នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្លាក់ទៅក្នុងទីជម្រៅ

ធ្លាក់ទៅក្នុងទីជម្រៅ

ដោយSheridan Voysey

May 30, 2025

 

ទំនុក​ដំកើង ៦៩:៦-១៥

សូម​កុំ​ឲ្យ​ទឹកជន់​មក​​ពន្លិច​ទូល​បង្គំ ឬ​ឲ្យ​ទី​ជំរៅ​លេប​ទូល​បង្គំ​បាត់ ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូល​បង្គំ​ឡើយ​។ ទំនុក​ដំកើង ៦៩:‌១៥

ព្រះ​វិហារ​សាន ហ្វ្រ៊ូតួសូ មាន​ទីតាំង នៅ​ក្នុង​ឆក​សមុទ្រ​មួយ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ីតាលី​។ ដើម្បី​ចូល​ទៅដល់​ព្រះវិហារ​នេះ​បាន គេ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក ឬ​ថ្មើរជើង ហេតុ​នេះ​ហើយ ព្រះវិហារ​នេះ​គឺជា​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ ជាប់​ឆ្នេរ​សមុទ្រ​។ ប៉ុន្តែ នៅ​តាម​បណ្តោយ​ឆក​នៃ​តំបន់​នេះ មាន​វត្ថុ​មាន​តម្លៃលើស​នេះ​ទៀត ដែល​បាន​បង្កប់​ខ្លួន​ផង​ដែរ​។ នៅពេល​ដែល​អ្នក​មុជ​ទឹក​ជម្រៅ​ជ្រៅ ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ ចុះទៅ​ដល់​ជម្រៅ១៥ម៉ែត្រ ពួកគេ​បាន​ឃើញ​រូបរាង្គ​របស់​មនុស្ស​ប្រុស​ចាប់​ផ្តើម​លេច​ឡើង នៅ​បាត​សមុទ្រ​។ នោះ​គឺជា​រូប​ចម្លាក់​ព្រះយេស៊ូវ​ដែល​ព្រះវិហារ​នេះ​បាន​សាង​សង់ ជា​រូប​ចម្លាក់​នៅ​បាត​សមុទ្រ​មុន​ដំបូង​បំផុត​របស់​ពិភពលោក ដែលគេ​បាន​ដាក់​នៅ​ទីនោះ នៅ​ឆ្នាំ១៩៥៤​។ គេ​ឃើញ​រូប​ចម្លាក់​នោះ​កំពុង​លើកដៃ​ទាំង​ពីរ​ឡើង​ទៅលើ ក្នុង​ទី​ជម្រៅ តម្រង់​ឆ្ពោះ​ទៅ​រក​ស្ថាន​សួគ៌​។

នៅពេល​ដែលគេ​និយាយ​អំពី​ទី​​ជម្រៅ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៦៩ ដែល​បាន​ពោល​ទំនួញ​ថា “ទូល​បង្គំ​បាន​មកដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​​គ្រប​លើ​ទូល​បង្គំ ទូល​បង្គំ​ល្វើយ ដោយ​ការ​អំពាវនាវ​​របស់​ទូល​បង្គំ”(ខ.២-៣)។ គាត់​ត្រូវ​ខ្មាំង​សត្រូវ​របស់​គាត់ សើច​ចំអក​ឲ្យ ហើយ​ក៏​ទទួលរង​ការ​ត្មះ​តិះដៀល(ខ.៤,៧-១២) គ្មាន​នរណា​កម្សាន្ត​ចិត្ត​គាត់(ខ.២០) ហើយ​គាត់​ខ្លាច​សេចក្តី​វេទនា​របស់​គាត់ “លេប” គាត់​បាត់(ខ.១៥)។ ទោះ​យើង​លិចលង់​​ក្នុង​ទី​ជម្រៅ ដោយសារ​អំពើបាប ឬ​ទុក្ខ​ព្រួយ​ក៏ដោយ ក៏​ទី​ជម្រៅ​នោះ​គឺជា​ពេល​ដ៏​ងងឹត​នៃ​ជីវិត ដែល​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​។

តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​មិន​ឲ្យ​យើង​ជាប់​ក្នុង​ទី​ជម្រៅ​នោះ​ជា​រៀង​រហូត​ទេ​។ នៅពេល​ដែល​យើង​រងា និង​ឯកោ យើង​អាច​នឹក​ចាំ​ថា ព្រះអង្គ​គង់​នៅ​ជាមួយ​យើង ក្នុង​ទី​ជម្រៅ​នោះ(១៣៩:៨)។ ហើយ​ព្រះ​អង្គ​នឹង​សង្គ្រោះ​យើង ឲ្យ​រួចពី​ទឹក​ដ៏​ត្រជាក់​។ “ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​សរសើរ​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូល​បង្គំ​ឡើង​វិញ”(៣០:១)។

ពេលណា​យើង​កំពុង​លិចលង់​ក្នុង​ទី​ជម្រៅ នៅ​ពី​ក្រោម​ទម្ងន់​នៃ​លោកិយ ចូរ​យើង​ចាំ​ថា យើង​មិន​ឯកោ​ទេ​។ ព្រះ​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ គង់នៅ​ជាមួយ​យើង​ក្នុង​ទី​ជម្រៅ​នោះ ហើយ​ព្រះ​ហស្ត​ព្រះអង្គ​បាន​ត្រៀម​ជា​ស្រេច ដើម្បី​នឹង​លើក​យើង​ឡើង តាម​ពេល​ដែល​ព្រះអង្គ​កំណត់​។—Sheridan Voysey

តើ​អ្នក​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ធ្លាក់​ទៅ​ក្នុង “ទី​ជម្រៅ” យ៉ាង​ដូច​ម្តេច​ខ្លះ? 
តើ​បទ​គម្ពីរ​ទំនុក​ដំកើង ៦៩:១៣ បាន​ជួយ​អ្នក​ឲ្យ​ចេញ​ពី​ទី​ជម្រៅ​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​គង់នៅ​ជា​មួយ​ទូល​បង្គំ ក្នុង​ទី​ជម្រៅ​។ 
សូម​ព្រះ​អង្គ​លើក​ទូល​បង្គំ​ឡើង ដោយ​សេចក្តី​ស្រឡាញ់ ព្រះគុណ និង​ព្រះ​ចេស្តា​របស់​ព្រះអង្គ​។

Visit ODBU.org/OT020 to gain more wisdom from the book of Psalms.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧

ល្ងាច

ការ​ផ្គត់ផ្គង់​តាម​ព្រះ​បន្ទូល​សន្យា

ការ​ផ្គត់ផ្គង់​តាម​ព្រះ​បន្ទូល​សន្យា

ដោយAlistair Begg

May 30, 2025

«ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើមាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ។ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ​គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់» (យ៉ូហាន ២១:៥-៦)។

តើ​យើង​មាន​អ្វី​នាំមក​ថ្វាយ​ព្រះ​យេស៊ូវ? គឺ​យើង​ថ្វាយ​តម្រូវការ​របស់​យើង​ដល់​ព្រះ​អង្គ។

