នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជួយ​ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់

ជួយ​ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់

ដោយTim Gustafson

May 26, 2025

 

ទំនុក​ដំកើង ១៤៤:១-២,៨-១៥

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ទ្រង់​។ ទំនុក​ដំកើង ១៤៤:៩

រូប​ចម្លាក់​ដែល​គួរ​ឲ្យ​កត់​សំ​គាល់ ដែល​លោក​សាប៊ីន ហោវើត(Sabin Howard) បាន​ឆ្លាក់ មាន​ចំណង​ជើង​ថា ការ​ធ្វើ​ដំណើរ​របស់​ទាហាន​ម្នាក់ បាន​បង្កប់​នូវ​ភាព​ក្លៀវក្លា និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ រូប​ចម្លាក់​នោះ ជា​ចម្លាក់​នៅ​លើ​ជញ្ជាំង មាន​ប្រវែង១៧ម៉ែត្រ ដែល​ក្នុង​នោះ មាន​ចម្លាក់​រូប​មនុស្ស៣០នាក់​ធ្វើ​ពី​លង្ហិន ទ្រេត​​ខ្លួន​ទៅមុខ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ទាហាន​ម្នាក់ ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី១​។ គាត់​បាន​ឆ្លាក់​រូប​នេះ​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ២០២៤ ជា​ផ្ទាំង​ចម្លាក់​វែង​អន្លាយ មាន​ការ​ពិពណ៌នា ដែល​ចាប់​ផ្តើម​ដោយ​ការ​​គ្រវី​ដៃ​លា​ក្រុម​គ្រួសារ​ដោយ​ចិត្ត​ឈឺ​ឆាប់ ចូល​ទៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏​រំភើប និង​​ការ​យល់​ដឹង ឆ្ពោះ​ទៅ​រក​​ភាព​តក់ស្លុត​នៃ​សង្គ្រាម​។ ទី​បំផុត រូប​ចម្លាក់​នោះ​ក៏បាន​និយាយ​អំពី​ការ​វិលត្រឡប់​មក​ផ្ទះ​វិញ ដោយ​មាន​កូន​ស្រី​របស់​អតីត​​យុទ្ធជន បើក​មើល​មួក​ដែក​របស់​គាត់ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ដឹង​ជាមុន អំពី​សង្គ្រាម​លោកលើទី២​។

តាមរយៈ​ស្នាដៃ​សិល្បៈ​នេះ លោក​ហោវើត បាន​ព្យាយាម “បើក​បង្ហាញ​អំពី​ខ្សែ​ជីវិត​របស់​មនុស្ស ដែល​អាច​ឈាន​ទៅដល់​កំរិត​ខ្ពស់​បំផុត ហើយ​ក៏​អាច​លិចលង់​ដល់​កំរិត​របស់​សត្វ​តិរច្ឆាន”។ គេ​អាច​ដឹង​អំពី​ការ​ពិត​មួយ​នេះ តាម​រយៈ​សង្គ្រាម​។

ស្តេច​ដាវីឌ​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង បាន​ជ្រាប​ច្បាស់ អំពី​ផល​វិបាក​នៃ​សង្គ្រាម ដែល​មាន​ការ​បង្ហូរឈាម​។ ទ្រង់​បាន​ជ្រាប អំពី​ភាព​ចាំ​បាច់​នៃ​សង្គ្រាម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​អាក្រក់ បានជា​ទ្រង់​សរសើរ​ដំកើង​ព្រះ​ដែល​បាន​បង្ហាត់​ព្រះ​ហស្ត​ទ្រង់ ឲ្យ​ចេះ​ធ្វើ​សង្គ្រាម(ទំនុក​ដំកើង ១៤៤:១)។ តែ​ទ្រង់​ក៏បាន​ដក​ព្រះ​កាយ​ចេញពី​ការ​ប្រយុទ្ធ​គ្នា ដោយ​អធិស្ឋាន​សូម​ព្រះអម្ចាស់​រំដោះ​ទ្រង់​ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់(ខ.១០-១១)។ ស្តេច​ដាវីឌ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ពេល​ដែល​យុវជន​​​មិន​ស្លាប់​ដោយសារ​សង្គ្រាម តែ “នឹង​បាន​ដូច​ជា​ដើម​ណា ដែល​ចំរើន​ធំ​ឡើង​ពី​កាល​នៅ​ក្មេង”

ហើយ​យុវតី​នឹង​បាន​ដូច​ជា​សសរ​ថ្ម “ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ​រាជ​វាំង”(ខ.១២)។ នៅ​ថ្ងៃ​នោះ “នឹង​គ្មាន​ខ្មាំង​រុក​រាន​ចូល ឬ​នាំ​យើង​ខ្ញុំ​ចេញទៅ​ជា​ឈ្លើយ​ឡើយ ក៏​នឹង​គ្មាន​ឮ​សំរែក​ដោយ​ភ័យ​នៅ​ក្នុង​ផ្លូវ​យើង​ខ្ញុំ​ដែរ”(ខ.១៤)។

