នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការរត់បែបឲ្យបានរង្វាន់

ការរត់បែបឲ្យបានរង្វាន់

ដោយMonica Larose

June 2, 2025

១កូរិនថូស ៩:១៩-២៧
ចូររត់បែបឲ្យបានរង្វាន់ចុះ។ ១កូរិនថូស ៩:២៤
សាស្ត្រាចារ្យ ម៉ូនីកា វ៉ាដវ៉ា(Monica Wadhwa) បានលើកឡើងថា “តាមពិត ការមិនឈ្នះគេ មានអំណាចខ្លាំងជាងការឈ្នះគេទៅទៀត”។ ការស្រាវជ្រាវរបស់គាត់បានបង្ហាញឲ្យដឹងថា មនុស្សមានកម្លាំងកាយ និងមានកម្លាំងចិត្តខ្លាំងបំផុត មិនមែននៅពេលដែលពួកគេឈ្នះការប្រកួតនោះទេ តែនៅពេលដែលពួកគេជិតឈ្នះ។ ពួកគេមានកម្លាំងចិត្ត ក្នុងការលូតលាស់ និងតស៊ូ នៅពេលដែលពួកគេដឹងថា នៅសល់តែបន្តិចទៀត ពួកគេនឹងសម្រេចក្តីប្រាថ្នាធំរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការឈ្នះដោយងាយៗ ច្រើនតែធ្វើឲ្យពួកគេអស់កម្លាំងកាយ និងកម្លាំងចិត្ត។ 
ទស្សនៈរបស់អ្នកស្រីម៉ូនីកា បានធ្វើឲ្យខ្ញុំនឹកចាំជាថ្មីម្តងទៀត អំពីអត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុល ដែលបានប្រៀបធៀបការដើរតាមព្រះគ្រីស្ទ ទៅនឹងការរត់ប្រណាំង ក្នុងបទគម្ពីរ ១កូរិនថូស ៩:២៤-២៧ និង ភីលីព ៣:១២-១៤។ ក្នុងបទគម្ពីរទាំងពីរនេះ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ថា អ្នកជឿព្រះត្រូវតែប្រឹងប្រែងអស់ពីចិត្ត ក្នុងការដើរតាមព្រះគ្រីស្ទ និងដំណឹងល្អ ដោយ “ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត”(ភីលីព ៣:១៣) ហើយរត់ប្រណាំងតាមរបៀបដែលនាំឲ្យបានរង្វាន់(១កូរិនថូស ៩:២៤)។ 
យើងប្រហែលជាយល់ច្រឡំចំពោះសេចក្តីពិតដែលថា ការអ្វីដែលយើងខិតខំធ្វើឲ្យបានសម្រេច ដូចជាការផ្សាយដំណឹងល្អដោយចិត្តស្មោះត្រង់(ខ.២៣) និងការស្គាល់ព្រះគ្រីស្ទ(ភីលីព ៣:៨) មិនមែនជាអ្វីដែលយើងអាចនិយាយថា យើងសម្រេចបានទាំងស្រុងហើយនោះទេ។ យើងតែងតែមានចំណុចខ្វះខាត។ យើងមិនអាចនិយាយថា យើង “បានគ្រប់លក្ខណ៍ហើយនោះទេ”(ខ.១២)។
តែមិនថ្វីទេ ព្រោះអ្វីដែលពិតជាសំខាន់នោះ គឺការប្រកបស្និទ្ធស្នាលជាមួយព្រះគ្រីស្ទកាន់តែខ្លាំងឡើង។ មានតែកម្លាំងមកពីព្រះអង្គប៉ុណ្ណោះ ដែលអាចចម្រើនកម្លាំងកាយ និងកម្លាំងចិត្តយើង ឲ្យធ្វើតាមបំណងព្រះទ័យព្រះអង្គ អស់ពីចិត្ត ហើយថ្ងៃមួយ ព្រះអង្គនឹងជួយយើងឲ្យទៅដល់ទី។—Monica La Rose

តើអ្នកបានដកពិសោធន៍នឹងការលូតលាស់ តាមរយៈការស្គាល់ចំណុចខ្វះខាត ដូចម្តេចខ្លះ? 
តើការដឹងថា ខ្លួនឯងមានចំណុចខ្វះខាត បានលើកទឹកចិត្តអ្នក ឲ្យពឹងផ្អែកលើព្រះគ្រីស្ទដូចម្តេចខ្លះ? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនចាំបាច់ត្រូវខ្លាចចំណុចខ្វះខាតរបស់ទូលបង្គំ 
តែព្រះអង្គប្រើចំណុចខ្វះខាតទាំងនោះ ដើម្បីបន្តនាំទូលបង្គំចូលទៅជិតព្រះអង្គ។
For further study, read Why Is Confession So Hard? at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៧-១៨ និង យ៉ូហាន ១៣:១-២០

 

ល្ងាច

តើ​ព្រះ​អង្គ​នឹង​បាន​ទត​ឃើញ​ផល​ផ្លែ​របស់​អ្នក​ឬ​ទេ?