វត្ត​មាន​របស់​ព្រះ​យេស៊ូវ​នៅ​កន្លែង​នេសាទ​ត្រី​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ជំពូក២១ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​បាន​រម្លឹក​យើង អំពី​វត្ត​មាន​របស់​ព្រះ​អង្គ​នៅពេល​ពួក​សាវ័ក​នេសាទ​ត្រី កាល​គ្រា​មុន​នៅ​សមុទ្រ​កាលីឡេ ដូច​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ លូកា ជំពូក៥។ ក្នុង​រឿង​ទាំង​ពីរ​នេះ ទោះ​ពួក​គេ​មាន​បទ​ពិសោធន៍​នេសាទ​ត្រី​ជា​ច្រើន​ឆ្នាំ នៅ​ថ្ងៃ​នោះ​ពួក​គេ​បាន​ព្យាយាម​ហើយ​ព្យាយាម​ទៀត នៅ​តែ​មិន​អាច​ចាប់​បាន​ត្រី​សោះ។ ក្នុង​ពេល​ទាំង​ពីរ​លើក​នោះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​អង្គ​ទ្រង់ ហើយ​ប្រទាន​ពរ​ពួក​គេ​ឲ្យ​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក។ កាល​លើក​ទីមួយ ព្រះ​អង្គ​បង្រៀន​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស ហើយ​លើក​ទីពីរ បាន​រម្លឹក​ពួក​គេ​ឲ្យ​បន្ត​នាំ​មនុស្ស​ចូល​នគរ​ព្រះ។ ការ​អស្ចារ្យ​ទាំង​ពីរ​បាន​ផ្តល់​ឲ្យ​មេរៀន​ដ៏​សំខាន់​ត្រង់​ចំណុច​ដែល​ថា ពួក​សាវ័ក​អាច​មាន​ភាព​ជោគជ័យ​បាន​តាមរយៈ​ព្រះ​ចេស្ដា​របស់​ព្រះ​ប៉ុណ្ណោះ។ ព្រះ​យេស៊ូវ​មាន​អំណាច​គ្រប់​គ្រង​សមុទ្រ​កាលីឡេ កាល​ពួក​សាវ័ក​មិន​អាច​ចាប់​បាន​ត្រី​សោះ ក៏​ដូច​នៅពេល​ដែល​ពួក​គេ​ចាប់​បាន​ត្រី​សន្ធឹក។ ព្រះ​អង្គ​មាន​អំណាច​គ្រប់​គ្រង​មក​លើ​ចំណុច​ខ្វះខាត​របស់​ពួក​គេ ក៏​ដូចជា​ភាព​ពេញលេញ​របស់​ពួក​គេ​ផង​ដែរ។ ព្រះ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មើល​ឃើញ​ភាព​ក្រីក្រ​របស់​យើង ដើម្បី​ឲ្យ​យើង​ឱន​ក្រាប ចំពោះ​ព្រះ​អង្គ ដោយ​ការ​ស្ញប់​ស្ញែង​ចំពោះ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ នៅ​ពេល​ណា​យើង​មើល​ឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឯង យើង​ក៏​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​ក៏​កំពុង​គ្រប់​គ្រង​មក​លើ​ភាព​ខ្វះខាត​របស់​យើង​ផង​ដែរ។

ព្រះ​អង្គ​ត្រាស់​ហៅ​យើង ឲ្យ​ព្យាយាម​ស្វែងរក​ការ​បំពេញ​ចំណុច​ខ្វះខាត​នីមួយៗ​ក្នុង​ជីវិត​យើង ដោយ​សេចក្តី​ល្អ និង​កម្លាំង​របស់​ព្រះ​អង្គ។

កាល​ព្រះ​យេស៊ូវ​សួរ​ពួក​សាវ័ក​ថា ពួក​គេ​ចាប់​បាន​ត្រី​ខ្លះ​ទេ ព្រះ​អង្គ​កំពុង​ជំរុញ​ពួក​គេ​ឲ្យ​ប្រឈម​មុខ​ដាក់​ស្ថានភាព​នៃ​ការ​ខ្វះខាត​របស់​ពួក​គេ ហើយ​ឆ្លើយតប​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ព្រះ​គ្រីស្ទ​ក៏​មាន​សំណួរ​សម្រាប់​យើង​ក្នុង​ថ្ងៃ​ដែល​យើង​មាន​ភាព​ខ្វះ​ចន្លោះ​ផង​ដែរ។ ព្រះ​អង្គ​មិនមែន​កំពុង​ស្វែងរក​ការ​ដោះ​សារ ការ​សន្ទនា ឬ​ការ​ជជែក​វែក​ញែក​ទេ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ស្គាល់​តម្រូវការ​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់។ ស្ថានភាព​របស់​ពួក​សាវ័ក​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ស្ថានភាព​របស់​យើង​ផង​ដែរ ក្នុង​ន័យ​ថា សូម្បីតែ​កិច្ចការ​ដែល​យើង​មាន​ជំនាញ​ធ្វើ ក៏​យើង​មិន​អាច​ធ្វើ ដោយ​គ្មាន​ជំនួយ​ពី​ព្រះអម្ចាស់​បាន​ឡើយ។ យើង​មិន​អាច​និយាយ ឬ​ស្តាប់ ច្រៀង​ឬ​សរសេរ ធ្វើ​ការ​ឬ​លេង​កីឡា​បាន​ឡើយ បើសិន​ជា​ព្រះ​អង្គ​មិន​ប្រទាន​ព្រះ​គុណ​ដែល​ជួយ​យើង​ទេ​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​មុន ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​ថា «ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ» (យ៉ូហាន ១៥:៥)។

