នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចូរ​ទៅ​ប្រាប់​អ្នក​ដទៃ

ចូរ​ទៅ​ប្រាប់​អ្នក​ដទៃ

ដោយAlyson Kieda

May 28, 2025

២របាក្សត្រ ១:៦-១៤

ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌​អម្ចាស់​នៃ​យើង ... ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជាមួយនឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ‌​ចេ​ស្តា​នៃ​ព្រះ​ចុះ​។ ២ធីម៉ូថេ ១:៨

លោក​អេលៀត(Elliot) មាន​ចិត្ត​ឆេះឆួល នៅ​ក្នុង​ការ​ចែកចាយ​ដល់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ​។ ក្នុង​អំឡុង​ពេល១សប្តាហ៍ ដែល​គាត់​បាន​បង្រៀន​ព្រះបន្ទូល ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ទៅ​កាន់​អ្នក​ដឹកនាំ​ពួក​ជំនុំ នៅ​ប្រទេស នៅ​អាស៊ី​ខាង​ត្បូង គាត់​បាន​រំឭក​ពួកគេ អំពី​ពាក្យ​ផ្តាំ​ផ្ញើ​ចុង​ក្រោយ​របស់​សាវ័ក​ប៉ុល ទៅ​កាន់​លោក​ធីម៉ូថេ​។ គាត់​បាន​ជំរុញ​ពួកគេ មិន​ឲ្យ​មាន​សេចក្តី​ខ្មាស ដោយសារ​ដំណឹង​ល្អ​នោះ​ឡើយ តែ​ផ្ទុយ​ទៅវិញ គាត់​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ឱប​ក្រសោប​យក​ទុក្ខ​លំបាក និង​ការ​បៀតបៀន ដោយសារ​ដំណឹង​ល្អ ដូច​សាវ័ក​ប៉ុល​ផង​ដែរ​(១:៨-៩)។ ពីរបី​ថ្ងៃ​ក្រោយមក លោក​អេលៀត​ក៏​បាន​ដឹង​ថា ប្រទេស​នេះ​មាន​ច្បាប់​ដែល​ហាម មិន​ឲ្យ​មាន​ការ​ផ្សាយ​ដំណឹង​ល្អ និង​ផ្លាស់​ប្រែ​ជំនឿ​ទៅជា​គ្រីស្ទបរិស័ទ​។ ដោយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុខមាលភាព​របស់​ពួកគេ គាត់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​អ្នក​ដឹកនាំ​ទាំង​នោះ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​បន្ត​ប្រកាស​ដំណឹង​ល្អ ដោយ​ចិត្ត​ក្លាហាន​។

សាវ័ក​ប៉ុល​បាន​យល់​អំពី​គ្រោះ​ថ្នាក់ នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​។ គាត់​ជាប់គុក(ខ.៨,១៦) ហើយ​បាន​រង​ទុក្ខ​ជា​ច្រើន ដោយសារ​ការ​បង្រៀន​ព្រះបន្ទូល(ខ.១១-១២) ដែល​រាប់​បញ្ចូល​ទាំង​ការ​ត្រូវ​គេ​វាយ​ដំ ធ្វើ​ទារុណកម្ម និង​ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម(២កូរិនថូស ១១:២៣-២៩)។ ប៉ុន្តែ គ្មាន​អ្វី​រា​រាំង​សាវ័ក​ប៉ុល​មិន​ឲ្យ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ​ឡើយ​។ តើ​ហេតុ​អ្វី? ពីព្រោះ​គាត់​ជឿ​ថា “ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់នៅ នោះ​គឺ​សំរាប់​ព្រះគ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ”(ភីលីព ១:២១)។ គាត់​រស់នៅ ដើម្បី​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះគ្រីស្ទ តែ​គាត់​ក៏​ដឹង​ដែរ​ថា បើ​គាត់​ស្លាប់ គាត់​នឹង​បាន​ទៅ​នៅ​ជាមួយ​ព្រះយេស៊ូវ​។ សាវ័ក​ប៉ុល​បាន​រំឭក​លោក​ធីម៉ូថេ​ថា ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ចម្រើន​កម្លាំង​គាត់(២ធីម៉ូថេ ១:៧)។

ព្រះ​ទ្រង់​ត្រាស់ហៅ​យើង​រាល់​គ្នា​ដែល​ជឿ​ព្រះអង្គ ឲ្យ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះយេស៊ូវ ទោះ​យើង​នៅ​ផ្ទះ នៅ​ក្រៅ​ប្រទេស ឬ នៅ​ទីណា​ក៏ដោយ​។ យើង​អាច​ជួប​ទុក្ខ​លំបាក តែ​ព្រះអង្គ​តែងតែ​គង់នៅ​ជាមួយ​យើង​ជានិច្ច​។—Alyson Kieda

