នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គយកព្រះទ័យទុកដាក់យ៉ាងខ្លាំង

ព្រះអង្គយកព្រះទ័យទុកដាក់យ៉ាងខ្លាំង

ដោយJames Banks

June 1, 2025

២ពង្សាវតាក្សត្រ ២០:១២-១៩
បើមានសេចក្ដីសុខសាន្ត នឹងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ? ២ពង្សាវតាក្សត្រ ២០:១៩
មិត្តភក្តិរបស់ខ្ញុំឈ្មោះ “ប៊ីល”(Bill) មានពិការភាពចាប់ពីទ្រូងចុះមកក្រោម បន្ទាប់ពីគាត់ធ្លាក់ពីលើជណ្តើរ កាលប៉ុន្មានឆ្នាំមុន ហើយសព្វថ្ងៃនេះ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគាត់មានជំងឺឆ្លងធ្ងន់ធ្ងរ ដែលបានកើតឡើង ក្នុងអំឡុងពេលវះកាត់។ នៅពេលដែលយើងពិភាក្សា អំពីបញ្ហាប្រឈមថ្មីមួយនេះ គាត់ក៏បានសួរខ្ញុំថា “តើអ្នកចង់មើលស្នាមសម្លាករបស់ខ្ញុំទេ?” គាត់ក៏បានលើកភួយរបស់គាត់ចេញ ដើម្បីបង្ហាញស្នាមវះកាត់មានប្រវែងវែង ដែលបន្សល់ទុកពីការព្យាបាលជំងឺឆ្លងរបស់គាត់។ ខ្ញុំក៏បានសួរគាត់ថា “តើអ្នកឈឺនៅត្រង់កន្លែងវះកាត់នោះទេ?” គាត់ឆ្លើយថា “ខ្ញុំមិនមានអារម្មណ៍ដឹងថាឈឺទាល់តែសោះ”។ 
នៅពេលដែលខ្ញុំបានឮគាត់និយាយដូចនេះ ខ្ញុំក៏បានដឹងថាខ្លួនឯងមានកំហុស។ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំ ដែលខ្ញុំបានរាប់អានគាត់ជាមិត្តភក្តិ ខ្ញុំមិនបានដឹងទេថា របួសរបស់គាត់បានធ្វើឲ្យគាត់មិនអាចផ្លាស់ទី និងបានធ្វើឲ្យខ្លួនគាត់ស្ពឹកលែងដឹងឈឺ។ ខ្ញុំមានការខ្មាសអៀន ពេលដែលខ្ញុំបានដឹងថា ខ្ញុំមិនបានបង្ហាញក្តីអាណិតចំពោះគាត់ និងរបួសគាត់ឲ្យបានខ្លាំងជាងនេះ ដើម្បីឲ្យបានយល់អំពីទុក្ខលំបាកដែលគាត់ប្រឈមមុខដាក់រៀងរាល់ថ្ងៃ។ 
ពេលដែលខ្ញុំបានដឹងថា ខ្លួនឯងមិនបានខ្វល់ខ្វាយអំពីមិត្តភក្តិ ខ្ញុំក៏បាននឹកចាំអំពីការអ្វីដែលស្តេចហេសេគា ជាស្តេចនគរយូដា បានធ្វើ។ ហោរាអេសាយបានទូលទ្រង់ថា គេនឹងចាប់យករបស់ទ្រព្យទាំងអស់ក្នុងរាជវាំងរបស់ទ្រង់ “ដឹកយកទៅទីក្រុងបាប៊ីឡូន” ហើយពួកបុត្រាទាំងប៉ុន្មាន ដែលកើតពីទ្រង់មក នោះ “នឹងត្រូវដឹកនាំទៅ” ឲ្យធ្វើជាមនុស្សកម្រៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន(២ពង្សាវតាក្សត្រ ២០:១៧-១៨)។ ពេលនោះទ្រង់មានការសប្បាយព្រះទ័យ ព្រោះទ្រង់គិតថា “បើមានសេចក្ដីសុខសាន្ត នឹងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?”(ខ.១៩)។ ទ្រង់ជាក្សត្រល្អមួយអង្គ តែទ្រង់បានផ្ដោតព្រះទ័យទៅលើខ្លួនឯង ខ្លាំងជាងគិតអំពីបញ្ហាដែលអ្នកដទៃនឹងជួបប្រទះ។ 
ព្រះអម្ចាស់មានព្រះទ័យខុសពីនេះ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា “នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង”(១យ៉ូហាន ៤:‌១០)។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង បានជាព្រះអង្គបានរងទុក្ខជំនួសយើង ដើម្បីឲ្យយើងអាចរស់នៅ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គជារៀងរហូត។—James Banks