ព្រះ​យេស៊ូវ​មិន​បាន​ទុក​ចោល​ពួក​សាវ័ក​ចោល​ឲ្យ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ឡើយ​ ហើយក៏​បាន​ផ្គត់ផ្គង់ មិនមែន​គ្រាន់តែ​ល្មម​ឲ្យ​ពួក​គេ​រស់នៅ​នោះ​ដែរ តែ​បាន​ផ្គត់ផ្គង់​ឲ្យ​ពួក​គេ​មាន​ជា​បរិបូរ​ក្នុង​ពេល​ទាំង​ពីរ​លើក​នោះ។ ការ​ផ្គត់ផ្គង់​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បន្ត​ផ្គត់ផ្គង់ លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​វាស់​ស្ទង់ ទូល​សូម និង​ស្រមៃ​ផង គឺ​ស្រប​តាម​ការ​សន្យា​ប្រទាន​ជីវិត​អស់​កល្ប​ដល់​អ្នកណា​ដែល​ជឿ។ ពេល​ណា​ព្រះ​គ្រីស្ទ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដោយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ព្រះ​អង្គ​មិន​បាន​បន្តក់​ទឹក​ឲ្យ​ហូរ​តិចៗ​ក្នុង​ជីវិត​យើង ដើម្បី​ជន្ល​យើង​នោះ​ទេ តែ​ព្រះ​អង្គ​បាន​សន្យា​ថា ចិត្ត​របស់​យើង​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​មក (យ៉ូហាន ៧:៣៨)។ ដែល​ព្រះ​យេស៊ូវ​បាន​ហៅ​ពួក​សិស្ស​ឲ្យ​មក​ឆ្នេរ​សមុទ្រ ដើម្បី​បរិភោគ​អាហារ​ពេល​ព្រឹក​ជា​មួយ​ព្រះ​អង្គ​ជា​យ៉ាងណា (២១:៩-១០) នោះ ព្រះ​អង្គ​ក៏​អញ្ជើញ​អ្នក​ឲ្យ​ចូល​មក​អង្គុយ​នៅ​តុ​ព្រះ​អង្គ ដើម្បី​បំពេញ​ការ​ខ្វះខាត​របស់​អ្នក​យ៉ាង​នោះ​ដែរ។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​អង្គ​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​យាង​ទៅជា​មួយ​អ្នក ដោយ​ប្រទាន​កម្លាំង​លើស​ពី​គ្រប់​គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណើរ។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «មាន​ព​រហើយ អស់អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត» (ម៉ាថាយ ៥:៦)។ ចូរ​ថ្វាយ​ការ​ខ្វះខាត​របស់​អ្នក​ដល់​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ការ​ថ្វាយ​ការ​ខ្វះខាត​របស់​អ្នក។ ហើយ​ចូរ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក លើស​ពី​តម្រូវការ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដើរ​ឆ្ពោះ​ទៅ​រក​ផ្ទះ​នៅ​ស្ថាន​សួគ៌ ដោយ​បំពេញ​គោល​បំណង​ដ៏​រុងរឿង​របស់​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ២១:១-១៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ២២-២៣ និង​ម៉ាថាយ ១៦

ប្រភេទ