នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចែករំលែកនៅពេលខ្វះខាត

ចែករំលែកនៅពេលខ្វះខាត

ដោយArthur Jackson

June 5, 2025

២កូរិនថូស ៨:១-៧
ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះ‌ទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ។ ២កូរិនថូស ៩:៧
នៅក្នុងការថ្លែងសន្ទរកថា នៅឆ្នាំ២០២៤ ទៅកាន់និសិ្សត១២០០នាក់ ដែលបានបញ្ចប់ការសិក្សា លោក រ៉ូបឺត ហេល(Robert Hale Jr.) ដែលជាមហាសេដ្ឋីធុរកិច្ចប្រាក់ពាន់លាន បានមានប្រសាសន៍ថា “សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ក្នុងពេលសព្វថ្ងៃ បានបណ្តាលចិត្តយើង ឲ្យមើលឃើញកាន់តែច្បាស់ នូវភាពចាំបាច់នៃការចែករំលែក និងយកចិត្តទុកដាក់ និងការឲ្យដល់អ្នកដទៃ។ ហេតុនេះហើយ ខ្ញុំនិងភរិយារបស់ខ្ញុំចង់ឲ្យអំណោយពីរយ៉ាងដល់អ្នកទាំងអស់គ្នា អំណោយទីមួយ គឺជាអំណោយរបស់យើងខ្ញុំ សម្រាប់អ្នកទាំងអស់គ្នា ហើយអំណោយទីពីរ គឺជាអំណោយសម្រាប់អ្នកទាំងអស់គ្នា យកទៅឲ្យអ្នកដទៃ”។ បន្ទាប់មក គាត់ក៏បានឲ្យគេចែកស្រោមសំបុត្រពីរ នៅកាន់និស្សិតម្នាក់ៗដែលបានបញ្ចប់ការសិក្សា ដែលក្នុងសំបុត្រនីមួយៗ មានលុយ៥០០ដុល្លា សម្រាប់ឲ្យពួកគេទុកប្រើខ្លួនឯង ហើយ៥០០ដុល្លាទៀត សម្រាប់ចែករំលែកដល់អ្នកខ្វះខាត។ 
ដោយសារលោករ៉ូបឺទ ហេល មានទ្រព្យសម្បត្តិច្រើនមហាសាល គាត់អាចចែករំលែកអំណោយយ៉ាងដូចនេះ នៅពេលក្រោយទៀតក៏បាន តែមិនមែនមានតែអ្នកមានទ្រព្យសម្បត្តិច្រើនទេ ដែលអាចមានសេចក្តីសប្បុរស។ អ្នកជឿព្រះយេស៊ូវ នៅស្រុកម៉ាសេដូន បានដាក់ដង្វាយឲ្យអ្នកដទៃ ទោះពួកគេជាអ្នកក្រក៏ដោយ ព្រោះពួកគេចង់បំពេញតម្រូវការរបស់ពួកជំនុំនៅទីក្រុងយេរូសាឡិម។ សាវ័កប៉ុលបានមានប្រសាសន៍ថា ពួកជំនុំនៅស្រុកម៉ាសេដូន “កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ នឹងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ”(២កូរិនថូស ៨:២)។ គាត់បានកោតសរសើរពួកគេយ៉ាងដូចនេះថា “គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ”(ខ.៣-៤)។ 
អ្នកដែលបានទទួលស្គាល់ថា ពួកគេបានទទួលព្រះគុណជាបរិបូរពីព្រះ តាមរយៈព្រះយេស៊ូវ អាចឆ្លើយតបចំពោះតម្រូវការរបស់អ្នកដទៃ ដោយដៃដ៏ទូលាយ និងសប្បុរស។ ដោយជំនួយមកពីព្រះ ចូរយើងដាក់ដង្វាយឲ្យអ្នកដទៃ តាមបទគម្ពីរកិច្ចការ ដែលបានចែងថា “ដែលឲ្យនោះមានពរជាជាងទទួល”(កិច្ចការ ២០:៣៥)។—Arthur Jackson

តើអ្នកអាចផ្តល់ឲ្យអ្វីខ្លះ ដល់អ្នកដទៃ ដោយចិត្តសប្បុរស? តើអ្នកដទៃបានឲ្យអំណោយដោយចិត្តសប្បុរសដល់អ្នក ដូចម្តេចខ្លះ? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តសប្បុរស ក្នុងការដាក់ដង្វាយឲ្យអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៣-២៤ និង យ៉ូហាន ១៥
 