តើមាន​អ្វី​ខ្លះ​បណ្តាល​ចិត្ត​អ្នក​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ?
តើ​អ្នក​បាន​រង​ទុក្ខ​ដោយសារ​ការ​ផ្សាយ​ដំណឹង​ល្អ ដល់​អ្នក​ដទៃ​ឬ​ទេ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​ចង់​ឲ្យ​អ្នក​ដទៃ​ស្គាល់​ព្រះអង្គ ដូច​ទូល​បង្គំ​ដែរ! សូម​ព្រះអង្គ​ចម្រើន​កម្លាំង​ទូល​បង្គំ 
តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​របស់​ព្រះអង្គ ដើម្បី​ប្រាប់​ពួកគេ នូវ​ដំណឹង​ល្អ​អំពី​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៤-៦ និង យ៉ូហាន ១០:២៤-៤២

ល្ងាច

ជន​បង្ក​ជម្លោះ និង​បក្ស​ពួក

ជន​បង្ក​ជម្លោះ និង​បក្ស​ពួក

ដោយAlistair Begg

May 28, 2025

«ចូរ​នឹក​ចាំ​ពី​ព្រះ​បន្ទូល ដែល​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពីដើម​រៀងមក​ចុះ។ គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាមតែ​សេចក្តី​ប៉ង​ប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន។ ពួក​នោះ​ជា​អ្នក​ដែល​បង្កើត​បក្ស​ពួក គឺជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់ឈាម ដែល​គ្មាន​ព្រះ​វិញ្ញាណ​ទេ» (យូដាស ១៧-១៩)។

មនុស្ស​ដែល​ព្យាយាម​បង្កើត​ឲ្យ​មាន​ការ​បែក​បាក់ មិនមែន​មាន​តែ​នៅ​ក្នុង​ពួក​ជំនុំ​នៅ​សតវត្សរ៍ទី១​ប៉ុណ្ណោះ​ទេ។ ក្នុង​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ នៅ​សម័យ​ណា​ក៏​មាន​មនុស្ស​ប្រភេទ​នេះ​ដែរ។ ដូច​នេះ ការ​បង្រៀន​របស់​កណ្ឌ​គម្ពីរ​យូដាស​ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ​នៅ​តែ​មាន​អំណាច​ក្នុង​ពេល​បច្ចុប្បន្ន ដូច​នៅ​សម័យ​ដែល​កណ្ឌ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង។

មនុស្ស​ដែល​បង្កើត​បក្ស​ពួក​ក្នុង​ពួក​ជំនុំ​ដំបូង​មាន​ភាព​ខុស​ឆ្គង​ក្នុង​ផ្នែក​ក្រម​សីលធម៌ និង​គោលលទ្ធិ។ ពួក​គេ​មិន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​សណ្ឋិត ដោយ​លើក​តម្កើង​ភាព​ស្រើបស្រាល និង​ប្រព្រឹត្ត​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ដែល​មាន​បាប (យូដាស ១៦) តែ​ប៉ុន្តែ ពួក​គេ​បាន​ចូល​បង្កប់​ខ្លួន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។ កណ្ឌ​គម្ពីរ​យូដាស​បាន​ហៅ​ពួក​គេ​ថា «ដុំ​ស្មោកគ្រោក» (ខ.១២) ជា​ផ្ទាំង​ថ្ម​ដែល​បង្កប់​នៅ​ក្រោម​ទឹក ដែលគេ​មើល​មិន​ឃើញ ហើយ​អាច​បង្ក​សេចក្តី​ហិន​វិនាស ដល់​ទូក​ដែល​បើក​បុក​វា។ ជា​ការ​ពិត​ណាស់ ផ្ទាំង​ថ្ម​នោះ​អាច​ធ្វើ​ឲ្យ​នាវា​ទាំង​ឡាយ​លិច​បាន។