តើ​ព្រះ​អង្គ​នឹង​បាន​ទត​ឃើញ​ផល​ផ្លែ​របស់​អ្នក​ឬ​ទេ?

ដោយAlistair Begg

June 2, 2025

«ទ្រង់​ទត​ឃើញ​ដើម​ល្វា១ពី​ចម្ងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ» (ម៉ាកុស ១១:១៣-១៤)។
បទ​គម្ពីរ​ខាង​លើ​នេះ គឺ​ជា​ការ​ពិពណ៌នា ដែល​យើង​ពិបាក​យល់។1
ការ​ដែល​ព្រះ​យេស៊ូវ​ដាក់​បណ្ដាសា​មក​លើ​ដើម​ល្វា​មាន​លក្ខណៈ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ត្រង់​ចំណុច​ដែល​ថា នៅ​ពេល​នោះ ព្រះ​អង្គ​កំពុង​ធ្វើ​ការ​អស្ចារ្យ​នៃ​សេចក្តី​ហិន​វិនាស។ ក្នុង​បទ​គម្ពីរ​មុនៗ ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​ជា​ការ​អស្ចារ្យ​នៃ​ការ​ផ្លាស់​ប្រែ ឬ​ការ​ប្រោស​ឲ្យ​ជា។ ការ​ដាក់​បណ្ដាសា​នេះ​មាន​ភាព​ខុស​ប្លែក​ទាំង​ស្រុង​ពី​ការ​អស្ចារ្យ​ដទៃ​ទៀត​ដែល​ព្រះ​អង្គ​បាន​ធ្វើ ហេតុ​នេះ​ហើយ​យើង​ចាំ​បាច់​ត្រូវ​ស្វែង​យល់​អំពី​សារៈ​សំខាន់​នៃ​រឿង​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ។ 
ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​និយាយ​អំពី​ដើម​ទំពាំង​បាយ​ជូរ និង​ដើម​ល្វា​ក្នុង​ន័យ​ធៀប ដើម្បី​ពិពណ៌នា​អំពី​សណ្ឋាន​របស់​សាសន៍​អ៊‌ីស្រាអែល​នៅ​ចំពោះ​ព្រះ។ ពេល​ណា​ផល​ផ្លែ​ល្អ​កើត​ចេញ​ពី​ដើម​ទំពាំងបាយជូរ ឬ​ដើម​ល្វា នោះ​អ្វីៗ​មាន​ភាព​ល្អ​ប្រសើរ ហើយ​ពេល​ណា​ផល​ផ្លែ​អាក្រក់​កើត​ចេញ​មក គឺ​បាន​សេចក្តី​ថា រាស្ត្រ​របស់​ព្រះ​បាន​វង្វេង​ចេញ​ហើយ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ទត​ឃើញ​ភាព​ចន្លោះ​ប្រហោង​ដែល​បង្ហាញ​ចេញ​នៅ​ក្នុង​សកម្មភាព​សាសនា នៅ​សម័យ​នោះ​យើង​អាច​នឹក​ចាំ​ពាក្យ​ពេចន៍​របស់​ហោរា​មីកា ដែល​បាន​ពោល​ឡើង​ថា «វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជា​នៅ​វេលា​ដែល​បេះ​ផ្លែ​រដូវ​ក្តៅ​រួច​ហើយ គឺ​ដូច​ជា​បាន​ប្រឡេះ​ផ្លែ​ទំពាំងបាយជូរ​ជាន់​ក្រោយ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ចិត្ត​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្លែ​ល្វា​ដែល​ទុំ​ដើម​រដូវ»(មីកា ៧:‌១)។ 
ដូច​នេះ ការ​ដែល​ព្រះ​យេស៊ូវ​ដាក់​បណ្ដាសា​មក​លើ​ដើម​ល្វា​នោះ គឺ​មិន​មាន​អ្វី​ចម្លែក​ទេ។ រឿង​នេះ​បាន​កើត​ឡើង​ស្រប​តាម​បទ​ទំនាយ។ ព្រះ​អង្គ​ប្រើ​ដើម​ល្វា ដើម្បី​បើក​បង្ហាញ​ការ​ជំនុំ​ជម្រះ ដែល​ហៀបនឹង​ធ្លាក់​មក​លើ​ទីក្រុង​យេរូសាឡឹម។ ព្រះ​យេស៊ូវ​បាន​យាង​មក​ទីក្រុង​នេះ ជា​មជ្ឈមណ្ឌល​នៃ​ជីវិត​ខាង​វិញ្ញាណ ដើម្បី​រក​មើល​ភាព​ឧស្សាហ៍​ក្នុង​ការ​អធិស្ឋាន និង​ផល​ផ្លែ​ខាង​វិញ្ញាណ ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​ទាល់​តែ​សោះ។ ដើម​ល្វា​ដែល​គ្មាន​ផ្លែ​នោះ គឺ​ជា​តំណាង​ឲ្យ​លទ្ធិ​ក្រឹត្យ​វិន័យ​និយម​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​តាម​សាសនា