ល្ងាច

ថ្វាយ​បង្គំ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក និង​ការ​ល្បង​ល

ថ្វាយ​បង្គំ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក និង​ការ​ល្បង​ល

ដោយAlistair Begg

June 5, 2025

«ព្រះ​យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​គាត់​ចេះ​តែ​ចម្រើន​ឡើង» (លោកុប្បត្ដិ ៣៩:២-៣)។
បើ​លោក យ៉ូសែប គ្មាន​អ្វី​ផ្សេង​ក្រៅ​ពី​អាវ​វែង​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត នោះ​គាត់​នឹង​វិនាស​មិន​ខាន នៅ​ពេល​ដែល​ពួក​បងៗ​របស់​គាត់​ដក​អាវ​នោះ​ចេញ​ពី​គាត់ ហើយ​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ។ ប៉ុន្តែ មនុស្ស​ដែល​ពាក់​អាវ​វែង​នេះ មាន​ចរិត​លក្ខណៈ​ដ៏​ល្អ​បាន​សេចក្តី​ថា ពេល​ដែល​គាត់​បាត់​បង់​អាវ​វែង​នោះ គាត់​មិន​បាន​បាត់​បង់​ចរិត​លក្ខណៈ​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បន្ត​កើត​មាន​ចរិត​លក្ខណៈ​ល្អៗ​ថែម​ទៀត​ក្នុង​ការ​រស់​នៅ​ជា​ទាសករ​ក្នុង​ផ្ទះ​របស់​លោក បូទីផារ។ ក្នុង​ទុក្ខ​លំបាក​ទាំង​នោះ ព្រះ​អម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ​ពរ និង​សេចក្តី​ស្រឡាញ់​មក​លើ​ជីវិត​របស់​លោក យ៉ូសែប។ 
គេ​អាច​យល់​បាន បើ​សិន​ជា​គាត់​គេច​ទៅ​រក​ភាព​ឯកោ​ក្នុង​ភាព​ជា​ទាសករ ក្នុង​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីព្ទ ដោយ​បដិសេធ​មិន​ខ្វល់​អំពី​លោកីយ៍​នៅ​ជុំ​វិញ​គាត់ ដោយ​ប្រឆាំង​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ ហើយ​ស្អប់​ខ្ពើម​អំណាច​ដែល​លោក បូទីផារ មាន​មក​លើ​គាត់។ ប៉ុន្តែ បើ​គាត់​ធ្វើ​ដូច​នេះ គាត់​មុខ​ជា​បាត់​បង់​ឱកាស​ធ្វើ​បន្ទាល់​អំពី​ព្រះ​អម្ចាស់​មិន​ខាន​ឡើយ។ គាត់​មិន​បាន​បិទ​ផ្លូវ​ខ្លួន​ឯង​ទេ តែ​ផ្ទុយ​ទៅ​វិញ គាត់​ហាក់​ដូច​ជា​ប្ដេជ្ញា​ចិត្ត​ថា គាត់​នឹង​រស់​នៅ​ជា​អ្នក​បម្រើ​ល្អ​បំផុត​របស់​លោក បូទីផារ ព្រោះ​គាត់​ដឹង​ថា ការ​ធ្វើ​ដូច​នេះ​ក៏​ជា​ការ​បម្រើ​ព្រះ​ផង​ដែរ។ 
កាល​លោក យ៉ូសែប បាន​ចម្រើន​ឡើង​ដោយ​សារ​សេចក្តី​ល្អ​របស់​ព្រះ គាត់​កំពុង​រស់​នៅ​ជា​ទាសករ​នៅ​ឡើយ​ទេ។ ការ​រស់​នៅ​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​មាន​ពេញ​ទៅ​ដោយ​ការងារ​ដែល​គាត់​ធ្វើ​ដដែលៗ​នៅ​កន្លែង​ដដែល គួរ​ឲ្យ​ធុញ​ទ្រាន់ ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ឆ្លង​កាត់! ប៉ុន្តែ បើ​សិន​ជា​យើង​ចង់​ចម្រើន​ឡើង ក្នុង​កាលៈទេសៈ​នៃ​សកម្មភាព​ដដែលៗ គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត យើង​ត្រូវ​តែ​រៀន​ប្រើ​ភាព​ច្រំ​ដែល​នៃ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ ហើយ​មើល​ទៅ​ព្រះ​ហស្ត​នៃ​ព្រះ​ពរ​របស់​ព្រះ ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ។ 
