នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ

ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ

ដោយLisa Samra

May 29, 2025

កិច្ចការ ១:១-៩

កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​នឹង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ ... រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

ពេល​មួយ ទីក្រុង​របស់​ខ្ញុំ​ស្ទើរ​តែ​ងងឹត​គ្រប់​ទី​កន្លែង ដោយសារ​ព្យុះ​ទឹកកក​ធំ​មួយ ដែល​បាន​ធ្វើ​ឲ្យ​ដាច់​ខ្សែ​ភ្លើង​ជា​ច្រើន​គីឡូម៉ែត្រ ធ្វើឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ដើម្បី​កម្តៅ​ផ្ទះ​របស់​ពួកគេ ក្នុង​រដូវរងា​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ស្ទើរ​កក​។ ក្រុម​គ្រួសារ​ជា​ច្រើន​រង់​ចាំ​មើល​ឡាន​របស់​ជាង​ជួសជុល​ដែល​ត្រូវ​មក ដើម្បី​តភ្ជាប់​អគ្គិសនី​ឡើង​វិញ​។ ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា គេ​បាន​ប្រើ​កន្លែង​ចត​ឡាន​របស់​ព្រះវិហារ​មួយ ធ្វើ​ជាទី​បញ្ជា​ការ​បណ្ដោះ​អាសន្ន សម្រាប់​រថយន្ត ដែលគេ​បាន​បញ្ជូន​ទៅ​ជួយ​អ្នក​ដែល​មាន​តម្រូវការ​​ផ្សេង​ៗ។

ពេល​ដែល​ខ្ញុំ​បានឮ​គេ​និយាយ អំពី​ឡាន​របស់​ជាង​ជួសជុល​ទាំង​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ព្រះ​រាជ​បញ្ជា​របស់​ព្រះយេស៊ូវ ទៅ​កាន់​ពួក​សាវ័ក​របស់​ព្រះអង្គ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​។ រយៈ​ពេល៤០ថ្ងៃ បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ ដល់​ពួក​សាវ័ក ដើម្បី​លើក​ទឹក​ចិត្ត និង​បង្រៀន​ពួកគេ អំពី​នគរ​ព្រះ(កិច្ចការ ១:៣)។ មុន​ពេល​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ព្រះអង្គ​ក៏បាន​ប្រទាន​ព្រះបន្ទូល​សន្យា​ចុង​ក្រោយ​ថា “កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា”(ខ.៨)។

ព្រះគ្រីស្ទ​បាន​សន្យា​ថា ព្រះ​ចេ​ស្តា​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន នឹង​បាន​ប្រទាន​មក​ពួក​សាវ័ក តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​។ ប៉ុន្តែ គោលបំណង​នៃ​ការ​ប្រទាន​ព្រះ​ចេស្តា​នេះ មិនមែន​ដើម្បី​ឲ្យ​ពួកគេ​ប្រើ​សម្រាប់​តែ​ខ្លួនឯង​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ពួក​សាវ័ក​បាន​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ព្រះ​ចេស្តា ក្នុង​ការងារ​បេសកកម្ម ដែល​ជា​ការ​ប្រាប់​អ្នក​ដទៃ ឲ្យ​ពួកគេ​បាន​ដឹង​ថា ពួកគេ​បាន​ដាច់​ចេញពី​ព្រះ ដោយសារ​អំពើបាប ហើយ​ត្រូវ​ផ្សះ​ផ្សារ​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ​ឡើង​វិញ ដោយ​ទទួល​សេចក្តី​សង្គ្រោះ ព្រះ​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

ខណៈ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង​សហគមន៍​របស់​យើង យើង​មាន​ព្រះ​ចេស្តា និង​ការ​ត្រាស់ហៅ ដូច​នេះ​ផង​ដែរ​។ ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​វិញ្ញាណ​ យើង​អាច​ចែកចាយ​ដល់​អ្នក​ដែល​កំពុង​រង​ទុក្ខ និង​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ក៏​អាច​ទទួល​ព្រះ​ចេស្តា​របស់​ព្រះអង្គ​។—Lisa M. Samra

តើ​អ្នក​បាន​ដក​ពិសោធន៍​ជា​មួយ​ព្រះ​ចេស្តា​នៃ​ព្រះ​វិញ្ញាណ​ព្រះ ដែល​បាន​ជួយ​អ្នក​ដូច​ម្តេច​ខ្លះ? 
តើ​អ្នក​អាច​ចែកចាយ​ទី​បន្ទាល់​នេះ​ដល់​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​អំណោយ​នៃ​ព្រះ​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩

ល្ងាច

អត្ថន័យ​នៃ​ឈើ​ឆ្កាង

អត្ថន័យ​នៃ​ឈើ​ឆ្កាង

ដោយAlistair Begg

May 29, 2025

«ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ​យេស៊ូវ ថា​ជា​សុចរិត​ដែរ» (រ៉ូម ៣:២៦)។

បើ​គ្មាន​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​ទេ នោះ​យើង​ក៏​គ្មាន​ដំណឹង​ល្អ​ដែរ។ គឺ​តាមរយៈ​ការ​លះបង់​របស់​ព្រះ​យេស៊ូវ ដែល​ព្រះវរបិតា​បាន​ជួយ​យើង​ជា​មនុស្ស​មាន​បាប​ឲ្យ​អាច​មាន​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ។ បើ​យើង​ចង់​ស្គាល់​ព្រះ យើង​ត្រូវ​តែ​ជួប​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។

មាន​តែ​តាម​រយៈ​ឈើ​ឆ្កាង​ទេ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​យុត្តិ​ធម៌​ក្នុង​ការ​ដាក់​ទោស​មក​លើ​បាប និង​បង្ហាញ​សេចក្តី​មេត្តា​ក្នុង​ការ​អត់​ទោស​បាប ដោយ​បើក​ផ្លូវ​ឲ្យ​មនុស្ស​ដូច​យើង​ចូល​នគរ​ស្ថាន​សួគ៌ ដោយ​មិន​បាន​ធ្វើ​ឲ្យ​ខូច​សេចក្តី​បរិសុទ្ធ។ ឈើ​ឆ្កាង គឺជា​ការ​ឆ្លើយតប​របស់​ព្រះ​ចំពោះ​បាប និង​ចំពោះ​សេចក្តី​ក្រោធ​ដែល​ព្រះ​អង្គ​មាន​មក​លើ​បាប។ ចំពោះ​អ្នក​ដែល​មិន​ជឿ គេ​យល់​ឃើញថា ដំណោះ​ស្រាយ​របស់​ព្រះ​អង្គ ពិតជា​ល្ងង់​ខ្លៅ​ណាស់ តែ​អ្នកជឿ​វិញ​ដឹង​ថា ឈើ​ឆ្កាង​គឺជា​ព្រះ​ចេស្ដា​របស់​ព្រះ (១កូរិនថូស ១:១៨)។

បើ​ព្រះ​អង្គ​គ្រាន់តែ​មើល​រំលង​បាប ឬ​ឈប់​មាន​សេចក្តី​ក្រោធ​មក​លើ​បាប នោះ​ព្រះ​អង្គ​មិនមែន​ជា​ព្រះ​ទេ ព្រោះ​សេចក្តី​យុត្តិ​ធម៌​របស់​ព្រះ​មាន​ជាប់​នៅ​ក្នុង​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ ហើយ​យុត្តិ​ធម៌​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​មក​លើ​បាប។ ព្រះ​អង្គ​មិន​អាច​មើល​រំលង​ការ​អាក្រក់​បាន​ទេ។ នេះ​ជា​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់​យើង ពេល​ណា​អ្នក​ដទៃ​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ ហើយក៏​ជា​ដំណឹង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​យើង ព្រោះ​យើង​ជា​មនុស្ស​មាន​បាប។

ឈើ​ឆ្កាង​ព្រះ​គ្រីស្ទ គឺជា​ផ្លូវ​ដែល​អាច​នាំ​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​មាន​យុត្តិ​ធម៌ និង​លើក​លែង​ទោស​ដល់​មនុស្ស​មាន​បាប ដែល​បាន​ជឿ​ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​បាប ព្រះអម្ចាស់​បាន​ចាត់​ព្រះរាជបុត្រា ដោយ​ព្រះ​គុណ​ព្រះ​អង្គ​ឲ្យ​ទទួល​ទោស ដែល​មនុស្ស​មាន​បាប​សមនឹង​ទទួល។ សេចក្តី​សង្គ្រោះ​របស់​យើង បាន​កើត​ឡើង​ពី​ការ​ទទួល​ទោស​ជំនួស​យើង។ សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​អំពី​រឿង​នេះ។ យើង​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​បាន​ដឹង​ថា ទីមួយ ព្រះអម្ចាស់​មាន​ផែនការ​ដូច​នេះ ហើយ​ទីពីរ ព្រះ​អង្គ​ឆ្លង​កាត់​ដោយ​ផ្ទាល់​ក្នុង​ផែនការ​នេះ។ ការ​ពិចារណា​អំពី​ឈើ​ឆ្កាង គួរតែ​បណ្ដាល​ចិត្ត​យើង​ឲ្យ​ស្ញប់​ស្ញែង និង​សរសើរ​តម្កើង​ព្រះ​អង្គ ដោយ​ការ​បន្ទាប​ខ្លួន។