តើអ្នកយល់ឃើញថា ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកយ៉ាងណាខ្លះ? 
តើអ្នកគិតអំពីអ្នកដទៃ ដូចម្តេចខ្លះនៅថ្ងៃនេះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ។ 
សូមសេចក្តីស្រឡាញ់របស់ព្រះអង្គបានបង្ហូរចេញតាមរយៈទូលបង្គំ ទៅកាន់អ្នកដទៃ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៥-១៦ និង យ៉ូហាន ១២:២៧-៥០

ល្ងាច

បន្ទុក​របស់​ពួក​ហោរា

បន្ទុក​របស់​ពួក​ហោរា

ដោយAlistair Begg

June 1, 2025

«នេះ​ជា​សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហា បាគុក បាន​ឃើញ» (ហាបាគុក ១:១)។
គេ​មិន​ដែល​រក​ឃើញ​តម្លៃ​របស់​ហោរា​ពិត​ប្រាកដ​នៅ​ក្នុង​ប្រវត្តិរូប​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ព្រះ​រាជសារ​ដែល​ពួក​គេ​បាន​ប្រកាស។ តម្លៃ​របស់​យើង​ម្នាក់ៗ​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ 
ចូរ​យើង​មើល​គំរូ​របស់​ហោរា ហាបាគុក។ ព្រះ​គម្ពីរ​មិន​បាន​ចែង​អំពី​ប្រវត្តិរូប​របស់​គាត់​នោះ​ទេ។ យើង​គ្រាន់​តែ​អាច​ដឹង​អំពី​គាត់​តាម​រយៈ​កណ្ឌ​គម្ពីរ​ហោរា ហាបាគុក ដែល​មាន​ឈ្មោះ​គាត់​ជា​ចំណង​ជើង និង​បាន​ប្រាប់​យើង​តិច​ណាស់​អំពី​គាត់ ហើយ​យើង​មិន​អាច​រក​ឃើញ​ឈ្មោះ​គាត់​ក្នុង​កណ្ឌ​គម្ពីរ​ផ្សេង​ទៀត​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំណុច​ខ្វះខាត​នេះ​មាន​សារៈ​សំខាន់ ព្រោះ​គេ​អាច​រក​ឃើញ​គុណ​សម្បត្តិ​របស់​គាត់​នៅ​ក្នុង​ការ​ត្រាស់​ហៅ​ដែល​គាត់​បាន​ទទួល។ 
យើង​សង្កេត​ឃើញ​បញ្ហា​ដូច​នេះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហោរា​ផ្សេង​ទៀត​ផង​ដែរ។ យើង​បាន​ដឹង​អំពី​ហោរា​ខ្លះ ច្រើន​ជាង​ហោរា​ផ្សេង​ទៀត ប៉ុន្តែ​សូម្បី​តែ​អ្វី​ដែល​យើង​បាន​ដឹង​នោះ​មិន​មាន​ភាព​ស៊ី​ជម្រៅ ឬ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ។ ឧទាហរណ៍៖ ហោរា អេម៉ុស គ្រាន់​តែ​ជា​អ្នក​គង្វាល​ចៀម និង​ជា​អ្នក​បេះ​ផ្លែ​ល្វា​មុន​ពេល​ព្រះ​អម្ចាស់​ត្រាស់​ហៅ​គាត់ (អេម៉ុស ៧:១៤)។ ស្រដៀង​គ្នា​នេះ​ដែរ មុន​ពេល​គេ​សួរ​លោក យ៉ូហានបាទីស្ទ ថា គាត់​ជា​នរណា គាត់​ក៏​បាន​ធ្វើ​បន្ទាល់​ថា «ខ្ញុំ​ជា​សម្លេង ដែល​បន្លឺ​ឡើង​នៅ​ទី​រហោស្ថាន​ថា «ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់» ដូច​ជា​ហោរា​អេសាយ​បាន​ទាយ​ទុក»។ ខ្ញុំ​គ្រាន់​តែ​ជា​ពន្លឺ​ដែល​បំភ្លឺ​បាន​មួយ​គ្រា តែ​ព្រះ​យេស៊ូវ​ជា​ពន្លឺ​សម្រាប់​លោកីយ៍​ទាំង​មូល (យ៉ូហាន ១:២៣; ៣:៣០; ៥:៣៥)។
ក្នុង​ខ​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ហាបាគុក ជួន​កាល ពាក្យ «សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់» ប្រែ​មក​ថា «បន្ទុក​ធ្ងន់»។ តើ​មាន​អ្វី​ជា​បន្ទុក​ធ្ងន់? តើ​បន្ទុក​ដែល​ហោរា​ហាបាគុក​មាន​ក្នុង​ចិត្ត ពេល​ដែល​បាន​ឃើញ​អ្វី​ដែល​ព្រះ​អម្ចាស់​បើក​សម្ដែង​ដល់​គាត់ ឬ​មើល​ទៅ​កាលៈទេសៈ​ដែល​អ្នក​ដទៃ​បាន​ជួប​ប្រទះ តែ​មិន​យល់ ក៏​ដូច​ជា​ក្នុង​ការ​នាំ​អ្នក​ស្តាប់​ឲ្យ​ទទួល​ប្រាជ្ញា និង​ការ​រៀប​ចំ​របស់​ព្រះ។ 
