នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​ទ្រង់​ជ្រាប​ច្បាស់​ជាង​នរណា​ទាំង​អស់

ព្រះ​ទ្រង់​ជ្រាប​ច្បាស់​ជាង​នរណា​ទាំង​អស់

ដោយKaren Huang

May 31, 2025

 

អេសាយ ៥៥:៦-១១

ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង​។ អេសាយ ៥៥:៩

មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុខ​ភាព​របស់​ក្មួយ​ស្រី​​ខ្ញុំ​។ ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ក៏​បាន​ថយ​ចុះ នៅពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ការ​ព្យាបាល​តាម​ធម្មជាតិ​អាច​ជួយ​គាត់​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្អូន​ស្រី​របស់​ខ្ញុំ​យល់​ឃើញថា ការ​ព្យាបាល​នេះ​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់ ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ​របស់​កូន​ស្រី​គាត់​។ ខ្ញុំ​ចង់​ប្រកែក​ជាមួយ​គាត់ តែ​ខ្ញុំ​ទប់​ចិត្ត​ខ្លួនឯង​មិន​ឲ្យ​និយាយ​។ ទោះ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ក្មួយ​ស្រី​ខ្ញុំ​យ៉ាងណា​ក៏ដោយ ខ្ញុំ​ត្រូវតែ​គោរព​សិទ្ធិ​អំណាច​របស់​គាត់​ជា​ម្តាយ​។

ក្រោយមក វេជ្ជ​បណ្ឌិត​ម្នាក់​បាន​ប្រាប់​យើង​ថា “ការ​ព្យាបាល​តាម​ធម្មជាតិ​នោះ នឹង​បណ្តាល​ឲ្យ​មាន​អាឡែក​ស៊ី​ធ្ងន់ធ្ងរ”។ នៅ​ក្នុង​ការ​ថែរក្សា​សុខុមាល​ភាព​របស់​ក្មួយ​ស្រី​ខ្ញុំ ម្តាយ​របស់​គាត់​ពិតជា​បាន​ដឹង​អំពី​កូន​ស្រី​គាត់ បាន​ច្រើន​ជាង​ខ្ញុំ​មែន។

ខ្ញុំ​បាន​នឹក​ចាំ​អំពី​រឿង​នេះ ពេល​ដែល​ខ្ញុំ​មាន​ការ​ថប់​បារម្ភ​អំពី​មនុស្ស​ជាទី​ស្រឡាញ់​ដទៃ​ទៀត ដោយ​ខ្ញុំ​ទូល​សូម​ព្រះ​អង្គ​ជួយ​ពួកគេ តាម​របៀប​ដែល​ខ្ញុំ​គិតថា ព្រះ​អង្គ​គួរ​តែ​ជួយ​ពួកគេ​។ ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា ព្រះ​ដែល​ស្រឡាញ់​ពួកគេ ហើយ​ស្គាល់​ពួកគេ​ច្បាស់​ជាង​ខ្ញុំ​ស្គាល់​ពួកគេ និយាយ​ឲ្យ​ខ្លី ព្រះអង្គ​ជ្រាប​ច្បាស់​ជាង​នរណា​ទាំង​អស់​។

ក្នុង​បទ​គម្ពីរ​អេសាយ ៥៥:៩ ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង”។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ ផ្លូវ (derek) គឺ​សំដៅ​ទៅលើ​ការ​ប្រព្រឹត្ត និង​អាកប្ប​កិរិយា​ខាង​ផ្លូវ​សីលធម៌​របស់​ព្រះ ធៀប​ជាង​មួយ​នឹង​មនុស្ស​អាក្រក់​។ ប្រាជ្ញា និង​សេចក្តី​សុ​ចរិត​របស់​ព្រះ តែងតែ​ខ្ពស់​ជាង​ប្រាជ្ញា និង​សេចក្តី​សុ​ចរិត​របស់​យើង​ឆ្ងាយ​ណាស់​។ ការ​អ្វី​ដែល​កើត​ឡើង ក្នុង​ជីវិត​របស់​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់ ប្រហែល​មិនមែន​ជា​អ្វី​ដែល​យើង​ចង់​បានទេ តែ​យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ធ្វើ​ការ​ក្នុង​ជីវិត​ពួកគេ តាម​បំណង​ព្រះទ័យ​ព្រះអង្គ​។

ចូរ​យើង​អធិស្ឋាន​ថ្វាយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ដល់​ព្រះអង្គ ដោយ​ទូល​ដល់​ព្រះអង្គ “ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម” របស់​យើង(ភីលីព ៤:៦)។ មានតែ​ព្រះអង្គ​ទេ ដែល​មាន​សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា ប្រាជ្ញា និង​អំណាច​គ្រប់​គ្រង​ដ៏​ឥត​ខ្ចោះ(អេសាយ ៥៥:៣,៧-១១)។—Karen Huang

តើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ខ្លះ ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់? តើ​អ្នក​អាច​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​ព្រះ 
ក្នុង​ការ​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​ថ្វាយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ទូល​បង្គំ ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​។ 
មានតែ​ព្រះអង្គ​ទេ ដែល​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​ពួកគេ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៣-១៤ និង យ៉ូហាន ១២:១-២៦

ល្ងាច

ដើម្បី​ឲ្យ​យើង​បន្ត​ដំណើរ​ទៅមុខ​ទៀត

ដើម្បី​ឲ្យ​យើង​បន្ត​ដំណើរ​ទៅមុខ​ទៀត

ដោយAlistair Begg

May 31, 2025

«រីឯ​អ្នក​រាល់​គ្នា ដែល​ពីដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ។ ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំងនៅ​ជាប់​លាប់ ហើយ​មាំមួន​ក្នុង​សេចក្តី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បានឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ​ទៅដល់​គ្រប់​ទាំង​មនុស្ស​ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ» (កូឡូស ១:២១-២៣)។

បើ​យើង​សួរ​មនុស្ស​នៅ​បស្ចិម​ប្រទេស នៅ​សតវត្សរ៍ទី២១ ភាគ​ច្រើន ពួក​គេ​នឹង​និយាយ​ថា មនុស្ស​មាន​ចរិត​លក្ខណៈ​ដែល​ល្អ​ពី​កំណើត​មក។ ទោះជា​យ៉ាងណា​ក៏​ដោយ បើសិន​ជា​ពួក​គេ​តាម​ដាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ ភ្លាមៗ​នោះ ពួក​គេ​ប្រហែល​ជា​ចង់​យក​ទស្សនៈ​នេះ​មក​ពិចារណា​ឡើង​វិញ។ ថ្ងៃ​មួយ បើ​យើង​ចំណាយ​ពេល​អង្គុយ​គិត​អំពី​អាកប្ប​កិរិយា គំនិត និង​ទង្វើ​របស់​យើង យើង​ក៏​អាច​ដឹង​ថា យើង​មិន​ល្អ​ពី​កំណើត ដូច​ការ​អះអាង​នេះ​ទេ។ បើ​យើង​គិត​ដោយ​ស្មោះ​ត្រង់ យើង​ត្រូវ​ទទួល​ស្គាល់​ថា ចិត្ត​របស់​យើង​គ្មាន​សណ្ដាប់​ធ្នាប់ ឬ​មិន​មាន​ការ​គ្រប់​គ្រង​ល្អ ហើយ​ដំណោះ​ស្រាយ​ដ៏​ពេញ​និយម សម្រាប់​បញ្ហា​នេះ គឺ​គេ​ស្វែង​រក​ការ​អប់រំ​កម្រិត​ខ្ពស់​ជាង ឬ​ការ​ផ្លាស់​ប្ដូរ​កាលៈទេសៈ​ក្នុង​សង្គម តែ​ហាក់​ដូចជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ មនុស្ស​ជាតិ​នៅ​តែ​បន្ត​គ្មាន​សណ្ដាប់​ធ្នាប់។

ពេល​ណា​យើង​ងាក​ទៅ​រក​ព្រះ​គម្ពីរ​ប៊ីប យើង​រក​ឃើញ​សេចក្តី​ពិត​អំពី​ខ្លួន​យើង ដែល​ស្តាប់​ទៅ​មិន​ពីរោះ​សោះ។ គឺ​សេចក្តី​ពិត​ដែល​ថា មូល​ហេតុ​ដែល​យើង​មាន​អារម្មណ៍​ថា ដាច់​ចេញពី​មនុស្ស​នៅ​ជុំ​វិញ​យើង និង​មូល​ហេតុ​ដែល​ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា​ដាច់​ចេញពី​ខ្លួន​ឯង គឺ​ដោយ​សារ​យើង​បាន​ដាច់​ចេញពី​ព្រះ។ ការ​ដាច់​ចេញ​របស់​យើង​ក្នុង​លក្ខណៈ​ជា​ខ្សែ​បន្ទាត់​ដេក គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ដាច់​ចេញ​ក្នុង​លក្ខណៈ​ខ្សែ​បន្ទាត់​ឈរ ដែល​ធ្ងន់ធ្ងរ​ជាង​ការ​ដាច់​ចេញ​ជា​ខ្សែ​បន្ទាត់​ដេក​ឆ្ងាយ​ណាស់។ ព្រះ​អម្ចាស់​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ តែ​គំនិត​របស់​យើង​បាន​ងាក​ចេញពី​ព្រះ​អង្គ។ យើង​មិន​គិត​អំពី​ព្រះ​អង្គ។ យើង​មិន​ស្រឡាញ់​ព្រះ​អង្គ។ យើង​មិន​ទាំង​បាន​ស្វែងរក​ព្រះ​អង្គ​ផង។

