ព្រឹក

រកឃើញក្តីអំណរក្នុងទំនាក់ទំនង
ដោយAlyson Kieda
June 7, 2025
កូល៉ុស ១:៩-១៤
ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង។ កូល៉ុស ១:១០
ក្នុងពេលញាំអាហារជុំគ្នា ក្នុងគ្រួសារ ភីធ័រ(Peter)ជាក្មេងអាយុ២ឆ្នាំ កំពុងអង្គុយញាំបាយនឹងដៃ នៅលើកៅអីខ្ពស់សម្រាប់ក្មេងតូចៗអង្គុយ ដោយប្រើម្រាមដៃរបស់គាត់ច្បាមអាហារដាក់លេបៗ ដោយចិត្តរីករាយ។ បន្ទាប់មក ជីដូនរបស់គាត់ ក៏បាននិយាយដោយត្រង់ៗ ទៅកាន់ម្តាយរបស់គាត់ថា “កូនត្រូវឲ្យភីធ័ររៀនញាំបាយនឹងស្លាបព្រា កូនមិនចង់ឲ្យគាត់រៀនចប់ថ្នាក់វិទ្យាល័យ ទាំងមិនទាន់ចេះកាន់ស្លាបព្រាញាំបាយនោះទេ”។
អ្នកស្រីដាយអាណា(Diana) ដែលជាម្តាយរបស់ភីធ័រ មានអារម្មណ៍ថា ម្តាយក្មេករបស់គាត់កំពុងតែមើលងាយសមត្ថភាពរបស់គាត់ ក្នុងការចិញ្ចឹមកូន។ គាត់ក៏បាននិយាយក្នុងចិត្តតែម្នាក់ឯង ទាំងកំហឹងថា “មែនហើយ កូនខ្ញុំនឹងចេះប្រើស្រាបព្រាញាំបាយ មុនពេលគាត់រៀនចប់ថ្នាក់វិទ្យាល័យ។ ជួនកាល អ្នកស្រីឡូអ៊ីស(Lois) ជាម្តាយក្មេករបស់គាត់ ហាក់ដូចជាចូលចិត្តនិយាយរិះគន់គេណាស់។
គាត់ត្រូវចំណាយពេលជាច្រើនឆ្នាំ និងបានអធិស្ឋានច្រើនផង ទំរាំតែគាត់អាចស្រឡាញ់អ្នកស្រីឡូអ៊ីស តាមរបៀបដែលសាវ័កប៉ុលបានពិពណ៌នា ក្នុងសំបុត្រដែលគាត់បានផ្ញើទៅកាន់ពួកជំនុំ នៅទីក្រុងកូល៉ុស(១:៩-១០)។ គាត់រៀនសូត្របានថា ការស្រឡាញ់គ្នាទៅវិញទៅមក ដោយចិត្តអត់ធ្មត់ គឺជាសញ្ញាបញ្ជាក់ថា យើងកំពុងមានការលូតលាស់ ឆ្ពោះទៅរកភាពពេញវ័យខាងវិញ្ញាណ(ខ.១១)។ នៅពេលដែលគាត់បានស្គាល់ម្តាយក្មេករបស់គាត់កាន់តែច្បាស់ ក្នុងលក្ខណៈម្តាយក្មេកគាត់ជាមនុស្ស និងជាកូនរបស់ព្រះ គាត់ក៏ចាំបាច់ត្រូវអត់ទោសឲ្យម្តាយក្មេកគាត់ ដែលចូលចិត្តនិយាយត្រង់ៗ គឺដូចដែលព្រះទ្រង់បានអត់ទោសឲ្យគាត់ដែរ(ខ.១៤)។ ហើយនៅពេលដែលគាត់មានភាពពេញវ័យខាងវិញ្ញាណ គាត់ក៏បានចាប់ផ្តើមយល់កាន់តែច្បាស់ ហើយក៏មានអំណរ ក្នុងទំនាក់ទំនងជាមួយម្តាយក្មេកគាត់ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មុនពេលអ្នកស្រីឡូអ៊ីសលាចាកលោក អ្នកទាំងពីរក៏បានជជែកគ្នា និងសើចសប្បាយជាមួយគ្នា ហើយបានបង្កើតអនុស្សាវរីយល្អៗជាច្រើន ដែលអ្នកស្រីដាយអាណា បានបន្តនឹកចាំក្នុងចិត្ត។