ពេល​យើង​ក្រឡេក​ម​កក្រោយ យើង​អាច​នឹក​ចាំ អ្នក​ដែល​បាន​ដួល​ក្នុង​សង្គ្រាម​។ ពេល​យើង​មើលទៅ​មុខ យើង​អាច​ច្រៀង​ជាមួយ​ស្តេច​ដាវីឌ​ថា “ឱ​ព្រះអង្គ​អើយ ទូល​បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ទ្រង់ ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់

ដោយ​ដេញ​ពិណ​ខ្សែ១០”(ខ.៩)។—Tim Gustafson

តើ​សង្គ្រាម​​មាន​ផល​ប៉ះ​ពាល់​មក​លើ​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចូល​រួម​បង្កើត​ឲ្យ​មាន​សន្តិភាព?

ឱ​ព្រះវរបិតា យើង​ខ្ញុំ​នឹក​ចាំ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​។ យើង​ខ្ញុំ​ស្រេក​ឃ្លាន​ចង់​បាន​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៨-២៩ និង យ៉ូហាន ៩:២៤-៤១

ល្ងាច

ព្រះ​បន្ទូល​របស់​ព្រះ​មិន​ប្រែ​ប្រួល

ព្រះ​បន្ទូល​របស់​ព្រះ​មិន​ប្រែ​ប្រួល

ដោយAlistair Begg

May 26, 2025

«ដោយ​សារ​សេចក្តី​ជំនឿ នោះ​អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក​ក្នុង​កាលដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូនលោក​តែមួយ ដែល​មាន​សេចក្តី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» (ហេព្រើរ ១១:១៧-១៨)។

នៅពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា ជីវិត​របស់​យើង​មាន​ការ​លំបាក​ពេក។ ជា​រៀង​រាល់​ថ្ងៃ យើង​ជួប​បញ្ហា​ប្រឈម​ថ្មីៗ ទោះ​បញ្ហា​ប្រឈម​ចាស់​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ក៏​ដោយ។ ជំនឿ​របស់​យើង​ងាយ​នឹង​មាន​ការ​ជំពប់​ដួល ដោយ​សារ​យើង​ខ្វះ​ការ​យល់​ដឹង​អំពី​កាលៈទេសៈ​របស់​យើង ដោយ​យើង​បោះបង់ចោល​ការ​រត់​ប្រណាំង​នៃ​ជំនឿ ហើយ​និយាយ​ថា «ខ្ញុំ​ចប់​ហើយ។ ខ្ញុំ​មិន​អាច​រត់​ទៅមុខ​ទៀត​បានទេ»។ ស្ថិត​ក្នុង​ពេល​បែប​នេះ ព្រះ​បន្ទូល​ព្រះ​ក៏បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចាំ​ថា ជំនឿ​គ្រីស្ទាន​គឺជា​ជំនឿ​ដែល​មាន​ការ​ស៊ូ​ទ្រាំ ដែល​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត។ យើង​នៅ​តែ​អាច​ស្តាប់​បង្គាប់​តាម​សេចក្តី​បង្គាប់​របស់​ព្រះ សូម្បីតែ​នៅពេល​ដែល​អ្វីៗ​នៅ​ជុំ​វិញ​យើង ហាក់​ដូចជា​ផ្ទុយ​នឹង​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​សន្យា។

ក្រៅ​ពី​ព្រះ​យេស៊ូវ ក្នុង​ចំណោម​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ប្រហែល​គ្មាន​នរណា​ម្នាក់​មាន​ជីវិត​ពិបាក​ជាង​លោក អ័ប្រាហាំ ទេ។ ទុក្ខ​លំបាក​ធំ​បំផុត​របស់​គាត់​បាន​កើត​ឡើង​នៅពេល​ដែល​ព្រះ​ទ្រង់​បង្គាប់​គាត់​ដោយ​ផ្ទាល់ ដូច​មាន​សេចក្តី​ចែងថា «ទ្រង់​មាន​ព្រះ​បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ១​នោះ​ទៅ​ឥឡូវ​នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត នៅ​លើ​ភ្នំ១ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ... លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រាហាំ​ក៏​ស្អាង​អាសនា១​នៅ​ទីនោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាសនា គាត់​លូកដៃ​ទៅ​ចាប់​យក​កាំបិត​មក​ប្រុង​នឹង​សំឡាប់​កូន» (លោកុប្បត្តិ ២២:២,៩-១០)។ ការ​បង្គាប់​របស់​ព្រះ​ដល់​លោក អ័ប្រាហាំ មាន​ភាព​ច្បាស់​លាស់​ណាស់ តែ​ហាក់​ដូចជា​ផ្ទុយ​នឹង​ព្រះ​បន្ទូល​សន្យា ដូច​ដែល​ព្រះ​អង្គ​បាន​ប្រាប់​លោក​អ័ប្រាហាំ​ថា «គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង» ហើយ «ពូជ​ឯង​នឹង​បាន​រាប់​ដោយ​សារ​តែ​អ៊ីសាក»(ខ.១៨ ២១:១២)។ ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ គឺ​អាស្រ័យ​ទៅ​លើ​ការ​រស់​រាន​របស់​អ៊ីសាក។ បើ​អ៊ីសាក​ស្លាប់ តើ​ព្រះ​បន្ទូល​សន្យា​អាច​សម្រេច​ដោយ​របៀប​ណា?