ដោយ​សារ​លោក យ៉ូសែប អាច​ទុក​ចិត្ត​ព្រះ​តាម​រយៈ​ទុក្ខ​លំបាក​របស់​គាត់។ លោក បូទីផារ ក៏​បាន​ដឹង​ថា ព្រះ​អម្ចាស់​បាន​គង់​នៅ​ជា​មួយ​លោក យ៉ូសែប ហើយ​ប្រទាន​ពរ​ឲ្យ​គាត់​ចម្រើន​ឡើង។ លោក យ៉ូសែប មិន​ចាំ​បាច់​ត្រូវ​ប្រាប់​លោក បូទីផារ ថា ព្រះ​អម្ចាស់​មាន​សេចក្តី​ស្រឡាញ់​ពិសេស​ចំពោះ​គាត់​ទេ។ ពេល​ណា​ព្រះ​ពរ​របស់​ព្រះ​កើត​មាន​ចំពោះ​ជីវិត​មនុស្ស​ម្នាក់ នោះ​ព្រះ​ពរ​នោះ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ ហើយ​ជួន​កាល សូម្បី​តែ​អ្នក​មិន​ជឿ​ក៏​អាច​កត់​សម្គាល់​ដែរ គឺ​ដូច​ក្នុង​ករណី​របស់​លោក បូទីផារ ជា​ដើម។ 
យើង​ចាំ​បាច់​ត្រូវ​រៀន​រស់​នៅ​ដោយ​ដឹង​ថា បញ្ហា​ទាំង​អស់​ដែល​យើង​ប្រឈម​មុខ​ដាក់ ពេល​វេលា​ដែល​យើង​បាន​ចំណាយ និង​គ្រប់​ជំហាន​ដែល​យើង​បោះ​ទៅ​មុខ​សុទ្ធ​តែ​ជា​ឱកាស ដើម្បី​ថ្វាយ​សិរីល្អ និង​សរសើរ​តម្កើង​ព្រះ។ ពេល​ណា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ដូច​នេះ យើង​អាច «ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ​អម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​របស់​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់» (កូឡូស ៣:២៣-២៤)។ ទាល់​តែ​យើង​បាន​ដឹង​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​មក​សម្រាប់​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ ទើប​យើង​អាច​កែ​ប្រែ​ទុក្ខ​លំបាក​ក្នុង​ជីវិត​ឲ្យ​ក្លាយ​ជា​ឱកាស​ថ្វាយ​បង្គំ​ព្រះ​អង្គ។ ការ​ទទួល​ខុស​ត្រូវ​របស់​យើង ដូច​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​ឱកាស​ដើម្បី​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​កំពុង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​អង្គ និង​ជា​ភស្តុតាង​នៃ​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ទោះ​យើង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន ជា​អ្នក​បោស​ថ្នល់ អ្នក​លក់​ដូរ ជាង​សំណង់ ឬ​អ្នក​មើលថែ​ជន​ចាស់​ជរា​ក្តី ចូរ​យើង​បន្ទាប​ខ្លួន ហើយ​ព្រះ​អង្គ​នឹង​លើក​យើង​ឡើង ពេល​ណា​យើង​អធិស្ឋាន​ថា៖ 
ឱ​ព្រះ និង​ជា​ក្សត្រ​នៃ​ទូល​បង្គំ​អើយ សូម​បង្រៀន​ទូល​បង្គំ 
ឲ្យ​មើល​ឃើញ​ក្នុង​គ្រប់​ការ​ទាំង​អស់
ហើយ​ក្នុង​ការ​អ្វី​ដែល​ទូល​បង្គំ​ធ្វើ 
សូម​ឲ្យ​ទូល​បង្គំ​បាន​ធ្វើ​ថ្វាយ​ព្រះ​អង្គ។1
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ៣៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ១-២ និង​ម៉ាថាយ ២០:១៧-៣៤

ប្រភេទ