ការរៀនស្រឡាញ់អ្នកដទៃ អាចមានការពិបាក។ ជួនកាល បុគ្គលិកលក្ខណៈរបស់ពួកគេមានការប៉ះទង្គិចជាមួយបុគ្គលិកលក្ខណៈរបស់យើង ឬយើងងាយនឹងអាក់អន់ចិត្ត នៅពេលដែលពួកគេចូលចិត្តនិយាយត្រង់ៗពេក។ តែពេលណាយើងនឹកចាំ អំពីភាពអត់ធ្មត់ដែលព្រះអង្គមានចំពោះយើង ហើយនឹកចាំថា ព្រះអង្គបានអត់ទោសឲ្យយើង សូមព្រះអង្គជួយយើងឲ្យប្រព្រឹត្តដោយចិត្តអត់ធ្មត់ និងការអត់ទោស ដូចព្រះអង្គផងដែរ។—Alyson Kieda
តើមានទំនាក់ទំនងអ្វីក្នុងជីវិតអ្នក ដែលត្រូវការពេលវេលា ដើម្បីលូតលាស់ និងមានផលផ្លែ?
តើមានអ្វីជួយទំនាក់ទំនងនោះឲ្យចម្រើនឡើង?
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំអាចមានទំនាក់ទំនង ជាមួយអ្នកដទៃ ដោយសារព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : កូល៉ុស ១:៩-១៤
ប្រភេទ
ល្ងាច

ការសងសឹកសម្រេចនៅលើព្រះអម្ចាស់ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 7, 2025
«អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ» ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត» (ម៉ាថាយ ៥:៣៨-៣៩)។
កាលព្រះយេស៊ូវមានបន្ទូលជាពាក្យដែលគេធ្លាប់ឮដូចនេះ តើព្រះអង្គកំពុងមានបន្ទូលទៅកាន់នរណា? តើព្រះយេស៊ូវកំពុងមានបន្ទូលប្រាប់នរណាខ្លះឲ្យស៊ូទ្រាំនឹងការអាក្រក់ ហើយជៀសវាងការសងសឹក?
រឿងនេះហាក់ដូចជាធម្មតា តែសំណួរនេះក៏បានរម្លឹកយើងអំពីការបង្រៀនរបស់សាវ័ក ប៉ុល ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូមផងដែរ។ ក្នុងជំពូក១២ គាត់បានលើកទឹកចិត្តអ្នកអានកុំឲ្យតបស្នងការអាក្រក់ ដោយការអាក្រក់ឡើយ (រ៉ូម ១២:១៧) ហើយឲ្យឈ្នះការអាក្រក់ ដោយការល្អវិញ (ខ.២១) គឺបានឆ្លុះបញ្ចាំងអំពីការបង្រៀនរបស់ព្រះអម្ចាស់ ដែលបានបង្គាប់យើងឲ្យបែរមុខម្ខាងទៀតឲ្យគេទះកំផ្លៀង។ ប៉ុន្តែ ក្នុងខគម្ពីរបន្តបន្ទាប់ទៀត ក្នុងបទគម្ពីររ៉ូម១៣ គាត់មានប្រសាសន៍ថា ព្រះអម្ចាស់បានតាំងអ្នកមានអំណាចក្នុងលោកីយ៍ជាអ្នកបម្រើព្រះអង្គ ក្នុងគោលបំណងដើម្បីគាំទ្រការអ្វីដែលត្រូវ និងដាក់ទោសឲ្យការអ្វីដែលអាក្រក់ (១៣:១-៤)។ ជួនកាល ព្រះទ្រង់ដាក់ទោសមកលើការអាក្រក់ ជួនកាលមិនបានដាក់ទោសភ្លាមៗទេ។
