នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការវះកាត់ចិត្តខាងវិញ្ញាណ

ការវះកាត់ចិត្តខាងវិញ្ញាណ

ដោយAmy Boucher Pye

June 9, 2025

អេសេគាល ៣៦:២២-២៨
អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ។ អេសេគាល ៣៦:២៦
កាលប៉ុន្មានឆ្នាំមុន បន្ទាប់ពីខ្ញុំ និងខារ៉ូលីន(Carolyn) បានប្រកែកគ្នាដោយពាក្យសម្តីធ្ងន់ៗ យើងក៏បានដោះស្រាយបញ្ហាជម្លោះរបស់យើង ដោយសេចក្តីអាណិត និងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ខ្ញុំបានសារភាពកំហុសរបស់ខ្ញុំ ហើយគាត់ក៏បានអធិស្ឋានឲ្យខ្ញុំ ដោយដកស្រង់បទគម្ពីរអេសេគាល ៣៦:២៦ ដែលក្នុងនោះ ព្រះអម្ចាស់មានបន្ទូលទៅកាន់រាស្រ្តរបស់ព្រះអង្គថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”។ ខ្ញុំជឿថា កាលនោះ ព្រះអង្គកំពុងធ្វើការវះកាត់បេះដូងខាងវិញ្ញាណរបស់ខ្ញំ ដោយយកចេញការភ័យខ្លាច និងចិត្តជូរល្វីងចេញ ហើយទន្ទឹមនឹងនោះ ព្រះអង្គក៏បានហ៊ុមព័ទ្ធខ្ញុំ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ 
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងដោះស្រាយបញ្ហា ដោយប្រើខគម្ពីរ គឺដូចដែលខ្ញុំបានធ្វើកាលនោះ តែយើងក៏ចាំបាច់ត្រូវកត់សំគាល់បរិបទដើមរបស់បទគម្ពីរនោះផងដែរ។ ហោរាអេសេគាល បានថ្លែងព្រះបន្ទូលរបស់ព្រះ ទៅកាន់រាស្រ្តរបស់ព្រះអង្គ ដែលបានសន្យាថា ព្រះអង្គនឹងលាងសម្អាតពួកគេឲ្យស្អាត។ តើហេតុអ្វី? ព្រះអម្ចាស់មានបន្ទូលថា “អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ”(ខ.២២)។ ព្រះអង្គនឹងធ្វើការលាងសម្អាតរាស្រ្តព្រះអង្គឲ្យបរិសុទ្ធ ដើម្បីឲ្យប្រជាជាតិទាំងឡាយបានកោតខ្លាចព្រះអង្គ ហើយដឹងថា ព្រះអង្គគឺជាព្រះ។ 
ព្រះទ្រង់សម្រេចបំណងព្រះទ័យក្នុងជីវិតយើង មិនគ្រាន់តែដើម្បីឲ្យយើងបានលូតលាស់ និងចម្រើនឡើង តែក៏ដើម្បីឲ្យយើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គផងដែរ។ ដែលព្រះអង្គបានសន្យាថា នឹងប្រទានចិត្តថ្មី និងវិញ្ញាណថ្មីដល់ពួកអ៊ីស្រាអែល តាមរយៈព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធជាយ៉ាងណា នោះព្រះអង្គក៏នឹងជំនួសចិត្តដែលរឹងទទឹងរបស់យើង ដោយចិត្តដែលទទួល និងចែកចាយសេចក្តីស្រឡាញ់ និងព្រះជន្មរបស់ព្រះអង្គ។—Amy Boucher Pye

តើព្រះទ្រង់បានវះកាត់ចិត្តខាងវិញ្ញាណរបស់អ្នក ដូចម្តេចខ្លះ? 
តើអ្នកដទៃបានកត់សំគាល់ឃើញការផ្លាស់ប្តូរអ្វីខ្លះ ដែលព្រះអង្គបានប្រទានក្នុងជីវិតអ្នក? 
ឱព្រះអម្ចាស់នៃជីវិតទាំងអស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែជីវិតទូលបង្គំ 
ឲ្យកើតជាថ្មី ដោយចាក់ឫសនៅក្នុងព្រះអង្គ។ សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ មកលើទូលបង្គំនៅថ្ងៃនេះ។ 
Learn more here: ODB.org/personal-relationship.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣២-៣៣ និង យ៉ូហាន ១៨:១៩-៤០

 

 

