នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មិនធ្វើឲ្យការឈឺចាប់ ក្លាយជាឥតប្រយោជន៍

មិនធ្វើឲ្យការឈឺចាប់ ក្លាយជាឥតប្រយោជន៍

ដោយTom Felten

June 6, 2025

និក្ខមនំ ៣:១-៤,៧-១០
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ... ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ។ និក្ខមនំ ៣:៧
មានពេលមួយ ស្ត្រីជាម្តាយម្នាក់បានមើលមុខខ្ញុំ ហើយប្រាប់ខ្ញុំ កុំឲ្យការឈឺចាប់របស់ខ្ញុំ ក្លាយជាអសារឥតការ។ ភ្លាមៗនោះ គំនិតខ្ញុំក៏បាននឹកចាំ អំពីពេលប៉ុន្មានឆ្នាំមុន កាលខ្ញុំបានដឹកនាំកម្មវិធីបុណ្យសពរបស់កូនប្រុសគាត់ ជាយុវជនម្នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ គាត់ដឹងថា ខ្លួនគាត់កំពុងនិយាយអំពីអ្វី។ គាត់ស្គាល់ការឈឺចាប់។ តែគាត់ក៏ដឹងផងដែរថា ព្រះទ្រង់អាចប្រើការឈឺចាប់ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ និងជួយអ្នកដទៃ គឺជាអ្វីដែលមិត្តភក្តិម្នាក់នេះធ្វើបានល្អយ៉ាងខ្លាំង។ ហើយនៅពេលដែលខ្ញុំបានឮពាក្យសម្តីរបស់គាត់ ខ្ញុំបានទទួលការកម្សាន្តចិត្ត និងការលើកទឹកចិត្ត ខណៈពេលដែលខ្ញុំកំពុងប្រឈមមុខដាក់ការពិនិត្យសុខភាពរកមើលជំងឺមហារីកកំរិតធ្ងន់។ គាត់កំពុងរំឭកខ្ញុំថា ព្រះទ្រង់បានស្តាប់ឮសម្លេងយំ និងទំនួញរបស់ខ្ញុំ ហើយព្រះអង្គបានគង់ជាមួយខ្ញុំ ក្នុងការឈឺចាប់របស់ខ្ញុំ ហើយប្រើវា ជាឱកាសដើម្បីជួយអ្នកដទៃ តាមរបៀបថ្មីមួយ។
លោកម៉ូសេក៏បានដឹងផងដែរថា ព្រះអម្ចាស់គង់នៅជាមួយរាស្រ្តរបស់ព្រះអង្គ នៅពេលដែលពួកគេមានការឈឺចាប់។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលថា “អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ”(និក្ខមនំ ៣:៧)។ នៅពេលខ្លះ ពួកអ៊ីស្រាអែលមានអារម្មណ៍មិនខុសពីយើងរាល់គ្នាទេ។ ពួកគេប្រាកដជាមានអារម្មណ៍ថា ព្រះអង្គបានទុកពួកគេចោល នៅពេលដែលពួកគេទទួលរងការសង្កត់សង្កិន។ តែព្រះអង្គបានធានាពួកគេថា ព្រះអង្គមានផែនការ “ជួយសង្គ្រោះពួកគេ” ហើយ ព្រះអង្គក៏បានឮ “ពាក្យអំពាវនាវ” របស់ពួកគេហើយដែរ(ខ.៨-៩)។ ព្រះអង្គនឹងប្រើការឈឺចាប់របស់ពួកគេ ដើម្បីជួយឲ្យសេចក្តីជំនឿរបស់ពួកគេមានការលូតលាស់ និងមានជ័យជម្នះមកលើខ្មាំងសត្រូវរបស់ពួកគេ ហើយថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ 
ក្នុងបទគម្ពីរទំនុកដំកើងជំពូក៩០ ដែលលោកម៉ូសេបាននិពន្ធ គាត់បានប្រកាសថា “កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ”(ខ.១០) តែសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ តែងតែនៅជាប់ជាមួយយើង អស់មួយជីវិតយើង(ខ.១៤)។ ព្រះអង្គនឹងមិនឲ្យការឈឺចាប់របស់យើង ប្រែជាអសារឥតការ ហើយយើងក៏មិនត្រូវធ្វើឲ្យវាប្រែជាគ្មានប្រយោជន៍ដែរ។—Tom Felten

តើអ្នកមានការលើកទឹកចិត្តយ៉ាងណា ពេលដែលបានដឹងថា ព្រះទ្រង់ស្តាប់ឮទំនួញរបស់អ្នក? 
តើព្រះទ្រង់កំពុងប្រើការឈឺចាប់របស់អ្នក ដើម្បីជួយអ្នកដទៃដូចម្តេចខ្លះ? 
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឮសម្លេងទូលបង្គំទួញយំ 
ហើយប្រើការឈឺចាប់របស់ទូលបង្គំ ដើម្បីជួយអ្នកដទៃ។ 
Visit ODBU.org/CA211 to discover why we believe in a God who allows suffering
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៥-២៧ និង យ៉ូហាន ១៦
 