យ៉ាងណា​មិញ លោក អ័ប្រាហាំ នៅ​តែ​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់។ កាលៈទេសៈ​របស់​គាត់​អាច​ធ្វើ​ឲ្យ​គាត់​សង្ស័យ និង​ចោទ​សួរ​ថា ហេតុ​អ្វី​ព្រះ​អង្គ​មាន​បន្ទូល​ដូច​នេះ ប៉ុន្តែ ដោយ​ជំនឿ គាត់​បាន​ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះ។ ព្រះ​អង្គ​បាន​សន្យា​ថា តាមរយៈ​អ៊ីសាក ប្រជា​ជាតិ​ទាំង​អស់​នឹង​បាន​ព្រះពរ ដូច​នេះ គាត់​ជឿ​ថា ព្រះ​អង្គ​នឹង​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ​មិនខាន (ហេព្រើរ ១១:១៩)។ ហេតុ​នេះ​ហើយ នៅពេល​ដែល​លោក​អ័ប្រាហាំ​ចេញទៅ​ធ្វើ​យញ្ញ​បូជា​ដែល​ព្រះ​បាន​បង្គាប់ គាត់​ប្រាប់​អ្នក​បម្រើ​គាត់​ថា «ចូរ​ឯង​នៅ​ទីនេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯណោះ​ថ្វាយបង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ» (លោកុប្បត្តិ ២២:៥)។ នេះ​ជា​ការ​បង្ហាញ​សេចក្តី​ជំនឿ​ច្បាស់​ណាស់! ចូរ​យើង​កុំ​មើល​រំលង​ចំណុច​នេះ។ នៅពេល​ដែល​ព្រះ​ទ្រង់​បញ្ជា​គាត់ គាត់​ក៏​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ។ ទោះ​ការ​បង្គាប់​នោះ​ហាក់​ដូចជា​ផ្ទុយ​នឹង​ព្រះ​បន្ទូល​សន្យា ដែល​ព្រះ​អង្គ​បាន​មាន​ជា​មួយ​លោក​អ័ប្រាហាំ ក៏​គាត់​នៅ​តែ​ទៅ​ធ្វើ​កិច្ចការ​ដែល​គាត់​ត្រូវ​ធ្វើ ហើយ​ទុក​ឲ្យ​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ដែល​ព្រះ​អង្គ​ត្រូវ​ធ្វើ។

យើង​ក៏​អាច​ធ្វើ​ដូច​គាត់​ផង​ដែរ។ ចូរ​កុំ​អនុញ្ញាត​ឲ្យ​កាលៈទេសៈ បំបាក់​ទឹក​ចិត្ត​អ្នក ធ្វើ​ឲ្យ​ការ​ស្តាប់​បង្គាប់​មាន​ការ​ចុះ​ខ្សោយ ឬ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ទោះ​កាលៈទេសៈ​នោះ​មាន​ការ​លំបាក​យ៉ាងណា​ក៏​ដោយ។ រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ បន្ទាប់ពី​លោក អ័ប្រាហាំ និង​លោក អ៊ីសាក បាន​ឡើង​ភ្នំ​នោះ ហើយ​ចុះ​មកវិញ ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ជើង​ភ្នំ​ដដែល​នេះ គឺជា​ការ​ធ្វើ​បន្ទាល់​សំខាន់​បំផុត ចំពោះ​សេចក្តី​ពិត​ដែល​ថា ព្រះ​អម្ចាស់​តែងតែ​គោរព​ព្រះ​បន្ទូល​សន្យា។ ដូច​នេះ ទោះ​អ្នក​ជួប​បញ្ហា​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នេះ ចូរ​និយាយ​ដោយ​ទំនុក​ចិត្ត ដោយ​សង្ឃឹម និង​ដោយ​អធិដ្ឋាន​ថា «ខ្ញុំ​នៅ​តែ​អាច​បន្ត​ទៅមុខ​ទៀត។ ខ្ញុំ​មិន​ទាន់​ចប់​ទេ។ ព្រះ​អង្គ​នឹង​ធ្វើ​ក្នុង​ផ្នែក​របស់​ព្រះ​អង្គ ហើយ​ខ្ញុំ​អាច​ធ្វើ​ក្នុង​ផ្នែក​របស់​ខ្ញុំ»។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ២២:១-១៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១២-១៤ និង​ម៉ាថាយ ១៤:១-២១

ប្រភេទ