ទោះជា​យ៉ាងណា​ក៏​ដោយ យើង​មាន​ដំណឹង​ល្អ​មួយ។ ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ កាលពី​មុន​យើង​កំពុង​វិនាស ឥឡូវ​នេះ​យើង​បាន​កើតជា​ថ្មី។ យើង​បាន​ដាច់​ចេញពី​ព្រះ​អង្គ តែ​ឥឡូវ​យើង​បាន​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​ព្រះ​អង្គ។ យើង​រស់នៅ​ក្នុង​កន្លែង​ងងឹត ហើយ​ឥឡូវ​នេះ​ព្រះ​អង្គ​នាំ​យើង​ចូល​ក្នុង​ពន្លឺ។ យើង​បាន​ជាប់​អន្ទាក់ តែ​ឥឡូវ​យើង​មាន​សេរី​ភាព។ យើង​បាន​ស្លាប់ តែ​ឥឡូវ​យើង​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ក្នុង​ព្រះ​គ្រីស្ទ។ នេះ​ជា​បទ​ពិសោធន៍​របស់​អ្នក​ដែល​ស្គាល់​ព្រះ ខណៈ​ពេល​ដែល​ព្រះ​អង្គ​បង្ហាញ​អង្គ​ទ្រង់ តាមរយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។

ការ​ផ្លាស់​ប្រែ​នេះ​ មិន​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​ទេ។ នៅពេល​ខ្លះ មនុស្ស​ភាគ​ច្រើន​គិតថា «ជីវិត​របស់​ខ្ញុំ​កំពុងតែ​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ។ ខ្ញុំ​នឹង​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ​នៅ​ឆ្នាំ​នេះ​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន»។ នេះ​ជា​ការ​ល្អ​ហើយ! ការ​និយាយ​ដូច​នេះ មិន​មាន​អ្វី​ខុស​ទេ។ មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​យើង ប្រាកដ​ជា​មាន​ចិត្ត​រំភើប ពេល​បានឮ​យើង​និយាយ​ដូច​នេះ។ ប៉ុន្តែ ការ​នេះ​មិនមែន​ជា​គោលដៅ​របស់​គ្រីស្ទបរិស័ទ​ទេ។ ផ្ទុយ​ទៅវិញ ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​បាន​ទទួល​ការ​បណ្ដាល​ចិត្ត និង​ការ​ផ្ចុងផ្ដើម​ដោយ​ព្រះ​គុណ​របស់​ព្រះ ដែល​ជួយ​សង្គ្រោះ។ យើង​ចាប់​ផ្ដើម និង​បន្ត​ដំណើរ ដោយ​សារ​ព្រះ​គុណ​ព្រះ។

ដំណឹង​ល្អ​គឺជា​ដំណឹង​នៃ​សេចក្តី​ពិត​ដែល​ថា ព្រះ​យេស៊ូវ​មកពី​ស្រុក​ណាសារ៉ែត​បាន​សុគត​ជំនួស​យើង ដើម្បី​បញ្ចប់​ការ​ដាច់​ចេញ​របស់​យើង។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​បាន​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត តែ​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​ឯង។ ដូច​នេះ ព្រះ​អង្គ​មាន​ការ​ត្រាស់​ហៅ​ដ៏​សាមញ្ញ សម្រាប់​យើង​ឲ្យ «បន្ត​ដំណើរ​ក្នុង​ជំនឿ ដោយ​មិន​ងាក​បែរ​ចេញពី​ដំណឹង​ល្អ»។ យើង​មិន​ត្រូវ​បែរ​ចេញពី​ដំណឹង​ល្អ​ដ៏​សាមញ្ញ​របស់​ព្រះ​គ្រីស្ទ ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង មាន​ព្រះ​ជន្ម​ឡើង​វិញ និង​គ្រង​រាជ្យ តាម​ពិត​យើង​មិន​ហ៊ាន​បែរ​ចេញ​ឡើយ។ ប៉ុន្តែ យើង​ពិតជា​ងាយ​នឹង​ព្រងើយ​កន្តើយ​ចំពោះ​សេចក្តី​ពិត​នេះ ដោយ​យើង​ប្រែ​ជា​មាន​អារម្មណ៍​ថា​ស៊ាំ​នឹង​សេចក្តី​ពិត​នេះ ហើយ​បន្ទាប់មក​យើង​គិតថា យើង​មិន​ត្រូវ​ការ​ព្រះ​អង្គ​ទៀត។ ដូច​នេះ ចូរ​យើង​ពិនិត្យ​មើល​ចិត្ត​ខ្លួន​ឯង ដោយ​ចិត្ត​ស្មោះត្រង់។ ដោយ​ទទួល​ស្គាល់​បាប​របស់​យើង។ ហើយ​វិល​ត្រឡប់​មក​ដំណឹង​ល្អ​វិញ ដោយ​ចិត្ត​ស្ញប់​ស្ញែង ចំពោះ​ការ​សុគត​របស់​ព្រះ​អង្គ ជំនួស​យើង។1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ៣២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ២៤-២៥ និង​ម៉ាថាយ ១៧

1លោក Charles Wesley, “And Can It Be?” (ឆ្នាំ១៧៣៨)។

ប្រភេទ