ការ​សុគត​ជំនួស​នេះ គឺជា​មូល​ហេតុ​ដែល​ការ​ថ្វាយ​យញ្ញ​បូជា​ក្នុង​គ្រា​សញ្ញា​ចាស់​បាន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​យេស៊ូវ។ ក្នុង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ ព្រះ​ទ្រង់​លែង​មាន​សេចក្តី​ក្រោធ ដែល​ជា​ការ​ប្រឆាំង​ដ៏​សុ​ចរិត​ទាស់​នឹង​បាប ហើយ​យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង​កាន់តែ​ច្បាស់។ បុរស​ស្ត្រី​ដែល​ទទួល​ជឿ​ព្រះ​យេស៊ូវ មិន​ចាំបាច់​ត្រូវ​ប្រឈម​មុខ​ដាក់​សេចក្តី​ក្រោធ​របស់​ព្រះ​អង្គ​ទៀត​ទេ តែ​យើង​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​អរ​សប្បាយ​នឹង​សេចក្តី​ស្រឡាញ់​ដែល​បាន​បង្ហាញ​នៅ​លើ​ឈើ​ឆ្កាង។ ជា​ការ​ពិត​ណាស់ យើង​ទទួល​បាន​គ្រប់​ទាំង​ព្រះ​ពរ និង​អត្ថ​ប្រយោជន៍​នៃ​ដំណឹង​ល្អ ដោយ​សារ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​ក្នុង​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។

ព្រះ​យេស៊ូវ​បាន​យាង​មក​ទទួល​ការ​ដាក់​ទោស​របស់​ព្រះ មក​លើ​បាប។ ពេល​ណា​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង ព្រះ​អង្គ​ក៏បាន​នាំ​ការ​ជំនុំជម្រះ​មក​ដាក់​នៅ​លើ​ឈើ​ឆ្កាង គឺ​ការ​ជំនុំជម្រះ​ដែល​យើង​សមនឹង​ទទួល និង​ត្រូវ​ទទួល បានជា​យើង​អាច​ឈរ​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ហើយ​និយាយ​ថា «ខ្ញុំ​មាន​ការ​រួបរួម​ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម ដែល​ខ្ញុំ​មិន​អាច​រស់នៅ​ដូច​ព្រះ​អង្គ។ ព្រះ​អង្គ​សុគត​ជំនួស​ខ្ញុំ។»

ក្នុង​សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហាន គាត់​បាន​សរសេរ​អំពី​ការ​ដែល «ចិត្ត​យើង​ចោទ​ប្រកាន់​យើង» (១យ៉ូហាន ៣:២០)។ នេះ​ជា​បញ្ហា​ដែល​កើត​មាន​ជា​ធម្មតា ចំពោះ​មនុស្ស​ទាំង​អស់។ ប៉ុន្តែ គ្រីស្ទ​បរិស័ទ​មិន​ចាំបាច់​ត្រូវ​ឃាត់​ឃាំង​បញ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​បំបិទ​សម្លេង​ប្រកាន់​ទោស​យើង ឬ​មិន​ត្រូវ​ឲ្យ​សម្លេង​នោះ​បំផ្លាញ​យើង​ឡើយ។ យើង​អាច​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ជម្រៅ​នៃ​បាប​របស់​យើង ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​តែ​ជ្រៅ​ជាង។ «ហេតុ​នោះ នៅ​ជាន់​នេះ អ្នកណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ» (រ៉ូម ៨:‌១)។ ព្រះ​យេស៊ូវ​បាន​យាង​មក​សង្គ្រោះ​យើង​នៅ​ឈើ​ឆ្កាង។ ឱ​មនុស្ស​មាន​បាប​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​អើយ តើ​អ្នក​នឹង​ចូល​មក​រក​ព្រះ​អង្គ ហើយ​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​អង្គ​នៅ​ឈើ​ឆ្កាង​ទេ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៥:១១-៣២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១៩-២១ និង​ម៉ាថាយ ១៥:២១-៣៩

ប្រភេទ