ដែល​គេ​អះអាង​ថា ការ​ប្រព្រឹត្ត​នោះ​​អាច​ចម្អែត​ចិត្ត​ដែល​ស្រេក​ឃ្លាន និង​ផ្គាប់​ព្រះ​ទ័យ​ព្រះ។ ប៉ុន្តែ ពេល​ណា​ពួក​បណ្តាជន​មាន​ការ​ប្ដូរ​ផ្តាច់​ចំពោះ​សាសនា​យ៉ាង​ដូច​នេះ ពួក​គេ​មិន​មាន​ភាព​ស្កប់​ចិត្ត​ឡើយ ហើយ​ប្រតិកម្ម​របស់​ព្រះ​រាជបុត្រា​នៃ​ព្រះ​ចំពោះ​រឿង​នេះ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មិន​បាន​សព្វ​ព្រះ​ទ័យ​សោះ​ឡើយ។ 
តើ​ការ​ដាស់​តឿន​តាម​បទ​ទំនាយ​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ខ្លះ​ចំពោះ​យើង ដែល​បាន​រស់​នៅ​ឆ្ងាយ​ពី​ដើម​ល្វា និង​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម? ជា​ការ​ពិត​ណាស់ រឿង​នេះ​ក៏​បាន​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្កើត​ផល​ផ្លែ​ផង​ដែរ។ ប៉ុន្តែ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​យល់​ច្រឡំ​ថា ការ​បង្កើត​ផល​ផ្លែ គឺ​ជា​ការ​អនុវត្ត​តាម​សាសនា ឬ​ការ​បង្កើត​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង​ដោយ​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ​នោះ​ឡើយ។
រាស្ត្រ​របស់​ព្រះ​តែង​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ ជំនួស​ឲ្យ​ទំនាក់​ទំនង​ដ៏​រស់​រវើក​ជា​មួយ​ព្រះ​អង្គ។ តើ​យើង​អាច​ស្តាប់​តាម​ការ​ដាស់​តឿន​អំពី​ដើម​ល្វា​ក្រៀម​ស្វិត​ដូច​ម្ដេច​ខ្លះ? នៅ​ក្នុង​បទ​គម្ពីរ​ផ្សេង​ទៀត ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល...ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន។ ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ» (យ៉ូហាន ១៥:២, ៥)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មិន​ត្រូវ​ព្យាយាម​កាន់​តាម​ក្រឹត្យ​វិន័យ​ឲ្យ​កាន់​តែ​ច្រើន​ឡើយ តែ​ត្រូវ​ព្យាយាម​ស្គាល់​ព្រះ​យេស៊ូវ​កាន់​តែ​ច្បាស់​វិញ។
តើ​ដើម​ល្វា​នេះ​បាន​ធ្វើ​ជា​តំណាង​ឲ្យ​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​ពិត​របស់​អ្នក? កាល​ព្រះ​យេស៊ូវ​យាង​មក​វិញ ហើយ​ពិនិត្យ​មើល​យើង តើ​ព្រះ​អង្គ​នឹង​ឃើញ​ផល​ផ្លែ​នៅ​លើ​ខ្នែង​របស់​យើង​ទេ? តើ​ព្រះ​អង្គ​នឹង​ទត​ឃើញ​សេចក្តី​ជំនឿ​របស់​យើង​ដែរ​ឬ​ទេ? ចូរ​យើង​បន្ត​នៅ​ជាប់​ព្រះ​យេស៊ូវ​ជា​ដើម​ទំពាំង​បាយ​ជូរ​របស់​យើង ហើយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​នឹង​ជួយ​យើង​បង្កើត​ផ្លែ ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ស្វែងរក​ក្នុង​ជីវិត​យើង។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៥:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ហូសេ ៥-៨ និង​ម៉ាថាយ ១៨:២១-៣៥

ប្រភេទ