ក្នុង​ការ​ឆ្លើយតប ចំពោះ​ពួក​ក្លែង​បន្លំ​នោះ កណ្ឌ​គម្ពីរ​យូដាស​បាន​ជំរុញ​បង​ប្អូន​រួម​ជំនឿ​ទាំងឡាយ កុំ​ឲ្យ​ភ្លេច​ពាក្យ​សម្ដី​របស់​ពួក​សាវ័ក ដែល​បាន​ដាស់តឿន​ពួក​គេ​ថា នៅ​គ្រា​ចុង​ក្រោយ (នៅ​ចន្លោះ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ឡើង​ស្ថាន​សួគ៌ និង​ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មកវិញ) នឹង​មាន​ពួក​ចំអក​ឲ្យ​ការ​បង្រៀន​របស់​ព្រះ​គ្រីស្ទ និង​ពួក​សាវ័ក​ដែល​ព្រះ​អង្គ​បាន​ជ្រើសរើស ហើយ​ជា​ពួក​ទ្រាំទ្រ និង​លើក​តម្កើង​ការ​ប្រព្រឹត្ត​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង។ ដោយ​សារ​ការ​ការពារ​របស់​ព្រះអម្ចាស់ ពួក​ជំនុំ​ដំបូង​បាន​ទទួល​ការ​ដាស់តឿន​ទុក​ជា​មុន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ចាញ់​បញ្ឆោត​ដោយ​មិន​ដឹង​ខ្លួន ហើយ​ការ​ដាស់តឿន​នេះ ក៏​មាន​សម្រាប់​យើង​ផង​ដែរ។ ប៉ុន្តែ ព្រះបន្ទូល​ព្រះ​មិន​គ្រាន់តែ​ត្រាស់​ហៅ​យើង ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ មនុស្ស​ដែល​នាំ​ឲ្យ​មាន​ការ​បាក់​បែក និង​ជម្លោះ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្គាប់​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​មាន​ការ​សង្ស័យ​ក្នុង​សេចក្តី​ជំនឿ​ផង​ដែរ។ ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្តី​សង្ស័យ​ផង ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោកគ្រោក ដោយ​សាច់​ឈាម​ផង (យូដាស ២២-២៣) ខណៈ​ពេល​ដែល​យើង​ត​យុទ្ធ​នឹង​ការ​បង្រៀន និង​គោល​បំណង​របស់​ពួក​គ្រូ​ខុស​ឆ្គង។ ការ​រក្សា​តុល្យភាព​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំង​ពីរ​ប្រភេទ​នេះ មិនមែន​ជា​ការ​ងាយ​ទេ! តែ​កណ្ឌ​គម្ពីរ​យូដាស​នៅ​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច​នេះ។ ព្រះ​អម្ចាស់​បាន​ត្រាស់​ហៅ​គ្រីស្ទ​បរិស័ទ ដែល​នៅ​ជាប់​ក្នុង​សេចក្តី​ជំនឿ និង​គោលលទ្ធិ​ឲ្យ​ស្អាង​មនុស្ស​ដែល​ជំពប់​ដួល ដោយ​វិញ្ញាណ​សំឡូត (មើល​កាឡាទី ៦:១) ហើយ​ជួយ​អ្នក​ដែល​កំពុង​លេង​នឹង​ភ្លើង។

ដោយ​សារ​ព្រះ​ទ្រង់​បាន​សង្គ្រោះ និង​ថែរក្សា​អ្នក នោះ​ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់ ហើយ​ទាញ​អ្នក​ដទៃ​ចេញពី​ភ្លើង ដោយ​ចិត្ត​ក្លាហាន និង​សំឡូត។ ហើយ​ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​រក្សា​ខ្លួន​ឲ្យ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​អធិស្ឋាន ដោយ​ចិត្ត​ព្យាយាម (យូដាស ២០) ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឃើញ​ភាព​ខុស​ឆ្គង ហើយ​ប្រឆាំង​នឹង​អ្នក​ដែល​បំបែក​បំបាក់​ពួក​ជំនុំ​របស់​ព្រះ។ បន្ទាប់​មក អ្នក​អាច​ឈរ​ជា​មួយ​បង​ប្អូន​ក្នុង​ជំនឿ ហើយ​ប្រកាស​ជា​មួយ​កណ្ឌ​គម្ពីរ​យូដាស​ថា «គឺជា​ព្រះ​អង្គ​ដ៏​ជា​ព្រះ​តែមួយ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី​ល្អ ឫទ្ធានុភាព ព្រះ​ចេស្ដា និង​អំណាច តាំង​ពីមុន​អស់​កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅដល់​អស់​កល្ប​ជា​និច្ច​តទៅ។ អាម៉ែន។» (ខ.២៥)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យូដាស ១-២៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១៧-១៨ និង​ម៉ាថាយ ១៥:១-២០

ប្រភេទ