ល្ងាច

មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 6, 2025

«មាន​ព​រហើយ មនុស្ស​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល​ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ» (ទំនុកតម្កើង ៣២:២)។
ក្នុង​សៀវភៅ​រឿង​ដែល​លោក ដូតូស្គី (Dostoevsky) បាន​និពន្ធ​មាន​ចំណង​ជើង​ថា បង​ប្អូន​ត្រកូល​ការ៉ាម៉ាហ្សូវ តួ​អង្គ​ម្នាក់​បាន​ឲ្យ​យោបល់​ដល់​តួ​អង្គ​ម្នាក់​ទៀត​ថា «ដែល​សំខាន់​បំផុត​នោះ កុំ​កុហក​ខ្លួន​ឯង។ មនុស្ស​ដែល​កុហក​ខ្លួន​ឯង ហើយ​ស្តាប់​ការ​កុហក​របស់​ខ្លួន​ឯង​នឹង​ទៅ​ដល់​ចំណុច​មួយ ដែល​គាត់​មិន​អាច​មើល​ស្គាល់​សេចក្តី​ពិត ទោះ​ក្នុង​ខ្លួន​គាត់ ឬ​នៅ​ជុំ​វិញ​ខ្លួន​គាត់​ក៏​ដោយ ហើយ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​មិន​គោរព​ខ្លួន​ឯង និង​អ្នក​ដទៃ»។1 កាល​ពី​ជាង​៣ពាន់​ឆ្នាំ​មុន ស្ដេច ដាវីឌ បាន​ពិពណ៌នា អំពី​ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​បោក​ប្រាស់​ខ្លួន​ឯង​អំពី​អ្វីៗ​ដែល​យើង​ពិត​ជា​ចូល​ចិត្ត។ 
ភាព​ស្មោះ​ត្រង់​មាន​សារៈ​សំខាន់ ចំពោះ​ការ​ស្វែង​រក​សុភ​មង្គល។ មនុស្ស​ដែល​មាន​អំណរ មាន​ការ​ស្កប់​ចិត្ត មិន​កុហក​ខ្លួន​ឯង ឬ​នរណា​ម្នាក់​ឡើយ។ ពេល​ណា​យើង​កុហក​ខ្លួន​ឯង យើង​មិន​អាច​អរ​សប្បាយ​នឹង​សុភមង្គល​ពិត​ប្រាកដ​ឡើយ ព្រោះ​ការ​បោក​ប្រាស់ និង​សុភមង្គល មិន​អាច​ដើរ​ទន្ទឹម​គ្នា​បាន​ទេ។ 
ព្រះ​គម្ពីរ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​គិត​អំពី​ខ្លួន​ឯង ដោយ​ចិត្ត​ស្មោះ​ត្រង់។ ភាព​ស្មោះ​ត្រង់​ប្រៀប​ដូច​ជា​ពិល​ដែល​បញ្ចាំង​ភ្លើង ដើម្បី​ពិនិត្យ​មើល​ចិត្ត និង​គំនិត​របស់​យើង​ដោយ​បើក​បង្ហាញ​សេចក្តី​ពិត​អំពី​សណ្ឋាន​អាក្រក់​របស់​មនុស្ស។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា យើង​កំពុង​រស់​នៅ​ក្នុង​ភាព​លម្អៀង ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​លម្អៀង​ទៅ​រក​ការ​ប្រព្រឹត្ត​ខុស និង​និស្ស័យ​សាច់​ឈាម​ដែល​ពុក​រលួយ​ដោយ​សារ​បាប។ យើង​ជា​មនុស្ស​ដែល​បាន​បំពាន​ក្រឹត្យ​វិន័យ ដោយ​ទៅ​រក​កន្លែង​ដែល​យើង​មិន​គួរ​ទៅ។ កុំ​ថា​ឡើយ ស្តង់​ដារ​ដែល​ព្រះ​បាន​កំណត់ សូម្បី​តែ​ស្តង់ដារ​របស់​យើង​ក៏​យើង​មិន​អាច​ធ្វើ​តាម​បាន​ដែរ ព្រោះ​យើង​ជា​មនុស្ស​មាន​បាប។ 
ខ​គម្ពីរ​ខាង​លើ​នេះ​គួរ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ត្រង់​ចំណុច​ដែល​ថា ស្ដេច ដាវីឌ បាន​ចាប់​ផ្ដើម ដោយ​ពាក្យ «មាន​ពរ​ហើយ» ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ទ្រង់​ក៏​បាន​ណែនាំ​យើង​ឲ្យ​ទទួល​ស្គាល់​ការ​ពិត​ដ៏​ពិបាក​នៃ​ភាព​លម្អៀង ឬ​លទ្ធ​ភាព​របស់​យើង​នៅ​ក្នុង​ការ​កុហក​ខ្លួនឯង និង​ព្រះ​ដោយ​សារ​ការ​លម្អៀង​នោះ។ ប៉ុន្តែ មូល​ហេតុ​ដែល​ទ្រង់​អាច​ធ្វើ​ដូច​នេះ​បាន គឺ​ដោយ​សារ​ស្ថានភាព​ដ៏​អាក្រក់​ដែល​ទ្រង់​បាន​ជួប​ប្រទះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ប្រោស​ឲ្យ​ជា​ដែល​ព្រះ​អង្គ​ប្រទាន​នោះ​ឡើយ។ 
