
វាជាអារម្មណ៍ដែលគួរឲ្យខ្លាច
ដោយJohn Blase
June 4, 2025
លោកុប្បត្តិ ២៣:១-៤,១៧-២០
អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា។ លោកុប្បត្តិ ២៣:២
កាលពីជាង១ពាន់ឆ្នាំមុន កវីជនជាតិយូដាម្នាក់ឈ្មោះ យូដា ហាលេវី(Judah Halevi) បាននិពន្ធបទកំណាព្យដ៏ល្បីល្បាញ ដែលបានផ្តើមដោយឃ្លា “ការស្រឡាញ់អ្វីៗដែលសេចក្តីស្លាប់អាចប៉ះពាល់បាន គឺជារឿងដែលគួរឲ្យភ័យខ្លាច”។ នៅសតវត្សរ៍ទី២០ គេក៏បានបកប្រែកំណាព្យនេះ ដែលក្នុងនោះ អ្នកនិពន្ធក៏បានបកស្រាយផងដែរថា នៅពីក្រោយការភ័យខ្លាចនោះ គឺមាន “ការស្រឡាញ់ ... និងការបាត់បង់”។
កណ្ឌគម្ពីរលោកុប្បត្តិបានពិពណ៌នា អំពីអារម្មណ៍នៃការសោកសង្រេងរបស់លោកអ័ប្រាហាំ នៅពេលដែលនាងសារ៉ាស្លាប់។ គឺដូចមានសេចក្តីចែងថា “អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា”(២៣:២)។ ជំពូកនេះបានបើកបង្ហាញសាច់រឿងនៃការសោកសង្រេងជាទម្ងន់ ដោយសារការស្លាប់របស់នាងសារ៉ា ជាតួអង្គស្ថិតក្នុងចំណោមតួអង្គដែលគេបានចាំឈ្មោះច្រើនជាងគេក្នុងព្រះគម្ពីរ។ នាងសារ៉ាជាភរិយាដ៏ស្មោះត្រង់របស់លោកអ័ប្រាហាំ និងជាស្រ្តីចំណាស់ដែលអស់សំណើច នៅពេលបានទទួលដំណឹងថា គាត់នឹងមានផ្ទៃពោះក្នុងវ័យចាស់(១៨:១១-១២) តែក្រោយមកក៏បានយំ នៅពេលដែលអ៊ីសាក ជាកូន បានចាប់កំណើតក្នុងលោកិយនេះ។
យើងអាចរៀនសូត្របានច្រើនណាស់ ពីខគម្ពីរខ្លីៗតែមានអំណាច ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ដែលចែងថា “ព្រះយេស៊ូវទ្រង់ព្រះកន្សែង”(យ៉ូហាន ១១:៣៥)។ ការដែលព្រះមែស៊ីព្រះកន្សែង នៅពីមុខផ្នូររបស់លោកឡាសា បានបង្ហាញពីអារម្មណ៍ដែលព្រះអង្គមាន នៅចំពោះមុខនៃការបាត់បង់។ ពិតណាស់ មនុស្សតែងតែខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់។ គឺដូចដែលកវីហាលេវី បានបកស្រាយថា សេចក្តីស្រឡាញ់ “គឺជាមនោសញ្ចេតនារបស់មនុស្សល្ងង់ខ្លៅ” តែក៏ជា “មនោសញ្ចេតនាដ៏បរិសុទ្ធ” របស់មនុស្សដែលទុកចិត្តលើព្រះគ្រីស្ទ និងមានជីវិតដែលលាក់ទុកក្នុងព្រះអង្គ(កូល៉ុស ៣:៣)។
យើងស្រឡាញ់ ហើយក៏បាត់បង់អ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីកូន ដល់ឪពុកម្តាយ មិត្តភក្តិ និងសត្វចិញ្ចឹម ហើយការទួញយំ “ដោយអំណរដ៏ឈឺចាប់” គឺជាលក្ខណៈរបស់មនុស្ស។ តែសម្រាប់អ្នកជឿព្រះយេស៊ូវ ការទួញយំរបស់យើង អាចមានតែមួយរដូវកាលប៉ុណ្ណោះ។ គឺដូចដែលស្តេចដាវីឌបានថ្លែងថា “ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន
តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ”(ទំនុកដំកើង ៣០:៥)។ ព្រះវរបិតានៃយើងមិនបានទុកយើងចោល ឲ្យរស់នៅដោយអស់សង្ឃឹមនោះឡើយ។—John Blasé
តើមានអ្វីធ្វើឲ្យអ្នកបាត់បង់សមត្ថភាពស្រឡាញ់អ្នកដទៃ?
តើអ្នកបានសោកសង្រេងចំពោះនរណា ហើយដោយសារមូលហេតុអ្វី?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន ក្នុងការស្រឡាញ់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២១-២២ និងយ៉ូហាន ១៤