ទាំងសាវ័ក ប៉ុល និងព្រះយេស៊ូវសុទ្ធតែទទួលស្គាល់សារៈសំខាន់នៃការនឹកចាំអំពីភាពខុសគ្នារវាងរបៀបដែលគ្រីស្ទបរិស័ទត្រូវឆ្លើយតបចំពោះការអាក្រក់ (រ៉ូម ១២) និងការធ្វើតាមច្បាប់ (រ៉ូម ១៣)។ គ្រីស្ទបរិស័ទមិនត្រូវសម្រេចយុត្តិធម៌នៅក្រៅផ្លូវច្បាប់ដោយខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ យើងត្រូវទុកឲ្យអាជ្ញាធរដែលព្រះជ្រើសតាំងធ្វើការកាត់ទោសការអាក្រក់នោះវិញ។ ពេលណាពួកគេបំពេញតួនាទីបានត្រឹមត្រូវ នោះពួកគេនាំឲ្យមានការភ័យខ្លាចដល់អ្នកប្រព្រឹត្តអាក្រក់ មិនមែនដល់អ្នកប្រព្រឹត្តល្អនោះទេ។ ពួកគេមានតួនាទីអនុវត្តច្បាប់ដោយចិត្តស្មោះត្រង់ និងដើម្បីដាក់ទោសអ្នកដែលបានបំពានច្បាប់។
ពេលណាយើងដឹងថា ព្រះអម្ចាស់មានយុត្តិធម៌ដ៏ឥតខ្ចោះ ចិត្តរបស់យើងនឹងមានសេរីភាពក្នុងការស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដែលបង្គាប់ឲ្យបែរថ្ពាល់ម្ខាងទៀតឲ្យគេទះកំផ្លៀង។ នេះមិនមែនជាការត្រាស់ហៅឲ្យធ្វើពុតជាទទួលស្គាល់ថា ការអាក្រក់ដែលគេធ្វើមកលើយើង មិនមែនជាការអាក្រក់ ឬឱបក្រសោបយកការគិតបែបអស់សង្ឃឹមថា នឹងមិនមានយុត្តិធម៌សម្រាប់យើងនោះទេ។ វាក៏មិនមែនជាការត្រាស់ហៅឲ្យទទួលស្គាល់ថា ពេលណាយើងក្លាយជាជនរងគ្រោះ យើងមិនត្រូវពឹងផ្អែកលើអាជ្ញាធរឲ្យជួយរកយុត្តិធម៌ឲ្យយើងនោះឡើយ។ ទេ! គ្រីស្ទបរិស័ទត្រូវបានត្រាស់ហៅឲ្យស៊ូទ្រាំ ហើយក៏អាចស៊ូទ្រាំការអាក្រក់ ព្រោះការសងសឹកស្រេចលើព្រះអម្ចាស់ (រ៉ូម ១២:១៩)។ នៅពេលខ្លះ ព្រះអង្គធ្វើការសងសឹកឲ្យយើងក្នុងកាលយើងនៅមានជីវិត ដោយព្រះអង្គផ្តល់អំណាចដល់អាជ្ញាធរឲ្យធ្វើជាអ្នក «កាន់ដាវ» (១៣:៤)។ តែម្យ៉ាងទៀត នៅថ្ងៃនៃព្រះអម្ចាស់ ព្រះអង្គនឹងធ្វើជាអ្នកសម្រេចសេចក្តីយុត្តិធម៌ ហើយគេនឹងបានសងឲ្យទាំងស្រុងសម្រាប់គ្រប់ទាំងការអាក្រក់ដែលកើតឡើងក្នុងលោកីយ៍នេះ។
ដូចនេះ យើងមានសេរីភាពក្នុងការស្វែងរកយុត្តិធម៌តាមរយៈអាជ្ញាធរដែលព្រះបានបង្កើត ដើម្បីការពារប្រជាជន និងកាត់ទោសមនុស្សខុស។ យើងក៏មានសេរីភាពក្នុងការបែរថ្ពាល់ម្ខាងទៀតឲ្យគេទះ ដោយប្រឆាំងនឹងនិស្ស័យសាច់ឈាម ដែលជំរុញយើងឲ្យសម្រេចយុត្តិធម៌ និងសងសឹកដោយខ្លួនឯង។ យុត្តិធម៌នឹងកើតមាន តែមិនមែនចេញពីស្នាដៃរបស់យើងទេ។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ៥:៣៨-៤៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៦-៨ និងម៉ាថាយ ២១:២៣-៤៦