ចូរ​កត់​សម្គាល់​ថា ស្ដេច ដាវីឌ មិន​បាន​មាន​បន្ទូល​ថា មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ​អម្ចាស់​មិន​បាន​រាប់ តែ​ទ្រង់​មាន​បន្ទូល​ថា «មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស»។ ព្រះ​អម្ចាស់​បរិសុទ្ធ ដូច​នេះ​ព្រះ​អង្គ​ត្រូវ​តែ​រាប់​បាប​របស់​យើង តែ​ព្រះ​អង្គ​រាប់​វា​ទាស់​នឹង​បុគ្គល​ផ្សេង​ទៀត គឺ​ព្រះ​រាជបុត្រា​ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ ក្នុង​សំណេរ​របស់​ស្ដេច ដាវីឌ យើង​អាច​រក​ឃើញ​គោល​លទ្ធិ​ដ៏​អស្ចារ្យ​នៃ​ការ​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ ដែល​យើង​បាន​ឃើញ​មាន​ដំបូង​បំផុត​ក្នុង​ទំនាក់​ទំនង​ដែល​ព្រះ​អម្ចាស់​មាន​ជាមួយ​លោក អ័ប្រាហាំ «គាត់​ក៏​ជឿ​ដល់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ ទុក​ជា​សេចក្តី​សុចរិត​ដល់​គាត់» (លោកុប្បត្ដិ ១៥:៦)។ ពេល​ណា​យើង​ពិត​ជា​ជឿ​ថា ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​បាន​ទទួល​យក​បាប​របស់​យើង យើង​នឹង​មាន​ពរ ពោល​គឺ​មាន​សុភមង្គល​លើស​ពេល​ណា​ទាំង​អស់។ 
ដូច​នេះ ផ្លូវ​ឆ្ពោះ​ទៅ​រក​ព្រះ​ពរ​ត្រូវ​ចាប់​ផ្ដើម​ដោយ​ភាព​ស្មោះ​ត្រង់។ យើង​មិន​មែន​ជា​មនុស្ស​ល្អ ដែល​បាន​ធ្វើ​ខុស​យូរៗ​ម្តង​ទេ។ យើង​មិន​មែន​ជា​មនុស្ស​អស្ចារ្យ​ដែល​មាន​កំហុស​បន្តិច​បន្តួច ដែល​អាច​បណ្ដាល​មក​លើ​ការ​ចិញ្ចឹម​ក្នុង​គ្រួសារ បរិស្ថាន​ជុំ​វិញ ឬ​ការ​គេង​មិន​គ្រប់​គ្រាន់​កាល​ពី​យប់​មិញ​នោះ​ទេ។ យើង​ជា​មនុស្ស​មាន​បាប​ដែល​មាន​ចិត្ត​ពេញ​ដោយ​ល្បិច ដែល​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ ហើយ​សម​នឹង​ទទួល​សេចក្តី​ក្រោធ​របស់​ព្រះ​តែ​ប៉ុណ្ណោះ (យេរេមា ១៧:៩, រ៉ូម ៣:២៣ និង​អេភេសូរ ២:១-៣)។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​គិត​អំពី​ខ្លួន​ឯង​ជា​នរណា។ ចូរ​គិត​ឲ្យ​បាន​ជាក់​លាក់​ថា អ្នក​បាន​ធ្វើ​បាន​ចំពោះ​ព្រះ​អម្ចាស់​ដូច​ម្ដេច​ខ្លះ។ បន្ទាប់​មក អ្នក​ត្រូវ​ត្រៀម​ខ្លួន​ឱប​ក្រសោប​យក​ដំណឹង​ដែល​នាំ​ឲ្យ​មាន​អំណរ​បំផុត​ក្នុង​លោកីយ៍ ដែល​ជា​រៀង​រាល់​ថ្ងៃ​ទោះ​យើង​មាន​បាប​ច្រើន​ប៉ុណ្ណា សេចក្តី​មេត្តា​របស់​ព្រះ​អង្គ នៅ​តែ​មាន​ច្រើន​ជាង​បាប​របស់​យើង។2
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ៣៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៣-៥ និង​ម៉ាថាយ ២១:១-២២

ប្រភេទ