងៃ​មួយ លោក ធា(Thia) មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​កូន​ប្រុស​គាត់​អាយុ១៨ឆ្នាំ កំពុង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​បណ្ណាល័យ ក្នុង​ពេល​ថ្មីៗ​នេះ? កូន​ប្រុស​គាត់ មាន​ជំងឺ​អូទីហ្សិម ហើយ​កម្រ​និយាយរក​គេ​ណាស់​។ តាម​ធម្មតា នៅពេល​ដែល​គាត់​ចេញពី​រៀន គាត់​តែងតែ​ត្រឡប់​មក​​ផ្ទះ​តែ​ម្តង​។ តើមាន​អ្វី​ធ្វើ​ឲ្យ​គាត់​ខុស​ប្លែក​ពីមុន? នៅ​ពេល​លោក​ធា សួរ​គាត់ ​គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​បាន​​ទៅ​បណ្ណាល័យ ដើម្បី​រៀន​បន្ថែម​ជា​មួយ​ណាវិន(Navin)។

លោក​ធា ក៏​បាន​ដឹង​ថា ណាវិន គឺជា​មិត្ត​រួម​ថ្នាក់​ម្នាក់ ដែល​បាន​កត់​សំ​គាល់​ឃើញថា កូន​ប្រុស​គាត់​កំពុងតែ​រៀន​ខ្សោយ ហើយក៏​បាន​បបួល​កូន​ប្រុស​គាត់​រៀន​ជាមួយ​គ្នា​។ ការ​បង្កើត​មិត្តភាព​នេះ ជា​លើក​ទីមួយ ក្នុងរយៈ​ពេល១៨ឆ្នាំ ពិតជា​បាន​លើក​ទឹក​ចិត្ត​ឪពុក​ម្នាក់​​ដែល​មិន​មាន​សង្ឃឹមថា កូន​ប្រុស​គាត់ និង​មាន​មិត្ត​ភក្តិ​នោះ​ទេ​។

គាត់​មាន​សង្ឃឹម​ជា​ថ្មី ដោយសារ​មនុស្ស​ម្នាក់​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​ជួយ​យក​អសារ​កូន​ប្រុស​គាត់ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។ ក្នុង​ការងារ​ដែល​សាវ័ក​ប៉ុល​បាន​ធ្វើ​បម្រើ​ព្រះ ក្នុង​ពួក​ជំនុំ​ដំបូង គាត់​ដឹង​ថា ការ​ជួយ​គ្នា​ទៅវិញ​ទៅមក ក៏​មាន​ភាព​ចាំបាច់ ក្នុង​ចំណោម​អ្នកជឿ ដើម្បី​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ឡើងវិញ​។ ដើម្បី​ឲ្យ​អ្នកជឿ​ព្រះយេស៊ូវ “ចាំយាម ហើយ​ដឹង​ខ្លួន”(១ថែស្សាឡូនិច ៥:៦) ក្នុង​ការ​រស់នៅ ដោយ​មាន​សង្ឃឹមថា ព្រះ​អង្គ​នឹង​យាង​មកវិញ ពួក​គេ​ត្រូវ​ជួយ​​គ្នា​ទៅវិញ​ទៅមក(ខ.១១) ជា​ពិសេស​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក​។

ហេតុ​នេះ​ហើយ ទោះ​អ្នកជឿ​ទាំង​នេះ​បន្ត​រស់​នៅ ក្នុង​ជីវិត​ដែល​មាន​ក្តី​ស្រឡាញ់ ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ(៤:១,១០) សាវ័ក​ប៉ុល​​នៅ​តែ​ក្រើន​រំឭក​ពួកគេ ឲ្យ “ជួយ​កំសាន្ត​ដល់​ពួក​អ្នកណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ”(៥:១៤)។ ពេលណា​យើង​សង្កេត​ឃើញ​​គ្រីស្ទបរិស័ទ​ណា​ម្នាក់ មាន​ការ​ភ័យ​ខ្លាច ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត យើង​អាច​ទៅ​ក្បែរ​ពួកគេ ដើម្បី​ស្តាប់​ពួកគេ​និយាយ​អំពី​បញ្ហា​ផ្សេងៗ ឬ​ដើម្បី​លើក​ទឹក​ចិត្ត ឬមួយ​គ្រាន់តែ​អង្គុយ​កំដរ​ពួកគេ​​យ៉ាង​ស្ងាត់​ស្ងៀម​​។ ពេល​នោះ ព្រះ​ទ្រង់​អាច​ប្រើ​យើង ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​កម្លាំង និង​លើក​ទឹក​ចិត្ត​ឲ្យ​តោង​ឲ្យ​ជាប់​សេចក្តី​សង្ឃឹម ក្នុង​ព្រះយេស៊ូវ​។—Jasmine Goh

ក្នុង​ពួក​ជំនុំ​របស់​អ្នក តើមាន​នរណា​ដែល​អ្នក​អាច​ទៅ​លើក​ទឹក​ចិត្ត នៅ​ថ្ងៃ​នេះ? 
តើ​អ្នក​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់ និង​ការ​ចាប់​អារម្មណ៍ ចំពោះ​ពួកគេ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​យក​អសារ​អ្នក​ដែល​បាក់​ទឹក​ចិត្ត និង​ទន់​ខ្សោយ ដើម្បី​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម ក្នុង​ព្រះអង្គ​ជា​ថ្មី​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៥-២៧ និង យ៉ូហាន ៩:១-២៣