
ត្រៀមខ្លួនជាស្រេច
ដោយAnne Cetas
June 11, 2025
២កូរិនថូស ៥:១-១០
ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី។
២កូរិនថូស ៥:៩
អ្នកស្រីបេតធី(Betty) បានចាប់ផ្តើមដើរតាមព្រះយេស៊ូវ កាលគាត់ស្ថិតក្នុងវ័យជំទង់ ហើយក៏បានឆក់ឱកាសពេញមួយជីវិតគាត់ ដើម្បីបម្រើ និងផ្គាប់ព្រះទ័យព្រះអង្គ។ គាត់បានចូលរួមការសិក្សាព្រះគម្ពីរប៊ីប កម្មវិធីថ្វាយបង្គំ និងការជួបជុំគ្នាអធិស្ឋាន។ គាត់បានបង្រៀនព្រះគម្ពីរ និងទៅដល់កន្លែងដែលបេសកជនកំពុងធ្វើការបម្រើព្រះ។ គាត់បានធ្វើការនៅកន្លែងថែទាំកុមារតូចៗ និងបានធ្វើការបម្រើព្រះជាដៃគូរជាមួយស្វាមីរបស់គាត់ជាគ្រូគង្វាល ហើយគាត់ចូលចិត្តចំណាយពេលជាមួយរាស្រ្តរបស់ព្រះ ឲ្យតែមានពេល។ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺនៅពេលដែលគាត់មានអាយុ១០២ឆ្នាំ គាត់នៅតែត្រៀមខ្លួនជានិច្ច ដើម្បីធ្វើអ្វីដែលព្រះសព្វព្រះទ័យឲ្យគាត់ធ្វើ។ គំរូរបស់គាត់បានលើកទឹកចិត្តមនុស្សជាច្រើន ដែលមិនចង់មានការជួបជុំគ្នាជាមួយអ្នកជឿដទៃទៀត នៅពេលខ្លះ។ អ្នកទាំងនោះក៏ប្រែជាចង់មានការជួបជុំគ្នាជាមួយគាត់ផងដែរ។ សព្វថ្ងៃនេះ គាត់ពិតចង់ទៅរស់នៅជាមួយព្រះអង្គសង្គ្រោះរបស់គាត់ នៅនគរស្ថានសួគ៌។ គាត់មានប្រសាសន៍ថា “ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីជួបព្រះយេស៊ូវ។ ខ្ញុំស្រឡាញ់ព្រះអង្គណាស់”។
សាវ័កប៉ុលមានប្រសាសន៍ថា គាត់ “សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង”(២កូរិនថូស ៥:៨)។ តែគាត់ក៏ដឹងដែរថា ព្រះទ្រង់មានកិច្ចការសម្រាប់ឲ្យគាត់ធ្វើ ដើម្បីលើកទឹកចិត្តអ្នកជឿដទៃទៀត នៅក្នុងពួកជំនុំជាច្រើនកន្លែង(ភីលីព ១:២៣-២៤)។ ដូចនេះ គាត់ក៏បានបន្តបម្រើ និងរស់នៅ “ដោយជំនឿ” មិនមែន “ដោយការមើលឃើញ”នោះទេ(២កូរិនថូស ៥:៧)។ សាវ័កប៉ុលតែងតែត្រៀមខ្លួនជាស្រេច ហើយបន្តបម្រើព្រះតាមការដឹកនាំរបស់ព្រះអង្គ។
ទោះយើងស្ថិតក្នុងវ័យណា ឬដំណាក់កាលណា ក្នុងជីវិតរបស់យើងក៏ដោយ ចូរយើងទូលសូមព្រះជួយយើងឲ្យចងចាំក្នុងចិត្តថា គោលដៅនៃការរស់នៅរបស់យើង គឺដើម្បីផ្គាប់ព្រះទ័យព្រះគ្រីស្ទ(ខ.៩) ហើយត្រៀមខ្លួនជាស្រេច ដើម្បីទៅរស់នៅជាមួយព្រះអង្គ។ អ្នកស្រីបេតធីបានត្រៀមខ្លួនរួចហើយ។ ហើយគាត់នឹងឈប់ត្រៀមខ្លួនទៀត នៅពេលដែលគាត់បានទៅជួបព្រះយេស៊ូវ មុខទល់នឹងមុខ។—Anne Cetas
តើអ្នកអាចឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះអម្ចាស់យ៉ាងដូចម្តេចខ្លះ?
តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីទៅរស់នៅនគរស្ថានសួគ៌?
ឱព្រះអម្ចាស់ ទូលបង្គំស្រឡាញ់ព្រះអង្គ អស់ពីចិត្ត ហើយចង់រស់នៅ ក្នុងជីវិតដែលគាប់ព្រះទ័យព្រះអង្គ។
ទូលបង្គំទន្ទឹងរង់ចាំជួបព្រះអង្គ ក្នុងពេលឆាប់ៗ។
Visit ODBU.org/SF010 to learn more about finding and following your God-given calling.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២