ទោះ​សម័យ​បច្ចុប្បន្ន មនុស្ស​មាន​ការ​ងប់ងុល​នឹង​បុគ្គលិក​លក្ខណៈ និង​គុណ​សម្បត្តិ​របស់​ខ្លួន​ក៏​ដោយ ក៏​នៅ​ក្នុង​ការ​អធិប្បាយ ការ​បង្រៀន និង​ការ​ចែក​ចាយ​ដំណឹង​ល្អ យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ខ្លឹម​សារ​នៃ​ដំណឹង​ល្អ​ដែរ។ គ្រប់​ទាំង​ការ​អធិប្បាយ​ព្រះ​បន្ទូល មេរៀន និង​ការ​សន្ទនា​អំពី​ដំណឹង​ល្អ នឹង​ក្រៀម​ស្វិត​ដូច​ស្មៅ។ តម្លៃ​នៃ​ការ​បង្រៀន​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​សេចក្តី​ពិត និង​ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​បន្ទូល​ព្រះ ដែល​បាន​បោះ​យុថ្កា​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ស្តាប់។ ដូច​ដែល​លោក​គ្រូ ដាវីឌ វែល (David Wells) បាន​លើក​ឡើង​ក្នុង​សៀវភៅ​របស់​គាត់​ថា ការ​ចែក​ចាយ​ព្រះ​បន្ទូល​ក៏​ដូច​ជា​ការ​ចែក​ចាយ​សេចក្តី​ពិត​របស់​ព្រះ។ តាម​មធ្យោបាយ​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​ព្រះ មិន​មែន​ជា​ការ​សន្ទនា ឬ​ការ​ជជែក​អំពី​ទស្សនៈ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ... ទេ! តែ​ជា​ការ​ដែល​ព្រះ​ទ្រង់​កំពុង​មាន​បន្ទូល​មក​កាន់​យើង! ព្រះ​អង្គ​មាន​បន្ទូល តាម​រយៈ​បបូរ​មាត់​របស់​គ្រូ​អធិប្បាយ ដែល​មាន​គំនិត​ជាប់​នឹង​បទ​គម្ពីរ ហើយ​ចិត្ត​នៅ​ជាប់​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ។1
ទោះ​ព្រះ​អង្គ​ត្រាស់​ហៅ​យើង​ឲ្យ​អធិប្បាយ បង្រៀន ឬ​ចែក​ចាយ​ព្រះ​បន្ទូល​ដល់​អ្នក​ជិត​ខាង​ក្តី មេរៀន​ដ៏​សំខាន់​ដែល​យើង​ត្រូវ​រៀន​នោះ គឺ​នៅ​ក្នុង​ស្នូល​នៃ​វិញ្ញាណ​របស់​យើង។ យើង​ត្រូវ​មាន​ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ ដែល​កើត​ចេញ​ពី​ការ​យល់​ដឹង​អំពី​លក្ខណៈ​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ដែល​ជំរុញ​ចិត្ត​យើង។ យើង​ក៏​គួរ​តែ​មាន​ចិត្ត​រំភើប ចំពោះ​ការ​ត្រាស់​ហៅ​នោះ។ តើ​យើង​សុខ​ចិត្ត​លះបង់​ជីវិត​យើង​ដើម្បី​អ្វី បើ​មិន​មែន​ដើម្បី​ព្រះ​រាជសារ​នេះ​ដែល​ធំ​ប្រសើរ​ជាង​ជីវិត​យើង ហើយ​ឥទ្ធិពល​ដែល​ព្រះ​រាជសារ​នោះ​មាន មក​លើ​ជីវិត​អ្នក​ដទៃ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប? សព្វ​ថ្ងៃ​នេះ ចូរ​យើង​កុំ​ខ្វល់​អំពី​សមត្ថភាព និង​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​នាំ​សារ​ពេក​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ខ្វល់​អំពី​ការ​ចែក​ចាយ​ព្រះ​រាជសារ ដល់​អ្នក​ណា​ក៏​ដោយ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ផ្សាយ​ទៅ​ដល់​វិញ។
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ១០:១១-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ហូសេ ១-៤ និង​ម៉ាថាយ ១៨:១-២០

ប្រភេទ