ល្ងាច

ផ្គុំ​បំណែក​រូប​ចូល​គ្នា (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ផ្គុំ​បំណែក​រូប​ចូល​គ្នា (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 9, 2025

«អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ​ឲ្យ​បាន​ជីវិត​ទេ» (យ៉ូហាន ៥:៣៩-៤០)។
កាល​ពី​ឆ្នាំ​មួយ​នោះ​នៅ​ថ្ងៃ​ណូអែល ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​នឹង​លេង​ល្បែង​ផ្គុំ​រូប​ពី​បំណែក​រូប​តូចៗ។ យើង​ក៏​បាន​រៀប​តុ ហើយ​ក៏​បាន​ជ្រើស​រើស​យក​រូប​ផ្គុំ​ដែល​ធំ​ជាង​គេ​ដែល​យើង​អាច​រក​បាន ហើយ​ក៏​បាន​ដាក់​បំណែក​តូចៗ​នៅ​លើ​តុ។ គួរ​ឲ្យ​ស្តាយ​ណាស់ មិន​យូរ​ប៉ុន្មាន​យើង​ក៏​បាន​ដឹង​ថា ភាព​ក្លៀវក្លា​របស់​យើង​ក៏​បាន​រលាយ​បាត់ ដោយ​សារ​ការ​លំបាក​នៅ​ក្នុង​ការ​ផ្គុំ​រូប។ ពី​មួយ​ពេល​ទៅ​មួយ​ពេល យើង​បាន​រើស​បំណែក​រូប​តូចៗ​នៅ​លើ​តុ​យក​មក​ផ្គុំ​ចូល​គ្នា តែ​មិន​អាច​ដាក់​ឲ្យ​ត្រូវ ហើយ​ក៏​បាន​បោះបង់​ការ​ព្យាយាម​រួច​ដើរ​ចេញ​ទៅ។ 
ជា​ញឹក​ញាប់ ការ​សិក្សា​ព្រះ​គម្ពីរ​របស់​យើង​ប្រៀប​ដូច​ជា​ការ​រើស​យក​បំណែក​រូប​តូចៗ​មក​ផ្គុំ​ចូល​គ្នា ប៉ុន្តែ​ផ្គុំ​មិន​ត្រូវ​ធ្វើ​ឲ្យ​យើង​មិន​អាច​ផ្គុំ​បាន​រូប​ទាំង​មូល​ដ៏​ស្រស់​ស្អាត​នៅ​ពី​មុខ​យើង​បាន​ឡើយ។ ម្យ៉ាង​ទៀត កណ្ឌ​គម្ពីរ​ហេព្រើរ​ក៏​បាន​ពន្យល់​ផង​ដែរ​ថា ពេល​ខ្លះ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​យើង​អាច​មាន​អារម្មណ៍​ថា ព្រះ​បន្ទូល​គ្មាន​តម្លៃ​ចំពោះ​យើង ព្រោះ​យើង​មិន​បាន​រួម​ផ្សំ​ការ​អាន​ព្រះ​បន្ទូល​ជា​មួយ​សេចក្តី​ជំនឿ (ហេព្រើរ ៤:២)។ យើង​អាច​មាន​ការ​ផ្ចិតផ្ចង់​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​មាន​ការ​លត់ដំ​ក្នុង​ការ​ទន្ទេញ​ខ​គម្ពីរ​ចង​ចាំ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ យើង​មិន​បាន​ទទួល​ព្រះ​មេស្ស៊ី​ទាំង​ស្រុង គឺ​ព្រះ​មេស្ស៊ី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ដែល​យើង​កំពុង​តែ​អាន​នោះ​ទេ។
ចំពោះ​មនុស្ស​ដែល​មាន​បញ្ហា​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ស្តី​បន្ទោស​ពួក​គេ​ថា «អ្នក​រាល់​គ្នា​គ្មាន​ព្រះ​បន្ទូល​ទ្រង់​នៅ​ក្នុង​ខ្លួន​សោះ ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ព្រះ​អង្គ ដែល​ទ្រង់​ចាត់​ឲ្យ​មក​នេះ» (យ៉ូហាន ៥:៣៨)។ 
យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សូម្បី​តែ​នៅ​ពេល​ដែល​បុរស និង​ស្ត្រី​ខ្លះ​សញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ក៏​ពួក​គេ​អាច​នៅ​តែ​បដិសេធ​មិន​ព្រម​ចូល​មក​រក​ព្រះ​យេស៊ូវ​ជា​អ្នក​ប្រទាន និង​ទ្រទ្រង់​ជីវិត។ តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​ហាក់​ដូច​ជា​កំពុង​យក​ម្រាម​ដៃ​បិទ​ត្រចៀក​មិន​ឲ្យ​ឮ​ព្រះ​សូរសៀង​ព្រះ។ តាម​និស្ស័យ​សាច់​ឈាម​របស់​យើង គឺ​គ្មាន​នរណា​ស្វែង​រក​ព្រះ​ទេ (រ៉ូម ៣:១១)។ 
គឺ​ដូច​ដែល​អ្នក​និពន្ធ​ម្នាក់​បាន​លើក​ឡើង​ថា ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ ប៉ុន្តែ​បើ​យើង​បាន​អាន​ព្រះ​បន្ទូល​ក្នុង​ព្រះ​គម្ពីរ ព្រះ​បន្ទូល​នឹង​នាំ​យើង​ទៅ​រក​ព្រះ​អង្គ ហើយ​ដូច​នេះ​យើង​ក៏​រក​ឃើញ​ជីវិត មិន​មែន​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ ប៉ុន្តែ​នៅ​ក្នុង​ព្រះ​អង្គ​តាម​រយៈ​ព្រះ​គម្ពីរ។1 ព្រះ​បន្ទូល​ព្រះ​នៅ​ក្នុង​ព្រះ​គម្ពីរ និង​ព្រះ​បន្ទូល​ដែល​ត្រឡប់​ជា​សាច់​ឈាម​មាន​ទំនាក់​ទំនង​ដ៏​ជ្រាល​ជ្រៅ ដោយ​ព្រះ​វិញ្ញាណ​នាំ​ព្រះ​បន្ទូល​មក​រក​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​អាច​ជួប និង​រក​ឃើញ​ព្រះ​គ្រីស្ទ។ 
តើ​អ្នក​កំពុង​តែ​កាន់​បំណែក​តូចៗ​នៃ​ព្រះ​គម្ពីរ​ក្នុង​គំនិត​អ្នក ដោយ​មិន​បាន​ផ្គុំ​បំណែក​ទាំង​នោះ​ចូល​គ្នា ហើយ​ថយ​ក្រោយ ដើម្បី​ឈរ​មើល​រូប​ភាព​ដ៏​ស្រស់​ស្អាត​របស់​ព្រះ​យេស៊ូវ ដែល​កំពុង​លាត​ព្រះ​ពាហុ​សន្ធឹង ដោយ​ត្រៀម​ជា​ស្រេច ដើម្បី​ទទួល​អស់​អ្នក​ណា ដែល​ចង់​ចូល​មក​រក​ព្រះ​អង្គ​ដោយ​ការ​ប្រែ​ចិត្ត និង​ជំនឿ​ឬ​ទេ? តើ​អ្នក​កំពុង​រួម​ផ្សំ​ចំណេះ​ដឹង​អំពី​ព្រះ​បន្ទូល​ព្រះ​ជា​មួយ​ជំនឿ​ពិត​ប្រាកដ ដើម្បី​ឲ្យ​អ្នក​អាច​ជៀស​វាង​ការ​ជំពប់​ដួល​នៃ​ការ​ដឹង​អំពី​ព្រះ​បន្ទូល​បាន​ច្រើន ដោយ​មិន​បាន​ស្គាល់​ព្រះ​បន្ទូល​ព្រះ​ឬ? តើ​អ្នក​នឹង​ចូល​មក​រក​ព្រះ​បន្ទូល​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​រំពឹង​ថា នឹង​បាន​ជួប​ព្រះ​យេស៊ូវ​ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ ធ្វើ​ការ​តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​អង្គ​ឬ​ទេ? ចូរ​យើង​រៀបចំ​ចិត្ត​របស់​យើង ដូច​ហោរា សាំយូអែល ពេល​ណា​យើង​បើក​ព្រះ​គម្ពីរ​អាន​ដោយ​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ​ថា «សូម​ព្រះ​អង្គ​មាន​បន្ទូល ដ្បិត​អ្នក​បម្រើ​ព្រះ​អង្គ​កំពុង​ប្រុង​ចិត្ត​ស្តាប់​ហើយ» (១សាំយ៉ូអែល ៣:១០)។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ធីម៉ូថេ ៣:១-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ១២-១៤ និង​ម៉ាថាយ ២២:២៣-៤៦

ប្រភេទ